អានតួអត្ថបទ
សហភាពអឺរ៉ុប-អន្តោប្រវេសន៍

វិបត្តិ​ជនអន្តោប្រវេសន៍​អឺរ៉ុប៖អូទ្រីស និង​អាល្លឺម៉ង់​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា

វិបត្តិ​ជនអន្តោប្រវេសន៍​អឺរ៉ុប៖អូទ្រីស និង​អាល្លឺម៉ង់​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា
វិបត្តិ​ជនអន្តោប្រវេសន៍​អឺរ៉ុប៖អូទ្រីស និង​អាល្លឺម៉ង់​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា REUTERS/Srdjan Zivulovic
៣១ នាទី

សហភាពអឺរ៉ុប​បាន​និង​កំពុង​បន្ត​គ្របដណ្តប់​ដោយ​វិបត្តិ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍។ គឺ​ជា​វិបត្តិ​មួយ​ដែល​សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​រួម។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​មាន​ប្រទេស​អឺរ៉ុប​ខ្លះ ពិសេស​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ​ខ្លំាង​ជាង​គេ​ផ្តើម​ចាត់​វិធានការ​ទប់ស្កាត់​ដាច់​ដោយ​ឡែក​របស់​ខ្លួន។ ជា​ទូទៅ វិធានការ​ផ្ទាល់​ខ្លួន​ដែល​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ធ្វើ និង​គ្រោង​នឹង​ធ្វើ​នោះ គឺ​ការ​បិទ​ព្រំដែន​តាម​រយៈ​ការ​សង់​របង ឬ​ជញ្ជំាង។ ជាក់ស្តែង​ប្រទេស​អូទ្រីស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៨ តុលា​ពី​គម្រោង​សង់​របង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ស្លូវេនី។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​របស់​ប្រទេស​អូទ្រីស គឺ​ដើម្បី​ទប់​ស្កាត់​លំហូរ​ជនភៀសខ្លួន និង​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន។ ជា​រៀងរាល់​ថ្ងៃ មាន​ជនអន្តោប្រវេសន៍​ជា​ច្រើន​ពាន់នាក់​បាន​រង់ចំា​ឆ្លង​ដែន​ពី​ប្រទេស​ស្លូវេនី​ចូល​ទៅ​ក្នុង​ប្រទេស​អូទ្រីស។ ជា​រៀងរាល់​ថ្ងៃ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ជនអន្តោប្រវេសន៍​ថ្មី​ដឹក​តាម​រថភ្លើង និង​រថយន្ត​ក្រុង​ទៅ​កាន់​ព្រំដែន​រវាង​ប្រទេស​អូទ្រីស និង​ប្រទេស​ស្លូវេនី។ គួរ​ជម្រាប​ជូន​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ សហភាព​អឺរ៉ុប​កំពុង​ក្រពុល​មុខ​ខ្លំាង​នឹង​លំហូរ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ពី​តំបន់​បាល់កង់ ហើយ​ស្លូវេនី​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​បាល់កង់​ដែល​កំពុង​ប្រឈម​មុខ​ខ្លំាង​ជាង​គេ។

ប្រទេស​ចុង​ក្រោយ​ដែល​ក្រុមជន​ភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ចង់​សុំ​សិទ្ធិជ្រកកោណ គឺ​អាល្លឺម៉ង់។ តែ​ដោយ​អាល្លឺម៉ង់​បាន​បិទព្រំដែន​ជាមួយ​អូទ្រីស រដ្ឋាភិបាល​អូទ្រីស​ក៏​បាន​ប្រកាស​ពី​គម្រោង​បិទព្រំដែន​ខ្លួន​ជាមួយ​ប្រទេស​ស្លូវេនី ព្រម​ទំាង​មាន​គម្រោង​សង់​របង ឬ​ជញ្ជាំង​ព្រំដែន។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នា​ថ្ងៃទី២៨ តុលា ថ្នាក់ដឹកនំា​អូទ្រីស​មិន​បាន​ប្រើ​ពាក្យ​ថា បិទព្រំដែន​ទេ និង​ថា គម្រោង​សង់​របង ឬ​ជញ្ជាំង​ព្រំដែន​គឺ​ដើម្បី​សម្រួល​ដល់​ការ​ត្រួតពិនិត្យ​លំហូរ​ជនអន្តោប្រវេសន៍។ តែ​អ្វី​ដែល​រដ្ឋអំណាច​ទីក្រុង​វីយែន​មិន​បាន​លំអិត​នោះ​គឺ​ថា តើ​របង ឬ​ជញ្ជាំង​ព្រំដែន​នឹង​ត្រូវ​សង់​ឡើង​យ៉ាង​ម៉េច និង​មាន​ទ្រង់ទ្រាយ​បែប​ណា។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​អូទ្រីស​ពេល​នេះ​បាន​ផ្ទុយ​នឹង​រូបភាព​ដែល​អូទ្រីស​បាន​បង្ហាញ​ពិភពលោក​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ កាលណោះ ប្រជាជន​អូទ្រីស​បាន​ទទួល​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​យ៉ាង​រ៉ាក់ទាក់​ជាមួយ​សម្លេង​ទះដៃ និង​បដា​ដែល​សរសេរ​ថា សូម​ស្វាគមន៍​ជនភៀខ្លួន។

អាល្លឺម៉ង់ និង​អូទ្រីស​បាន​ដំឡើង​សរសៃ ក ដាក់​គ្នា

ការ​ប្រកាស​របស់​អូទ្រីស​ពី​គម្រោង​សង់​របង​ព្រំដែន​បាន​បំផុស​ឲ្យ​មាន​ភាព​តានតឹង​នៅ​ផ្ទៃក្នុង​អឺរ៉ុប។ អ្នក​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆំាង​នឹង​អូទ្រីស​មុន​គេ គឺ​អាល្លឺម៉ង់។ អ្នកនំាពាក្យ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ថ្លែង​ថា វិបត្តិ​ជនភៀសខ្លួន​ដែល​អឺរ៉ុប​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​នឹង​មិន​អាច​ដោះស្រាយ​តាម​រយៈ​ការ​សង់​របង ឬ​ជញ្ជាំង​នៅ​តាម​ព្រំដែន​បាន​ទេ។ ថ្មីៗ​នេះ ទីក្រុង​ប៊ែរឡាំង​ក៏​ធ្លាប់​បាន​រិះគន់​ប្រទេស​ហុងគ្រី​ដែល​បាន​សម្រេច​បិទ​ព្រំដែន​ខ្លួន​ជាមួយ​ប្រទេស​ស៊ែរប៊ី។ ដោយឡែក និង​ក្រៅ​ពី​បញ្ចេញ​ប្រតិកម្ម​ប្រឆំាង​នឹង​អូទ្រីស អាល្លឺម៉ង់​ក៏​បាន​ធ្វើ​ការ​រិះគន់ ទិតៀន​​អូទ្រីស​ចាស់ដៃ​ពី​ការ​ដែល​រដ្ឋអំណាច​អូទ្រីស​បាន​​ចាប់​បញ្ជូន​បន្ត​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​ទៅ​កាន់​ដែនដី​អាល្លឺម៉ង់។

ទីក្រុង​ប៊ែរឡាំង​បាន​ស្តីបន្ទោស​ទីក្រុង​វីយែន​ដែល​បាន​លួច​បញ្ជូន​ជនអន្តោប្រវេសន៍​ពី​ទឹកដី​ខ្លួន​ទៅ​កាន់​ព្រំដែន​អាល្លឺម៉ង់​នៅ​ពេល​យប់ ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន និង​មិន​បាន​រៀបចំ​អ្វី​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​ពី​លក្ខខណ្ឌ ព្រម​ទំាង​វិធានការ​បង្ការ​ចំពោះ​ជនអន្តោប្រវេសន៍។ ការ​ដំឡើង​សរសៃ ក ដាក់​គ្នា​រវាង​អាល្លឺម៉ង់ និង​អូទ្រីស​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ទីក្រុង​ប៊ែរឡាំង និង​ទីក្រុង​វីយែន​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ក្នុង​ការ​បើក​ព្រំដែន​ទទួល​យក​អ្នក​សុំសិទ្ធិ​ជ្រកកោណ។ តែ​បញ្ហា​នៅ​ត្រង់​ថា​សព្វថ្ងៃ ចំនួន​អ្នកសុំសិទ្ធិជ្រកកោណ​បាន​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក និង​ដែល​អាល្លឺម៉ង់ ព្រម​អូទ្រីស​គ្មាន​សមត្ថភាព​ក្នុង​ការ​ទទួល​យក។

កិច្ចព្រមព្រៀង Schengen កំពុង​ទទួល​ការ​គំរាមកំហែង!

អ្វី​ដែល​សហភាព​អឺរ៉ុប​កំពុង​បារម្ភ​ខ្លំាង គឺ​រលាយ​កិច្ចព្រមព្រៀង Schengen។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា Espace Schengen ឬ​ហៅ​ថា លំហរ Schengen គឺ​ជា​កិច្ចព្រមព្រៀង​មួយ​របស់​អឺរ៉ុប​ដែល​សម្រួល​ចរាចរណ៍​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​នៅ​តាមព្រំដែន​រវាង ២៦ប្រទេស​អឺរ៉ុប​ហត្ថលេខី Schengen ក្នុង​នោះ​មាន ២២ប្រទេស​ជា​សមាជិក​អឺរ៉ុប និង​ ៤ប្រទេស​មិនមែន​ជា​សមាជិក​អឺរ៉ុប គឺ​អ៊ីស្លង់ ន័រវែស ស្វីស និង​ប្រទេស​លិចតិនស្តាញ។ កិច្ចព្រមព្រៀង​ Schengen បាន​ចូល​ធរមាន​ជា​ផ្លូវការ​កាល​ពី​ឆ្នំា ១៩៩៥។ តាម​កិច្ចព្រមព្រៀង Schengen អ្នកដំណើរ​ណា​ម្នាក់​ដែល​បាន​ទទួល​ទិដ្ឋាការ​ឲ្យ​ចូល​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​លំហរ Schengen អាច​នឹង​ធ្វើ​ដំណើរ​ដោយ​សេរី ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ផ្សេង​ក្នុង​លំហរ Schengen។

ឃើញ​ថា កិច្ចព្រមព្រៀង Schengen គឺ​ជា​ជន្ទល់​ដ៏​រឹងមាំ និង​ជា​មោទនភាព​បំផុត​របស់​អឺរ៉ុប។ កិច្ចព្រមព្រៀង Schengen បាន​និង​កំពុង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​សមាជិក​ទំាង​អស់ ពិសេស​គឺ​ប្រយោជន៍​សេដ្ឋកិច្ច។ កិច្ចព្រមព្រៀង Schengen ហាក់​ដូច​ជា​កំពុង​ទទួល​ការ​គំរាមកំហែង​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​អឺរ៉ុប​ត្រូវ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​រួម​ដើម្បី​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​កិច្ចព្រមព្រៀង Schengen ត្រូវ​ដាក់​ជំនួស​ដោយ​របង ឬ​ជញ្ជាំង​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ