ស្វែងយល់ពីប្រព័ន្ធបោះឆ្នោតសភានៅក្នុងប្រទេសអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃព្រហស្បតិ៍ ទី៧ ឧសភានេះ ប្រទេសអង់គ្លេសបានរៀបចំបោះឆ្នោតសភា។ ការិយាល័យបោះឆ្នោតប្រមាណជា ៥០ ០០០កន្លែងបានបើកទ្វារតំាងពីម៉ោង ៧ព្រឹក ម៉ោងក្នុងទីក្រុងឡុងដ៏ដើម្បីទទួលអ្នកបោះឆ្នោតជាង ៤៥លាននាក់។ លទ្ធផលនៃការស្ទង់មតិចុងក្រោយឲ្យដឹងថា គណបក្សធំចំនួនពីរ គណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិដេតវីដ កាមេរោន (David Cameron) និងគណបក្សពលកររបស់លោកអេដ ម៉ីលីបេន (Ed Miliband) ទទួលបានសម្លេងគំាទ្រប្រកៀកប្រកើយគ្នា មានន័យថា ប្រហែលជាគ្មានគណបក្សណាមួយអាចនឹងទទួលបានសម្លេងភាគច្រើនដាច់ខាតដើម្បីបង្កើតរដ្ឋាភិបាលថ្មីតែម្នាក់ឯងបានទេ។
ប្រជាជនអង់គ្លេសត្រូវជ្រើសរើសអ្នកតំណាងរាស្រ្តថ្មីចំនួន ៦៥០នាក់ដែលមាននៅក្នុងសភាអង់គ្លេសបច្ចុប្បន្នសម្រាប់អាណត្តិរយៈពេល ៥ឆ្នំា។ ប្រព័ន្ធបោះឆ្នោតអង់គ្លេស ជាប្រព័ន្ធឯកនាមសម្លេងភាគច្រើនដែលមានតែមួយជុំប៉ុណ្ណោះ។ ប្រព័ន្ធបោះឆ្នោតរបៀបនេះត្រូវបានគេចាត់ទុកជាប្រព័ន្ធបោះឆ្នោតដែលមានលក្ខណៈសាមញ្ញ មិនពិបាកយល់ និងក៏មិនសូវជាមានបញ្ហាអ្វីកើតឡើងនៅក្រោយការបោះឆ្នោតដែរ។ មានន័យថា អ្នកបោះឆ្នោតត្រូវជ្រើសរើសបេក្ខជនម្នាក់នៅក្នុងចំណោមបេក្ខជនឈរឈ្មោះជាច្រើននាក់ពីគណបក្សផ្សេងៗនៅក្នុងមណ្ឌលរបស់ខ្លួន។ បេក្ខជនណាដែលទទួលបានសម្លេងគំាទ្រច្រើនជាងគេនឹងក្លាយជាអ្នកតំណាងរាស្រ្ត ចំណែកអ្នកផ្សេងត្រូវត្រឡប់ទៅផ្ទះវិញ ដោយដៃទទេ។ គឺខុសពីនៅប្រទេសកម្ពុជាដែលប្រកាន់យកប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្រ។
បច្ចុប្បន្ននេះនៅក្នុងប្រទេសអង់គ្លេស មានតែគណបក្សធំចំនួនពីរប៉ុណ្ណោះដែលកំពុងនំាមុខគេ គឺគណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិដេតវីដ កាមេរោន (David Cameron) និងគណបក្សពលកររបស់លោកអេដ ម៉ីលីបេន (Ed Miliband)។ ប្រសិនបើគណបក្សណាមួយក្នុងចំណោមគណបក្សទំាងពីរទទួលបានអសនៈយ៉ាងតិចពាក់កណ្តាលនៃចំនួនអសនៈសរុបទំាង ៦៥០ នៅក្នុងសភា អ្វីៗនឹងត្រូវដោះស្រាយចប់ភ្លាមៗគ្មានឧបសគ្គអ្វីទំាងអស់ មានន័យថា ឬមួយលោកដេវីដ កាមេរោននឹងត្រូវធ្វើជានាយករដ្ឋមន្រ្តីមួយអាណត្តិថ្មីរយៈពេល ៥ឆ្នំាបន្ថែមទៀត ឬមួយក៏លោកអេដ ម៉ីលីបេននឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី។
សេណារីយ៉ូខ្លះៗនៅក្នុងករណីដែលគ្មានគណបក្សណាមួយទទួលបានសម្លេងភាគច្រើនដាច់ខាត
លទ្ធផលនៃការស្ទង់មតិចុងក្រោយឲ្យដឹងថា គណបក្សធំទំាងពីរទទួលបានសម្លេងប្រកៀកប្រកើយគ្នា ពោលប្រហែលជាមិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ។ នៅក្នុងករណីនេះ នឹងអាចមានពីរដំណាក់កាល គឺការស្វែងរកសម្លេងភាគច្រើនដាច់ខាតនៅក្នុងសភា និងការបង្កើតរដ្ឋាភិបាលថ្មី។ ករណីស្វែងរកសម្លេងភាគច្រើនដាច់ខាត ប្រសិនបើគណបក្សណាមួយទទួលបាន ៣២៦អសនៈក្នុងចំណោមអសនៈទំាង ៦៥០ ដែលមាននៅក្នុងសភា គណបក្សនោះអាចបង្កើត និងដឹកនំារដ្ឋាភិបាលតែម្នាក់ឯងដោយមិនត្រូវការសហការណ៍ជាមួយគណបក្សផ្សេងទេ។
ផ្ទុយទៅវិញ នឹងអាចមានសេណារីយ៉ូចំនួនពីរ ទី១ គណបក្សដែលទទួលបានសម្លេងច្រើនត្រូវរួមសហការណ៍ជាមួយគណបក្សមួយទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ លោកដេវីដ កាមេរោនធ្លាប់បានបានអនុវត្តន៍ករណីនេះក្នុងអាណត្តិទី១ ចំនួន ៥ឆ្នំាកន្លងទៅជាមួយនឹងគណបក្សសេរី ប្រជាធិបតេយ្យរបស់លោកនីក ក្លេក (Nick Clegg) ដោយលោកក្លេកមានតួនាទីជាឧបនាយករដ្ឋមន្រ្តី។
ចំណែកសេណារីយ៉ូទី២ គណបក្សដែលទទួលបានសម្លេងច្រើនអាចព្យាយាមបង្កើតរដ្ឋាភិបាលម្នាក់ឯង តែចំាបាច់ត្រូវមានការគំាទ្រពីគណបក្សតូចតាចមួយ ឬច្រើននៅពេលមានការអនុម័តលើគម្រោងច្បាប់ផ្សេងៗនៅក្នុងសភា មានន័យថា គណបក្សតូចតាចទំាងនោះបន្តស្ថិតជាបក្សប្រឆំាង ដោយមិនស្ថិតក្នុងរដ្ឋាភិបាលទេ តែអាចផ្តល់សម្លេងគំាទ្ររបស់ខ្លួន។ ប្រទេសអង់គ្លេសធ្លាប់បានជួបករណីនេះរយៈពេលប៉ុន្មានខែក្នុងឆ្នំា ១៩៧៤ និង ១៩៩៧។ នៅក្នុងសេណារីយ៉ូទី២ នេះ គណបក្សអភិរក្សនិយម និងគណបក្សពលករអាចធ្វើបានដូចគ្នា តែវាជាសេណារីយ៉ូដ៏គ្រោះថ្នាក់ និងផុយស្រួយ។
យ៉ាងណាក៏ដោយនាពេលនេះ គណបក្សនីមួយៗ ពិសេសគណបក្សកំពុងនំាមុខទំាងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចា ចែចូវស្វែងរកសម្ព័ន្ធភាព ឬអ្នកគំាទ្រចំពោះខ្លួន។ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លំាងនៅក្នុងការបោះឆ្នោតជាតិអង់គ្លេសពេលនេះ គឺជុំវិញលទ្ធផលដ៏ប្រកៀកគ្នារវាងគណបក្សអភិរក្សនិយម និងគណបក្សពលករ ពិសេសគឺអនាគតរដ្ឋាភិបាលថ្មីដែលគេនៅមិនដឹងថា អាចនឹងចេញតាមច្រកណា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ