អឺរ៉ុប

អឺរ៉ុប​ខ្វែងគំនិត​គ្នា​ជុំវិញ​វិធានការ​ត្រួតពិនិត្យ​ថវិកា​រដ្ឋ​ជា​សមាជិក

លោក​​វ៉ាន រ៉ុមពុយ​ (Van Rompuy) ប្រធានសហភាព​អឺរ៉ុប ​នឹង​ដឹកនាំ​អង្គប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច នៅថ្ងៃ​សុក្រ​នេះ
លោក​​វ៉ាន រ៉ុមពុយ​ (Van Rompuy) ប្រធានសហភាព​អឺរ៉ុប ​នឹង​ដឹកនាំ​អង្គប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច នៅថ្ងៃ​សុក្រ​នេះ ©AFP/Georges Gobet

នៅថ្ងៃ​សុក្រនេះ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ កំពុង​ជួបប្រជុំគ្នា នៅ​ទីក្រុង​ប៊្រុចស៊ែល (Bruxelles) ដើម្បី​ពិភាក្សា​​រិះរក​វិធានការ​បង្ការ​​កុំ​ឲ្យ​វិបត្តិ​ដូច​នៅ​ប្រទេស​ ក្រិក​កើត​មាន​ឡើង​សាជាថ្មី​ទៀត។​ ភាពចម្រូងចម្រាស់​​​ជុំវិញ​វិធានការ​ទាំងនេះ​បាន​កើត​មានឡើង តាំងពី​កិច្ចប្រជុំ​មិនទាន់​ចាប់បើក​​ម៉្លេះ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

វិបត្តិ​នៅ​ប្រទេស​ក្រិក​កើតឡើង​ដោយសាតែ​​រដ្ឋ​ជំពាក់​បំណុល​គេ​ច្រើន​ហួសហេតុ​ពេក។ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​វិបត្តិ​បែបនេះ​កើតមានឡើង​ទៀត សហភាព​អឺរ៉ុប​កំពុង​រិះរក​មធ្យោបាយ​ត្រួតពិនិត្យ​លើ​ថវិកាជាតិ​របស់​រដ្ឋ​ជាសមាជិក និង​ដាក់ទណ្ឌកម្ម​លើ​សមាជិក​ណា​ ដែល​​មិន​គោរព​តាម​​វិធាន​របស់​សហភាព​អឺរ៉ុប។

គួរ​បញ្ជាក់ថា តាម​វិធាន​​របស់​សហភាព​អឺរ៉ុប​ រដ្ឋ​ជាសមាជិក​មិន​អាច​មាន​ឱនភាព​ថវិកា​លើស​ពី ៣%​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​នោះ​ឡើយ។ ក៏ប៉ុន្តែ ឱនភាព​ថវិកា​របស់​ក្រិក​មាន​រហូត​ដល់​ទៅ​ជាង ១៣%​ ឯណោះ។ សូម្បី​តែ​ប្រទេស​បារាំង​ក៏មាន​ឱនភាព​ថវិកា​ដល់​ទៅ​​ជាង ៨%​ ដែរ។

វិធានការ​ដែល​​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​គ្រោង​លើក​យក​​មក​ពិភាក្សា​ នៅថ្ងៃ​នេះ គឺ​ការ​ផ្តល់​អំណាច​ឲ្យ​គណៈកម្មការ​អឺរ៉ុប ក្នុង​ការ​ត្រួតពិនិត្យ​មើល​លើ​ថវិកា​ជាតិ​នៃ​បណ្តា​រដ្ឋ​ជាសមាជិក មុននឹង​​រដ្ឋាភិបាល​ដាក់​ជូន​សភា​ជាតិ​អនុម័ត​ទៅទៀត។ ប៉ុន្តែ ប្រទេស​ខ្លះ​ជំទាស់​នឹង​វិធានការ​នេះ ដោយ​លើក​ឡើង​​ថា​វា​ជា​ការ​រំលោភ​លើ​​​អធិបតេយ្យ​នៃ​រដ្ឋ​ជាសមាជិក។ រដ្ឋាភិបាល​អង់គ្លេស​​វិញ​​មិន​ជំទាស់​នឹង​​វិធានការ​នេះ​ទេ ប៉ុន្តែ ទាមទារ​​ថា ថវិកា​ជាតិ​នៃ​ប្រទេស​ជាសមាជិក ត្រូវ​តែ​ឲ្យ​សភា​ជាតិ​ពិនិត្យ​​ជាមុន​សិន មុននឹង​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​អឺរ៉ុប។

ក្រៅពី​បញ្ហា​នេះ នៅមាន​បញ្ហា​ជាច្រើន​ផ្សេង​ទៀត ដែល​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​កំពុង​តែ​ខ្វែង​គំនិត​គ្នា។ សូម្បី​តែ​បារាំង និង​អាឡឺម៉ង់ ដែល​កន្លង​មក​ធ្លាប់​ជា​​កម្លាំង​ចលករ​រួម ក្នុង​សហភាព​អឺរ៉ុប​នោះ ក៏​កំពុង​តែ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ណាស់​ដែរ នៅពេលនេះ។ ការ​មិនត្រូវរ៉ូវ​​​នេះ បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ នៅតែ​បន្ត​ធ្លាក់​ចុះ​តទៅទៀត។ នៅថ្ងៃ​នេះ ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អាស៊ី ដែល​បាន​បិទ​ទ្វារ​ទៅហើយ​នោះ បាន​ធ្លាក់​ចុះ​ស្ទើរ​តែ​គ្រប់​កន្លែង។ ទីផ្សារ​ខ្លះ ដូចជា នៅ​តៃវ៉ាន់ និង​ជប៉ុន​ ជាដើម ធ្លាក់​ថ្លៃ រហូត​ដល់​ទៅ​​​​ជាង ២%​ឯណោះ។

លុយ​អឺរ៉ូ​​បាន​ចាប់​​ឡើង​ថ្លៃ​វិញ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ នៅថ្ងៃ​សុក្រ​នេះ អឺរ៉ូ​បាន​បន្ត​ឡើង​ថ្លៃ រហូត​ដល់ ជាង ១​ដុល្លារ ២៥​សេន ក្នុង​ ១អឺរ៉ូ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ លុយ​អឺរ៉ូ​នៅតែ​មិន​ទាន់​មាន​ស្ថិរភាព​នៅឡើយទេ ​ពីព្រោះ​ប្រទេសសមាជិក​សហភាព​អឺរ៉ុប នៅតែ​ខ្វែងគំនិត​គ្នា​ ជុំវិញ​​​វិធានការ​​សេដ្ឋកិច្ច​​​​រួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI