អាល្លឺម៉ង់

អាល្លឺម៉ង់៖​ការ​បោះឆ្នោតតំបន់​ដែល​ជា​តេស្ត​សម្រាប់​លោកស្រី​អង់ហ្កឺឡា មែរកិល

​លោកស្រី​អង់ហ្កឺឡា មែរកិល នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់
​លោកស្រី​អង់ហ្កឺឡា មែរកិល នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ REUTERS/Fabrizio Bensch

នៅ​ថ្ងៃ​អាទិត្យ ទី១៣ មីនា​នេះ មាន​ប្រជាជន​អាល្លឺម៉ង់​ប្រមាណ​ជា ១៣លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្មី​នៅ​ក្នុង​តំបន់​ចំនួន ៣ ក្នុង​ចំណោម​តំបន់​ទាំង ១៦ ដែល​មាន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ការ​រៀបចំ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ចំនួន ៣ របស់​អាល្លឺម៉ង់​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​ស្ថាបនិក​អឺរ៉ុប​មួយ​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ជនអន្តោប្រវេសន៍​ធ្ងន់ធ្ងរ ពិសេស​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ស៊ីរី។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​នឹង​ការ​បោះឆ្នោត​នៅ ៣តំបន់​អាល្លឺម៉ង់​ថ្ងៃ​នេះ គឺ​ការ​ឡើង​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល និង​ការ​ធ្លាក់​សម្លេង​របស់​គណបក្ស​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល។

ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​តំបន់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ គឺ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​តំបន់។ តែ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​តំបន់​ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​តំបន់​ចំនួន ៣ប៉ុណ្ណោះ​ក្នុង​ចំណោម​តំបន់​ទាំង ១៦ ដែល​មាន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ការ​បោះឆ្នោត​តំបន់​ថ្ងៃ​នេះ ទី១ ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង ១ឆ្នាំ​កន្លះ​មុន​ការ​បោះឆ្នោត​ជាតិ និង​ទី២ ការ​បោះឆ្នោត​នេះ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​អាល្លឺម៉ង់​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​បាន​បើក​ទ្វារ​ទទួល​យក​ជនអន្តោប្រវេសន៍​ជាង ១លាននាក់​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ ពិសេស​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​ស៊ីរី​ដែល​ភៀសខ្លួន​រត់​គេច​ពី​សង្រ្គាមស៊ីវិល។

គឺ​នយោបាយ​ទទួល​ជនអន្តោប្រវេសន៍​ដោយ​ដៃ​ទាំង​ពីរ​របស់​លោកស្រី​មែរកិល​នេះ​ឯង​ដែល​បាន​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស និង​ប្រទាញប្រទង់​នៅ​ក្នុង​មជ្ឈដ្ឋាន​មហាជន​អាល្លឺម៉ង់ រហូត​ដល់​ក្លាយ​ជា​ប្រធានបទ​អាទិភាព​របស់​គ្រប់​គណបក្សនយោបាយ​នា​ឱកាស​យុទ្ធនាការឃោសនា​បោះឆ្នោត​តំបន់​នា​ពេល​កន្លង​មក។ ពី​ដំបូង​ឡើយ នយោបាយ​បើក​ទ្វារ​ទទួល​ជនអន្តោប្រវេសន៍​របស់​លោកស្រី​មែរកិល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​អាល្លឺម៉ង់​ភាគ​ច្រើន។ តែ​បន្តិច​ម្តងៗ ចំនួន​អ្នកប្រឆាំង​ហាក់​ដូច​ជា​មាន​កាន់​តែ​ច្រើន​ជាង​ទៅ​វិញ នេះ​ក៏​ដោយសារ​តែ​មាន​ជនអន្តោប្រវេសន៍​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ជា​ច្រើន។ ជាក់ស្តែង​ថ្មីៗ​នេះ គឺ​រឿង​អាស្រូវ​ចាប់រំលោភ​នៅ​ក្នុង​ស្រុក​កូឡូញ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រជាជន​អាល្លឺម៉ង់​ភាគច្រើន​បាន​សម្តែង​ភាព​មិន​សប្បាយ​ចិត្ត ហាក់​ដូច​ជា​ធុញទ្រាន់ ឆ្អែតឆ្អន់​នឹង​អាកប្បកិរិយា ព្រម​ទង្វើ​របស់​ជនអន្តោប្រវេសន៍។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ការ​បោះឆ្នោត​ក្នុង​តំបន់​ខ្លះ​នៅ​អាល្លឺម៉ង់​ថ្ងៃ​នេះ​មិន​ត្រឹម​តែ​ជា​តេស្ត​សម្រាប់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​ប៉ុណ្ណោះ​ទេ តែ​អាច​ថា​ជា​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​នយោបាយ​ជនអន្តោប្រវេសន៍​ទៀត​ផង។ ចូរ​កុំ​ភ្លេច​ថា​នៅ​អាល្លឺម៉ង់ ប្រជាជន​តែងតែ​ប្រើ​សន្លឹកឆ្នោត​នា​ការ​បោះឆ្នោត​តំបន់​ដើម្បី​ដាក់​ទ័ណ្ឌកម្ម​រដ្ឋាភិបាល​សហព័ន្ធ។

គណបក្ស​ស្តាំនិយម​ជា​អ្នក​ទទួល​បាន​ផលចំណេញ​ច្រើន​ជាង​គេ

គណបក្ស​ណា​ដែល​អាច​នឹង​ទទួល​បាន​ផលចំណេញ​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាជន​នឹង​នយោបាយ​ជនអន្តោប្រវេសន៍​របស់​លោកស្រី​មែរកិល​នា​ការ​បោះឆ្នោត​តំបន់​ពេល​នេះ គឺ​ក្រុម​គណបក្ស​ប្រឆាំង​ធំ និង​តូច។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ឡើង​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល​ហៅកាត់​ថា AFD ដែល​ទើប​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ កន្លង​ទៅ។ គណបក្ស AFD មាន​វ័យ​ក្មេង តែ​ល្បី​ខាង​ប្រឆាំង​នឹង​ប្រាក់​អឺរ៉ូ និង​ជន​អន្តោប្រវេសន៍។

រហូត​មក​ដល់​ថ្ងៃ​នេះ គណបក្ស​ស្តាំនិយមជ្រុល​មួយ​នេះ​នៅ​មិន​ទាន់​អាច​ទទួល​បាន​អសនៈ​នៅ​ក្នុង​សភាជាតិ​ទេ តែ​ទទួល​បាន​អសនៈ​នៅ​ក្នុង​សភាតំបន់​ទាំង ១៦ ដែល AFD បាន​បញ្ជូន​បេក្ខជន​របស់​ខ្លួន។ កាល​ពី​ឆ្នាំ ២០១៤ ពោល​បន្ទាប់​ពី​បង្កើត​បាន ១ឆ្នាំ គណបក្ស AFD ទទួល​បាន​ដល់​ទៅ ៧អសនៈ​នៅ​ក្នុង​សភាអឺរ៉ុប។

គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​គណបក្ស​ប្រពៃណី​តែ​ពីរ​គត់​ដែល​បាន​ដឹកនាំ​ឆាក​នយោបាយ​តាំង​ពី ៧០ឆ្នាំ​កន្លង​មក គឺ​គណបក្ស​អភិរក្សនិយម​ហៅកាត់​ថា CDU របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល និង​គណបក្ស​សង្គមប្រជាធិបតេយ្យ​ហៅកាត់​ថា SPD។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គណបក្ស​ស្តាំនិយមជ្រុល​នឹង​ទទួល​បាន​សម្លេង​គាំទ្រ​កម្រិត​ណា និង​អសនៈ​ចំនួន​ប៉ុន្មាន​ទេ​នា​ការ​បោះឆ្នោត​នៅ​ក្នុង ៣តំបន់​ថ្ងៃ​នេះ។ អ្វី​ដែល​គេ​ដឹង គណបក្ស​មួយ​នេះ​ពិត​ជា​ទទួល​បាន​ផល​ចំណេញ​ច្រើន ព្រោះ​គេ​បាន​យក​ប្រធានបទ​ជនអន្តោប្រវេសន៍​ដែល​ជា​ប្រធានបទ​ក្តៅក្រហាយ​របស់​ប្រជាជន​សម្រាប់​យុទ្ធនាការ​ឃោសនា។

ចំណែក​គណបក្ស​ប្រពៃណី​ទាំង​ពីរ គឺ​គណបក្ស CDU និង​គណបក្ស SPD បាន​ព្យាយាម​ឃោសនា​និយាយ​ប្រាប់​អ្នកបោះឆ្នោត​ពី​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ ប្រសិន​បើ​គណបក្ស AFD ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ណា​មួយ។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​គណបក្ស​ស្តាំនិយមជ្រុល​មួយ​នេះ​នឹង​បន្ត​ឆក់​យក​ឱកាស​វិបត្តិ​ជនអន្តោប្រវេសន៍​ដើម្បី​ទទួល​បាន​អសនៈ​នៅ​ក្នុង​សភាជាតិ​នា​ការ​បោះឆ្នោត​នៅ ១ឆ្នាំ​កន្លះ​ទៀត​ដែល​ឬ​ទេ?។ វា​ហាក់​ដូច​ជា​រហ័ស​ពេល​ដែល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នេះ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា គណបក្ស AFD បាន​ក្លាយ​ជា​កម្លាំង​នយោបាយ​ថ្មី​មួយ​ដែល​មិន​អាច​មើល​រំលង និង​មើល​ស្រាល​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI