ហេតុអ្វី បានក្រិកធ្លាក់ខ្លួន ដល់សព្វថ្ងៃនេះ?
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលក្រិក ជាមួយថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័នម្ចាស់បំណុល ត្រូវជួបចរចា ជាថ្មី នៅថ្ងៃព្រហស្បតិ៍ គឺនៅប៉ុន្មានម៉ោងមុន ជំនួបកំពូល សហភាពដែលបើកធ្វើ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។ បញ្ហាជនអន្តោប្រវេសន៍ ដែលកំពុងហូរចូលមកអឺរ៉ុប សន្តិសុខរបស់សហភាព អឺរ៉ុប បន្ទាប់ពីអ៊ុយក្រែន រងការគំរាមកំហែងពីរុស្ស៊ី និងសំណើរបស់អង់គ្លេស ដើម្បីធ្វើកំណែទម្រង់សហភាពអឺរ៉ុប គឺជាប្រធានបទសំខាន់ របស់ជំនួបកំពូលរបស់ប្រទេសសមាជិកអឺរ៉ុប ទាំង ២៨។
វិបត្តិប្រាក់បំណុលក្រិកបានចូលលុបបាំងជិត និងក្លាយជាសំណុំរឿងសំខាន់ នៅក្នុងជំនួបកំពូលសហភាពអឺរ៉ុបនៅថ្ងៃនេះ និងថ្ងៃស្អែក។ នៅតែ៥ថ្ងៃទៀត រដ្ឋាភិបាលក្រិកនឹងក្ស័យធន អស់ពី កេសសម្រាប់សង ម្ចាស់បំណុល FMI និងបើកប្រាក់ខែឲ្យបុគ្គលិករដ្ឋ។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលក្រិក និងក្រុមម្ចាស់បំណុលរបស់ក្រិកបានញាប់ដៃជើង ដើម្បីរកដំណោះស្រាយឲ្យវិបត្តិប្រាក់បំណុលក្រិក ពោលគឺធ្វើយ៉ាងណាកុំឲ្យក្រិកក្ស័យធន និងត្រូវដើរចេញពីតំបន់ចាយប្រាក់អឺរូ។ ចរចា ជាង ៤ថ្ងៃ ភាគីទាំងពីរ នៅតែ មិនទាន់និយាយត្រូវគ្នា។
ក្រិកមិនប៉ះពាល់ដាច់ខាតលុយអ្នកចូលនិវត្តន៍
មានចំណុចធំពីរ ដែលអឺរ៉ុប ចង់ឲ្យក្រិកធ្វើកំណែទម្រង់ស៊ីជម្រៅ នោះ គឺ ពន្ធលើតម្លៃបន្ថែម TVA ហើយនិងកាត់បន្ថយចំណាយសាធារណៈ ជាពិសេស រឿងលុយចូលនិវត្តន៍តែម្តង។ ក្រិកមានប្រព័ន្ធ ប្រមូលពន្ធ TVAខុសប្លែកពីគេ និងស្មុគស្មាញ។ រដ្ឋក្រិកបានបែងចែកប្រភេទ ពន្ទ TVA ដល់ទៅ៦ប្រភេទក្នុងគោលដៅ លើកទឹកចិត្តឲ្យប្រជាជនបន្តរស់នៅតាមទីជនបទ ដើម្បី ចូលរួមបម្រើវិស័យទេសចរណ៍ដែលតំណាងឲ្យ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប។
មួយវិញទៀត អឺរ៉ុបចង់ឲ្យរដ្ឋាភិបាលក្រិកថ្មី ធ្វើកំណែទម្រង់ កាត់បន្ថយចំណាយលើសោធននិវត្តន៍ ដែលជាមុខចំណាយដ៏ច្រើនសម្បើមរបស់កេសរដ្ឋ។ ប្រព័ន្ធផ្តល់លុយនិវត្តន៍នៅក្រិកក៏ស្មុគស្មាញណាស់ដែរ និងមានចែងលក្ខខណ្ឌលើកលែងជាច្រើន ដែលបើកផ្លូវឲ្យមនុស្សចូលនិវត្តន៍មុនអាយុ។ បើទោះបីជាប្រជាជនក្រិក មិនបានទទួលសោធនិវត្តច្រើនមហាសាល ប៉ុន្តែ ក្រិកមានប្រជាជនដែលទទួលប្រាក់និវត្តន៍ពីរដ្ឋ ដល់ទៅ ៣០ភាគរយ ច្រើនជាងចំនួនអ្នកចូលនិវត្តន៍ នៅអង់គ្លេស។ គ្មានការវិនិយោគឯកជន ប្រជាជនភាគច្រើនបម្រើការឲ្យក្រុមហ៊ុនរដ្ឋ។ ដូច្នេះ គេមិនចាំបាច់ឆ្ងល់ទេថា ហេតុអ្វីបានរដ្ឋក្រិកត្រូវចាយលុយច្រើនទៅឲ្យអ្នកចូលនិវត្តន៍ក្រិក។ ត្រង់ចំណុចនេះ អឺរ៉ុបមិនបានទាមទារឲ្យរដ្ឋក្រិកលុបចោលលុយចូលនិវត្តន៍ទាំងស្រុងទេ ប៉ុន្តែ រដ្ឋក្រិកត្រូវកាត់បន្ថយ ឈប់វិភាគទានច្រើនដូចមុន និងបើកផ្លូវឲ្យក្រុមហ៊ុនឯកជនចូលទៅវិនិយោគក្នុងវិស័យនេះ។
នៅក្នុងសំណើទៅម្ចាស់បំណុល រដ្ឋាភិបាលក្រិកបានសន្យាធ្វើកំណែទម្រង់អ្វីផ្សេង ដើម្បីសន្សំ និងបង្កើនចំណូល ឲ្យបាន៨ពាន់លានអឺរ៉ូ ប៉ុន្តែ ប្តេជ្ញាមិនប៉ះពាល់លុយចូលនិវត្ត ដែលជាចំណុចក្តៅ អប្រជាប្រិយក្នុងប្រទេសក្រិក។ នាយករដ្ឋមន្រ្តីក្រិក បាននិយាយការពារនយោបាយរបស់ខ្លួនថា សើរើកញ្ចប់លុយចូលនិវត្តន៍ នឹងធ្វើឲ្យអ្នកចូលនិវត្តន៍ក្រិកកាន់តែធ្លាក់ខ្លួនក្រីក្រ។
រដ្ឋក្រិកធ្វើនយោបាយរឹតត្បិតថវិកា ប៉ុន្តែ សេដ្ឋកិច្ចក្រិកដើរ មិនទៅមុខ
មុននឹងធ្លាក់ខ្លួន ក្នុងវិបត្តិប្រាក់បំណុលនេះ ក្រិក ធ្លាប់ស្គាល់ភាពរុងរឿងក្នុងអតីតកាល។ កាលពី១៤ឆ្នាំមុន នៅពេលក្រិកចូលខ្លួនជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ សេដ្ឋកិច្ចក្រិក បានស្គាល់កំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់ គឺ ប្រមាណ៤%ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចមិនមានជីវិតនៅយូរ ដោយសារគំរូសេដ្ឋកិច្ចរបស់ក្រិក មិនសូវរឹងមាំ។ នៅក្រិក គឺរដ្ឋដែលជាម្ចាស់វិនិយោគផ្តាច់មុខ ពោលគឺក្រិករស់ពឹងអាស្រ័យតែនឹងការវិនិយោគរបស់រដ្ឋ និងការប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ។ ខ្វះការវិនិយោគពីក្រុមឯកជន ហើយ ការនាំចេញរបស់ប្រទេសនេះខ្សត់ខ្សោយ មានត្រឹមតែ២០ភាគរយ ធ្វើឲ្យសេដ្ឋកិច្ចក្រិកត្រូវប្រឈមនឹងការដួលរលំគ្រប់ពេលវេលា។
ដូចនៅប្រទេសអឺរ៉ុបផ្សេងទៀត សេដ្ឋកិច្ចក្រិកត្រូវរងខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ឆ្នាំ ២០០៨។ នៅឆ្នាំ ២០០៩ ប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ និងការនេសាទ ដែលតំណាងឲ្យប្រមាណ ៧០ភាគរយនៃផលិតក្នុងស្រុកសរុបក្រិក បានថយចុះប្រមាណ ១៥ភាគរយ។
គឺនៅឆ្នាំ ២០០៩នោះឯងហើយ ដែលក្រិកចាប់ផ្តើមស្គាល់វិបត្តិប្រាក់បំណុល។ ដើមហេតុដំបូងចេញមកពីរដ្ឋាភិបាលមកពីគណបក្សសង្គមនិយម ក្រិក ដែលបានកែប្រែ កម្រិតឱនភាពថវិការបស់ក្រិក។ រដ្ឋាភិបាលក្រិកថ្មី បានបន្ទោសរដ្ឋាភិបាលចាស់ ថា បានបិទបាំង ការពិត ដោយបានកំណត់ឱនភាពថវិកាក្រិក តែត្រឹម ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងពេលឱនភាពសេដ្ឋកិច្ចក្រិក ពិតប្រាកដ មានដល់ទៅ ១២ភាគរយឯណោះ។ គ្រាន់តែ រដ្ឋាភិបាលថ្មីក្រិកកែប្រែ កម្រិតតួលេខភ្លាម ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលបានទម្លាក់ចំណាត់ថ្នាក់ របស់ក្រិក រហូតធ្វើឲ្យក្រុមអ្នកវិនិយោគ គ្មានជំនឿ លែងឲ្យក្រិកខ្ចីលុយ។ ប៉ុន្តែ មុននឹងអ្នកវិនិយោគលែងឲ្យក្រិកខ្ចីលុយ បំណុលរបស់ក្រិកមានចំនួនមហាសាលមកហើយ គឺដល់ទៅ ជាង ៣០០ពាន់លានអឺរ៉ូ ដោយសារតែរដ្ឋាភិបាលក្រិកមុនៗ ចេះតែលក់មូលប័ត្របំណុល យកលុយមកបញ្ចូលកេសរដ្ឋ និងបើកដៃ ឲ្យប្រជាជនខ្ចីលុយ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។ នេះ គេនៅមិនទាន់និយាយពីអំពើពុករលួយផងទេ។
សហភាពអឺរ៉ុបលូកដៃទៅជួយក្រិក ដើម្បីកុំឲ្យក្រិកក្ស័យធន
សហភាពអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបបានលូកដៃក្នុងវិបត្តិប្រាក់បំណុលក្រិក ព្រោះតែដើម្បី ជៀសវាង កុំឲ្យធនាគារក្នុងសហភាពអឺរ៉ុប ជួបគ្រោះក្ស័យធន។ ត្រូវដឹងថា ដំបូងឡើយ ម្ចាស់បំណុលរបស់ក្រិក គឺធនាគារ នៅក្នុងបណ្តាប្រទេសអឺរ៉ុប ដែលមានតាំងពីបារាំង អាល្លឺម៉ង់ ជាដើម។ ដើម្បីកុំឲ្យធនាគារឯកជនក្នុងប្រទេសរបស់ខ្លួន ជួបក្ស័យធន ដែលនឹងប៉ះពាល់ដល់ប្រជាជនខ្លួនឯងនោះ សហភាពអឺរ៉ុបបានសម្រេចទិញបំណុលក្រិកពីធនាគារឯកជន និងបានចាក់លុយជាង ១០០ពាន់លានអឺរ៉ូផ្សេងទៀត ជួយរដ្ឋាភិបាលក្រិក ឲ្យយកទៅទប់ទល់ការចំណាយរយមុខរបស់រដ្ឋាភិបាលក្រិក។
ខុសពីអេស្ប៉ាញ ព័រទុយហ្កាល់ ក្រិកជួបវិបត្តិ ប្រាក់បំណុល ជាថ្មី
នៅឆ្នាំ ២០១២ អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី បានជួបវិបត្តិប្រាក់បំណុល ដូចក្រិក។ អឺរ៉ុបបានលូកដៃអន្តរាគមន៍ ជួយដូចៗគ្នា ប៉ុន្តែ សហភាពអឺរ៉ុប បានតម្រូវឲ្យរដ្ឋនីមួយៗត្រូវធ្វើកំណែទម្រង់ រឹតត្បិតការចាយវាយ ដោយកាត់បន្ថយចំណាយសាធារណៈ ជាថ្នូរនឹងប្រាក់ជំនួយ។ សេដ្ឋកិច្ច អេស្ប៉ាញ ព័រទុយហ្កាល់បានដើរទៅមុខ ទោះមិនលឿន ប៉ុន្តែ សន្សឹម គឺខុសអ្វី តែ ក្រិកដែលត្រូវធ្លាក់ក្នុងវិបត្តិប្រាក់បំណុលជាថ្មី។ ប្រៀបធៀបនឹងប្រទេសអឺរ៉ុបផ្សេងទៀត ក្រិកបានខ្ជះខ្ជាយ ពេលវេលា ៥ឆ្នាំ ចោលទទេ ដោយមិនបានទាញប្រយោជន៍ ពីប្រាក់កម្ចី ដែលអឺរ៉ុបផ្តល់ឲ្យ។ ក្រិកមិនបានធ្វើកំណែទម្រង់ ស៊ីជម្រៅ ទៅតាមការសន្យាជាមួយអឺរ៉ុប ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្រិកគ្មានបានចម្រើនទៅមុខបន្តិចសោះ នោះបើទោះបីជាអឺរ៉ុបបានចាក់លុយរាប់ពាន់អឺរ៉ូកន្លងមក។
ក្រិកមិនត្រូវជួបវិបត្តិប្រាក់បំណុលនៅពេលនេះ ទេ បើសិនរដ្ឋាភិបាលក្រិកចាស់ មុននឹងអស់អាណត្តិ ប្រកាសផ្តាច់ឈប់ធ្វើកំណែទម្រង់ទៅតាមការទាមទាររបស់អឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិFMI ដែលជាម្ចាស់បំណុល។ ដោយសារតែក្រិកកិកកុក លែងចង់ធ្វើនយោបាយរឹតត្បិត អឺរ៉ុប ដែលជាម្ចាស់បំណុល លែងទុកចិត្ត និងទាមទារឲ្យរដ្ឋាភិបាលថ្មី ត្រូវតែ ឆន្ទៈ ច្បាស់លាស់ ថា យល់ព្រម ធ្វើកំណែទម្រង់ បន្តនយោបាយរឹតត្បិត និងរកប្រាក់ចំណូលចូលកេស គឺមិនត្រូវចេះតែចំណាយ មិនរកចំណូល នៅពេលខ្លួន គ្មានលុយក្នុងដៃនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ