មហាសមុទ្រទឹកកកអាកទិក

ប្រទេស​ជាប់​តំបន់​អាកទិក ពិភាក្សា​ពី​បញ្ហា​អាកាសធាតុ ​តែ​សង្គ្រឺត​ធ្មេញ​ដាក់​រុស្ស៊ី

ផ្ទាំងទឹកកកនៅក្បែរកោះ ​ហ្គ្រូអ៊ិនលែន ដែល​​រលាយ​​នៅ​សល់​តែ​​ដំ​​តូចៗ  ហើយបញ្ចេញ សារធាតុ​មែកគៀរ៍ ដែល​កប់ទុក​ក្នុង​ទឹកកក
ផ្ទាំងទឹកកកនៅក្បែរកោះ ​ហ្គ្រូអ៊ិនលែន ដែល​​រលាយ​​នៅ​សល់​តែ​​ដំ​​តូចៗ ហើយបញ្ចេញ សារធាតុ​មែកគៀរ៍ ដែល​កប់ទុក​ក្នុង​ទឹកកក Peter Adams/Getty Images

ប្រទេស​ដែល​នៅ​ជាប់​មហា​សមុទ្រ​ទឹកកក​អាកទិក ​បាន​ជួប​ប្រជុំ​គ្នា ​នៅ​ភាគ​ឥសាន​ប្រទេស​កាណាដា ​នៅ​ថ្ងៃ​សៅរ៍ ​ទី​២៥​ មេសា​នេះ ​ដើម្បី​ពិភាក្សា​គ្នា​ អំពី​ការ​រលាយ​ទឹកកក​ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ដែល​នេះ​គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​កំដៅ​ផែនដី។​ ទន្ទឹម​គ្នា​នឹង​ការ​ព្រួយ​បារម្ភ​នេះ ​ប្រទេស​ទាំងអស់​បាន​មើល​ឃើញ​ផង​ដែរ ​នូវ​ឱកាស​ជា​ច្រើន​ ដែល​ហុច​ឲ្យ​ ដោយ​ការ​រលាយ​ទឹកកក ​គឺ​ឱកាស​ជីក​កកាយ​យកប្រេង ​នៅ​តំបន់​នោះ។ យ៉ាង​ណា​មិញ ​សកម្មភាព​របស់​ រុស្ស៊ី​ដែល​មាន​ផ្ទៃ​ក្រឡា​ធំ​ជាង​គេ​ ក្នុង​តំបន់ ​​កំពុង​តែ​បង្ក​ឲ្យ​មាន​ការ​មិន​ពេញ ​ពី​ប្រទេស​ផ្សេង​ទៀត។

ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ Iqaluit ​ភាគ​ឥសាន​ប្រទេស​កាណាដា ​ស្ថិត​នៅ​ដាច់​ស្រយាល ​ក្នុង​មហា​សមុទ្រ​ទឹកកក​អាកទិក ​ដែល​សីតុណ្ហាភាព​ពេល​ខ្លះ ​អាច​ធ្លាក់ចុះ​រហូត​ដល់​ -៦៥°c។ ថ្ងៃ​សៅរ៍​ ទី ២៥ ​មេសា​ ទីក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជា ៧៥០០នាក់​នេះ ​ កំពុង​ទទួល​បើក​ការ​ប្រជុំ​របស់ ​ប្រទេស​៨ ​ដែល​​ស្ថិត​ក្នុង​តំបន់​អាកទិក ​ភាគ​ខាងជើង​បង្អស់ ​នៃ​ភព​ផែនដី​យើង​នេះ ​គឺ ​មាន​អាមេរិក ​កាណាដា​ ដាណឺម៉ាក ​ហ្វាំងឡង់​ អ៊ីស្លង់​ ន័រវេហ្ស ​រុស្ស៊ី​ និង​ស៊ុយអ៊ែដ។ ក្រៅ​ពី​រដ្ឋមន្រ្តី​តំណាង​ប្រទេស​ទាំង​៨ ​ក៏​មាន​ការ​ចូលរួម​សង្កេត​ការណ៍ ​ពី​តំណាង​សហគមន៍​ជនជាតិ​ដើម​ផ្សេងៗ ​ដែល​រស់នៅ​ក្នុង​តំបន់​អាកទិក ​ព្រម​ទាំង​អង្គការ​មួយ​ចំនួន​ ដែល​ធ្វើ​ការងារ​ ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ។

 
ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ក្នុង​តំបន់ ​គឺ​ការ​រលាយ​ទឹកកក ​យ៉ាង​គំហុក ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ របស់​មនុស្ស ​និង​សត្វ​ក្នុង​តំបន់។ យោង​តាម​ទិន្នន័យ​ ដែល​ផ្តល់​ដោយ ​រូបភាព​ផ្កាយរណប​របស់​អាមេរិក ​ផ្ទាំង​ទឹកកក​ក្នុង​មហា​សមុទ្រ​អាកទិក ​បាន​ថយ​ចុះ​ជា​ខ្លាំង​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៧០។ មូលហេតុ​​ចំបង​នៃ ​ការ​រលាយ​ទឹកកក​នេះ ​គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​កំដៅ​ផែនដី។ ទឹកកក​នៅ​មហាសមុទ្រ​អាកទិក​រលាយ ​មាន​ន័យ​ថា ​ពិភពលោក​ប្រឈមមុខ​យ៉ាង​ខ្លាំង​ ជាមួយ​ការ​កើន​ឡើង​នូវ ​កំពស់​ទឹក​សមុទ្រ ​ដែល​ធ្វើ​ឲ្យ​កោះ​ និង​ដែនដី​មួយ​ចំនួន​ត្រូវ​លិច​បាត់​ នៅ​ក្នុង​សមុទ្រ។ មួយ​វិញ​ទៀត ​ការ​រលាយ​ទឹកកក ​នឹង​ធ្វើឲ្យ​ភាយ​ចេញ ​នូវ​ឧស្ម័ន​កាបូនិក ​និង​ម៉េតាន ​ដែល​មាន​កប់​នៅ​ខាង​ក្រោម​បាត​ទឹកកក ​ជា​យូរ​ឆ្នាំ​មក​ហើយ។

ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​នេះ ​ប្រទេស​ដែល​ចូលរួម​ប្រជុំ បានលើកឡើងពី ​ឱកាស​ថ្មី​ដែល​នឹង​ហុច​ផល​ពី​ការ​រលាយ​ទឹកកក។ ទឹកកក​រលាយ ​មាន​ន័យ​ថា ​វា​នឹង​បើកផ្លូវ​ឲ្យ​មាន​ភាព​ងាយស្រួល​​ក្នុង​ចរាចរណ៍​ទំនិញ​រវាង​ប្រទេស​ក្នុង​តំបន់​ ​ហើយ​ជា​ពិសេស​នោះ ​វា​នឹង​សំរួល​ដល់​ការ​ជីក​យក​រ៉ែ​ប្រេង ​ដែល​កប់​នៅ​ក្រោម​ដី ​បាត​សមុទ្រ​អាកទិក។ សូម​បញ្ជាក់​ថា​ តំបន់​អាកទិក ​មាន​ធនធាន​រ៉ែ​ប្រេង ​ប្រមាណ​ជា ​១៣% ​និង​ឧស្ម័ន​ធម្មជាតិ​ ៣០% ​នៃ​ធនធាន​សរុប​របស់​ផែនដី។ រ៉ែ​ទាំង​នេះ​​នៅ​មិនទាន់​មាន​នរណា​យក​បាន​នៅ​ឡើយ ​ដោយសារ​មាន​ទឹកកក​ច្រើន​ពេក។

លោក​ ចន ឃែរី ​ប្រមុខ​ការទូត​អាមេរិក ​បាន​ថ្លែង​ថា ​ប្រទេស​ក្នុង​តំបន់​ ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​ឆក់​យក​ឱកាស​ដែល​ហុច​ឲ្យ​ ដោយ​ការ​រលាយ​ទឹកកក ​ក៏​ប៉ុន្តែ​គ្រប់​គ្នា​ត្រូវតែ​ធ្វើការ​ប្រុង​ប្រយ័ត្ន ​ដោយ​ត្រូវ​ការពារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ​ដែល​មាន​ប្រវត្តិ ​ប្រពៃណី ​និង​ការ​រស់នៅ​រំពឹង​ទៅ​នឹង​ធនធាន​ធម្មជាតិ។ ការ​ទាញ​យក​ផល​ចំណេញ​សេដ្ឋកិច្ច ​ត្រូវតែ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍន៍​ ដែល​មាន​លក្ខណៈ​​ជា​និរន្តរភាព ​ការពារ​បរិស្ថាន​ធម្មជាតិ ​មិន​ឲ្យ​បាត់បង់ ​ព្រោះ​ថា ​រាល់​សកម្មភាព​ឧស្សាហកម្ម ​ចរាចរណ៍​ផ្សេងៗ ​វា​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ទៅ​លើ​ល្បឿន​នៃ​ការ​រលាយ​ទឹក​កក។ អាមេរិក ​ដែល​នឹង​ទទួល​ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សា​នេះ ​នៅ​ឆ្នាំ​ក្រោយ ​ បាន​សន្យា​ថា​នឹង​ផ្តល់​អាទិភាព ​ដល់​ការ​គ្រប់គ្រង​ចរាចរណ៍​នាវា ​ដែល​បើក​ឆ្លងកាត់​តំបន់​អាកទិក។

រុស្ស៊ី​ ដែល​បាន​បញ្ជូន​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​របស់​ខ្លួន​ទៅ​ប្រជុំ​ដែរ ​បាន​រង​ពាក្យ​រិះគន់​ជា​ច្រើន ​ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​​ សកម្មភាព​យោធា​មួយ​ចំនួន ​ដែល​បាន​អនុវត្ត​​នៅ​ក្នុង​តំបន់​អាកទិក។ យ៉ាង​ណា​​ក៏ដោយ ​រដ្ឋមន្រ្តី​រុស្ស៊ី ​បាន​បញ្ជាក់​ថា ​រុស្ស៊ី​គ្មាន​ចេតនា ​យក​តំបន់​អាកទិក​ជា​តំបន់​ជម្លោះ​នយោបាយ​ ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ ការ​ការពារ​តំបន់​ទឹក​កក​អាកទិក ​គឺ​ជា​កាតព្វកិច្ច​របស់​យើង​ទាំង​អស់​គ្នា។

មាត់​ថ្លែង​ថា​ព្រួយ​បារម្ភ ​ពី​ការ​រលាយ​ទឹក​កក ​ក៏​ពិត​មែន ​តែ​ធាតុពិត ​ប្រទេស​ទាំងអស់​ដែល​បាន​ជួប​ប្រជុំ​គ្នា​នេះ ​មិន​បាន​បញ្ចេញ​ចេតនា ​អំពី​ការ​កាត់​បន្ថយ​ការ​កើនឡើង​កំដៅ​ផែនដី​នោះ​ទេ ​តែ​ផ្ទុយ​ទៅ​វិញ ​គឺ​គេ​ប្រជុំ​គ្នា​ដើម្បី​ ​ដើម្បី​បែង​ចែក​គ្នា ​ក្នុង​ការ​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច ​ពី​ការ​រលាយ​ទឹក​កក ​ក្នុង​សមុទ្រ​អាកទិក​ ទៅ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI