អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​ជំរុញ​ប៉ូឡូញ​បោះឆ្នោត​ជ្រើសរើស​គណបក្សអភិរក្ស​និយម

សំឡេង ០៤:២៧
ប្រធាន​គណបក្ស​សិទ្ធិ​និង​យុត្តិធម៌ Jaroslaw Kaczynski (ឆ្វេង) និង​លោកស្រី​Beata Szydlo ដែល​លោក​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​ថ្មី (ស្តាំ)re 2015 à Varsovie.
ប្រធាន​គណបក្ស​សិទ្ធិ​និង​យុត្តិធម៌ Jaroslaw Kaczynski (ឆ្វេង) និង​លោកស្រី​Beata Szydlo ដែល​លោក​តែងតាំង​ជា​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​ថ្មី (ស្តាំ)re 2015 à Varsovie. REUTERS/Pawel Kopczynski
ដោយ៖ ឈាង បុប្ផា
២៨ នាទី

កាលពី​ថ្ងៃ​អាទិត្យ ប្រជាជន​ប៉ូឡូញ​បាន​បោះឆ្នោត ជ្រើសរើស​គណបក្ស​សិទ្ធិ និង​យុត្តិធម៌ ឲ្យ​ចូល​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​ថ្មី។ ជ័យជំនះ​របស់​គណបក្ស​សិទ្ធិ និង​យុត្តិធម៌​ប៉ូឡូញ​កំពុង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ ព្រោះថា ការប្តូរ​គណបក្ស​ដឹកនាំ​ប៉ូឡូញ មាន​ន័យ​ស្មើ​នឹង​ការប្រែប្រួល​ទេសភាព​នយោបាយ​របស់​សហភាព​អឺរ៉ុប​យ៉ាង​ដូច្នេះ​ដែរ។ គឺ​គណបក្ស​សិទ្ធិ និង​យុត្តិធម៌​ប៉ូឡូញ ដែល​សង្ស័យ​ប្រសិទ្ធិភាព​នយោបាយ​សហភាព​អឺរ៉ុប និង​ប្រឆាំង​ មិន​ចង់​ទទួល​ជនភៀសខ្លួន ក្នុង​ទឹកដី​ប៉ូឡូញ។ 

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ឆ្នោត ចេញ​ជា​ផ្លូវការ នៅ​ថ្ងៃ​អង្គារ បាន​បង្ហាញថា គណបក្ស​សិទ្ធិ និង​យុត្តិធម៌ ហៅ​កាត់​ថា PiS របស់​លោក​Jaroslaw Kaczynski ឈ្នះឆ្នោត គ្រប់គ្រង​សំឡេង​ភាគច្រើន ៣៧,៥៨​នៅ​សភា​ប៉ូឡូញ។ ជាមួយ​នឹង​សំឡេង​ភាគច្រើន​នៅ​សភា គណបក្ស​កាន់អំណាច​ប៉ូឡូញ ចង់​ការពារ​ផល​ប្រយោជន៍​ជាតិ និង​កម្រិត​ព្រំដែន​អំណាច​របស់​សហភាព​អឺរ៉ុប​ក្នុង​នយោបាយ​ផ្ទៃក្នុង​ប៉ូឡូញ។

 
ជ័យជំនះ​របស់​គណបក្ស​អភិរក្ស​និយម នៅក្នុង​ការបោះឆ្នោត​ជាតិ លើក​នេះ បាន​រុញច្រាន​ប៉ូឡូញ​ឲ្យ​ចូល​ទៅក្នុង​ក្រុម​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​មិនសូវ​ជឿជាក់​លើ​នយោបាយ​របស់​ទីក្រុង​ព្រុចស៊ែល ឬ​សហភាព​អឺរ៉ុប។ ជារួម គេ​ជឿថា រដ្ឋាភិបាល​ថ្មី​របស់​ប៉ូឡូញ​ដឹកនាំ​ដោយ​គណបក្ស​សិទ្ធិ និង​យុត្តិធម៌ នឹង​ប្រកាន់​នយោបាយ​ដូច រដ្ឋាភិបាល ហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋ​ឆែក ដែល​ជា​ក្រុម​ប្រទេស សង្ស័យ លែង​ជឿទុកចិត្ត​នយោបាយ​សហភាព​អឺរ៉ុប និងដែល​ប្រឆាំង មិន​ចង់​ទទួល​យក​ជនអន្តោប្រវេសន៍។

នៅក្នុង​អាណត្តិ​មុន រដ្ឋាភិបាល​ប៉ូឡូញ ក្រោម​សំពាធ​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ដែល​ធ្លាប់​មាន​នាទី​ជា​នាយករដ្ឋមន្រ្តី​ប៉ូឡូញ បាន​សុខចិត្ត​ទទួល​យក​ជនភៀសខ្លួន ដែល​គណៈកម្មការ​អឺរ៉ុប​បាន​តម្រូវ ឲ្យ​គ្រប់​ប្រទេស​សមាជិក​អឺរ៉ុប​ត្រូវ​ទទួល​យក​ទៅ​រស់នៅ​ក្នុង​ទឹកដី​ខ្លួន ដើម្បី​សម្រាល​បន្ទុក​ក្រិក និង​អ៊ីតាលី។ ប៉ុន្តែ រដ្ឋាភិបាល​ថ្មី របស់​ លោក​ Jaroslaw Kaczynski នឹង​អាច​សើរើ ដូរចិត្ត លែង​ទទួល​ជនភៀសខ្លួន​វិញ ទៅតាម​ការសន្យា​ដែល​លោក​បាន​ធ្វើទៅកាន់​អ្នកគាំទ្រ នៅក្នុង​អំឡុង​ពេល​បោះឆ្នោត។

Jaroslaw Kaczynski ដែល​ធ្លាប់​កាន់អំណាច​ពីរឆ្នាំ នៅ​ប៉ូឡូញ បានឈ្នះឆ្នោត ​​ត្រលប់​មក​ដឹកនាំ ប៉ូឡូញ សា​ជា​ថ្មី។ គណបក្ស​មិន​ជឿទុកចិត្ត​សហភាព​អឺរ៉ុប,មួយនេះ ឈ្នះឆ្នោត ទទួល​បាន​សំលេង​គាំទ្រ​ពី​ប្រជាជន​ប៉ូឡូញ ក៏ដោយមក​ពី​កត្តា​មួយចំនួន ដូចជា ទីមួយ ប្រជាជន​ប៉ូឡូញ​ជាទូទៅ មិន​បាន​ឃើញ ដោយ​ផ្ទាល់ភ្នែក​ប្រយោជន៍​ដែល​បាន​មកពី​ជំនួយ​របស់​សហភាព​អឺរ៉ុប។ ទីពីរ គណបក្ស​សិទ្ធិ និង​យុត្តិធម៌​ប៉ូឡូញ ដែល​បាន​ឆ្លៀត​ឱកាស​យក​វិបត្តិ​ជនភៀសខ្លួន នៅ​អឺរ៉ុប ទៅ​និយាយ​អូសទាញ​ម្ចាស់ឆ្នោត មិន​ខ្លាច​នឹង​ព្រមានថា ប៉ូឡូញ​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ប្រសិន​បើ​យល់ព្រម​ទទួល​ជនភៀសខ្លួន ទៅតាម​ការកំណត់​របស់​គណៈកម្មការ​អឺរ៉ុប។ គណបក្ស​នេះ​បាន​សន្យាហើយ​ថា ប្រសិន​បើ​ខ្លួន​ជាប់ឆ្នោត នោះ​ប៉ូឡូញ ដែល​សំបូរ​ដោយ​អ្នកកាន់​គ្រិស្តសាសនា​នឹង​​ប្រឆាំង​ដាច់ខាត មិន​ទទួល​ជនភៀសខ្លួន​មក​ពី​ស៊ីរី ឬ​អ៊ីរ៉ាក់​ទៅតាម​ការចាប់ចង​របស់​សហភាព​អឺរ៉ុប។

ជ័យជំនះ​របស់​គណបក្ស​សិទ្ធិ និង​យុត្តិធម៌​នៅ​ប៉ូឡូញ មិនត្រឹម​តែ​ធ្វើ​ឲ្យ​អឺរ៉ុប​បារម្ភ​ពី​ការប្តូរជំហរ ១៨០​ដឺក្រ របស់​ប៉ូឡូញ ក្នុង​រឿង​ទទួល​ជនភៀសខ្លួន​តែប៉ុណ្ណោះទេ ប៉ុន្តែ សហភាព​អឺរ៉ុប​ក៏​បារម្ភ​ខ្លាច​ផងដែរ ពីការប្រមូលផ្តុំ​កម្លាំង​តែមួយ​របស់​ក្រុម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​មិន​គាំទ្រ​នយោបាយ​សហភាពអឺរ៉ុប ដែលមាន​ដូចជា​ហុងគ្រី សាធារណរដ្ឋ​ឆែក ឬស្លូវ៉ាគីជាដើម។ ការបង្កើត​ក្រុម​ប្រឆាំង​អឺរ៉ុប នៅក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប នឹង​អាច​គំរាម​ធ្វើ​សហភាព​អឺរ៉ុប​ចុះខ្សោយ​កម្លាំង។

ជ័យជំនះ​របស់​គណបក្ស​អភិរក្ស​និយម​ប៉ូឡូញ បាន​ពន្លេច​ចេញ​សញ្ញា​មិន​ល្អ​រួចទៅហើយ​សម្រាប់​ទីក្រុង​ព្រុចសែល និង​អាល្លឺម៉ង់។ ជ័យជំនះ​របស់​គណបក្ស​សិទ្ធិ និង​យុត្តិធម៌ ប៉ូឡូញ នឹង​ធ្វើ​អង់គ្លេស ដែល​គំរាម​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប មាន​សម្ព័ន្ធមិត្ត ​មួយទៀត មាន​កម្លាំង មាន​ទឹកមាត់​ប្រៃ ជាងមុន ដើម្បី ទាមទារ ដាក់​សម្ពាធ​ឲ្យ​សហភាព​អឺរ៉ុប​ធ្វើ​កំណែទម្រង់។

ជាថ្នូរ​នឹង​ការផ្តល់​កម្លាំង​គាំទ្រ របស់ខ្លួន រដ្ឋាភិបាល​ថ្មី​របស់​ប៉ូឡូញ​ចង់​បាន​មកវិញដែរ ពី​ក្រុម​គណបក្ស​​អភិរក្ស​និយម​អង់គ្លេស ដើម្បី ជួយ​គាំទ្រ ការពារ​នយោបាយ​ថាមពល​របស់ខ្លួន នៅក្នុង​ការចរចា​ស្តីពី​អាកាសធាតុ។ ប៉ូឡូញ ដែល​ប្រើ​ធ្យូងថ្ម ជា​ប្រភព​​ថាមពល ចំបង​ក្នុង​ស្រុក ចង់​ឲ្យ​អង់គ្លេស ជួយ​និយាយ ការពារ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ូឡូញ​ត្រូវ​បោះបង់​ចោល​ធ្យូងថ្ម ដែល​ជា​ប្រភព​ថាមពល​របស់ខ្លួន ប៉ុន្តែ ដែល​គេ​ចាត់ទុក​ជា​អ្នកបង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​អ្នកទទួល​ខុសត្រូវ ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​នៃផែនដី។

នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត គណបក្ស​របស់​សិទ្ធិ និង​យុត្តិធម៌​បាន​សន្យា​ទៅ​កម្មករ​អណ្តូងរ៉ែ​ថា នឹងការពារ​ប្រយោជន៍​ថាមពល​របស់ប៉ូឡូញ និង​ប្រកាន់ជំហរ​រឹងមាំ ដាក់​អឺរ៉ុប ក្នុង​រឿង​ចរចា​ស្តីពីការប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ អ្នកវិភាគ​ជាច្រើន​គិតថា រដ្ឋាភិបាល​ថ្មី​របស់ប៉ូឡូញ នឹង​មិនអាច​ដាក់​លក្ខខ័ណ្ឌ ឬ​ចេះ​តែ​ចចេស​រឹងរូស​ដាក់​សហភាព​អឺរ៉ុប​ដូចដែល​ខ្លួន​បាន​សន្យា​នោះទេ ព្រោះថា ចង់​ឬ​មិន​ចង់ ប៉ូឡូញ​នៅតែត្រូវការ​មូលនិធិ​របស់​សហភាព​អឺរ៉ុប​ដើម្បី​យកទៅ​អភិវឌ្ឍ​ប្រទេស ដែល​ខ្លួន​បាន​សន្យា​ផងដែរ ទៅ​ម្ចាស់ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ