អឺរ៉ុបនៅតែបោះដៃ ទៅរកក្រិក ដើម្បីកុំឲ្យក្រិកក្ស័យធន
ចុះផ្សាយនៅថ្ងៃ៖
ម៉ោង ១២អាធ្រាត្រ ថ្ងៃអង្គារទី ៣០មិថុនា ជាម៉ោងចុងក្រោយ ដែលរដ្ឋក្រិកត្រូវមានកាតព្វកិច្ចសងបំណុលទៅមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ជាង ១,៥ ពាន់លានអឺរ៉ូ បើមិនដូច្នោះទេ រដ្ឋក្រិកនឹងត្រូវប្រកាសក្ស័យធន។ នៅថ្ងៃអង្គារនេះ ប្រធានគណៈកម្មការអឺរ៉ុប បានផ្តល់ឱកាសចុងក្រោយ ដោយបានលើកសំណើមួយ គេសង្ឃឹមថា នឹងអាចឲ្យក្រិកយល់ព្រមចុះកិច្ចព្រមព្រៀង ដែលនឹងអាចជួយបញ្ជៀសក្រិកឲ្យរួចផុតពីវិបត្តិក្ស័យធន។
នៅប៉ុន្មានម៉ោងមុនក្រិកត្រូវអស់ពេលដើម្បីសងបំណុលមូលនិធិរូបិយវត្ថុ អន្តរជាតិ FMI នាយករដ្ឋមន្រ្តីក្រិក លោកអាឡិចស៊ីស ស៊ីប្រាស បានប្រកាសរួចហើយថា ក្រិកគ្មានលុយសងបំណុលFMIទេ បើសិនគណៈកម្មការអឺរ៉ុប និងធនាគារកណ្តាលអឺរ៉ុបមិនព្រមផ្តល់កញ្ចប់ជំនួយ ជាង ៧ពាន់លានអឺរ៉ូទៅតាមកិច្ចសន្យាចុះឆ្នាំ ២០១២នោះ។
ការចរចារវាងក្រិក និងអឺរ៉ុប ដែលជាម្ចាស់បំណុល បានជាប់គាំង នៅចុងសប្តាហ៍មុន ដោយគ្មានរកឃើញដំណោះស្រាយ បន្ទាប់ពីនាយករដ្ឋមន្រ្តីក្រិកបានប្រកាសរៀបចំការបោះឆ្នោត ប្រជាមតិ ទៅលើសំណើរបស់អឺរ៉ុប ដែលទាមទារឲ្យក្រិកធ្វើកំណែទម្រង់ និងនយោបាយរឹតត្បិតថវិកា។
នៅថ្ងៃអង្គារ រដ្ឋាភិបាលក្រិកបើកការប្រជុំចុងក្រោយ ពិភាក្សាលើសំណើចុងក្រោយ របស់គណៈកម្មការអឺរ៉ុប ដែលជាគណៈកម្មការអឺរ៉ុបចាត់ទុកជា ឱកាសចុងក្រោយផ្តល់ទៅឲ្យរដ្ឋាភិបាលក្រិក។ តាមគណៈកម្មការ រដ្ឋក្រិកនឹងបានទទួលលុយភ្លាមៗ បើសិនក្រិកយល់ព្រមសរសេរលាយលក្ខអក្សរថា នឹងធ្វើកំណែទម្រង់ ទៅតាមការស្នើរបស់អឺរ៉ុប ហើយរដ្ឋក្រិកត្រូវបញ្ចុះបញ្ចូលប្រជាជនឲ្យបោះឆ្នោតព្រមទទួលសំណើរបស់អឺរ៉ុប នៅក្នុងការបោះឆ្នោតប្រជាមតិ នៅថ្ងៃ អាទិត្យខាងមុខ។
នៅក្នុងសំណើចុងក្រោយអឺរ៉ុបបានលើកឡើងពីលទ្ធភាពពិនិត្យមើលឡើងវិញ ពីរបៀបសងប្រាក់បំណុល របស់ក្រិកនៅខែតុលាខាងមុខ។
នៅពេលគេនិយាយពីការពិនិត្យឡើងវិញ ពីប្រាក់បំណុលក្រិក គឺគេនិយាយពីការពន្យារពេលថ្ងៃសងបំណុល ការកាត់បន្ថយការប្រាក់ ឬការពន្យារពេលសងការប្រាក់ ទៅប្រទេសសមាជិកតំបន់ចាយប្រាក់អឺរ៉ូ។ សំណើរបស់អឺរ៉ុបនឹងអាចទាក់ទាញ ក្រិក ព្រោះ ថា ក្រិកបានទាមទារតាំងពីដំបូងទី ឲ្យអឺរ៉ុបពិនិត្យ ពិចារណាឡើងវិញ ពីរបៀបសងបំណុល ដែលរដ្ឋាភិបាលក្រិកចាត់ទុកជានយោបាយច្របាច់ក សេដ្ឋកិច្ចក្រិក មិនឲ្យងើបរួចពីវិបត្តិ។
កន្លងមក ភាគីម្ចាស់បំណុល អឺរ៉ុបបានបញ្ជាក់ដាច់ណាត់ហើយថា នឹងមិនទាន់និយាយពីរឿងបំណុលរបស់ក្រិក នៅពេលនេះទេ។ គេត្រូវរង់ចាំឲ្យក្រិកធ្វើកំណែទម្រង់ សិន ទើបគេពិចារណា នៅពេលក្រោយ ពីរឿងលុយបំណុលដែលក្រិកខ្ចីកន្លងមក។
អាឡិចស៊ីស ស៊ីប្រាសសន្យាចុះពីតំណែង បើសិន ប្រជាជនបោះឆ្នោត ថា ព្រម
លោកអាឡិចស៊ីស ស៊ីប្រាស ជាប់ឆ្នោត ដោយសារតែលោកប្រឆាំងនឹងនយោបាយរឹតត្បិតថវិកា កំណត់ដោយម្ចាស់បំណុល។ នៅថ្ងៃអង្គារនេះ អឺរ៉ុប ត្រូវបញ្ឈប់ផ្តល់ជំនួយឲ្យ ក្រិកដែលនឹងក្ស័យធន ដោយសារគ្មានលុយសងបំណុលឲ្យមូលនិធិរូបិយវត្ថុ អន្តរជាតិ។ នាយករដ្ឋមន្រ្តីក្រិក មកពីគណបក្សឆ្វេងនិយមខ្លាំងរបស់ក្រិក ជាមេដឹកនាំទី១របស់ក្រិក ដែលហ៊ាន ប្រឈម មិនចាញ់សំឡុតរបស់ម្ចាស់បំណុល។
លោកអាឡិចស៊ីស ស៊ីប្រាស នៅតែប្រឆាំង មិនទទួលយកកំណែទម្រង់ របស់អឺរ៉ុប នោះបើទោះដឹងថា កំណែទម្រង់នោះ នឹងធ្វើឲ្យក្រិកទទួលប្រាក់ជំនួយបន្ថែមពីអឺរ៉ុប ដើម្បីអាចយកទៅសងបំណុលឲ្យFMIក៏ដោយ។ លើសពីនោះ លោកនៅបានអំពាវនាវឲ្យប្រជាជនក្រិកបោះឆ្នោតថា ទេ ទាត់ចោលកំណែទម្រង់ដែលស្នើដោយគណៈកម្មការអឺរ៉ុបទៀត។ សម្រាប់នាយករដ្ឋមន្រ្តីក្រិក ចម្លើយ ទេ របស់ប្រជាជនក្រិកនឹងធ្វើឲ្យក្រិករឹតតែមានទឹកមាត់ ចរចា បានច្រើនជាងមុន ជាមួយម្ចាស់បំណុល។
យុទ្ធសាស្រ្តរបស់លោកអាឡិចស៊ីស ស៊ីប្រាសធ្វើឲ្យក្រិកមានទម្ងន់ធ្ងន់ជាងម្ចាស់បំណុល នៅក្នុងការចរចា ព្រោះថា អឺរ៉ុប ដែលជាម្ចាស់បំណុលមិនចង់ឲ្យក្រិកជួបក្ស័យធន ត្រូវដើរចេញពីតំបន់ចាយប្រាក់អឺរ៉ូទេ។ ការដើរចេញរបស់ក្រិកពីតំបន់ចាយប្រាក់អឺរ៉ូ បញ្ជាក់ពីបរាជ័យនៃនយោបាយរបស់អឺរ៉ុប ជាពិសេសតំបន់ចាយប្រាក់អឺរ៉ូ ដែលមានក្រិកជាសមាជិក។ បើសិនអឺរ៉ុបបរាជ័យ មិនអាចដោះស្រាយ វិបត្តិបំណុលក្រិក រហូតធ្វើឲ្យក្រិកត្រូវដើរចេញពីតំបន់ចាយប្រាក់អឺរ៉ូ នោះអ្នកវិនិយោគអស់ជំនឿទុកចិត្តលើអឺរ៉ុបតទៅទៀត។ នៅពេលនោះ រូបិយបណ្ណតែមួយរបស់តំបន់ចាយប្រាក់អឺរ៉ូ នឹងចុះខ្សោយ ដែលនឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសចាយប្រាក់អឺរ៉ូផ្សេងទៀត។ បញ្ហាចំពោះមុខ នៅពេលលុយអឺរ៉ូចុះខ្សោយ នោះគឺ ប្រាក់បំណុលសាធារណៈរបស់ប្រទេសសមាជិកតំបន់ចាយប្រាក់អឺរ៉ូនឹងកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យរដ្ឋនីមួយៗ ពិបាកនឹងសម្រេចផែនការកាត់បន្ថយឱនភាពថវិកា តាមការកំណត់របស់សហភាពអឺរ៉ុប។ នៅក្នុងរយៈពេលវែង បើសិនលុយអឺរ៉ូធ្លាក់ចុះតម្លៃ នោះ គេបារម្ភពីលំហូរសាច់ប្រាក់ រួមទាំងការវិនិយោគចេញពីសហភាពអឺរ៉ុប។ អឺរ៉ុបជួបវិបត្តិ នឹងអាចអូសទាញសេដ្ឋកិច្ចសកលឲ្យជួបវិបត្តិជាថ្មីម្តងទៀត។
កូនបំណុលយឺតយ៉ាវ ប៉ុន្តែ មិនក្ស័យធនភ្លាម
ជាគោលការណ៍ បើសិនក្រិកមិនអាចសងបំណុលមូលនិធិរូបិយវត្ថុអន្តរជាតិ FMI នៅថ្ងៃអង្គារនេះទេ ក្រិកនឹងត្រូវប្រកាសក្ស័យធន។ ប៉ុន្តែ នៅក្នុងពាក្យបច្ចេកទេសរបស់ FMI គេចាត់ទុកជាកូនបំណុលដែលយឺតយ៉ាវ សងបំណុល មិនទាន់ គឺមិនមែនក្ស័យធនភ្លាមទេ។ នៅពេលដំបូងគេ ក្រិកនឹងត្រូវអស់សិទ្ធិ លែងបានទទួលប្រាក់កម្ចីពីFMI តទៅទៀត។ ជាគោលការណ៍ គេត្រូវការពេលមួយខែ ដើម្បី ដាក់ចំណាត់ថ្នាក់ប្រទេសកូនបំណុលថា ក្ស័យធន។ ក្នុងករណីរបស់ក្រិក គឺរហូតដល់ចុងខែកក្កដា ទើបក្រិកត្រូវ FMIចាត់ទុកជាផ្លូវការថា ជាប្រទេសក្ស័យធន។ ក្នុងរយៈពេលមួយខែនេះ គេសង្ឃឹមថា ក្រិកនឹងអាចចរចា បានសម្រេច ជាមួយ អឺរ៉ុបដើម្បីទទួលបានប្រាក់ជំនួយ ចុងក្រោយនោះ ដើម្បីយកមកសង FMI។ ប៉ុន្តែ បើក្រិកនៅតែចរចា មិនបានសម្រេច រកមកសងFMI នោះFMIនឹងចាត់វិធានការតាមច្បាប់ ដើម្បី ដកក្រិកចេញពី សមាជិកភាពរបស់ស្ថាប័ននេះ។ ការដកប្រទេសមួយចេញពីសមាជិកភាពរបស់ FMI ជារឿងកម្រ។ រហូតមកដល់ពេលនេះ មានប្រទេសជាច្រើនដែលយឺតយ៉ាវមិនអាចសងបំណុលឲ្យ FMI ប៉ុន្តែ នៅតែចរចា ដើម្បី ពន្យារពេលសងបំណុល ដូចករណីរបស់ប្រទេសហ្ស៊ីមបាវ៉េជាដើម។
ក្រិកប្រហែលនឹងមិនក្ស័យធន នេះ បើគេមើលទៅលើជំហររបស់មេដឹកនាំប្រទេសនៅអឺរ៉ុប ដូចជាលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ឬលោកប្រធានាធិបតីបារាំង ដែលបានប្រកាសបើកផ្លូវ នៅតែចង់ចរចារកច្រកចេញ ជាមួយ រដ្ឋាភិបាលក្រិក នៅក្រោយការបោះឆ្នោតប្រជាមតិ។ ជាផ្លូវការ នៅពេលរដ្ឋក្រិកក្ស័យធន ធនាគារកណ្តាលអឺរ៉ុបក៏នឹងលែងចាក់បញ្ចូលលុយជំនួយបន្ទាន់ ទៅក្នុងធនាគារក្រិក តទៅទៀត ដែលជាហេតុធ្វើឲ្យក្រិកជួបវិបត្តិខ្វះសាច់ប្រាក់ក្នុងធនាគារ។ ម្យ៉ាងទៀត នោះម្ចាស់បំណុលផ្សេងទៀតនឹងតម្រូវឲ្យក្រិករកប្រាក់មកសងបំណុលរបស់ខ្លួនទាំងអស់ដែរ ដោយសារតែខ្លាចរដ្ឋក្រិកគ្មានលុយ គ្មានសមត្ថភាពសងបំណុល។ ប៉ុន្តែ យ៉ាងណាក៏ដោយ បើមេដឹកនាំអឺរ៉ុបនៅតែមានចេតនាចង់ចរចាជាមួយក្រិក នោះ គេមានសង្ឃឹមច្រើន វិបត្តិបំណុលក្រិកនឹងអាចដោះស្រាយចេញរួច។ ថ្ងៃ៣០មិថុនា នឹងគ្រាន់តែថ្ងៃនិមិត្តរូប ប៉ុន្តែ មិនមែនថ្ងៃចុងក្រោយដែលកំណត់ជោគវាសនាក្រិកថា ត្រូវតែក្ស័យធននោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ