បារាំង-ម៉ាលី

ឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ង៖គ្រោះថ្នាក់ឧទ្ធម្ភាគចក្រនៅម៉ាលីមិនមែនជាស្នាដៃរបស់អង្គការរដ្ឋអ៊ីស្លាមទេ

មេបញ្ជាការកងទ័ពបារាំងឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ង
មេបញ្ជាការកងទ័ពបារាំងឧត្តមសេនីយហ្រ្វង់ស័រ ឡឺគ័ង RFI/G.NG

នៅ​ថ្ងៃ​សុក្រ ទី២៩ វិច្ឆិកា មេបញ្ជាការ​កងទ័ព​បារាំង​ឧត្តមសេនីយ​ហ្រ្វង់ស័រ ឡឺគ័ង​បាន​បញ្ជាក់​ថា ការ​ស្លាប់​ទាហាន​បារាំង​ចំនួន ១៣នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​ពីរ​បុក​គ្នា​នៅ​ក្នុង​ប្រទេស​ម៉ាលី​កាល​ពី​ថ្ងៃ​ចន្ទ ទី២៥ វិច្ឆិកា​មិនមែន​បង្ក​ឡើង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ ចម្លើយ​របស់​ឧត្តមសេនីយ​ហ្រ្វង់ស័រ ឡឺគ័ង​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ។ គួរ​បញ្ជាក់​ថា​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ វិច្ឆិកា អង្គការ​រដ្ឋអ៊ីស្លាម​បាន​អះអាង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ឧទ្ធម្ភាគចក្រ​បារាំង​ទាំង​ពីរ​បាន​ដឹក​ទ័ព​បន្ថែម​ទៅ​កាន់​តំបន់​ប្រយុទ្ធ​ដោយ​ព្យាយាម​ចុះ​ចត​នៅ​កន្លែង​វាយឆ្មក់ និង​ត្រូវ​បាន​រង​ការ​បាញ់​ពី​ក្រុម​ទាហាន​កាលីហ្វា។ នៅ​ពេល​នោះ ឧទ្ធម្ភាគចក្រ​ក៏​ប្រញិបប្រញាប់​ហោះ​ឡើង​វិញ រួច​ប៉ះទង្គិច​គ្នា​ធ្លាក់​តែ​ម្តង។ សម្រាប់​ឧត្តមសេនីយ​ហ្រ្វង់ស័រ ឡឺគ័ង នេះ​ជា​ព័ត៌មាន​មិន​ពិត​ទាល់​តែ​សោះ និង​ថា កងទ័ព​បារាំង​និយាយ​ការ​ពិត។

ផ្សាយពាណិជ្ជកម្ម

« ទេ គឺ​មិន​ពិត​ទាល់​តែ​សោះ។ អ្វី​ដែល​ពិត តែ​យើង​បាន​និយាយ​រួច​ហើយ និង​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​ដឹង​ពេល​នេះ​គឺ​ថា មាន​ការ​បុក​គ្នា​រវាង​ឧទ្ធម្ភាគចក្រ​ពីរ​នៅ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​មួយ​ដ៏​ស្មុគស្មាញ។ ខ្ញុំ​មិន​និយាយ​អ្វី​ឲ្យ​លើស​ពី​ព័ត៌មាន​ដែល​យើង​មាន​ក្នុង​ដៃ​ទេ។ ប្រតិបត្តិការ​ប្រយុទ្ធ​មួយ​ដ៏​ស្មុគស្មាញ​ដែល​តម្រូវ​នៅ​ក្នុង​ប្រតិបត្តិការ​មួយ និង​នៅ​ក្នុង​បរិយាកាស​មួយ​នូវ​ការ​ប្រមូលផ្តុំ​ការ​យក​ចិត្ត​ទុកដាក់ ការ​ថ្លឹងថ្លែង​ពី​កម្រិត​ហានិភ័យ និង​ពី​ការ​សម្របសម្រួល​មួយ​យ៉ាង​ល្អ​ជា​ទីបំផុត។

ការ​សម្របសម្រួល​នេះ​ទៀត​សោត​បាន​ជួប​ប្រទះ​នូវ​ភាព​ស្មុគស្មាញ​ដោយ​ការ​ប្រយុទ្ធ និង​ដែល​បាន​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​បុក​គ្នា​រវាង​ឧទ្ធម្ភាគចក្រ​ពីរ។ តែ​គ្រោះថ្នាក់​នេះ​មិនមែន​បង្ក​ឡើង​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​នេះ​បាន​រង​ការ​តាម​ប្រម៉ាញ់​របស់​យើង ហើយ​ឧទ្ធម្ភាគចក្រ​ជួប​គ្រោះថ្នាក់​បុក​គ្នា​ទាំង​ពីរ​មិន​បាន​រង​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ណា​ពី​ពួក​ជីហាត​ឡើយ។

កងទ័ព​បារាំង​និយាយ​ការ​ពិត។ ខ្ញុំ​គិត​ថា វា​សំខាន់​ខ្លាំង​ណាស់​ដែល​គេ​ត្រូវ​ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ។ អ្វី​ដែល​ខ្ញុំ​អាច​ធានា ធ្វើ​ជា​សាក្សី​ថ្ងៃ​នេះ និង​ដែល​ខ្ញុំ​នឹង​មិន​និយាយ​រឿង​អ្វី​ដែល​មិន​ពិត​សោះ​នោះ​គឺ​ថា គ្មាន​ការ​បាញ់​ពី​ពួក​ជីហាត​លើ​ឧទ្ធម្ភាគចក្រ​របស់​យើង​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI