Brexit៖ ពិភពធនាគារ កំពុងរំជួយ នៅទីផ្សារហិរញ្ញវត្ថុ The City
ចុះផ្សាយនៅថ្ងៃ៖
ផលវិបាកដ៏អាក្រក់បំផុត ដែលគេព្រួយបារម្ភជាងគេ បន្ទាប់ពីប្រជាជនអង់គ្លេសសម្រេចបោះឆ្នោតដើរចេញពីសហភាពអឺរ៉ុប គឺវិបត្តិនៅលើទីផ្សារហិរញ្ញវត្ថុ The City ដែលជាទីផ្សារភាគហ៊ុនធំជាងគេបំផុតលើពិភពលោក។ គ្រាន់តែមួយថ្ងៃ ម្សិលមិញ តម្លៃភាគហ៊ុននៃធនាគារធំៗទាំងអស់ទូទាំងអឺរ៉ុប ដែលរកស៊ីក្នុងទីផ្សារនេះ បានខាតបង់រហូតខ្លះដល់ទៅ២០%។ ធនគារមួយចំនួន បានប្រកាសផងដែរ ថាពួកគេនឹងត្រូវបង្ខំចិត្តដើរចេញពីទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ រឺមួយក៏ត្រូវផ្ទេរការងារមួយផ្នែកធំ ទៅទីតាំងថ្មី ដែលនៅក្នុងសហភាពអឺរ៉ុប ដើម្បីអាចមានលទ្ធភាពទិញដូរភាគហ៊ុន ក្នុងទីផ្សារអឺរ៉ុបដូចមុន។
តម្លៃភាគហ៊ុននៃធនាគារ នៅលើទីផ្សារហិរញ្ញវត្ថុ The City បានធ្លាក់ចុះយ៉ាងគំហុក ក្នុងពេលមួយប៉ព្រិចភ្នែក។ ធនគារដែលរបួសធ្ងន់ធ្ងរជាងគេ គឺគ្មាននរណាក្រៅពីធនាគាររបស់អង់គ្លេសខ្លួនឯងទេ។ ធនាគារ Barclays បានធ្លាក់ថ្លែចំនួន១៧,៧% ធនាគារ Lloyds ធ្លាក់ ២១% និងធនាគារRoyal Bank of Scotland ធ្លាក់១៨%។
ប៉ុន្តែនៅមានធនាគារអឺរ៉ុប ទាំងអស់ផ្សេងទៀតដែរ ដែលបានខាតបង់ ខាតតម្លៃភាគហ៊ុន បន្ទាប់ពីអង់គ្លេសបានបោះឆ្នោតប្រជាមតិ ដើរចេញពីសហភាពអឺរ៉ុប។ ធនាគារបារាំង BNP Paribas និង Société générale ធនាគារអាល្លឺម៉ង់ Deutsch Bank ធនាគារអេស្ប៉ាញ Banco Santander និងធនាគារអ៊ីតាលីIntesa Sanpaolo ម្នាក់ៗខាតពី១៤ ទៅ២៣%។ ចំនែកធនាគារនៅទីផ្សារហិរញ្ញវត្ថុអាមេរិក Wall Street ដូចជា Goldman sachs ធនាគារ Morgan Stanley និង Bank of America ម្នាក់ៗខាតពី ៧ ទៅ ជាង១០%។
ការធ្លាក់ចុះស្រុតមួយគំហុក ក្នុងពេលដ៏ខ្លីនេះ គឺបណ្តាលមកពីភាពរំជើបរំជួល ភ័យជ្រួលច្របល់ ដោយសារតែ អ្នកវិនិយោគពុំមានការច្បាស់ប្រាដក ពីអនាគតនៃទីផ្សារអឺរ៉ុប បន្ទាប់ពីអង់គ្លេសដើរចេញ។ ណាមួយ នីតិវិធីនៃការផ្តាច់ខ្លួន របស់អង់គ្លេសចេញពីអឺរ៉ុប អាចត្រូវចំណាយពេលយ៉ាងហោចណាស់២ឆ្នាំទៅមុខទៀត តែកំឡុងពេលនេះ គ្រប់គ្នាមិនទាន់ដឹងថាវានឹងប្រព្រឹត្តិទៅ ដោយរបៀបណាទេ។
គួរបញ្ជាក់ថា ធនាគារធំៗលើពិភពលោក បាននាំគ្នាទៅផ្តុំក្បាលគ្នានៅទីផ្សារហិរញ្ញវត្ថុ ទីក្រុងឡុងដ៍របស់អង់គ្លេស ក៏ដោយសារតែអង់គ្លេសស្ថិតក្នុងសហភាពអឺរ៉ុប ហើយដូច្នេះធនាគារទាំងនោះអាចរកស៊ី ទិញលក់ផលិតផលហិរញ្ញវត្ថុ ផ្តល់កំចីវិនិយោគ បានទូទាំងសហភាពអឺរ៉ុបតែម្តង។ ក្នុងករណីដែលអង់គ្លេស ឈប់ជាសមាជិកសហភាពអឺរ៉ុប មានន័យថារាល់ចលនាដោះដូរ ទិញលក់លើទីផ្សារនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពិសេស ហើយត្រូវបង់ពន្ធជូនសហភាពអឺរ៉ុប ដើម្បីអាចធ្វើសកម្មភាពនៅក្នុងទីផ្សារអឺរ៉ុបបាន។
យ៉ាងណាមិញ ធនាគារដ៏ធំរបស់អង់គ្លេស គឺHSBC បានលើកឡើងថា គេនឹងត្រូវបង្ខំចិត្តលប់ចោលការងារជាច្រើនពាន់នាក់នៅអង់គ្លេស ដើម្បីផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុងផ្សេងនៅអឺរ៉ុប។ ដូចគ្នាដែរ ធនាគារ JPMorgan របស់អាមេរិក ដែលមានមនុស្សធ្វើការប្រមាណ១ម៉ឺន៦ពាន់នាក់ នៅឡុងដ៍ គឺអាចនឹងផ្ទេរការងារចេញប្រហែលជា៤ពាន់នាក់ យកទៅដាក់ប្រទេសផ្សេង។ ដោយឡែក លោកប្រធានសហព័ន្ធធនាគារបារាំង បានបញ្ជាក់ថា ធនាគារបារាំង នឹងមិនសូវរងផលប៉ះពាល់ខ្លាំងប៉ុន្មានទេ ដោយសារធនាគារបារាំង ឈរលើជើងពីរទាំងសងខាង ទាំងនៅទីក្រុងប៉ារីស និងទីក្រុងឡុងដ៍។
យ៉ាងណាក៏ដោយ អ្នកដែលកំពុងញញឹម គឺទីក្រុងប៉ារីសឯណោះទេ។ Welcome to Paris ព្រោះក្រុងប៉ារីសជាកន្លែងដែលមានសក្តានុពលបំផុត ហើយកំពុងតែត្រៀមខ្លួន បើកទ្វារស្វាគមន៍ធនាគារ និងក្រុមហ៊ុនអន្តរជាតិធំៗ ដែលចង់មកបោះទីតាំងថ្មី ក្នុងសហភាពអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ