កីឡាបាល់ទាត់

បែក​ធ្លាយ​រឿង​អាស្រូវ ​យក​លុយ​ទៅ​លាក់​ដើម្បី​គេចពន្ធ របស់​តារា​បាល់ទាត់​ពិភពលោក

Cristiano Ronaldo ខ្សែប្រយុទ្ធនៅ Real Madrid ធ្លាយ​រឿង​អាស្រូវ​​​យក​លុយ​​លាក់​​១៥០​លាន​​ដុល្លារ ដើម្បី​គេចមិន​បង់​ពន្ធ
Cristiano Ronaldo ខ្សែប្រយុទ្ធនៅ Real Madrid ធ្លាយ​រឿង​អាស្រូវ​​​យក​លុយ​​លាក់​​១៥០​លាន​​ដុល្លារ ដើម្បី​គេចមិន​បង់​ពន្ធ DR

ក្រុមភ្នាក់ងារ​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ​ ទើប​បាន​ទំលាយ​ឯកសារ​ជាច្រើន ​ដែល​បង្ហាញ​ថា​តារា​បាល់ទាត់​ល្បីៗ ​ដែល​រក​ចំណូល​បាន​រាប់រយ​លាន​ដុល្លារ ​បាន​យក​ប្រាក់​របស់​ខ្លួន​ទៅលាក់ ​នៅ​តាម​ក្រុមហ៊ុន​ខ្មោច​ជាច្រើន ​ ដើម្បី​គេច​ចេញ​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ។ តារា​បាល់ទាត់​ដែល​ជាប់​ឈ្មោះ​មុន​គេ ​គឺ​ កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ Real Madrid ​គឺ​កីឡាករ​ Cristiano Ronaldo ​ដែល​បាន​បន្លំ​លាក់​លុយ​ដល់​ទៅ​១៥០​លាន​ដុល្លារ។ 

ផ្សាយពាណិជ្ជកម្ម

កាសែត ​Der Spiegel ​របស់​អាល្លឺម៉ង់ ​ដែល​ជា​សមាជិក​នៃ​បណ្តាញ​សារព័ត៌មាន​ស៊ើបអ​ង្កេត​អន្តរជាតិ​ហៅកាត់​ថា ​EIC ​បាន​ប្រមូល​បាន​នូវ​ទិន្នន័យ​ព័ត៌មាន​វិទ្យាជា​ច្រើន ​ស្តីពី​ការ​រៀបចំ​បន្លំ​គណនី ​ដើម្បី​គេច​ចេញ​ពីការ​បង់​ពន្ធ​អាករ​ របស់​កីឡាករ​បាល់ទាត់។ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិនិត្យ​វិភាគ ​អស់​រយៈពេល​៣​សប្តាហ៍ ​ក្រុម​ការងារ​ស៊ើបអង្កេត ​បាន​សម្រេច​ចុះផ្សាយ ​ពី​រឿង​អាស្រូវ​នេះ ​នៅ​តាម​សារព័ត៌​មាន​ធំៗ ​ចំនួន​១២ ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ​ទី​២ ​ធ្នូ។

អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​នេះ​ធ្ងន់​ជាង​គេ ​ ​គឺ​ក្រុមហ៊ុន​ Gestifute ​របស់​មនុស្ស​ម្នាក់​ឈ្មោះ ​Jorges Mendes ​ដែល​ជា​ភ្នាក់ងារ​ចាត់ចែង​ផល​ប្រយោជន៍​របស់​កំពូល​កីឡាករ​ Cristiano Ronaldo។ តាម​ការ​វិភាគ​លើ​ឯកសារ​ដែល​ប្រមូល​បាន ​ ក្រុមហ៊ុន​នេះ ​បាន​ជួយ​រៀបចំ​តំឡើង ​និង​បន្លំ​បង្វិល​សាច់ប្រាក់​សរុប​ប្រមាណ​ជា​១៥០​លាន​ដុល្លារ ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។ ប្រាក់​ទាំង​នោះ ​គឺ​បាន​មក​មួយ​ភាគ​ធំ​ ​ពីសិទ្ធិ​ផ្តាច់មុខ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ សាច់ប្រាក់​ទាំងនេះ ​ត្រូវ​បង្វិល​ទៅ​កាន់​ក្រុមហ៊ុន​ខ្មោច​មួយ​ចំនួន​ ដែល​ចុះ​បញ្ជី​មាន​តែ​ឈ្មោះ ​នៅ​ស្វីស ​នៅ​កោះ​មួយចំនួន​របស់​អង់គ្លេស ​និង​នៅ​ប៉ាណាម៉ា ​ជាដើម។

ក្រៅ​ពី​កីឡាករ​ Cristiano Ronaldo ​នៅមាន​កីឡាករ​និង​គ្រូ​បង្វឹក​ល្បីៗ​ជា​ច្រើន​នាក់​ទៀត ​ ដែល​ទៅ​រក​​សេវា​ប្រភេទ​នេះ ​ពី​ក្រុមហ៊ុន​របស់​ Jorge Mandes​ នេះ។ ជាក់ស្តែង ​គឺមាន​ដូចជា ​គ្រូ​បង្វឹក​របស់​ Manchester ​United​ ឈ្មោះ ​José Mourinho​ កីឡាករ​នៅ​ក្លឹប​Real Madrid ​ឈ្មោះ ​James Rodriguez ​ កីឡាករ​ Radamel Falcao​ នៅក្លឹប ​AS​ Monaco​ និង​កីឡាករ​ព័រទុយហ្កាល់ ​មួយ​ចំនួន​ទៀត។

ក្រុមហ៊ុន​របស់ ​Jorge Mandes ​បាន​ចេញ​មុខ​មក​បក​ស្រាយថា​ កីឡាករ​ Cristiano Ronaldo ​និង ​José ​Mourinho ​តែងតែ​គោរព​ច្បាប់ ​និង​បង់ពន្ធ​ជូន​រដ្ឋ​អេស្ប៉ាញ ​យ៉ាង​ខ្ជាប់ខ្ជួន។ អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះបន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​ទាំងពីរ ​មិន​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​បញ្ហា​នេះ​ទេ។

ជាការពិត​ តុលាការ​មិន​ទាន់​បាន​ចោទ​ប្រកាន់​មែន ​តែ​មិន​ប្រាកដ​ថា ​ថ្ងៃ​មុខ​តុលាការ​អេស្ប៉ាញ ​នឹង​បន្ត​នៅ​ស្ងៀម​បាន​ទេ ​ក្រោយ​ពេល​បាន​ទទួល​ភស្តុតាង​ដែល​ផ្សាយ​ចេញ​នា​ពេល​នេះ។​ យ៉ាងណាមិញ ​តុលាការ​អេស្ប៉ាញ ​បាន​ចេញ​កាត​ក្រហម​ ពិន័យ​កីឡាករ​ Lionel Messi ​រួចហើយ ​កាល​ពី​ខែ​កក្កដា ​ដោយ​តម្រូវ​ឲ្យ​កីឡាករ​នេះ​ សងប្រាក់​ពន្ធ​ចំនួន​ជាង​៤លាន​អឺរ៉ូប។ ក្រៅពី​កី​ឡាករ​ Messi ​ កីឡាករ​ Neymar ​ក៏​កំពុង​ជាប់​ក្នុង​សំណាញ់​ច្បាប់​ដែរ​ ទាំង​នៅ​អេស្ប៉ាញ ​ទាំង​នៅ​ប្រេស៊ីល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI