ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប្រជាជន​អាល្លឺម៉ង់ លែង​ជួយ​ក្រិក និង​ចង់​ឲ្យ​ក្រិក​ដើរ​ចេញ ពី​តំបន់អឺរ៉ូ?

សំឡេង ០៤:៥២
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​នាយក​រដ្ឋមន្រ្តី​ក្រិក នៅទីក្រុង​ប៊ែរឡាំង​ខែ​មីនា ឆ្នាំ ២០១៥
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​នាយក​រដ្ឋមន្រ្តី​ក្រិក នៅទីក្រុង​ប៊ែរឡាំង​ខែ​មីនា ឆ្នាំ ២០១៥ REUTERS/Hannibal Hanschke

នៅក្រោយ​កិច្ចប្រជុំ​កំពូល​តំបន់ចាយប្រាក់អឺរ៉ូ ​គណៈកម្មការ​អឺរ៉ុប លោក​ហ្សង់ក្លូត​ហ្ស៊ុងគ័រ​ បាន​ទម្លាយ​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​អឺរ៉ុប កំពុង​ត្រៀម​រួចហើយ សេណារីយ៉ូ ដែល​ក្រិក​ដើរចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ ហើយ​និង​ផលប៉ះពាល់​របស់វា ទៅលើ​អឺរ៉ុប។ ការដើរ​ចេញ​របស់​ក្រិក ពីតំបន់​ចាយប្រាក់​អឺរ៉ូ គឺ​ជា​គំនិត​ដ៏​ងប់ងុល ចង់បាន​របស់​ប្រជាជន​អាល្លឺម៉ង់។ ក្នុង​អតីតកាល អាល្លឺម៉ង់​ក៏​ធ្លាប់​រងគ្រោះ ដោយសារ​វិបត្តិ​ប្រាក់បំណុល ហើយ​ត្រូវ​បាន​ប្រទេស​ម្ចាស់បំណុល ដែល​នៅ​ក្នុង​នោះ​មាន​ក្រិក​ផងដែរ បាន​សម្រេច​លុបចោល​បំណុល​ពាក់កណ្តាល​របស់​អាល្លឺម៉ង់ ប៉ុន្តែ ​អាល្លឺម៉ង់​វិញ ហេតុអ្វី​បាន​ជា ពេលនេះ លែង​ចង់​ជួយ​ក្រិក ដែល​កំពុង​លិចលង់ ទឹក​ចូល​ដល់​ច្រមុះ​ទៅហើយ​នោះ? 

ផ្សាយពាណិជ្ជកម្ម

នៅរាល់​ការចរចា​ស្តីពី​វិបត្តិ​បំណុល​ក្រិក អាល្លឺម៉ង់ ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប ប្រកាន់ជំហរ​តឹងរ៉ឹង​ជាងគេ ដើម្បី​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​អាថែន ឲ្យ​ធ្វើកំណែទម្រង់ ជាថ្នូរ​នឹង​កញ្ចប់​ប្រាក់ជំនួយ (៧,៥ពាន់​លាន​អឺរ៉ូ) ដែល​ក្រុង​អាថែន​ចង់បាន​ពី អឺរ៉ុប​យក​ទៅ​ដោះទ័ល​ឆ្នាំងបាយ​របស់ខ្លួន (មួយភាគ ត្រូវ​យក​ទៅ​សង​ការប្រាក់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ១,៧ពាន់​លាន​អឺរ៉ូ និង​មួយភាគទៀត ត្រូវ​យក​ទៅ​ចាយ​សម្រាប់ បើកប្រាក់ខែ​បុគ្គលិក និង​ចំណាយ​សេវា​សង្គម)។

 
ការដែល​អាល្លឺម៉ង់​តឹងរ៉ឹង​ជាមួយ​ក្រិក​ជាងគេ ចង់​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់ និង​រឹតត្បិត​ខ្លាំង​លើ​មុខ​ចំណាយ​សាធារណៈ មិនមែន​ដោយសារ​តែ​អាល្លឺម៉ង់ ខ្លាច​បាត់បង់​លុយ ដែល​អាល្លឺម៉ង់ ឲ្យ​ក្រិក​ខ្ចី​នោះទេ។ (អាល្លឺម៉ង់ ជា​ប្រទេស​ដែល​ឲ្យ​ក្រិក​ខ្ចីលុយ​ច្រើនជាង គេ ប្រមាណ ៦២ពាន់​លាន​អឺរ៉ូ បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត។) ប៉ុន្តែ អាល្លឺម៉ង់ មិន​ចង់​ឲ្យ​ប្រទេស​ផ្សេងទៀត ដែល​ធ្លាប់​ទទួល​យក​នយោបាយ​រឹតត្បិត​ថវិកា ដូចជា​អេស្ប៉ាញ ឬ​អៀរឡង់ ជាដើម អន់ចិត្ត។ អ្វី​ដែល​សំខាន់​លើសនោះ គឺ អាល្លឺម៉ង់ ចង់​ការពារ​គោលការណ៍ របស់​អឺរ៉ុប ដែល​អាល្លឺម៉ង់ រួម​ជាមួយ​ប្រទេស​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ផ្សេងទៀត បាន​បង្កើតឡើង នៅ​ឆ្នាំ ២០១២ ដើម្បី​នាំ​តំបន់​អឺរ៉ូ​ឲ្យ​ចាកចេញ​ពី​វិបត្តិ​ប្រាក់បំណុល។

ប៉ុន្តែ គោលការណ៍ និង​ច្បាប់​ផ្ទៃក្នុង​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​ត្រូវ​រដ្ឋាភិបាល​ក្រិក​ជាន់ឈ្លី។ នេះ​បើតាម​មតិភាគច្រើន មិនថា មន្រ្តី​រដ្ឋាភិបាល ឬ​អ្នកសេដ្ឋកិច្ច​អាល្លឺម៉ង់។ ប្រជាជន​អាល្លឺម៉ង់ វិនិច្ឆ័យថា ការដែល​ក្រិក​រៀបចំ​បោះឆ្នោត​ប្រជាមតិ មិនទទួល​យក​កំណែទម្រង់​ដាក់​ដោយ​អឺរ៉ុប គឺ​ក្រិក​កំពុង​បោះឆ្នោត​ប្រឆាំង​នឹង​គោលការណ៍ បទបញ្ជា​ផ្ទៃក្នុង របស់​អឺរ៉ុប។ ក្រិក និង​អ្នកសេដ្ឋកិច្ច​ដើម្បី​ប្រជាធិបតេយ្យ​មួយចំនួន​យល់ថា សំណើ​កំណែទម្រង់ ដែល​អឺរ៉ុប​កំណត់​ឲ្យ​រដ្ឋាភិបាល​ក្រិក​ធ្វើ គឺ​មានន័យ​ស្មើ​នឹង​ច្របាច់ក រុញច្រាន​ក្រិក​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ប្រាក់បំណុល មិនងាយ​ងើបរួច។

ជាការពិត នយោបាយ​រឹតត្បិត​ថវិកា តាមរយៈ​ការកាត់បន្ថយ​ចំនាយសាធារណៈ​អប្រជាប្រិយភាព មិន​បាន​ទទួល​ការគាំទ្រ ពី​ប្រទេស​ដែល​ជាប់បំណុល និង​រួម​ទាំង​សេដ្ឋវិទូ​មួយចំនួន ដែល​យល់ឃើញ​ថា ប្រទេស​មួយ​នឹង​មិន​អាច​មាន​កំណើន​សេដ្ឋកិច្ច​ទេ បើ​គេគិត​តែ​ធ្វើ​នយោបាយ​កាត់បន្ថយ​ចំណាយ​តែមួយ​មុខ។ ប៉ុន្តែ អាល្លឺម៉ង់ វិញ យល់ឃើញ​ផ្ទុយ​ពី​នោះ។ សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់ ដែល​រឹងមាំ​ដល់សព្វថ្ងៃ ដោយសារ​តែ​រដ្ឋាភិបាល​នយោបាយ​កាត់បន្ថយ​ចំណាយ​សាធារណៈ​នេះឯង។ អាល្លឺម៉ង់ មិនមែន​គ្មាន​ប្រជាជន​ក្រីក្រទេ ប៉ុន្តែ តាមរយៈ ការចាយវាយ​ត្បិតត្បៀត និង​ខំប្រឹង​ជំរុញ​ការផលិត​និងការនាំចេញ អាល្លឺម៉ង់ មាន​ឧស្សាហកម្ម​រីកចម្រើន ហើយ​កញ្ចប់​ថវិកា ចាយវាយ​ត្រឹមត្រូវ។ អាល្លឺម៉ង់ បាន​សម្រេច​ជោគជ័យ ក្នុង​រឿង​រឹតត្បិត​មុខចំណាយ​សាធារណៈ។ ដូច្នេះ រឿងអ្វី​ដែល​ប្រទេស​ដទៃទៀត ឬ​ក្រិក​មិនអាច​ធ្វើ​បាន​នោះ?

បច្ចុប្បន្ននេះ ក្រិក​មាន​បំណុលជាតិ ៣២២​ពាន់​លាន​អឺរ៉ូ បន្ទាប់ពី​ធនាគារ​ឯកជន នៅ​អឺរ៉ុប​បាន​យល់ព្រម​លុបចោល​បំណុល​ជាង ១០០​លាន​អឺរ៉ូ កាលពី​ក្នុង​វិបត្តិ​ប្រាក់​បំណុល​លើកមុន នៅឆ្នាំ ២០១២។ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​យល់ថា ក្រិក​នឹងគ្មាន​ថ្ងៃ​សង​បំណុល​នេះ​រួចទេ។ គំនិត​លើកឡើង មួយចំនួន​របស់​អ្នកសេដ្ឋកិច្ច ស្តីពី​ការបន្ធូរ​សម្រាល កាត់បន្ថយ​ប្រាក់បំណុល​ឲ្យ​រដ្ឋាភិបាល​ក្រិក បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​អាថែន រឹត​តែ​មាន​អំណះអំណាង​ចង់​សុំ​តវ៉ា ឲ្យ​ម្ចាស់បំណុល (ធនាគារ​កណ្តាល​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុអន្តរជាតិ) គិតគូរ លុបចោល​បំណុល​ខ្លះ របស់​ក្រិក។ ដើម្បី​បញ្ចុះបញ្ចូល​អឺរ៉ុប ភាគី​ម្ចាស់បំណុល គេ​នៅ​បាន​លើកឡើង ករណី​លុបចោល​បំណុល​របស់​អាល្លឺម៉ង់ នៅ​ឆ្នាំ ១៩៥៣។ កាលណោះ ក្រុមប្រទេស​ម្ចាស់បំណុល ដែល​មាន​ផងដែរ ប្រទេស​ក្រិក បាន​យល់ព្រម​កាត់បន្ថយ​បំណុល​ជាង​ពាក់កណ្តាល របស់​អាល្លឺម៉ង់ បន្ទាប់​ពី អាល្លឺម៉ង់​បង្ហាញ កេស​ទទេស្អាត គ្មាន​លុយសងបំណុល។ អ្នកខ្លះ​នៅ​បាន​និយាយពី​ការរមិលគុណ​របស់​អាល្លឺម៉ង់ ដែល​ពេលនេះ មិន​ព្រម​ជួយ​ក្រិក ដែល​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព ដែល​អាល្លឺម៉ង់ ធ្លាប់​ប្រទះ កាលពី​៦២​ឆ្នាំមុន។

វា​មិនពិតទេ ដែល​អាល្លឺម៉ង់ មិន​បាន​ជួយ​ក្រិក។ នៅ​ឆ្នាំ ២០១២ រដ្ឋអាល្លឺម៉ង់ ក៏ដូចជា​រដ្ឋបារាំង និង​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​លូកដៃ ទិញ​បំណុល​របស់​ក្រិក​ពី ធនាគារ​ឯកជន ជាថ្នូរ​នឹង​ការលុបចោល​បំណុល​ជាង ១០០​លាន​អឺរ៉ូ។ ក្នុង​រយៈពេល​តែ​៥ឆ្នាំ អាល្លឺម៉ង់ បារាំង ធនាគារ​កណ្តាល​អឺរ៉ុប និងគណៈកម្មការ​អឺរ៉ុប បាន​បញ្ជូន​លុយ​ជាង ២០០​លាន​អឺរ៉ូ ទៅ​ឲ្យ​ក្រិកខ្ចី ដើម្បី​ជួយ​ក្រិក​ឲ្យ​ដកខ្លួន​ពី​វិបត្តិ​ប្រាក់បំណុល។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា នៅ​រយៈពេល ៥​ឆ្នាំ សេដ្ឋកិច្ច​ក្រិក នៅ​តែមិន​ទៅមុខ ដោយសារ​ប្រព័ន្ធ​នយោបាយ​ចាស់គំរិល និង​ខ្ជីខ្ជារ របស់​រដ្ឋក្រិក។ តាម​អាល្លឺម៉ង់ រដ្ឋាភិបាល​ក្រិក​សព្វថ្ងៃ ហាក់​មិន​ប្តូរ​ចរិក និង​ថែមទាំង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ប្រឆាំង នឹង​សំណើ​របស់​អឺរ៉ុប។

សម្រាប់​ក្រិក នយោបាយ​រឹតត្បិត​ថវិកា​ដែល​អឺរ៉ុប​យក​កិ្រក​ធ្វើ​ទន្សាយពិសោធន៍​នោះ មិនដំណើរការ​ទេ។ អឺរ៉ុប​ត្រូវតែ​កែតម្រូវ​នយោបាយរបស់​ខ្លួន​ឡើងវិញ។ កាលពីថ្ងៃ​អង្គារ​លោកស្រី​នាយក​រដ្ឋមន្រ្តី អាល្លឺម៉ង់​បាន​បក​ទៅវិញថា អឺរ៉ុប​ដែល​ល្អ គឺមិនមែន​អ្នកដែល​ស្វែងរក​មូលភាព​ឲ្យ​អឺរ៉ុប បើទោះបី​ប្រើ​យុទ្ធវិធី នោះទេ។ អឺរ៉ុប​ដែល​ល្អ គឺ អ្នកដែល​គោរព សន្ធិសញ្ញា​អឺរ៉ុប និង​ច្បាប់​ជាតិ និង​ជាអ្នកដែល​ចូលរួម​ថែរក្សា​កុំ​ឲ្យ​ស្ថិរភាព​នៅតំបន់​ចាយប្រាក់អឺរ៉ូ​ត្រូវ​ជួបការរង្គោះរង្គើ។ លោកស្រី អង់ហ្គែឡា ម៉ែរគែល​ទំនង​និយាយ​យោងដល់​រដ្ឋាភិបាល​ក្រិក។ ភាគី​អាល្លឺម៉ង់​កាន់តែយល់ថា តំបន់​អឺរ៉ូ ដែល​គ្មាន​ក្រិក នឹង​មាន​ស្ថិរភាព​ជាងអឺរ៉ុប ដែល​មាន​ក្រិក ដែល​ចេះ​តែ​អុកឡុក​មិនឈប់ មិនគោរព ច្បាប់​របស់​អឺរ៉ុប​នោះ។ អាច​និយាយ​ម្យ៉ាងថា មិនជួយ​ក្រិក គឺ​ដើម្បី​រក្សា​ការពារ​ប្រយោជន៍​របស់​អឺរ៉ុប យ៉ាងដូច្នេះ​ដែរ។ ក្នុងពេល​ដែល​សេណារីយ៉ូ ក្រិក​ដើរចេញ​ពីតំបន់​អឺរ៉ូ​កាន់តែ​លេចមុខ​ច្បាស់ រដ្ឋក្រិក មានពេល ដល់​ចុងសប្តាហ៍ ដើម្បី​បញ្ចុះបញ្ចូល ឲ្យ​អាល្លឺម៉ង់ និង​ម្ចាស់បំណុល ផ្តល់ជំនួយ ស្រង់ខ្លួន​ចេញ​ពី​អន្លង់ វិបត្តិ​ប្រាក់បំណុល លើកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI