អានតួអត្ថបទ
ភេរវកម្ម

បារាំង​ចាប់បាន​ភេរវជន​ម្នាក់​ទៀត ​ដែល​មាន​គម្រោង​ធ្វើ​ភេរវកម្ម​ថ្មី

នគរបាលបារាំង យាម​នៅជុំវិញ​អាគារ​លាក់ខ្លួន​ របស់​ជន Reda Kriket នៅសង្កាត់​Argenteuil ថ្ងៃទី​២៤ មីនា ២០១៦
នគរបាលបារាំង យាម​នៅជុំវិញ​អាគារ​លាក់ខ្លួន​ របស់​ជន Reda Kriket នៅសង្កាត់​Argenteuil ថ្ងៃទី​២៤ មីនា ២០១៦ AFP/GEOFFROY VAN DER HASSELT
ដោយ៖ ម៉ម ពិសី
៤៣ នាទី

កាលពី​យប់ថ្ងៃ​ទី​ ២៤​ មីនា​ នៅ​ជាយ​ក្រុង​ប៉ារីស ​ភាគ​ខាង​ជើង​ នគរបាល​ប្រឆាំង​ភេរវកម្ម​បារាំង ​បាន​ចុះឃាត់ខ្លួន​មនុស្ស​ម្នាក់ ​ដែល​គេ​សង្ស័យ​ថា​ជា​មេក្លោង​ម្នាក់​ដ៏​សំខាន់ ​ក្នុង​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។ តាមការ​ផ្តល់​ព័តមាន​បឋម​នេះ ​ជន​នេះ​មាន​ចំណែក​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើ​ភេរវកម្ម​នៅ​ប៉ារីស​ កាលពី​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ ២០១៥។ បន្ទាប់​ពី​បាន​រឹបអូស​យក​វត្ថុតាង ​មាន​អាវុធ​និង​គ្រាប់​រំសេវ​មួយ​ចំនួន​ធំ ​ក្នុង​ពេល​ចាប់​ខ្លួន ​ នគរបាល​បារាំង​បាន​សន្និដ្ឋាន​ថា ​ជននេះ​កំពុង​តែ​រៀប​គម្រោង​ធ្វើ​ភេរវកម្ម​ថ្មី​មួយ​ទៀត ​ នៅ​ក្រុងប៉ារីស។

ផ្សាយពាណិជ្ជកម្ម

កាល​ពីយប់​ថ្ងៃ​ទី២៤​ មីនា ​នគរបាល​ប្រឆាំង​ភេរវកម្ម​បារាំង​ បាន​ចុះចាប់​មនុស្ស​ម្នាក់ ​នៅ​សង្កាត់​ Argenteuil ​ភាគខាង​ជើង​ក្រុង​ប៉ារីស។ នេះ​ជា​ប្រតិបត្តិការ​ដោយ​ស្ងាត់ៗ​បំផុត ​ទាល់តែ​រួចរាល់​អស់​ហើយ​ ​ទើប​បាន​ខាង​ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ដឹង។

 
Reda Kriket​ មេក្លោង​ភេរវកម្ម ​ធ្លាប់ត្រូវ​កាត់ទោស​កំបាំងមុខ​នៅ​បែលហ្ស៊ិក៖
ជន​ដែល​គេ​ចាប់​បាន​នោះ ​គឺ​មាន​ឈ្មោះ ​Reda Kriket​ អាយុ​៣៤​ឆ្នាំ ​ជនជាតិ​បារាំង។ តាម​ការ​រាយការណ៍​ជា​បឋម ​ គឺ​ជន​នេះ​ជា​មេក្លោង​ម្នាក់​ដ៏​សំខាន់ ​នៅក្នុង​ក្រុម​ភេរវកម្ម​ដែល​បាន​ធ្វើ​សកម្មភាព​ដ៏​សាហាវ​ នៅ​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ នៅ​ក្រុង​ប៉ារីស។ នគរបាល​ទើប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​ជន​ឈ្មោះ ​Reda Kriket​ នេះ​ត្រូវ​បាន​តុលាការ​បែលហ្ស៊ិក ​ធ្លាប់​កាត់​ទោស​ដោយ​កំបាំងមុខ ​ជាមួយ​នឹង​ជន​ឈ្មោះ ​Abdelhamid Abaaoud ​ដែល​ជា​មេ​រៀបចំ​ភេរវកម្ម​ថ្ងៃ​ទី​១៣​ វិច្ឆិកា ​ហើយ​ដែល​ត្រូវ​នគរបាល​បារាំង​បាញ់​សម្លាប់​៥ថ្ងៃ​ក្រោយ​មក។ កាលនោះ​តុលាការ​បែលហ្ស៊ិក​បាន​កាត់ទោស​មនុស្ស​២៨​នាក់ ​ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​បញ្ជូន​មនុស្ស ​ឲ្យទៅ​បំរើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។

យោងតាម​ការ​ស៊ើបអង្កេត​កន្លង​មក​ របស់​អាជ្ញាធរ​បែលហ្ស៊ិក​និង​បារាំង ​ គឺ​ជន​ឈ្មោះ ​Reda Kriket​ នេះ​មាន​តួនាទី​ជា​អ្នក​ចែកចាយ​លុយ ​នៅ​ក្នុង​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម។ ហើយបើ​តាម​ ការ​ផ្សាយ​របស់​ទូរទស្សន៍​បារាំង​ BFM បាន​ឲ្យ​ដឹង​ថា ​ ជន​សាលា អាប់ដេស្លាម​ ដែល​គេ​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​១៨​មីនា​មុននេះ ​នៅ​ក្រុង​ព្រុចសែល ​បាន​និយាយ​ប្រាប់​អ្នក​សួរ​ចម្លើយ​ថា ​គឺ​ជន​ Reda Kriket ​នេះហើយ​ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ធំ ​ក្នុង​ការ​ចាត់ចែង​រៀបចំ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស ​ថ្ងៃ​ទី​ ១៣​ វិច្ឆិកា។

ការ​ចាប់ខ្លួន​នេះ ​ ជា​លទ្ធផល​តាម​ដាន​យ៉ាង​សម្ងាត់​ របស់​នគរបាល​បារាំង​ អស់រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មកហើយ  ​ហើយ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ ប្រកាស​ថា​ជា​ជោគជ័យ​ដ៏ធំ​ ក្នុង​ការ​បង្រ្កាប​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម​នេះ ​ ព្រោះ​មិន​ត្រឹមតែ​ជននេះ​ជា​មនុស្ស​សំខាន់​ក្នុង​បណ្តាញ​ភេវវកម្ម​ទេ ​ ​​តែ​គឺ​ជន​នេះ​កំពុង​តែ​រៀប​គម្រោង​ភេរវកម្ម​ថ្មី​បន្ថែម​ទៀត ​ ដោយសារ​តែ​គេ​បាន​រឹបអូស​នៅ​ផ្ទះលាក់​ខ្លួន​របស់​ជននេះ ​នូវ​អាវុធ​ និង​សម្ភារៈ​ជាច្រើន​ ដែល​នឹង​ត្រូវ​ប្រើប្រាស់ ​ក្នុង​ការ​ផលិត​គ្រាប់បែក។

ភេរវកម្ម​នៅ​ព្រុចសែល៖ ចាប់ខ្លួន​មនុស្ស​៧​នាក់
ចំពោះ​ដំណើរការ​ស៊ើប​អង្កេត​ជុំវិញ​ភេរវកម្ម​នៅ​ព្រុចសែល​ គឺ​ខាង​នគរបាល​បែលហ្ស៊ិក ​បាន​ដឹង​តំរុយ​ច្បាស់​ហើយ​ពី​អត្តសញ្ញាណ​របស់​មនុស្ស​៣នាក់​ ដែល​បាន​ដាក់​គ្រាប់បែក​អត្តឃាត។ ពីរនាក់​នៅ​ព្រលាន​យន្តហោះ ​មាន​ឈ្មោះ ​Ibrahim El Bakraoui ​និង​ Najim Laachraoui ​ហើយ​ម្នាក់ទៀត​នៅ​ក្នុង​រថភ្លើង​ក្រោមដី​ ឈ្មោះ​ Khalid El Bakraoui។ ក្នុង​ពេល​នេះ​គេ​កំពុង​តែ​តាម​ដាន​ស្វែងរក​ចាប់ខ្លួន​មនុស្ស​ម្នាក់ទៀត​ ដែល​គេ​ថតរូប​បាន​ នៅ​ព្រលាន​យន្តហោះ​ ដែល​ដើរ​ក្បែរ​នឹង​មនុស្ស​ពីរ​នាក់​ទៀត​ដែល​ស្លាប់​នោះ។ ជន​ទីបី​នេះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ។

ចំណែក​ជន​ម្នាក់ទៀត ​ដែល​នៅ​ជាមួយ​ជន​ Khalid El Bakraoui ​នៅ​ក្នុង​រថភ្លើង​ក្រោយដី ​ ត្រូវ​បាន​នគរបាល​បែលហ្ស៊ិក​ចាប់​បាន​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មីនា​​ បើយោង​តាម​ការ​ផ្សាយ ​របស់​សារព័ត៌មាន​មួយ​ចំនួន​របស់​បែលហ្ស៊ិក។ ខាង​នគរបាល​នៅ​មិន​ទាន់​ធ្វើ​ការ​អះអាង​ជា​ផ្លូវការ​ទេ។ អ្វីដែល​ផ្លូវការ​គឺ​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​នៅ​ថ្ងៃទី​២២ ​មីនា ​រហូត​មក​ដល់​ថ្ងៃ​នេះ ​គឺ​នគរបាល​បែលហ្ស៊ិក ​បាន​ចាប់​បាន​មនុស្ស​៦នាក់​ និង​ម្នាក់​ចុងក្រោយ​អាច​ជា​មនុស្ស​ទី៧ ​ដែល​គេ​កំពុង​តែ​រងចាំ​ការ​អះអាង​ពី​អាជ្ញាធរ។

ភេរវកម្ម​នៅ​ប៉ារីស ​និង​ព្រុចសែល​ អាច​ជា​ស្នាដៃ​របស់​បណ្តាញ​ភេរវកម្ម​តែមួយ៖
សួរថា ​តើ​ភេរវកម្ម​នៅ​ប៉ារីស ​និង​នៅ​ព្រុចសែល ​មាន​ជាប់​ពាក់ព័ន្ធ​នឹងគ្នា​ដែរ​រឺ​ទេ? គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ​តែ​បើ​យោង​តាម​ធាតុផ្សំ​នៃ​ការ​ស៊ើបអង្កេត​រហូត​មក​ដល់​ពេល​នេះ ​ ​គឺ​គេ​ជឿថា​វា​មាន​ជាប់​ពាក់ព័ន្ធ​គ្នា ​ព្រោះ​ក្រុម​ភេរវកម្ម​ដែល​ធ្វើ​សកម្មភាព​នេះ ​ ​ជា​ក្រុម​បណ្តាញ​តែមួយ។ ជាក់​ស្តែង​ ស្នាម​ ADN ​របស់​ជន​ឈ្មោះ ​Najim Laachraoui ​ដែល​ដាក់​គ្រាប់បែក​នៅ​ព្រលាន​យន្តហោះ​ព្រុចសែល ​ក៏​គេ​រក​ឃើញ​នៅ​ជាប់​នឹង​ខ្សែ​ក្រវ៉ាត់​គ្រាប់បែក ​ ដែល​ផ្ទុះ​នៅ​ពហុកីឡាដ្ឋាន​ក្រុង​ប៉ារីស​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ដែរ។ ដូច្នេះ​គេ​សន្និដ្ឋាន​ថា ​ខ្សែ​ក្រវ៉ាត់​គ្រាប់បែក​ដែល​ផ្ទុះ​នៅ​ប៉ារីស ​និង​ផ្ទុះ​នៅ​ព្រុចសែល​ គឺ​ធ្វើ​ឡើង​ដោយ​មនុស្ស​តែម្នាក់​គឺ​ឈ្មោះ ​Najim Laachraoui ​នេះ​ឯង។

មួយ​វិញទៀត ​ភេរវជន​ទាំង​អស់​ដែល​បាន​ធ្វើ​ភេរវកម្ម​នៅ​ប៉ារីស ​គឺ​មាន​អ្នក​ខ្លះ​សញ្ជាតិ​បារាំង ​អ្នក​ខ្លះសញ្ជាតិ​បែលហ្សិក ​ហើយ​សុទ្ធតែ​បាន​ចេញចូល ​មាន​ទំនាក់ទំនង ​នៅក្នុង​តំបន់​ម៉ូលិនបេក ​ជាយ​ក្រុង​ព្រុចសែល​ទាំងអស់។ ដូច្នេះ ​គេ​ជឿ​ថា​ ពួកនេះ​គឺ​ជា​បណ្តាញ​តែ​មួយ។

ការ​បង្រ្កាប​បណ្តាញ​ភេរវកម្ម ​គឺ​ជា​បញ្ហា​រួមគ្នា ​មិនមែន​កំហុស​របស់​នរណា​តែ​ម្នាក់​ទេ៖

ពីឆ្វេងទៅស្តាំ​ រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ​អេស្ប៉ាញ​ អាល្លឺំម៉ង់ ហុល្លង់ បែលហ្ស៊ិក និង​លោក​ស្នងការអឺរ៉ុប
ពីឆ្វេងទៅស្តាំ​ រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ​អេស្ប៉ាញ​ អាល្លឺំម៉ង់ ហុល្លង់ បែលហ្ស៊ិក និង​លោក​ស្នងការអឺរ៉ុប REUTERS/Francois Lenoir

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​គឺ​មាន​ការ​រុញ​បន្ទុក​ បន្ទោសគ្នា​ទៅវិញ​ទៅមក។​ រដ្ឋមន្ត្រី​បារាំង​ម្នាក់ ​បាន​និយាយ​ថា​មក​ពី​អាជ្ញាធរ​បែលហ្ស៊ិក​ប្រហែស​ពេក ​ មើល​ស្រាល​ពួក​ជីហាដ ​ បណ្តោយឲ្យ​តំបន់​ម៉ូលិនបេក ​ក្លាយជា​សំបុក​របស់​ពួកនេះ។ ហើយ​សូម្បីក្នុង​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​បែលហ្សិក ​ក៏​មាន​ការ​បន្ទោស​គ្នា​ដែរ។ រដ្ឋមន្ត្រី​បែលហ្សិក​ពីរ​រូប ​បាន​សុំ​លាលែង​ពី​តំណែង ​តែ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​បដិសេធ។

យ៉ាងណា​ក៏ដោយ ​យើង​ត្រូវ​ទទួល​ស្គាល់ថា​ ថ្វី​បើ​សំបុក​ធំ​របស់​ពួក​ភេរវករ​ជីហាដ​មាន​នៅ​តំបន់​ម៉ូលិកបេក​មែន ​ តែ​មិនមែន​មាន​ន័យ​ថាវា​ជា​បញ្ហា​របស់​បែលហ្សិក​តែ​ម្នាក់​ឯង​ទេ។ ក្រុម​ភេរវកម្ម​ជីហាដ​នេះ​ ជា​បណ្តាញ​រួម​ដែល​មាន​នៅ​ពាសពេញ​អឺរ៉ុប​ទាំងមូល ​មិន​ថា​នៅ​បែលហ្សិក ​នៅ​ប៉ារីស ​រឺ​នៅ​ឡុងដ៍​ទេ។ ដូច្នេះ ​វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​អឺរ៉ុប​ទាំងអស់ ​ចាប់ដៃ​គ្នា ​សហការ​គ្នា ​ក្នុង​កិច្ចការ​បង្រ្កាប​បណ្តាញ​ដ៏​ព្រៃផ្សៃ​នេះ។ ព្រោះបើ​យើង​ក្រលេក​មើល​ហេតុការណ៍​កន្លង​មក​នេះ ​យើង​ឃើញ​យ៉ាង​ច្បាស់​ ថា​អាជ្ញាធរ​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ធ្វើការ​អត់​ផ្តល់​ដំណឹង​ឲ្យ​គ្នា​ទេ ​ មួយ​ចាប់ ​មួយ​ទៀត​លែង​ មួយ​ដឹង​ថាជា​មនុស្ស​គ្រោះថ្នាក់ ​តែ​មិន​ជួយ​ប្រាប់​គ្នា។

សហភាព​អឺរ៉ុប​ ត្រូវ​ប្រញ៉ាប់​ភ្ញាក់ពី​ដំណេក៖
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ទាំង​២៨​បាន​ជួបប្រជុំ​គ្នា ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ ដើម្បី​រកវិធី​ធ្វើ​យ៉ាង​ណា​ បង្កើន​ការ​សហការ​គ្នា​ ឲ្យ​មាន​ប្រសិទ្ធិភាព។ ចំណុច​ដែល​គេ​រំពឹង​ថា​ត្រូវ​ធ្វើ ​និង​ឲ្យ​បាន​ឆាប់​បំផុត​នាពេល​នេះ ​គឺ​ទីមួយ​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ខាងក្រៅ​ របស់​សហភាព​អឺរ៉ុប​ ឲ្យបាន​តឹងតែង។ ទីពីរ​គឺ​ការ​បោស​សម្អាត​ចរាចរណ៍​អាវុធ​ខុសច្បាប់ ​នៅក្នុង​សហភាព​អឺរ៉ុប។ ហើយ​ទីបី​ចុងក្រោយ​គឺ​ ការ​ចែក​រំលែក​ផ្តល់​ព័ត៌មាន ​និង​ទិន្នន័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​ ទាក់ទង​នឹង​ចរារចរណ៍​ចេញចូល ​របស់​អ្នក​ដំណើរ​តាម​យន្តហោះ​ទាំងអស់។

ប៉ុន្តែ​ឆ្លងកាត់​ការ​ប្រជុំ ​គេមិន​បាន​សម្រេច​ថា​ត្រូវ​មាន​វិធានការ​អ្វី​ឲ្យ​ជាក់​លាក់​ទេ។ អ្នក​យកព័ត៌មាន ​ក៏ដូច​ជា​មតិសាធារណៈ ​មាន​ការ​ខកចិត្ត​ជាខ្លាំង ​ព្រោះ​ដល់​ដំណាក់​កាល​នេះ​ សហភាព​អឺរ៉ុប​ មិន​ត្រូវ​អូស​ជើង​ស្ពឹក​ស្រពន់​ទៀតទេ។ បណ្តាញ​ភេរវកម្ម​អ៊ីស្លាម​នេះ ​ មាន​នៅ​ពាសពេញ​អឺរ៉ុប ​ ហើយ​ពួក​វា​អាច​ធ្វើ​ប្រតិបត្តិ​ការ​ថ្មី ​បាន​គ្រប់ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ