សន្និសីទអាកាសធាតុ៖ បន្ទាប់ពីពាក្យសម្តីពិរោះៗ ដល់ពេលត្រូវចរចាគ្នាលើចំណុចចម្រូងចម្រាស
បន្ទាប់ពីសុន្ទរកថាមេដឹកនាំក្នុងពីធីបើក កាលពីថ្ងៃចន្ទម្សិលមិញ សន្និសីទអាកាសធាតុក្រុងប៉ារីស បានចាប់ផ្តើមដំណាក់កាលថ្មី និងស្មុគស្មាញ នៅថ្ងៃអង្គារនេះ គឺការចរចាទៅលើកិច្ចព្រមព្រៀង ដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសីតុណ្ហភាពមធ្យមលើភពផែនដី កើនឡើងលើសពី ២អង្សា និងស្វែងរកកញ្ចប់ថវិកាពីសំណាក់ប្រទេសអភិវឌ្ឍ ដើម្បីជួយប្រទេសក្រីក្រក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“ការប្រកាសបង្ហាញពីសុឆន្ទៈតែមួយមុខ គឺវាមិនគ្រប់គ្រាន់ទេ” នេះគឺជាអ្វីដែលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានលើកឡើង នៅពេលថ្លែងបើកសន្និសីទ កាលពីថ្ងៃចន្ទម្សិលមិញ។ លោកប្រធានាធិបតីបារាំង ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទ បានអំពាវនាវឲ្យការចរចាសម្រេចបានជាកិច្ចព្រមព្រៀងអាកាសធាតុមួយ “ដែលមានសុពលភាពជាសកល កំណត់ពីការទទួលខុសត្រូវក្នុងកម្រិតខុសៗគ្នា និងមានអានុភាពខាងផ្លូវច្បាប់លើប្រទេសហត្ថលេខី”។
ជាការពិត គេសង្កេតឃើញថា នៅរាល់សន្និសីទអាកាសធាតុកាលពីពេលមុនៗ មិនដែលមានសន្និសីទណាមួយ ដែលមានការចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា សន្និសីទនៅប៉ារីស នៅពេលនេះទេ។ លើសពីនេះទៅទៀត គេសង្កេតឃើញថា ពេញក្នុងពិធីបើកសន្និសីទកាលពីថ្ងៃចន្ទម្សិលមិញនេះ គ្រប់បណ្តាមេដឹកនាំប្រទេសទាំងអស់ ដែលចូលរួមក្នុងសន្និសីទ សុទ្ធតែបានបង្ហាញនូវសុឆន្ទៈចង់បានកិច្ចព្រមព្រៀង ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ទាំងអស់នេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដែលសូម្បីតែអង្គការការពារបរិស្ថានធំៗជាទូទៅ ក៏នាំគ្នាថ្លែងអបអរសាទរដែរ ក៏ប៉ុន្តែ សកម្មជនបរិស្ថានអស់ទាំងនេះនៅតែបន្តបង្ហាញនូវជំហរប្រយ័ត្នប្រយែងខ្លាំង ចំពោះដំណើរការនៃការចរចាពិតប្រាកដ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
សម្រាប់លោក Pierre Cannet អ្នកនាំពាក្យអង្គការ WWF ប្រចាំប្រទេសបារាំង ការបង្ហាញពីសុឆន្ទៈគឺជារឿងល្អមួយ "ក៏ប៉ុន្តែ សំខាន់បំផុត គឺត្រូវធ្វើយ៉ាងណាឲ្យការសន្យាអស់ទាំងនេះប្រែក្លាយជាកាតព្វកិច្ចជាក់លាក់ នៅក្នុងការចរចា ដែលចាប់ផ្តើមនៅពេលនេះ ធ្វើយ៉ាងណាឲ្យមានក្របខ័ណ្ឌគតិយុត្តិរឹងមាំមួយ ដើម្បីសម្រេចបាននូវគោលដៅ កំណើនសីតុណ្ហភាពអតិបរមា ២អង្សា ដែលជាគោលដៅធំបំផុតនៃសន្និសីទអាកាសធាតុនេះ"។
លោក Jean-François Julliard វិញ ដែលជានាយកអង្គការ Greenpeace ប្រចាំប្រទេសបារាំង បានធ្វើការកត់សម្គាល់ថា សុន្ទរកថាថារបស់មេដឹកនាំក្នុងពិធីបើកសន្និសីទម្សិលមិញនេះ គឺពិតជាបង្ហាញពីសុឆន្ទៈ និងការសន្យាល្អៗច្រើនមែន ក៏ប៉ុន្តែថា អង្គការរបស់លោក “នៅតែតាមការសង្កេតមើលដោយប្រយ័ត្នប្រយែង ពីព្រោះថា នេះមិនមែនជាលើកទី១ទេ ដែលយើងឮពាក្យសម្តីពិរោះៗ នៅក្នុងសន្និសីទអាកាសធាតុ។ ដូច្នេះ យើងត្រូវតែរង់ចាំមើលលទ្ធផលចុងក្រោយថានឹងបានសម្រេចជាអ្វីខ្លះពិតប្រាកដ"។
នាយកអង្គការ Greenpeace ក៏បានធ្វើការកត់សម្គាល់ផងដែរថា មានមេដឹកនាំប្រទេសខ្លះ និយាយឲ្យតែល្អស្តាប់ និងដើម្បីយកមុខមាត់ តែមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងក្នុងប្រទេសខ្លួនឯង "ដូចជា លោកពូទីន ជាដើម ដែលនិយាយថា រុស្ស៊ីបានចាត់វិធានការយ៉ាងច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ប៉ុន្តែ តាមការពិត គឺវាមិនមែនអ៊ីចឹងទេ។ បើយើងចង់រកប្រទេសដែលមិនធ្វើអ្វីសោះ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺរុស្ស៊ី”។
បើយើងសង្កេតមើលឲ្យដិតដល់ទៅ យើងឃើញថា នៅក្នុងសេចក្តីថ្លែងការណ៍ប្រកបដោយសុឆន្ទៈ របស់បណ្តាមេដឹកនាំទាំង ១៥០ កាលពីថ្ងៃចន្ទម្សិលមិញ ក៏មានបង្កប់ផងដែរ ទៅដោយការខ្វែងគំនិតគ្នា ទៅលើចំណុចគន្លឹះក្នុងការចរចាលើកិច្ចព្រមព្រៀងអាកាសធាតុ ជាពិសេស គឺជំហរផ្ទុយគ្នា រវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។
សម្រាប់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បណ្តាប្រទេសអភិវឌ្ឍត្រូវតែមានការទទួលខុសត្រូវចំពោះការបំពុលបរិយាកាស ដែលបានធ្វើតាំងពីយូរយារណាស់មកហើយ និងត្រូវអនុវត្តតាមការសន្យា ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ចំណែកឯបណ្តាប្រទេសកំពុងអភិវឌ្ឍវិញ គួរតែនៅអាចបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនតទៅទៀត ហើយកិច្ចព្រមព្រៀងអាកាសធាតុមិនគួរក្លាយជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ជីវភាពប្រជាជន នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍទាំងនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ