បារាំង

បារាំង៖បុរស​ខ្មាន់​កាំបិត​ដែល​ប៉ូលិស​បាញ់​សម្លាប់​​មាន​កាន់​​ឯកសារ​អង្គការ​រដ្ឋអ៊ីស្លាម

ប៉ូលិស​សង្កាត់​ទី១៨ ក្រុង​ប៉ារីស​បាញ់សម្លាប់បុរសម្នាក់នៅពីមុខស្នងការដ្ឋាន​ថ្ងៃ​ទី៧ មករា ២០១៦
ប៉ូលិស​សង្កាត់​ទី១៨ ក្រុង​ប៉ារីស​បាញ់សម្លាប់បុរសម្នាក់នៅពីមុខស្នងការដ្ឋាន​ថ្ងៃ​ទី៧ មករា ២០១៦ Reuters

នៅ​ក្នុង​ប្រទេស​បារាំង បុរស​ខ្មាន់​កាំបិត​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​ពី​មុខ​ស្នងការដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​សង្កាត់​ទី១៨ នា​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា ពោល​ចំ​ថ្ងៃ​ដែល​បារាំង​បាន​រៀបចំ​ប្រារព្ធ​ខួប​គម្រប់ ១ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo ក្នុង​ថ្ងៃ​ទី៧ មករា ឆ្នាំ ២០១៥ និង​ការ​វាយប្រហារ​លើ​ហាងលក់ទំនិញ​របស់​ជនជាតិ​ជ្វីហ្វ Hyper Cacher ក្នុង​ថ្ងៃទី៩ មករា ឆ្នាំ ២០១៥។ ប្រភព​ប៉ូលិស​ឲ្យ​ដឹង​ថា បុរស​ខ្មាន់​កាំបិត​រូប​នោះ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​អាគារ​មួយ និង​មាន​ជាប់​នឹង​ខ្លួន​នូវ​ក្រដាសស្នាម​ជាមួយ​នឹង​ទង់​អង្គការ​រដ្ឋអ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ អ្វីៗ​កំពុង​បន្ត​ស្រពិចស្រពិល​នៅ​ឡើយ​ជុំវិញ​ហេតុការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ពី​មុខ​ស្នងការដ្ឋាន​នគរបាល​ក្នុង​សង្កាត់​ទី១៨ ក្រុង​ប៉ារីស​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា។ ព័ត៌មាន​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា បុរស​ម្នាក់​កាន់​កំាបិត​នឹង​ដៃ​ត្រូវ​បាន​ក្រុម​ប៉ូលិស​សង្កាត់​ទី១៨ ក្រុង​ប៉ារីស​បាញ់​សម្លាប់ និង​ថា បុរស​ខ្មាន់​កាំបិត​រូប​នោះ​មាន​បំណង​ដក​កាំបិត​ចាក់​លើ​នគរបាល​ម្នាក់​ដោយ​ស្រែក​ឡើង​ថា ព្រះអាឡា​ដ៏​ធំ​មហិមា។

ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ខ្មាន់​កាំបិត​រូប​នោះ​ក៏​មាន​ពាក់​អាវ​ដាក់​ពេញ​ដោយ​ជាតិ​ផ្ទុះ​ផង​ដែរ។ តែ​បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​អ្នក​ដោះមីន​ដោះ​អាវ​យក​ទៅ​ពិនិត្យមើល​ទៅ​ឃើញ​ថា គឺ​ជា​ជាតិ​ផ្ទុះ​ក្លែងក្លាយ។ សាក្សី​ស្ត្រី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ថា លោកស្រី​បាន​ឮ​សូរ​សម្លេង​បាញ់​កាំភ្លើង តែ​មិន​មែន​ស្នូរ​កាំភ្លើង​ស្វ័យប្រវត្ត​ទេ និង​ថា លោកស្រី​បាន​ឃើញ​វត្តមាន​ប៉ូលិស​ជា​ច្រើន​នាក់។ នៅ​ក្នុង​រយៈពេល​កើត​មាន​ព្រឹត្តិការណ៍​នោះ កម្លាំង​ប៉ូលិស​បាន​ធ្វើ​ការ​បិទ​ផ្លូវ​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ ហើយ​សាលារៀន​ស្ថិត​ក្បែរ​នោះ​ក៏​ត្រូវ​បាន​បិទ​ទ្វារ​មួយ​រយៈពេល​ដែរ។

ខណៈ​នេះ រដ្ឋអំណាច​នៅ​មិន​ទាន់​បាន​លើក​ឡើង​ពី​ទង្វើ​ភេរវនិយម​ទេ តែ​អយ្យការ​ទីក្រុង​ប៉ារីស​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ពី​បទ​ប៉ុនប៉ុង​ធ្វើ​ឃាត​លើ​ប៉ូលិស​ដែល​ជា​មន្រ្តី​សាធារណៈ ព្រម​ទាំង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​នគរបាល​ព្រហ្មទ័ណ្ឌ និង​នគរបាល​ប្រឆាំង​ភេរវនិយម។ អ្វី​ជា​ការ​សម្គាល់ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​ចំ​ថ្ងៃ​ដែល​បារាំង​ប្រារព្ធ​ខួប ១ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo ក្នុង​ថ្ងៃ​ទី៧ មករា ឆ្នាំ ២០១៥ និង​ការ​វាយប្រហារ​លើ​ហាងលក់ទំនិញ​របស់​ជនជាតិ​ជ្វីហ្វ Hyper Cacher ក្នុង​ថ្ងៃទី៩ មករា ឆ្នាំ ២០១៥។

ពិធី​ប្រារព្ធ​ខួប ១ឆ្នាំ​បាន​រៀប​ចំ​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ប៉ារីស​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់។ លោក​ហូឡង់​បាន​បាន​បញ្ជាក់​ពី​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​កម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ​រួម​សហការណ៍​គ្នា​ក្នុង​ការ​ប្រឈម​នឹង​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI