លោក​ហ្វ្រង់ស័រ ​ហូឡង់​ថា​សន្និសីទ​ស្តីពី​អាកាសធាតុ​មាន​ឧបសគ្គ​ច្រើន

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង (រូបថតឯកសារ)
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង (រូបថតឯកសារ) REUTERS/Eric Feferberg/Pool

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អ.ស.ប ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ​២០១៥​នេះ បាន​លើកឡើង កាលពីថ្ងៃ​ចន្ទ​នេះ​ថា ដំណើរការ​ចរចា​លើ​កិច្ចព្រមព្រៀង​​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ត្រូវជួប​នឹង​ឧបសគ្គ​ច្រើន ជាពិសេស គឺ​បញ្ហា​ហិរញ្ញវត្ថុ។

ផ្សាយពាណិជ្ជកម្ម

“អ្នកខ្លះ​គិត​ថា សន្និសីទ​ស្តីពី​អាកាសធាតុ​នៅ​ប៉ារីស​នេះ គឺ​ជា​កិច្ចប្រជុំ​មួយ ដែល​អាច​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​បាន​ដោយ​ស្រួល។ ខ្ញុំវិញ មិនយល់​ដូច្នោះទេ។ នៅពេលដែល​ដំណើរការ​ចរចា​កាន់តែ​ឈានទៅមុខ ខ្ញុំ​កាន់តែ​មើលឃើញ​ឧបសគ្គ។” នេះ​គឺ​ជា​ការថ្លែង​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​ឯ​វិមាន​អេលីសេ កាលពីថ្ងៃ​ចន្ទ។

បើយោងតាម​លោក​ប្រធានាធិបតី​បារាំង បញ្ហា​ចោទ​ធំបំផុត​នៅពេលនេះ មិនមែន​មក​ពី​ខាង​ប្រទេស​អ្នកមាន​នោះទេ ដោយសារ​តែ​រហូតមក​ទល់​នឹង​ពេលនេះ បណ្តា​ប្រទេស​អភិវឌ្ឍ ជាពិសេស ប្រទេស​នៅ​អឺរ៉ុប​សុទ្ធតែ​បាន​បង្ហាញ​នូវ​ជំហរ​ប្តូរផ្តាច់ ក្នុងការ​​ដាក់ចេញ​នូវ​វិធានការ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​នៃ​ភពផែនដី កើនឡើង​លើសពី ២អង្សា នៅ​ចុងសតវត្សរ៍​នេះ។ សូម្បី​តែ​សហរដ្ឋ​អាមេរិក ដែល​ពីមុន​មាន​ការ​រារែក​ខ្លាំង​នោះ ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ដែរ ដោយ​លោក​អូបាម៉ា​បាន​លើកឡើង​នាពេលថ្មីៗ​នេះ​ថា បញ្ហា​អាកាសធាតុ គឺ​ជា​ការ​គំរាមកំហែង​ដ៏ធំបំផុត​របស់​ភពផែនដីយើង។

ឧបសគ្គ​​ចម្បង ដែល​លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ធ្វើការ​កត់សម្គាល់ គឺ​​មក​ពី​បណ្តា​ប្រទេស​ដែល​ទើប​នឹង​រីកលូតលាស់​ថ្មីៗ។ ប្រទេស​អស់ទាំងនេះ​​សុទ្ធសឹង​ជា​ប្រទេស​​​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស​យ៉ាងសម្បើម​ ឬពេលខ្លះ ច្រើនជាង​ប្រទេស​អភិវឌ្ឍ​ទៅទៀត ក៏ប៉ុន្តែ ពួកគេ​មិន​ចង់​​ចាត់វិធានការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ដោយសារ​តែ​ពួកគេ​បារម្ភ​ខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច​របស់​ពួកគេ។

ចំពោះ​ប្រទេស​ក្រីក្រវិញ គ្មាន​ប្រទេសណា​មួយ​ចង់​ជាប់កាតព្វកិច្ច​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះទេ ដោយសារ​តែ​ពួកគេ​យល់ថា ពួកគេ​គ្រាន់តែ​​ជា​អ្នក​រងគ្រោះតែប៉ុណ្ណោះ ឯ​អ្នក​ទទួលខុសត្រូវ​​ធំ​ក្នុង​ការធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ គឺ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន។ ម្យ៉ាងវិញទៀត បើទោះបីជា​ពួកគេ​ចង់​ចូលរួម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ ក៏​ពួកគេ​គ្មាន​លទ្ធភាព​នោះដែរ ដោយសារ​តែពួកគេ​ខ្វះធនធាន​ហិរញ្ញវត្ថុ។ បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​ថា ការ​ស្វះស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​មក​​ផ្គត់ផ្គង់​ដល់​មូលនិធិ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​​​ក្នុងការ​​ប្រយុទ្ធប្រឆាំង​ និង​សម្របខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​បញ្ហា​ចោទ​ដ៏​ធំមួយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI