អានតួអត្ថបទ
បារាំង

លោក​ហ្រ្វង់ស័រ ហូឡង់៖«ខ្ញុំ​មិន​ទាន់​បាន​គិតគូរ​ពី​រឿងបន្ត ឬ​មិន​បន្ត​​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៧ »

លោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់ REUTERS/Stephane de Sakutin

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ចំនួន​ពីរ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១១ កុម្ភៈ។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក​ហូឡង់​បាន​លើក​ឡើង​ពី​ការ​រុះរើ​សមាសភាព​ថ្មី​នៅ​ក្នុង​រដ្ឋាភិបាល ពី​បញ្ហា​សេដ្ឋកិច្ច និង​ការងារ​ក្នុង​ប្រទេស​បារាំង ព្រម​ទាំង​ប្រធាន​រឿង​អន្តរជាតិ​មួយ​ចំនួន។ ទន្ទឹម​គ្នា​នេះ លោក​ក៏​បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ដែល​សួរ​ទាក់ទង​នឹង​ការ​ឈរឈ្មោះ ឬ​មិន​ឈរ​ឈ្មោះ​របស់​លោក​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៧។ លោក​ហូឡង់​បាន​ឆ្លើយ​ថា លោក​នៅ​មិន​ទាន់​បាន​គិតគូរ​ពី​រឿង​នេះ​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ គឺ​ដឹកនំា​ប្រទេស ហើយ​ខ្ញុំ​នឹង​សម្រេច​ចិត្ត​ក្នុង​ពេល​ឈាន​មក​ដល់។ ពេល​ឈាន​មក​ដល់​នៅ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ តើ​លោក​មាន​បាន​ឃើញ​ទេ​ក្នុង​កាលៈទេសៈ​ដែល​បារាំង​កំពុង​ជួបប្រទះសព្វថ្ងៃ​នេះ ភេរវនិយម សង្រ្គាម និង​អ្វី​ដែល​បាន និង​កំពុង​បន្ត​កើត​មាន​នៅ​ស៊ីរី?

មាន​វិធានការ និង​ជម្រើស​ជា​ច្រើន​ដែល​ខ្ញុំ​កំពុង​ធ្វើ​សម្រាប់​ប្រទេសជាតិ។ ខ្ញុំ​មិនមែន​កំពុង​គិតគូរ​ពិចារណា​ពី​រឿង​ឈរ​ឈ្មោះ ឬ​មិន​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ខាង​មុខ​ទេ។ ខ្ញុំ​កំពុង​កាន់​​តំណែង​ប្រធានាធិបតី និង​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​ជូន​ជាតិ។ ខ្ញុំ​បាន​ធ្វើ​ការងារ​យ៉ាង​ស្អិតរមួត​ជាមួយ​នាយករដ្ឋមន្រ្តី ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ក្នុង​ពេល​កើត​មាន​អំពើ​ភេរវកម្ម។
 
តើ​លោក​គិត​ថា មួយ​ថ្ងៃៗ ខ្ញុំ​រវល់​គិត​តែ​ពី​សំណួរ​រឿង​មួយ​ហ្នឹង​ឬ?។ គិត​ថា តើ​ត្រូវ​ឈរ​ឈ្មោះ ឬ​មិន​ត្រូវ​ឈរ​ឈ្មោះ​ជា​ថ្មី​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៧?។ គិត​ថា​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ណា ធ្វើ​យ៉ាង​ម៉េច និង​ហេតុអ្វី​រ?។ ខ្ញុំ​មិន​បាន​រវីរវល់​ពី​បញ្ហា​នេះ​ទាល់​តែ​សោះ។
 
ជម្រើស និង​ការ​សម្រេចចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ។ ចំណែក​រឿង​ផ្សេង មិន​មាន​នៅ​ក្នុង​កាលវិភាគ​របស់​ខ្ញុំ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ