ការចរចាវិបត្តិប្រាក់បំណុលក្រិកឈានចូលដល់ទឹកចុងក្រោយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីក្រុងព្រុចស៊ែល នៅថ្ងៃចន្ទ នេះត្រូវទទួលបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីនិយាយពីវិបត្តិប្រាក់បំណុលក្រិក ហើយនិងអនាគតប្រាក់អឺរ៉ូ។ តាំងពីយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលក្រិកធ្វើការ មិនសម្រាក ដើម្បីដាក់ស្នើ កំណែទម្រង់មួយ ជូនម្ចាស់បំណុល ដូចជា ធនាគារកណ្តាលអឺរ៉ុប មូលនិធិរូបិយវត្ថុអន្តរជាតិ និងសហភាពអឺរ៉ុប ដើម្បីជាថ្នូរ ទទួលបានកញ្ចប់ប្រាក់ជំនួយ កម្ចី ជាង ៧ពាន់លានអឺរ៉ូ។ គ្មានកញ្ចប់ប្រាក់កម្ចីបន្ថែមនេះ រដ្ឋក្រិកនឹងត្រូវជួបក្ស័យធន។
ក្រុមប្រទេសចាយប្រាក់អឺរ៉ូ បានបើកជំនួបកំពូលពិសេស នៅថ្ងៃចន្ទ ដើម្បី ផ្តោតសំខាន់លើវិបត្តិប្រាក់បំណុលក្រិក។ រដ្ឋាភិបាលក្រិក និងម្ចាស់បំណុល ដែលមានដូចជា ធនាគារកណ្តាលអឺរ៉ុប សហភាពអឺរ៉ុប ហើយនិងមូលនិធិរូបិយវត្ថុអន្តរជាតិបានចរចាគ្នា ជាង ៥ខែ ប៉ុន្តែ មិនបានផ្តល់លទ្ធផលអ្វី។ កិច្ចប្រជុំពិសេស នៅថ្ងៃនេះ សំខាន់ និងជាឱកាសចុងក្រោយ ដើម្បីកំណត់ជោគវាសនាវិបត្តិប្រាក់បំណុលក្រិក ព្រោះថា ពេលវេលាកាន់តែខើចណាស់ទៅហើយ ទាំងសម្រាប់ភាគីក្រិក និងអឺរ៉ុប ដែលជាម្ចាស់បំណុល។ នៅថ្ងៃបើកកិច្ចប្រជុំកំពូលប្រទេសចាយប្រាក់អឺរ៉ូ នៅថ្ងៃនេះ លោកហ្សង់ក្លូត ហ្ស៊ុងគឺរ ប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងយ៉ាងប្រយ័ត្នប្រយែង មិនទាន់ហ៊ានបញ្ជាក់ថា ដំណោះស្រាយវិបត្តិក្រិក នឹងរកឃើញ នៅក្នុងកិច្ចប្រជុំ នាយប់ថ្ងៃចន្ទនេះ។
នៅចុងខែមិថុនា នេះ ក្រិកត្រូវរកលុយឲ្យបាន១ពាន់ ៥រយលានអឺរ៉ូដើម្បីសងបំណុលមួយផ្នែករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ FMI។ នៅខែកក្កដា ដល់វេនធនាគារកណ្តាលអឺរ៉ុប ដែលជាម្ចាស់បំណុលមួយទៀតដែលរដ្ឋក្រិកត្រូវសងបំណុល។ នៅចុងខែមិថុនានេះ រដ្ឋក្រិក ក៏ត្រូវការថវិកាប្រមាណ ២ពាន់ ២រយលានអឺរ៉ូ ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិករដ្ឋ អ្នកបម្រើការក្នុងសេវាសង្គម ហើយនិងអ្នកចូលនិវត្តន៍។
ជារួម ក្រិកត្រូវការកញ្ចប់លុយ ៧ពាន់ ២រយលានអឺរ៉ូ ដែលម្ចាស់បំណុល ក្រិកធ្លាប់បានសន្យាផ្តល់ឲ្យក្រិក (២៤០ពាន់លានអឺរ៉ូ) ក្នុងកិច្ចព្រមព្រៀង ឆ្នាំ ២០១២។ បើសិនរដ្ឋក្រិក មិនបានទទួលកញ្ចប់លុយនេះទេ នោះ រដ្ឋក្រិក ជួបវិបត្តិក្ស័យធន គឺ រដ្ឋក្រិក នឹងគ្មានលុយក្នុងកេស សម្រាប់ចាយ យកទៅសងបំណុលមូលនិធិរូបិយវត្ថុ ដែលត្រូវកំណត់ នៅថ្ងៃទី ៣០មិថុនានេះ។
ទៅតាមកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រិក នៅឆ្នាំ ២០១២ រដ្ឋាភិបាលក្រិកបានសន្យាកាត់បន្ថយចំណាយសាធារណៈ និងធ្វើនយោបាយរឹតត្បិតថវិកា ទៅតាមការទាមទាររបស់អឺរ៉ុប ដែលជាម្ចាស់បំណុល។ គឺនយោបាយរឹតត្បិតថវិកានេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាលស្តាំនិយមរបស់ក្រិក ចាញ់ឆ្នោត នៅដើមឆ្នាំ ២០១៥ និងបើកផ្លូវឲ្យគណបក្សឆ្វេងនិយម ដែលប្រឆាំងនឹងនយោបាយរឹតត្បិតនេះជាប់ឆ្នោត ដឹកនាំរដ្ឋាភិបាលក្រិកបច្ចុប្បន្ន។
គ្រាន់តែជាប់ឆ្នោតភ្លាម មេដឹកនាំថ្មីរបស់រដ្ឋាភិបាលក្រិក លោកអាឡិចស៊ី ស៊ីប្រាស ដែលចង់ការពារប្រជាជនក្រិកមិនឲ្យរងគ្រោះដោយសារនយោបាយរឹតត្បិតថវិកា បានប្រកាសចង់សើរើ កិច្ចព្រមព្រៀង ទទួលប្រាក់ជំនួយ ជាមួយម្ចាស់បំណុល។ ទី ១ រដ្ឋាភិបាលក្រិកចង់ឲ្យម្ចាស់បំណុលលុបចោលបំណុលពាក់កណ្តាលរបស់ក្រិក និងបន្ទាប់មកត្រូវពន្យារពេល សងប្រាក់បំណុល ពោលគឺធ្វើយ៉ាងណា ទុកពេលឲ្យសេដ្ឋកិច្ចក្រិកមានដង្ហើមដក សិន មុននឹងត្រូវបង្វិលលុយសងម្ចាស់បំណុល។ ក្រិកកាលពី៥ខែមុន ធ្លាប់បានព្រមានដើរចេញពីតំបន់ចាយប្រាក់អឺរ៉ូ បើសិនជាម្ចាស់បំណុលមិនធ្វើសម្បទាន ទៅតាមការស្នើសុំរបស់ក្រិក។
បន្ទាប់មក ដោយសារតែម្ចាស់បំណុល ជាពិសេស អាល្លឺម៉ង់ ដែលឲ្យលុយក្រិកខ្ចីច្រើនជាងគេ នៅតែមានជំហររឹង មិនផ្លាស់ប្តូរពីរឿងកាត់បន្ថយប្រាក់បំណុល រដ្ឋក្រិក ក៏បែរជា ង៉ក់ងរ លែងចង់បន្តធ្វើនយោបាយរឹតត្បិតថវិកា តទៅទៀត។
ជាថ្នូរនឹងការទទួលបានកញ្ចប់ជំនួយចុងក្រោយ ដែលមានតម្លៃ ៧ពាន់ ២រយលានអឺរ៉ូ អឺរ៉ុបបានទាមទារឲ្យរដ្ឋក្រិកកាត់បន្ថយចំណាយសាធារណៈ ដូចជាប្រាក់ខែរបស់អ្នកចូលនិវត្តន៍ កាត់បន្ថយចំនួនបុគ្គលិករដ្ឋ។ ដើម្បីប្រមូលប្រាក់ចូលកេស រដ្ឋក្រិក ក៏ត្រូវដំឡើងពន្ធលើប្រាក់ចំណូល ក៏ដូចជាពន្ធលើតម្លៃបន្ថែម TVAជាដើម។ ចំនុចទាមទាររបស់អឺរ៉ុបត្រូវបានរដ្ឋាភិបាលក្រិករបស់លោកអាឡិចស៊ីស ស៊ីប្រាស បដិសេធ ព្រោះតាមលោក វានឹងរុញច្រានប្រជាជនក្រិកឲ្យកាន់តែក្រ ហើយទាញសេដ្ឋកិច្ចក្រិក ឲ្យធ្លាក់ចុះដល់បាត។
តាមកាសែតក្រិក ចេញផ្សាយ នៅថ្ងៃនេះ នៅក្នុងសំណើចុងក្រោយដែលរដ្ឋាភិបាលក្រិក ដាក់ទៅឲ្យម្ចាស់បំណុលនៅថ្ងៃនេះ រដ្ឋាភិបាលក្រិកបានបន្ទន់ជំហរ បន្តិច ដោយយល់ព្រម បង្កើនប្រាក់ចំណូល តាមរយៈ ការដំឡើង ពន្ធលើប្រាក់ចំណូល។ រដ្ឋក្រិកនឹងកាត់បន្ថយចំណាយយោធា និងត្រៀមខ្លួន ដើម្បីផ្លាស់ប្តូរលើរបបទទួលប្រាក់បៀរវត្សរ៍ សម្រាប់អនាគតអ្នកចូលនិវត្តន៍ ចាប់ពីឆ្នាំ ២០១៦តទៅ។ គេអាចថា ក្រិកបន្ទន់ជំហរ ព្រោះថា ចំណុចទាំងនេះ សុទ្ធតែជាចំណុចប៉ងចង់បានរបស់អឺរ៉ុប ដែលជាម្ចាស់បំណុល។
អឺរ៉ុបមិនមែនជាអ្នកដំបូងធ្វើឲ្យក្រិកដើរនយោបាយរឹតត្បិតថវិកា
រដ្ឋាភិបាលក្រិកធ្លាក់ខ្លួន ជំពាក់បំណុលគេ វណ្ឌក ហើយប្រជាជនក្រិកជួបការលំបាក ដោយសារនយោបាយរឹតត្បិតថវិកា។ ទាំងអស់នេះ មិនមែនជាកំហុសរបស់អឺរ៉ុបនោះទេ។ វិបត្តិប្រាក់បំណុលក្រិកមិនមែនទើបតែកើតមាននៅពេលនេះទេ។ ក្រិក បានដុត ផ្ទុះឆេះវិបត្តិបំណុលនៅ អឺរ៉ុប តាំងពីឆ្នាំ ២០០៩ នៅពេលរដ្ឋាភិបាលសង្គមនិយមរបស់ក្រិក បានប្រកាសថា រដ្ឋក្រិកជួបឱនភាពថវិកាខ្លាំង។ ជាមួយនឹងប្រាក់បំណុលជាតិ ៣៥០ពាន់លានអឺរ៉ូ រដ្ឋាភិបាលក្រិកបានផ្តើមនយោបាយរឹតត្បិតថវិកា តាំងពីឆ្នាំ ២០១០។ ហានិភ័យប្រាក់បំណុលរបស់ក្រិក បានធ្វើឲ្យក្រិកលែងអាចសុំខ្ចីលុយពីអ្នកវិនិយោគឯកជន។ គឺពេលនោះហើយ ដែលតំបន់ចាយប្រាក់អឺរ៉ូ បានសហការគ្នា ជាមួយមូលនិធិរូបិយវត្ថុ បានលូកដៃ អន្តរាគមន៍ ដោយបានផ្តល់ប្រាក់កម្ចី ១០០ពាន់លានអឺរ៉ូ ដល់រដ្ឋាភិបាលក្រិក ជាថ្នូរនឹងនយោបាយរឹតត្បិតថវិកាបន្ថែម។ មួយឆ្នាំក្រោយមក តំបន់ចាយប្រាក់អឺរ៉ូបានបង្កើតផែនការជួយស្រោចស្រង់សេដ្ឋកិច្ចម្តងទៀត ដោយលើកនេះ បានសន្យាផ្តល់ថវិកា ១៣០ពាន់លានអឺរ៉ូ ដែលនៅក្នុងនោះ ក៏មានផងដែរ ការលុបចោលបំណុល១០០ពាន់លានអឺរ៉ូ ដែលក្រិកជំពាក់ក្រុមអ្នកវិនិយោគឯកជន។
តំបន់ចាយប្រាក់អឺរ៉ូបានចាក់លុយរាប់ពាន់លានអឺរ៉ូ តាំងពីឆ្នាំ ២០១០ ប៉ុន្តែ ក្រិកនៅតែមិនអាចប្រើលុយជំនួយ ដើម្បីដកខ្លួនឲ្យចេញរួចពីវិបត្តិប្រាក់បំណុល។ អំពើពុករលួយ ការគ្រប់គ្រងមិនបានល្អ របស់រដ្ឋាភិបាល ទៅលើចំណាយសាធារណៈ ក៏ដូចជាការចាយលុយខ្ជះខ្ជាយ ជាមូលហេតុដែលធ្វើឲ្យក្រិកនៅតែជាប់វណ្ឌក នឹងប្រាក់បំណុល។ ប្រាក់បំណុលនៅតែច្រើន នយោបាយរឹតត្បិតថវិកាទៀតសោតបានទប់ស្កាត់ក្រិកមិនឲ្យជូប កំណើនសេដ្ឋកិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ