រុស្ស៊ី-ស៊ីរី

រុស្ស៊ី៖ដំណោះស្រាយ​វិបត្តិ​ស៊ីរី​មិនមែន​ស្ថិត​លើ​ការ​ដក​លោក​អាសាដ​ពី​អំណាច​ទេ

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ែរហ្គៃ ឡាវ៉្រូវ
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ែរហ្គៃ ឡាវ៉្រូវ REUTERS/Maxim Shemetov

ថ្លែង​ក្នុង​សន្និសីទកាសែត​ដ៏​ធំ​នៅ​ម៉ូស្គូ ថ្ងៃ២៦​មករា​នេះ បូក​សរុប​តុល្យាការ​នៃ​នយោបាយ​ការទូត​រុស្ស៊ី​ក្នុង​ឆ្នាំ២០១៥​កន្លងទៅ រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី លោកស៊ែរហ្គៃ ឡាវ៉្រូវ ដោយ​មាន​ប្រសាសន៍​ប៉ះ​លើ​ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី ថ្លែងជា​អាទិ៍​ថា គោលជំហរ​ដែល​ថា ការ​ប្រយុទ្ធ​រួម​គ្នា​ទល់​នឹង​ភេរវនិយម​អាចប្រព្រឹត្ត​ទៅ​កើត លុះ​ក្រោយ​ពី​ផ្តួល​របប​លោក​ប្រធានាធិបតី​បាស្ហារ អាល់ អាសាដ សិន គឺ​ជា​កំហុស​ថ្លោះធ្លោយ​ដ៏​ធំ​របស់​ពួក​អ្នកនយោបាយ។

ផ្សាយពាណិជ្ជកម្ម

តាម​លោក​ប្រមុខ​ការទូត​រុស្ស៊ី អ្នកនយោបាយ​ណា​ដែល​យល់​ឃើញ​យ៉ាង​នេះ គឺ​ខិតខំ​សាកល្បង​ផ្លាស់ប្តូរ​ការ​ប្រយុទ្ធ​ជា​សមូហភាព​ទល់​នឹង​ភេរវនិយម​អន្តរជាតិ ទៅ​ដោយ​កម្មវត្ថុ​ផ្សេង​ស្រឡះ​ដែល​គ្មាន​និស្ស័យ​ពាក់ព័ន្ធ​នឹង​សាច់រឿងសោះឡើយ។ គឺ​ក្នុង​ទម្រង់​យ៉ាង​នេះ ដែល​លោក​ឡាវ្រ៉ូវ បាន​ប្រតិកម្ម​ទល់​នឹង សេចក្តី​អំពាវនាវ​របស់ បស្ចិមលោក ដែល​ថា សម្រាប់​រុស្ស៊ី គប្បី​សុខ​ចិត្ត​យល់ព្រម​ទៅ ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អំណាច នៅ​ស៊ីរី ល្គឹក​នោះ យើង​នឹង​ចាប់​ផ្តើមសម្របសម្រួល​សកម្មភាព​យើង ហើយ​វាយប្រហារ​ដោយ រួមគ្នា​មែន​ពិត ទៅលើ​ពួក​ភេរវជន​អន្តរជាតិ។ លោក​ឡាវ្រ៉ូវ បន្ថែម​ថា ទំនាក់ទំនង ដែល​ធ្លាប់​មាន កាល​ពី​មុនៗ រវាង​រុស្ស៊ី និង​បស្ចិមលោក បាន​ឆ្លង​ទៅ​ក្នុង​អតីតកាល ជា​ស្ថាពរទៅ​ហើយ។

 
ប្រមុខ​ការទូត​រុស្ស៊ី កត់​សម្គាល់​ថា ម៉ូស្គូ ​និង វ៉ាស៊ីនតោន មិន​ជាប់​ដៃ​រវល់​ទេ នឹង ការ​ផ្សំ​ឡើង​ជា គណៈប្រតិភូ​របស់​ភាគី​ប្រឆាំង​ស៊ីរី សម្រាប់​ទៅ​ចូលរួម​ក្នុង កិច្ចចរចា​ថ្ងៃ​មុខ។ គាត់​គូស​បញ្ជាក់​ថា នេះ​ជា ភារកិច្ច​របស់​ប្រេសិត​វិសាមញ្ញ​អ.ស.ប. ដែល​ទទួល​បន្ទុក​បញ្ហា​ស៊ីរី គឺ លោក Staffan de Mistura។ គាត់​លម្អិត​ឲ្យ​ដឹង​ថា ក្នុង​រឿង​នេះ រុស្ស៊ី នឹង​ពុំ​ប្រើ​សិទ្ធិវេតូ ឡើយ។ ប៉ុន្តែ ព្រម​ជា មួយ​នេះ លោក​ឡាវ្រ៉ូវ សង្កត់​ធ្ងន់​ថា បើ​គ្មាន​ការ​ចូលរួម​នៃ ​គណៈប្រតិភូ ជនជាតិ​គួដ​ទេ កិច្ចចរចា​ថ្ងៃមុខ នឹង​ពុំ​នាំ​ទៅ​កាន់​ការ​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី បាន​ដាច់​ស្រេច ជា​ស្ថាពរឡើយ។ ពីព្រោះ ជនជាតិ​គួដ​នៅ​ស៊ីរី មាន​ចំនួន​ដល់​ទៅ១៥% នៃ​បណ្តាជន​ស៊ីរី ហើយ​គេ​រស់នៅ លើ​ដែនដី​ដែល​មាន ន័យ​គន្លឹះ។

គឺ​យោបល់​យ៉ាង​នេះ ដែល​លោក​ឡាវ្រ៉ូវ បញ្ចេញ ក្រោយ​ពី​ឮ អ្នក​ខ្លះ​ក្នុង​ក្រុម១៧ប្រទេស​ខាង​គាំទ្រ​ស៊ីរី​បាន​ថ្លែង​ថា មិន​គប្បី អញ្ជើញ គណៈប្រតិភូ​នៃ​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​របស់​ជនជាតិ​គួដ​ទៅ​កាន់​តុចរចា ឡើយ។

ក្នុង​សន្និសីទកាសែត​នោះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ក៏​ចង្អុល​ឲ្យ​ឃើញ​ថា អន្តរាគមន៍​កងអាកាស​រុស្ស៊ី​នៅ​ស៊ីរី ដែល​ប្រព្រឹត្ត​ទៅ​តាម​សំណូមពរ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ជិត​៤ខែ​ហើយ បាន​ជួយ​ឲ្យ​កងទ័ព​ស៊ីរី ដណ្តើម​យក​បាន​ពី​ដៃ ពួក​ភេរវជន​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​មក​វិញ គឺ​ទីប្រជុំជន ជាង ៣០០កន្លែង​ហើយ នៅ​លើ​ផ្ទៃដី ជាង១.០០០គ.ម.ក្រឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI