អ.ស.ប.

អ.ស.ប.អំពាវនាវ​ជា​ថ្មី​ឲ្យ​អឺរ៉ុប​ចែក​គ្នា​ទទួល​យក​ជនភៀសខ្លួន​ឲ្យ​បាន​ ២០០ ០០០នាក់

លោក Antonio Guterres ប្រធាន​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន
លោក Antonio Guterres ប្រធាន​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ONU
១៥ នាទី

ប្រឈម​នឹង​វិបត្តិ​លំហូរ​ជនភៀសខ្លួន​នៅ​ក្នុង​ទ្វីបអឺរ៉ុប ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​វាយតម្លៃ​ថា កម្មវិធី​ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ​គ្នា​ទទួល​យក​ជនភៀសខ្លួន ១៦០ ០០០នាក់ ជា​កម្មវិធី​មួយ​មិន​ទាន់​គ្រប់គ្រាន់​ទេ និង​ថា អឺរ៉ុប​ត្រូវ​តែ​ធានា​ទទួល​យក​ឲ្យ​បាន​យ៉ាង​តិច ២០០ ០០នាក់​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០១៦។ ប្រតិកម្ម​របស់​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អឺរ៉ុប​ត្រៀម​ខ្លួន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃចន្ទ ទី១៤ កញ្ញា​សប្តាហ៍​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​សុក្រ ទី១១ កញ្ញា ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅ​កាត់​ថា HCR បាន​សាទរ​ចំពោះ​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​ចែក​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​នូវ​ជនភៀសខ្លួន​ចំនួន ១៦០ ០០០នាក់​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​អឺរ៉ុប។ តែ​ទន្ទឹម​គ្នា​នេះ HCR ក៏​បាន​ចាត់​ទុក​សំណើ​របស់​អឺរ៉ុប​ថា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ កាល​ពី​មួយ​សប្តាហ៍​មុន ប្រធាន HCR លោក Antonio Guterre បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ទទួល​យក​ជនភៀសខ្លួន​ឲ្យ​ស្នាក់នៅ​យ៉ាង​តិច ២០០ ០០០នាក់។

ដោយឡែក ស្រប​ពេល​នឹង​ការ​អំពាវនាវ​ឲ្យ​អឺរ៉ុប​ទទួល​យក​ជនភៀសខ្លួន​ឲ្យ​បាន​យ៉ាង​តិច ២០០ ០០០នាក់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០១៦ HCR ក៏​បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​ជា​លុយកាក់​លើក​ទី១ ចំនួន​ជាង ៣០លានដុល្លារ​សម្រាប់​ជួយ​ទំនុកបម្រុង​ដល់​តម្រូវការ​របស់​ជនភៀសខ្លួន​ក្នុង​ទ្វីបអឺរ៉ុប​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នំា ២០១៦។ នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល HCR ក៏​បាន​ប៉ាន់​ប្រមាណ​មើល​ពី​ចំនួន​ជនភៀសខ្លួន​តាម​សមុទ្រ​មក​កាន់​ទ្វីប​អឺរ៉ុប​ដែល​អាច​មាន ៤០០ ០០០នាក់​ក្នុង​ឆ្នំា ២០១៥ និង​អាច​មាន ៤៥០ ០០០នាក់ ឬ​ច្រើន​ជាង​នេះ​សម្រាប់​ឆ្នំា ២០១៦ ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ អ្នកនំាពាក្យ​របស់ HCR លោក William Spindler បាន​បញ្ជាក់​ថា គេ​គួរ​តែ​ប្រយ័ត្នប្រយែង​ពី​ការ​បំប៉ោង​តួលេខ​ខុស​ពី​ការ​ពិត។

ប្រតិកម្ម​របស់ HCR ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បែងចែក​កូតា​ទទួល​យក​ជនភៀសខ្លួន។ នៅ​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា​សប្តាហ៍​ក្រោយ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អឺរ៉ុប​នឹង​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​វិបត្តិ​លំហូរ​ជនភៀសខ្លួន។ តែ​នៅ​ថ្ងៃ​សុក្រ ទី១១ កញ្ញា លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ធំដុំ​ទេ លោក​នឹង​កោះ​ឲ្យ​មាន​ជំនួបកំពូល​វិសាមញ្ញ​រវាង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អឺរ៉ុប​ទំាង ២៨ប្រទេស​ក្នុង​ខែ​កញ្ញា​នេះ​ដើម្បី​និយាយ​ពី​វិបត្តិ​ជនភៀសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI