អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៥៣ឆ្នាំ​មុន អាមេរិក​វិះ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​សហភាពសូវៀត

សំឡេង ០៥:៥២
Bulletin of the Atomic Scientists
Bulletin of the Atomic Scientists
ដោយ៖ កែវ ឆាយា
៣១ នាទី

គឺ​ដោយសារ​ស្មារតី​មិន​តក់ស្លុត​សោះ​ឡើយ ដែល​នាយទាហាន​អាមេរិកាំង​ម្នាក់ នា​ថ្ងៃ២៨​តុលាឆ្នាំ១៩៦២ មិន​ព្រម​បំពេញ​តាម​បទបញ្ជា បាញ់​បង្ហោះ​ចេញ​ពី​កោះ Okinawa គឺ កាំជ្រួចមីស៊ីល​នុយក្លេអ៊ែរ វាយប្រហារ​មក លើ សហភាពសូវៀត ចិន​ដីគោក និង កូរ៉េខាងជើង សេចក្តី​នេះ លើក​ឡើង ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ីថ្ងៃ២៩​តុលា​ម្សិលមិញ យោង​ទៅ​លើ ទស្សនាវដ្តី​អាមេរិកាំង Bulletin of the Atomic Scientists។

ផ្សាយពាណិជ្ជកម្ម

តាម​ទស្សនាវដ្តី​នេះ នៅ​ចំ​ពេល​ដែល​ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង ម៉ូស្គូ និង វ៉ាស៊ីនតោន​ឡើង​ដល់​ពេញ​បន្ទុក​ទៅ​ហើយ ក្នុង​ឆ្នាំ១៩៦២ ដោយ​មក​ពី វិបត្តិ​ជុំវិញ​កោះ​គុយបា ស.រ.អា. ស្រាប់​តែ បាន​ថ្លោះ​ធ្លោយ​ជា​កំហុស វិះៗ សំពង​នឹង​ដំបង​បរមាណូ​លើ សហភាពសូវៀត មហា​ប្រទេស​ចិន និង កូរ៉េខាងជើង។​ លុះ​កន្លង​ផុត​ទៅ​ជាង​កន្លះ​សតវត្សរ៍ ទើប​នាយ​ទាហាន​នៃ កងអាកាស​ស.រ.អា. លោក John Bordne បាន​ទទួល​សេចក្តី​អនុញ្ញាត ឲ្យ​រៀបរាប់​អំពី ឧប្បត្តិ ហេតុ​នោះ។

តាម​យោបល់ លោក Aaron Tovish ជា​ម្ចាស់​អត្ថបទ ក្នុង​ទស្សនាវដ្តី Bulletin of the Atomic Scientists បើ​ការ​ដំណាល​របស់​លោក John Bordne ជា​រឿង​ពិត​មែន នោះ វា​ច្បាស់​ជា​ចូល​ខ្លួន ទៅ​បំពេញ បញ្ជី​ដ៏​សែន​ភ័យ​ខ្លាច នៃ​កំហុស ដែល​បាន​ច្រាន​ពិភពលោក ទៅ​ដល់​មាត់​ជ្រោះ នៃ សង្គ្រាមលោក​លើក​ទី៣ ជា​សង្គ្រាម​បរមាណូ​តែ​ម្តង។ ក្រោយ​ពី​ធ្វើ​សម្ភាសន៍​អស់​៣ម៉ោង កាល​ពី​ខែ​ឧសភា ជាមួយ​នាយទាហាន​នោះ អ្នកកាសែត ក៏​បាន​ឆ្លើយ​ឆ្លង តាម​សារអេឡិចត្រូនិក​ចំនួន ៥០លើក​ទៀត ដើម្បី​យល់​ឲ្យ​បាន​ត្រឹមត្រូវ អំពី ព្រឹត្តិការណ៍​ដែល​បកស្រាយ​នោះ។

ទាំង​ទីភ្នាក់ងារ​ពត៌មាន​ជប៉ុន Kyodo ក៏​លាត​ត្រដាង​ដែរ រឿង ដែល​ដំណាល​ដោយ​នាយទាហាន​អាមេរិកាំង ដែល​បាន​បម្រើ នៅ​មូលដ្ឋាន​យោធា​លើ​កោះ Okinawa។ ស្រប​នឹង​ការ​ដំណាល​នេះ សាមីជន ដែល​ចេះ​បញ្ចៀស​បាន​ដូច​ចិត្ត ឲ្យ​ផុត​ពី​ការ​ផ្ទុះ​ឡើង នៃ សង្គ្រាម​បរមាណូ គឺ​លោក​អនុសេនីយឯក នៃ​កងអាកាស​អាមេរិកាំង William Bassett ដែល​មិន តក់ស្លុត​សោះ​ឡើយ ហ៊ាន​មន្ទិល​សង្ស័យ លើ​ខ្លឹមសារ​នៃ​បទបញ្ជា ឲ្យ​បាញ់​កាំជ្រួច​មីស៊ីល​ចំនួន ៣២ដើម ពាំ​ផ្ទុក​ដោយ​រំសេវបរមាណូ​នៅ​នឹង​ក្បាល​វា។

តាម​ដែល​ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី RIA Novosti ផ្សាយ​ថ្ងៃ២៩​តុលា​ម្សិលមិញ គឺ​ក្នុង​វេនយាម របស់​គាត់ ថ្ងៃ២៨​តុលា​ឆ្នាំ១៩៦២ នៅ​នឹង​មូលដ្ឋាន​មួយ​ពី​ក្នុង​ចំណោម​មូលដ្ឋាន​សម្ងាត់ ៤ នៃ​កាំជ្រួចមីស៊ីល នៅ​លើ កោះ Okinawa អនុសេនីយឯក William Bassett ដែល​មាន​ភារៈ ខាង​គ្រប់គ្រង​លើ ការ​បាញ់​បង្ហោះ​កាំជ្រួច​នោះ ស្រាប់​តែ​បាន​ទទួល​បទបញ្ជា ឲ្យ​បាញ់​បង្ហោះ កាំជ្រួច​ដែល​បំពាក់​ទៅ​ដោយ គ្រាប់បែក​ឧណ្ហបរមាណូ។ អត្ថបទ​ទស្សនាវដ្តី Bulletin of the Atomic Scientists ពោរពេញ​ទៅ​ដោយ​ភិនភាគ​លម្អិត អំពី​ដំណាក់​បន្ត​បន្ទាប់​នៃ​ការ​ប្រើ​លេខកូដ ខាង​ត្រៀម​ការ​បាញ់​បង្ហោះ​កាំជ្រួច ដែល​មុន​ដំបូង គឺ​ដំណាក់​ហៅ​ថា DEFCON-2 រួច​បន្ទាប់​មក គឺ​ឈាន​ដល់​ដំណាក់​ត្រៀម​ប្រយុទ្ធ ហៅថា DEFCON-1 ហើយ​តែ ប៉ុន្មាន​នាទី​ទៀត គឺ ដល់​ពេល​បាញ់​បង្ហោះ​ចេញ​ទៅ​មែន។

នៅ​នឹង​មូលដ្ឋាន Okinawa កាលណោះ មាន​ដំឡើង​កាំជ្រួចមីស៊ីល​ធុន Mace B ចំនួន​៣២ដើម ដែល​សុទ្ធ​តែ​ពាំ​ទៅ​ដោយ​ក្បាល​ធុន Mark 28 នីមួយៗ​មាន​កម្លាំង​ផ្ទុះ ១,១ Megatonne ស្មើ​នឹង ៧០ដង នៃ​គ្រាប់បែក​បរមាណូ អាធុន​ដែល​បាន​ត្រូវ​ទម្លាក់​លើ​ក្រុង Hiroshima កាល​ក្នុង ឆ្នាំ ១៩៤៥។ ត្រូវ​បាន​ផ្ទុក​ផ្តាក់ ឲ្យ​គ្រប់គ្រង​លើ​ការ​បាញ់​បង្ហោះ​កាំជ្រួច​ទាំង ៣២ដើម​នោះ គឺ នាយទាហាន​៨ក្រុម ហើយ​លោក William Bassett ជា​អ្នកសម្របសម្រួល ប្រតិបត្តិការ បំពេញ ដោយ ៨ក្រុមនោះ។

នៅ​កណ្តាល​វេនយាម លោក William Bassett ស្រាប់​តែ​បាន​ទទួល​បទបញ្ចា ឲ្យ​វាយប្រហារ ទៅ​លើ​ក្រុង ៤ គឺ ក្រុង​ផែ Vladivostok នៅ​ឯ​ចុងបូព៌ា​រុស្ស៊ី ក្រុង ប៉េកាំង ក្រុង ព្យុង យ៉ាង និង ក្រុង ហាណូយ។ គាត់​ភ្ញាក់​ព្រើត ដោយ​ក្រុង​៣ចុង​ក្រោយ មិនមែន​ស្ថិត​នៅ​ក្នុង​សហភាពសូវៀត ឯណា។ មិន​តែ​ប៉ុណ្ណោះ សម្រាប់​ពួក​នាយទាហាន ដែល​ប្រមូលផ្តុំ​គ្នា​ក្នុង​ប៉ុស្តបញ្ជាការ បែរ​ទៅ ជា ឥត​បាន​ទទួល​ឯណា នូវ​បទបញ្ជា ឲ្យ​ដាក់​កាំជ្រួច​មីស៊ីល ក្នុង​ភាព​ត្រៀម​ប្រយុទ្ធ​កម្រិត​ខ្ពស់ ហៅ​ថា DEFCON-1។

“ខណៈ​នោះ លោក​អនុសេនីយឯក Bassett ក៏​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទៅ​នឹង​ទីបញ្ជាការ​ថ្នាក់លើ ហើយ សុំ​ឲ្យ​គេ​ផ្ញើ​មក​នូវ​បទបញ្ជា​មួយ​លើក​ទៀត ដើម្បី​ឲ្យ​គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា គ្មាន​ការ​ភាន់ច្រឡំ អ្វី​ណា​ទេ។ ហើយ​នាយទាហាន​ទាំង​៨ក្រុម ក៏​បាន​ទទួល​មែន នូវ​បទបញ្ជា​ថ្មី ឲ្យ​ធ្វើ​ការ​បាញ់ បង្ហោះ​កាំជ្រួច​មែន” លោក John Bordne នឹកចងចាំ។ តាម​សម្តី​គាត់ ស្ថានការណ៍​តានតឹង​មែនទែន បាន​កើត​មាន​ឡើង ក្នុង​ក្រុម​នាយទាហាន ដែល ទទួល​បទបញ្ជា ឲ្យ​វាយប្រហារ​ទៅ​លើ​ទីតាំង​នានា នៅ​លើ​ដែនដី​សហភាពសូវៀត។

លោក Bassett ពេល​នោះ បាន​បង្គាប់​ឲ្យ​បញ្ជូន​ទាហាន​ប្រដាប់​អាវុធ​ពីរនាក់ មក​ប៉ុស្ត​ដែល​គ្រប់គ្រង លើ​ការ​បង្ហោះ​កាំជ្រួច ហើយ​បញ្ជា​ឲ្យ​បាញ់​ចោល​ទៅ ប្រធាន​ក្រុម​នាយទាហាន​នោះ បើ​សិន​ជា គាត់​ហ៊ាន​បញ្ជា​ឲ្យ​បាញ់​បង្ហោះ​កាំជ្រួចមីស៊ីល​ទៅ​លើ​ទីតាំង​នៅ​សហភាពសូវៀត​មែន។ បន្ទាប់​មក លោក Bassett បាន​ពិនិត្យ​មើល​ឡើង​វិញ កម្រិត​ត្រៀម​ប្រយុទ្ធ​ហៅ​ថា DEFCON-1 ហើយ​បាន​សុំ​ទៅ ទីបញ្ជាការ​ថ្នាក់លើ ឲ្យ​លុប​ទៅ​វិញ​ទៅ ផែនការ​បង្ហោះ​នោះ។ គេ​ក៏​បាន​ផ្ញើ​មក គាត់​នូវ​លេខកូដ​សមស្រប ដែល​ហុច​លទ្ធភាព​ឲ្យ​លុប​ទៅ​វិញ ការ​គ្រោង​បង្ហោះ​នោះ។

ដើម្បី​កក់ក្តៅ​ក្នុង​ចិត្ត​ថា វិបត្តិ​ត្រូវ​បាន​ពុះពារ​ជំនះមែន គាត់​ក៏​បាន​ភ្ជាប់​ទំនាក់ទំនង ជាមួយ​ក្រុម​នាយទាហាន នីមួយៗ ដែល​បញ្ជាក់​ថា គ្មាន​កាំជ្រួចមីស៊ីល​ណា​មួយ បាន​ហោះ​ចេញ​ទៅ​ឡើយ។ លោក William Bassett បាន​ទទួល​មរណភាព ក្នុង​ឆ្នាំ២០១១។ ម្ចាស់​អត្ថបទ​ក្នុង ទស្សនាវដ្តី Bulletin of the Atomic Scientists លោក Aaron Tovish អំពាវនាវ ឲ្យ​ទម្លាយ​ជា​សាធារណៈ​ទៅ ទិន្នន័យ​ផ្តល់​ដោយ​នាយទាហាន John Bordne ដែល​តាម​គាត់ ពិចារណា​យ៉ាង​លំអិត​គ្រប់​ជ្រុងជ្រោយ​ទៅ គឺ​អាច​សន្និដ្ឋាន​ជា​ រឿង​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ