Brexit-ចិន

ស្តាប់អ្នក​ជំនាញ​សេដ្ឋកិច្ចចិន​ និយាយ​ពី​ផល​អាក្រក់​របស់ ​Brexit ​ទៅលើ​ក្រុមហ៊ុន​ចិន

ចិន ជាអ្នករងគ្រោះម្នាក់ បើទីផ្សារ​ហិរញ្ញវត្ថុ​របស់​អង់គ្លេស លែង​នៅ​ក្នុង​​អឺរ៉ុប​តទៅទៀត
ចិន ជាអ្នករងគ្រោះម្នាក់ បើទីផ្សារ​ហិរញ្ញវត្ថុ​របស់​អង់គ្លេស លែង​នៅ​ក្នុង​​អឺរ៉ុប​តទៅទៀត REUTERS/Suzanne

ដំណើរ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ របស់​អង់គ្លេស ​មិនមែន​បង្ករ​ផល​ប៉ះពាល់ ​តែ​ក្នុង​សហភាព​អឺរ៉ុប​ទេ ​ តែសេដ្ឋកិច្ច​ចិន​ ក្រុមហ៊ុន​សហគ្រាស​ចិន​ជាច្រើន ​ពិត​ជា​ជួប​ការ​លំបាក។ នៅក្នុង​ឱកាស​បើក​វេទិការ​សេដ្ឋកិច្ច​នៅ​ទីក្រុង​ធានជីង ​ដែល​មាន​អ្នក​ជំនាញ​អន្តរជាតិ​ចូលរួម ​ចំនួន​ប្រមាណ ​២ពាន់​នាក់  ​លោក​ លី កឺឈាំង ​នាយក​រដ្ឋមន្ត្រី​ចិន ​បាន​ថ្លែងថា​ ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ​គឺ​មាន​ន័យ​ថា ​សេដ្ឋកិច្ច​ត្រូវ​ដើរ​ទៅ​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​ចិន ​ទីក្រុង​ឡុងដ៍​ ធ្លាប់​ជា​ច្រក​ចូល​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់​ចិន ​ដើម្បី​មក​រកស៊ី​ក្នុង​ទីផ្សារ​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​បំផុត។ ក្រុមហ៊ុន​ចិន​ ជាច្រើន ​ ដែល​បាន​ទៅ​តាំងទី​នៅ​ក្នុង​ ផ្សារ​ហិរញ្ញវត្ថុ ​The City ​របស់​ទីក្រុង​ឡុងដ៍។ ដូច្នេះ​ បើ​អង់គ្លេស​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​ទៀត ​ក្រុមហ៊ុន​ចិន​ទាំងនោះ​ប្រាកដ​ជាត្រូវ​ ប្តូរ​ទីតាំង ​ទៅ​រកស៊ី​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្រុង​ហ្រ្វង់ហ្វ័រ​ របស់​អាល្លឺម៉ង់ ​រឺ​ក៏​នៅទី​ក្រុង​ប៉ារីស ​របស់​បារាំង​វិញ ​ជា​មិនខាន។

 

ប្រសាសន៍ របស់ លោក វីលាម ហ័រ វ៉ាង អ្នកវិភាគសេដ្ឋកិច្ចចិន ប្រែសម្រួលដោយ ម៉ម ពិសី

“ការ​ចាក់​បញ្ចូល​រូបិយបណ្ណ​ រឺ​ដើមទុន​របស់​ក្រុមហ៊ុន​ចិន ​ទៅក្នុង​ទីផ្សារ​អន្តរជាតិ ​គឺ​ត្រូវ​ធ្វើ​ជា​ដំបូង ​ដោយ​ឆ្លងកាត់​ផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ឡុងដ៍។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សហការ​គ្នា​ រវាង​ស្ថាប័ន​ភាគហ៊ុន​ចិន​ និង​អង់គ្លេស ​ដែល​វា​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ជិតស្និត ​និង​យុទ្ធសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច ​ ប្រព័ន្ធ​ហិរញ្ញវត្ថុ ​ រវាង​រដ្ឋាភិបាល​ចិន ​ និង​អង់គ្លេស។
 
បើ​និយាយ​ពីចំនួន​ នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ គឺ​នៅ​អង់គ្លេស ​មាន​លំដាប់​ធំជាង​គេ​ទីពីរ ​បន្ទាប់​ពី​អាល្លឺម៉ង់។ ហើយ​ផ្នែក​វិនិយោគ​ដែល​ធំ​បំផុត​របស់​ក្រុមហ៊ុន​ចិន​  គឺ​ផ្នែកនៅ​លើ​ប្រព័ន្ធ​ទីផ្សារ​ហិរញ្ញវត្ថុ​ នៃ​ទីក្រុង​ឡុងដ៍​នេះ​តែម្តង។
 
ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ​ គឺ​គេ​ប្រាដក​ណាស់​ថា​ ចំនួន​បោះទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ​នៅ​លើ​ផ្សារ​ហិរញ្ញវត្ថុ​អង់គ្លេស ​អាច​នឹង​មិន​មាន​ការ​កើនឡើង​បន្ថែម​ទេ។ ផ្ទុយទៅ​វិញ ​ គឺវា​អាច​នឹង​មាន​ការ​ថយចុះ ​រឺ​បាត់បង់​ហ៊ុន​វិនិយោគ​ផង​ក៏​ថា​បានដែរ ​នៅ​លើ​ទីផ្សារ​របស់​ទីក្រុង​ឡុងដ៍។
 
ដូច្នេះ ​ការ​ចាកចេញ​ពី​សហភាព​របស់​អង់គ្លេស ​គឺវា​បាន​ជះ​ឥទ្ធិពល​អាក្រក់ ​ដោយ​ផ្ទាល់​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ ​នៃ​ទីផ្សារ​ខ្លួន ​ហើយ​ដែល​វា​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​ដល់​ ក្រុមហ៊ុន​វិនិយោគ​របស់​ចិន។ អ្នក​វិនិយោគ​ទាំងអស់​ ពិត​ជា​មាន​ការ​មិនទុកចិត្ត​លើ​ទីផ្សារ​នេះ ​ហើយគេ​មិន​ប្រថុយ​យក​ប្រាក់​មក​ចាក់​បញ្ចូល​ក្នុង​ទីផ្សារ​នេះទៀត​ទេ។ ដូច្នេះ ​លំហូរ​ហិរញ្ញវត្ថុ ​សាច់ប្រាក់​ ក្នុង​ទីផ្សារ​អង់គ្លេស ​គឺ​ពិត​ជា​មាន​ការ​លំបាក ​​ជាក់ជា​ពុំខាន។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI