អានតួអត្ថបទ
សហភាពអឺរ៉ុប

អឺរ៉ុប៖ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន

លោកស្នងការអឺរ៉ុប Dimitris Avramopoulos
លោកស្នងការអឺរ៉ុប Dimitris Avramopoulos REUTERS/Francois Lenoir
១៦ នាទី

គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​សុក្រ ទី១៤ សីហា​ថា ពិភពលោក​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ជនភៀសខ្លួន​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ទេ គិត​តំាង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២។ យោង​តាម​គណៈកម្មការ​អឺរ៉ុប មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន​កំពុង​ឈឺ​ក្បាល​ពី​កំណើន​សុំ​សិទ្ធិ​ជ្រកកោណ​របស់​ជនភៀសខ្លួន​ទំាង​នោះ។ ទន្ទឹម​គ្នា​នេះ គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ឆ្លៀត​អំពាវនាវ​ដល់​ប្រទេស​អឺរ៉ុប​ឲ្យ​ទទួល​យក​ជនភៀសខ្លួន​ដោយ​ចិត្ត​ស្មោះត្រង់ និង​មនុស្សធម៌។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ទីក្រុង​ព្រុចសែល​ដែល​ស្នងការ​អឺរ៉ុប​លោក Dimitris Avramopoulos បាន​កត់សម្គាល់​ឃើញ​ពី​ការ​លំបាក​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចាត់ចែង គ្រប់គ្រង​លំហូរ​ជនអន្តាប្រវេសន៍​ដែល​ព្យាយាម​ធ្វើ​ដំណើរ​មក​ជ្រកកោណ​ក្នុង​ដែនដី​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ លោក​ស្នងការ​អឺរ៉ុប​ក៏​បាន​ឆ្លៀត​រម្លឹក​ពី​ការ​ដែល​សហភាព​អឺរ៉ុប​បាន​កសាង​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​សាមគ្កីភាព​ជាមួយ​អ្នកដទៃ​ដែល​ត្រូវ​ការ​ជំនួយ និង​ថា អ្នក​ត្រូវ​ការ​ជំនួយ​ទំាង​នោះ សុទ្ធសឹង​ជា​មនុស្សលោក និង​ជា​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម។

ការ​ថ្លែង​របស់​លោក​ស្នងការ​អឺរ៉ុប​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក​រដ្ឋមន្រ្តី​ក្រសួង​អន្តោប្រវេសន៍ ព្រម​ទំាង​ចៅស្រុក​កោះ Kos ក្នុង​ប្រទេស​ក្រិក។ កោះ Kos ដែល​កំពុង​ប្រឈម​នឹង​កំណើន​លំហូរ​ជនភៀខ្លួន​ស៊ីរី និង​អាហ្វហ្កានីស្ថាន​យ៉ាង​ច្រើន​សម្បើម​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ លោក​ស្នងការ​អឺរ៉ុប​បាន​លើក​ឡើង​ពី​ស្ថានភាព​អាសន្ន​នៅ​ក្នុង​ប្រទេស​ក្រិក ព្រម​ទំាង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ដូច​ជា​អ៊ីតាលី និង​ហុងគ្រី។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ Dimitris Avramopoulos បាន​ស្នើ​ឲ្យ​អឺរ៉ុប​រៀបចំ​ទទួល​យក​ជនភៀសខ្លួន​ដោយ​ចិត្ត​ស្មោះត្រង់ និង​មនុស្សធម៌។

គួរ​រម្លឹក​ជូន​ថា​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឡើង​នូវ​វិធានការ​មួយ​ចំនួន​ដល់​សមាជិក​អឺរ៉ុប​ដើម្បី​ជួយ​សម្រាល​បន្ទុក​ពី​ប្រទេស​ខ្លះ​ដែល​កំពុង​ប្រឈម​នឹង​លំហូរ​ជនអន្តោប្រវេសន៍​ច្រើន​ជាង​គេ ពោល​គឺ​បែងចែក​​ចំនួន​កូតា​ដែល​ប្រទេស​អឺរ៉ុប​នីមួយៗ​ត្រូវ​ទទួល​យក​ជនភៀសខ្លួន។ ក្នុង​ខែ​កក្កដា ឆ្នំា ២០១៥ នេះ ប្រទេស​ក្រិក​បាន​ទទួល​ពាក្យ​សុំសិទ្ធិ​ជ្រកកោណ​ដល់​ទៅ ៥០ ០០០នាក់ ពោល​ច្រើន​ជាង​កាល​ពី​មួយ​ឆ្នំា​មុន​ដែល​មាន​តែ ៦ ០០០នាក់​ប៉ុណ្ណោះ។ តែ​ប្រទេស​ក្រិក​នឹង​បញ្ជូន​ជនភៀសខ្លួន​ចំនួន ១៦ ០០០នាក់​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ផ្សេង​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​អនុម័ត​កាល​ពី​ខែ​កក្កដា។

នៅ​ពេល​ខាង​មុខ លោក​ស្នងការ​អឺរ៉ុប​ Dimitris Avramopoulos នឹង​បន្ត​ដំណើរ​ទៅ​កាន់​តំបន់ Calais ប្រទេស​បារំាង។ តំបន់ Calais ដែល​នា​រយៈពេល​ចុង​ក្រោយ​នេះ​បាន​ប្រឈម​មុខ​នឹង​កំណើន​ជន​បន្លាស់ទី​ដែល​ព្យាយាម​ឆ្លង​តាម​ផ្លូវ​ក្រោម​សមុទ្រ​ទៅ​កាន់​ប្រទេស​អង់គ្លេស។ សម្រាប់​លោក​ស្នងការ​អឺរ៉ុប ពិភពលោក​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​មាន គិត​តំាង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ