បែលហ្ស៊ិល-អ៊ីស្លាម

ចោរ​ព័ត៌មានវិទ្យា​ វាយ​ប្រហារ​គេហទំព័រ​រដ្ឋបាល​របស់​តំបន់​វ៉ាឡូនី ​ប៊ែលហ្ស៊ិក

បច្ចេកវិទ្យាព័ត៌មាន -​ អ៊ីនធើនែត បាន​ក្លាយ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​វាយប្រហារ ​ពីសំណាក់​ក្រុម ចោរព័ត៌មានវិទ្យា
បច្ចេកវិទ្យាព័ត៌មាន -​ អ៊ីនធើនែត បាន​ក្លាយ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​វាយប្រហារ ​ពីសំណាក់​ក្រុម ចោរព័ត៌មានវិទ្យា

ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើនែត ​បាន​កើត​ជា​ថ្មី​មួយ​ករណី​ទៀត ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី ១០ មេសា ទៅ​លើ​គេហទំព័រ ​សេដ្ឋកិច្ច​របស់​រដ្ឋបាល​តំបន់​វ៉ាឡូនី ​នៃ​ប្រទេស​ប៊ែលហ្ស៊ិក។ ក្រុម​ចោរ​ដែល​ជា​អ្នក​ធ្វើ​ប្រតិបត្តិការ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ជាក្រុម ​អ៊ីស្លាម​ជ្រុល​និយម ​ដែល​មាន​មូលដ្ឋាន​ នៅ​ទុយណេហ្ស៊ី។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ បាន​ក្លាយ​ជា​អាវុធ​ថ្មី ​ដ៏​កាច​សាហាវ ​ដែល​ក្រុម​ជីហាត​អ៊ីស្លាម ​បាន​ប្រើប្រាស់ ​ដើម្បី​បំភ័យ​ប្រទេស​មហាអំណាច ​ជាក់​ស្តែង​ការ ​វាយ​ប្រហារ​លើ​ទូរទស្សន៍​បារាំង​អន្តរជាតិ​ ប៉ុស្តិ៍​លេខ​៥ ​កាល​ពី​ថ្ងៃ​ពុធ។

ផ្សាយពាណិជ្ជកម្ម

តំបន់​វ៉ាឡូនី ​ភាគ​ខាង​ត្បូង​ នៃ​ប្រទេស​ប៊ែលហ្ស៊ិក ​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ចោរ​ព័ត៌មានវិទ្យា។ ​ក្រុមចោរ​ បាន​​ចូល​​ទៅ​​គ្រប់គ្រង​គេហទំព័រ​អ៊ីនធឺនែត​ ស្តី​អំពី​ព័ត៌មាន​សេដ្ឋកិច្ច​របស់​តំបន់​នេះ។ ក្រោយ​ចូល​ទៅ​គ្រប់គ្រង​គេហទំព័រ​ហើយ ​ពួក​ចោរ​បាន​បង្ហោះ​ផ្សាយ​វីដេអូ​មួយ ​ដោយ​មាន​រូបភាព​បង្ហាញ​មនុស្ស​មួយ​ចំនួន ​ដែល​ពួក​វា​អះអាង​ថា​ សុទ្ធសឹង​ជា​ជន​រងគ្រោះ ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់បែក​ របស់​អាមេរិក ​ក្នុង​តំបន់​ដើមបូព៌ា។ នៅ​ខាង​ចុង​ក្រោយ​ខ្សែ​វីដេអូ​នេះ ​មាន​សរសេរ​អក្សរ​ថា “ងើប​ក្បាល​ចេញ​ពី​ខ្សាច់​ឡើង​ ក្រោក​ឈរ​ឡើង​ប្រយុទ្ធ​នឹង​អ្នក​ដឹកនាំ​ប្រទេស​របស់​អ្នក ​ហើយ​មក​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តស៊ូ”។

 
តាម​រយៈ​ខ្សែ​វីដេអូ​ និង​ពាក្យ​សរសេរ​ទាំង​នេះ ​ធ្វើ​ឲ្យ​គេ​ដឹង​យ៉ាង​ច្បាស់ ​ថា​ក្រុម​ចោរ​ដែល​ធ្វើ​រឿង​នេះ ​គឺ​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។ កាសែត Le Soir ​របស់​ប៊ែលហ្ស៊ិក ​បាន​ចុះផ្សាយ​ថា ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ ដែល​ធ្វើ​រឿង​នេះ​ ​គឺ​ជា​ក្រុម​អ៊ីស្លាម​ជ្រុម​និយម​មួយ​ក្រុម ​នៅ​ប្រទេស​ទុយណេហ្ស៊ី ​ដែល​មាន​ឈ្មោះ​ថា Fallaga Team។ កាសែត​ដដែល​បាន​បញ្ជាក់​ថា ​ក្រុម​នេះ ​ធ្លាប់​បាន​ធ្វើ​ប្រតិបត្តិការ​ វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីធើនែត ​ជា​រឿយៗ ​ទៅ​លើ​ស្ថាប័ន​រដ្ឋ ​នៅ​ប្រទេស​បារាំង។

កាល​ពី​ខែ​មករា​កន្លង​ទៅ ​ក្រុម Fallaga Team​បាន​លួច​ចូល​ទៅ​គ្រប់គ្រង​គេហទំព័រ​របស់​ក្រុម​ប្រឹក្សា​ខេត្ត ឡូ ​នៅ​ភាគ​ខាង​ត្បូង​បារាំង ​បាន​បីម៉ោង។ ដូចគ្នា​ដែរ ​គេហទំព័រ​អ៊ីនធើនែត​របស់ ការិយាល័យ​ទេសចរណ៍​របស់​ខេត្ត ប៊ីយ៉ារីត្ស៍ ​វិមាន​សម្តេច​ប៉ាប​ប្រចាំ​ក្រុង ​អាវីញ៉ុង ​និង​ វិហារ​កាតេដ្រាល​ ទីក្រុង​ណង់ត៍ ​ក៏​ត្រូវ​បាន​ក្រុម Fallaga Team ធ្វើ​ការ​វាយ​ប្រហារ​ដែរ។ គេ​ក៏​សង្ស័យ​ថា ​ការ​វាយ​ប្រហារ​ ទៅ​លើ​ទូរទស្សន៍​បារាំង TV5Monde ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​ក៏​អាច​ជា​ស្នាដៃ​របស់​ពួក​នេះ​ផង​ដែរ។

យើង​សង្កេត​ឃើញ​ថា ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ដើម្បី​ជា​អាវុធ​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ បង្ក​ការ​ខូចខាត ​និង​ការ​ភ័យខ្លាច​ នៅ​តាម​ប្រទេស​ធំៗ ​ដែល​បាន​ចូលរួម​បេសកកម្ម​ កម្ទេច​ពួក​ជីហាត​ នៅ​តំបន់​ដើម​បូព៌ា​ ជាមួយ​នឹង​អាមេរិក។ នេះ​ជា​មធ្យោបាយ​មួយ ​ដែល​ពួក​វា​ធ្វើ​ការ​សងសឹក​តប​មកវិញ។

បញ្ហា​នេះ ​ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ជា ខ្លាំង​ពី​សុវត្ថិភាព​ទូទៅ ​ដោយសារ ​តែ​បច្ចុប្បន្ន​នេះ ​អ្វីៗ​ក៏​ត្រូវការ​ប្រើប្រាស់​អ៊ីនធើនែត ​និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែរ។ ដូច្នេះ ​បើ​សិន​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​មាន​ការ​អាក់ខាន រឺ​ក៏​ខូចខាត​លែង​ដំណើរ​ការ ​ចលាចល​ប្រាកដ​ជា​អាច​មាន ​ហើយ​គ្រោះថ្នាក់​ប្រាកដ​ជាមានដែរ។ ជា​ឧទាហរណ៍ ​ប្រព័ន្ធ​បញ្ជា​ការ​ហោះហើរ​របស់​យន្តហោះ ​រឺ​បញ្ជា​ការ​បើក​បរ​រថភ្លើង​ល្បឿនលឿន។ បើសិន​ជា​ប្រព័ន្ធ​ទាំងនេះ​ជួប​បញ្ហា​ រឺ​ក្រុម​ចោរ​ចូល​ទៅ​គ្រប់គ្រង​បាន​ ​មាន​ន័យ​ថា​ ​យន្តហោះ​អាច​នឹង​ហោះ​បុក​ទង្គិច​គ្នា រថភ្លើង​បើក​បុកគ្នា ​ជាក់​ជា​ពុំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI