បារាំង

បារាំង៖​២០១៥ ជា​ឆ្នាំ​នៃ​ការ​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច បន្ទាប់​ពី​​ទ្រឹង​​រយៈពេល ៤ឆ្នាំ

នៅ​ក្នុង​ប្រទេស​បារាំង វិទ្យាសា្ថន​ស្ថិតិជាតិ និង​សិក្សា​សេដ្ឋកិច្ច​ហៅ​កាត់​ថា Insee បាន​ផ្សព្វផ្សាយ​តួលេខ​ស្តីពី​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៥ កន្លង​ទៅ។ យោង​តាម Insee អត្រា​កំណើន​សេដ្ឋកិច្ច​បារំាង​ក្នុង​ឆ្នាំ ២០១៥ មាន​កម្រិត ១,១% ដែល​ជា​កម្រិត​មួយ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៤ឆ្នាំ​កន្លង​ទៅ។ តែ​កំណើន ១,១% នៅ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ូ​ដែល​ត្រូវ​មាន​កម្រិត ១,៥% សម្រាប់​ឆ្នាំ ២០១៥។ 

យោង​តាម Insee បារាំង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ១,១% ក្នុង​ឆ្នាំ ២០១៥
យោង​តាម Insee បារាំង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ១,១% ក្នុង​ឆ្នាំ ២០១៥ AFP PHOTO / THOMAS SAMSON
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច ១,១% ដែល​បារាំង​ទទួល​បាន​ក្នុង​ឆ្នាំ ២០១៥ មិនមែន​ជា​ច្រើន​ប៉ុន្មាន​ទេ តែ​វា​គ្រាន់​បើ​ជាង​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង ៤ឆ្នាំ​កន្លង​មក​ដែល​សូម្បី​តែ ១% ក៏​គ្មាន​ដែរ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៤ គឺ​មាន​តែ ០,២% ប៉ុណ្ណោះ។ អ្នក​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​សាទរ​មុន​គេ​គឺ​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​មីសែល សាប៉ាំង។ លោក​សាប៉ាំង​បាន​បញ្ជាក់​ថា កំណើន ១,១% ជា​កម្រិត​មួយ​ដូច​ដែល​រដ្ឋាភិបាល​បាន​ព្យាករណ៍ និង​ថា ឆ្នាំ ២០១៥ ជា​ឆ្នាំ​នៃ​ការ​ចាប់​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ។

សម្រាប់​ឆ្នាំ ២០១៦ ត្រូវ​បាន​លោក​សាប៉ាំង​ព្យាករណ៍​ថា នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រសើរ​ជាង​ឆ្នាំ ២០១៥ ពិសេស​នឹង​អាច​បង្កើត​ការងារ​បាន​ច្រើន​ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល។ មាន​កត្តា​សំខាន់ៗ​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ ទី១ វិនិយោគ​របស់​រោងចក្រ សហគ្រាស​ដែល​ជា​ក្បាល​ម៉ាស៊ីន​ជម្រុញ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​យូរអង្វែង​បាន​កើន​ចំនួន ២% និង​ទី២ ការ​ចំណាយ​របស់​ពលរដ្ឋ​បាន​កើន​ចំនួន ១,៤%។ ទន្ទឹម​គ្នា​នេះ វិស័យ​នាំ​ចេញ​បាន​កើន​ឡើង ៥,៩% និង​វិស័យ​នាំ​ចូល​ក៏​បាន​កើន​ឡើង​ចំនួន ៦,១% ក្នុង​ឆ្នាំ ២០១៥។

យ៉ាង​ណា​ក៏​ដោយ កំណើន​សេដ្ឋកិច្ច​ដែល​បារាំង​ទទួល​បាន ១,១% ក្នុង​ឆ្នាំ ២០១៥ នៅ​ជា​អត្រា​មួយ​ផុយស្រួយ​នៅ​ឡើយ ហើយ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង គឺ​នៅ​មាន​កម្រិត​តិច និង​មាន​ភាព​យឺតយ៉ាវ​ខ្លាំង។ ជាក់ស្តែង អេស្បាញ​ដែល​ជួប​វិបត្តិ​ខ្លាំង​ជាង​បារាំង តែ​ស្ទុះ​ងើប​លឿន​ជាង​បារាំង​ដោយ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រហូត​ដល់​ទៅ ៣% ក្នុង​ឆ្នាំ ២០១៥។ អង់គ្លេស​ទទួល​បាន ២,២% និង​អាល្លឺម៉ង់​ទទួល​បាន ១,៧% ក្នុង​ឆ្នាំ ២០១៥។ បើ​គិត​ជា​មធ្យម​ក្នុង​តំបន់​អឺរ៉ូ កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៥ ត្រូវ​មាន​ក្នុង​រង្វង់ ១,៥%។

កំណើន​សេដ្ឋកិច្ច​បាន​ចាប់​ផ្តើម​មាន​ឡើង​វិញ​ហើយ​សម្រាប់​បារាំង តែ​ជំងឺ​មួយ​ដែល​បារាំង​ពិបាក​ព្យាបាល និង​កំពុង​បន្ត​ព្យាបាល​នោះ គឺ​កាត់បន្ថយ​ចំនួន​អ្នក​អត់ការងារ​ធ្វើ​ដ៏​ច្រើន​សម្បើម។ គិត​ត្រឹម​ឆ្នាំ ២០១៥ មាន​អ្នក​ការងារ​ធ្វើ​ចំនួន ៣លាន ៥សែន ៩ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI