នាយករដ្ឋមន្រ្តីចិនធ្វើទស្សនកិច្ចនៅអឺរ៉ុប ដើម្បីរកដង្ហើមដកឲ្យសេដ្ឋកិច្ចក្នុងស្រុក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ធ្វើទស្សនកិច្ច រយៈពេល ៥ថ្ងៃ ក្នុងទឹកដី អឺរ៉ុប ដោយចាប់ផ្តើមដំបូង នៅថ្ងៃនេះ ក្នុងទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក ជាទីដែលលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលចិន អឺរ៉ុបលើកទី ១៧។ បញ្ហាសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាសំណុំរឿងសំខាន់ពីរ ដែលនាយករដ្ឋមន្រ្តីចិន នឹងលើកនិយាយ នៅក្នុងអំឡុងទស្សនកិច្ច នៅអឺរ៉ុប។
នៅ អឺរ៉ុប នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាំង នឹងមានវត្តមានតែមួយថ្ងៃ នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួម នៅក្នុងកិច្ចប្រជុំកំពូល ចិន អឺរ៉ុប លើកទី ១៧ នៅថ្ងៃចន្ទ។ អឺរ៉ុបដែលនៅតែជាដៃគូ ពាណិជ្ជកម្ម ដ៏ធំរបស់ចិន បើប្រៀបធៀបនឹងអាមេរិក ដែលស្ថិតនៅលំដាប់ថ្នាក់ទី ២។ នៅល្ងាចថ្ងៃចន្ទ ប្រមុខរដ្ឋាភិបាលចិន ត្រូវធ្វើដំណើរមកទីក្រុងប៉ារីស ទៅតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីបារាំង លោកម៉ានុយអ៊ែល វ៉ាល់ស៍ ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។
ទាំងនៅក្នុងកិច្ចប្រជុំចិន អឺរ៉ុប និងនៅក្នុងប្រទេសបារាំង នាយករដ្ឋមន្រ្តីចិន នឹងត្រូវជៀសមិនផុតពីនិយាយពីការចូលរួមរបស់ចិន ដើម្បីកាត់បន្ថយការឡើងកំដៅនៃភពផែនដី។ នៅថ្ងៃអង្គារស្អែក ជាថ្ងៃឧសានវាទ ដែលទីក្រុងប៉េកាំងត្រូវបញ្ចេញ តួលេខ នៃឧស្ម័នពុល ដែលខ្លួនសន្យាកាត់បន្ថយ ពីពេលនេះ ដល់ឆ្នាំ ២០៣០។ បារាំង ដែលជាអ្នករៀបចំ សន្និសីទពិភពលោកនៃការប្រែប្រួលអាកាសធាតុ នៅចុងឆ្នាំ ២០១៥ ចង់ឲ្យចិន ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ២ ឲ្យបញ្ចេញតួលេខជាក់ស្តែង ដើម្បី នឹងអាចឲ្យទីក្រុងប៉ារីសយកទៅប្រើ បញ្ចុះបញ្ចូល ឥណ្ឌា ដែលជាប្រទេសបញ្ចេញឧស្ម័នពុលច្រើនដែរនោះ។
នៅប្រទេសបារាំង ក្រៅតែពីសំណុំរឿងអាកាសធាតុ នាយករដ្ឋមន្រ្តី ចិនមានគម្រោងនឹងលើកឡើងផងដែរពីការដោះដូរពាណិជ្ជកម្ម។ បន្ទាប់ពីប៉ារីស លោកលី ខឺឈាំងនឹងធ្វើដំណើរទៅតំបន់ភាគខាងត្បូងបារាំង ជាពិសេសខេត្តទូលូស ដែលជាទីតាំងរោងចក្រផលិតយន្តហោះ របស់បារាំង។ ប៉ារីសសង្ឃឹមថា នឹងចុះហត្ថលេខាជាមួយប៉េកាំង លើកិច្ចព្រមព្រៀងទិញយន្តហោះ អ៊ែរប៊ុស A ៣៣០ របស់បារាំង ដែលមួយផ្នែកនៃយន្តហោះនឹងត្រូវដំឡើង នៅខេត្តធានជីង ក្នុងប្រទេសចិន។
ក្រៅពីនេះ ប៉ារីស និងប៉េកាំង ត្រូវជជែកពីគម្រោងធ្វើវិនិយោគរួមគ្នា នៅតំបន់អាហ្វ្រិក និងអាស៊ី។ ឲ្យជាក់ស្តែងទៅ ប្រទេសចិន ត្រូវការ ចង់បានជំនួយ សហការពីក្រុមហ៊ុនបារាំង ដើម្បីរកទីផ្សារ រកផ្លូវដង្ហើមឲ្យសហគ្រាសចិន ដែលកំពុងជួបការផលិតក្នុងស្រុក ច្រើនហួសកំណត់ ហើយនិងការថយចុះ នៃការប្រើប្រាស់ក្នុងស្រុក។ ប្រទេសទាំងពីរ ចង់ពង្រឹងសហប្រតិបត្តិការជាពិសេស នៅក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល កសិចំណីអាហារ ទេសចរណ៍ និងសុខភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ