អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

សំឡេង ០៦:២១
លោក Justin Trudeau និង​លោក Emmanuel Macron នៅ​ក្រុង​អូតាវ៉ា ថ្ងៃទី៦ មិថុនា ២០១៧
លោក Justin Trudeau និង​លោក Emmanuel Macron នៅ​ក្រុង​អូតាវ៉ា ថ្ងៃទី៦ មិថុនា ២០១៧ REUTERS/Chris Wattie
ដោយ៖ ម៉ម ពិសី

ចាប់ពីថ្ងៃសុក្រ ទី៨មិថុនា នៅទីក្រុងម៉ាល់បេ ខេត្តកេបិក ប្រទេសកាណាដា​ នឹងមានបើកជំនួបកំពូលប្រចាំឆ្នាំ នៃមេដឹកនាំប្រទេសមានសេដ្ឋកិច្ចនាំមុខទាំង៧ប្រទេស។ ជំនួបកំពូល​លើកនេះ ត្រូវស្ថិតក្នុងបរិបទមួយយ៉ាងតានតឹងបំផុត បន្ទាប់ពីរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលខ្ពស់កប់ពពក ហើយបានបង្កជាសង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសធំដ៏ទៃផ្សេងទៀត។​ លោកម៉ាក្រុង​ប្រធានាធិបតីបារាំង​ ដែលបានធ្វើដំណើរទៅដល់កាណាដាដើម្បីចូលរួមជំនួបកំពូលនេះ បានឆ្លៀតចូលនិយាយពិភាក្សា ជាមួយលោកនាយករដ្ឋមន្ត្រីកាណាដា ដើម្បីស្វែងរកគោលជំហររួមមួយ ទប់ទល់នឹងគោលនយោបាយសេដ្ឋកិច្ច ដែលកាន់តែបិទទ្វារទៅៗ របស់សហរដ្ឋ​អាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ។

ផ្សាយពាណិជ្ជកម្ម

រកជំហររួម ដើម្បីទប់ទល់ជាមួយ ដូណាល់ ត្រាំ

បរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ក្នុងពេលនេះ គឺមានភាពតានតឹងសម្បើមណាស់។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង៧ មានបារាំង កាណាដា សហរដ្ឋ​អាមេរិក ជប៉ុន អង់គ្លេស អាល្លឺម៉ង់ និង អ៊ីតាលី វាគឺជាដំណាក់កាលមួយ ដែលត្រូវតែប្រឈម​មុខ​គ្នាដោះស្រាយ។

ប្រភពនៃភាពតានតឹងនេះ គឺរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូល លើផលិតផលដែកថែប និងអាលុយមីញ៉ូម ឡើងខ្ពស់កប់ពពក ដើម្បីពិន័យទៅលើផលិតផលបរទេស។ ជប៉ុន កាណាដា និងប្រទេសធំៗនៅអឺរ៉ុប សុទ្ធតែប្រឆាំងនឹងការសម្រេចនេះ ដោយគេលើកឡើងថា រដ្ឋាភិបាលលោកត្រាំ កំពុងតែធ្វើខុស និងវិធានច្បាប់ពាណិជ្ជកម្មអន្តរជាតិនៃសេដ្ឋកិច្ចទីផ្សារសេរី។

ដូច្នេះហើយ បានជាថ្ងៃទី៧មិថុនានេះ​ លោកEmmanuel Macron និងលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានជួបគ្នាដាច់ដោយឡែក មុនបើកការប្រជុំ ដើម្បីរិះរកគោលជំហររួម។ ក្រោយជួបគ្នានៅក្រុងអូតាវ៉ា មេដឹកនាំទាំង២ បានប្រកាសគោលជំហររួមគ្នាមួយ ដើម្បីជំរុញលើកកំពស់ ទ្រឹស្តី ​“ពហុនិយម”។ គឺទ្រឹស្តីពហុនិយមនេះហើយ ដែលលោកដូណាល់ត្រាំ កំពុងធ្វើឲ្យរង្គោះរង្គើ ក្រឡាប់ចាក់ មិនថា ក្នុងបញ្ហានយោបាយការបរទេស បញ្ហាសេដ្ឋកិច្ច ឬបញ្ហាបរិស្ថានធម្មជាតិជាដើម។

គឺក្នុងន័យនេះហើយ ដែលមេដឹកនាំកាណាដា និងបារាំង បានប្រកាសគោលជំហរថា ត្រូវតែធ្វើការរួមគ្នា ឲ្យខ្ជាប់ខ្ជួន ដើម្បីរកដំណោះស្រាយ ឆ្លើយតបនឹងវិបត្តិភូមិសាស្ត្រនយោបាយអន្តរជាតិ ព្រមទាំងការស្រោចស្រង់ភពផែនដី ពីគ្រោះមហន្តរាយបង្កឡើង​ ដោយការកើនឡើងនូវកំដៅផែនដីជាដើម។ កាណាដា និងបារាំង បានសន្យារួមគ្នា ថានឹងរៀបចំឲ្យមានកិច្ចប្រជុំអន្តរគណរដ្ឋមន្ត្រី រវាងប្រទេសទាំង២ ដើម្បីនិយាយគ្នាពីបញ្ហាសន្តិសុខ និងកងទ័ព ទៀងផង។

ត្រូវនិយាយត្រង់ ជាមួយលោកដូណាល់ ត្រាំ

បើពិនិត្យមើលទៅ គោលគំនិតរបស់លោកត្រាំ ដែលចង់បិទទ្វារខ្ទប់ ការពារតែសេដ្ឋកិច្ចអាមេរិកនោះ គឺវាផ្ទុយស្រឡះដូចមេឃនឹងដី ទៅនឹងទ្រឹស្តី ពហុនិយម នៃពាណិជ្ជកម្មសេរី ដែលបារាំង កាណាដា ក៏ដូចជាប្រទេសធំៗផ្សេងទៀត កំពុងព្យាយាមការពារ។ ការប្រជុំពិភាក្សាគ្នាក្នុងវេទិកាកំពូល G7 ប្រាកដជាមានការប្រទាំងប្រទឹសគ្នា មិនខានទេ។

ចៀសមិនផុតទេ ការដំឡើងសរសៃកដាក់គ្នា ប្រាកដជាកើតមានក្នុងពេលប្រជុំ។ ទាំងបារាំង ទាំងកាណាដា ទាំងជប៉ុន សុទ្ធតែមានគោលជំហរ ប្រឆាំងនឹងអាមេរិកទាំងអស់ ទាក់ទិននឹងការដំឡើងពន្ធថ្មីៗនេះ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា បានថ្លែងថា សណ្តាប់ធ្នាប់នៃពាណិជ្ជកម្មអន្តរជាតិ របស់សកលលោកយើង កំពុងត្រូវបានលោកដូណាល់ ត្រាំ ច្របូកឲ្យរញ្ជួយ ហើយនាពេលនេះ។

ចំណែកលោក Larry Kudlow ទីប្រឹក្សាពិសេសផ្នែកសេដ្ឋកិច្ច របស់សេតវិមានអាមេរិកវិញ បានខិតខំនិយាយ ដើម្បីបន្ធូរស្ថានការណ៍ថា បញ្ហាវាមិនជាធ្ងន់ធ្ងរណាស់ណាទេ គ្រាន់តែមានវិវាទបន្តិចបន្តួចប៉ុណ្ណោះ ដែលបានដូចចានក្នុងរាវ ដែលតែងប៉ះទង្គិចគ្នាជារឿងធម្មតា។

តែយ៉ាងណា បើយើងសង្កេតមើលប៉ុន្មានថ្ងៃចុងក្រោយនេះ បញ្ហានេះមិនមែនតូចតាច​ធម្មតា​ទេ។ វាគឺជាចំណុចចាប់ផ្តើម នៃការផ្ទុះសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក ​ជាមួយនឹងប្រទេសមានសេដ្ឋកិច្ចនាំមុខផ្សេងៗទៀត។ អឺរ៉ុប និង កាណាដា បានខកចិត្តជាខ្លាំង នៅពេលលោកដូណាល់ ត្រាំ សម្រេចអនុវត្តអត្រាពន្ធកប់ពពក មកលើផលិតផល​ខ្លួន។​ កាណាដា បានសម្រេច ដាក់វិធានការតបវិញហើយ តាមរយៈការពិន័យពន្ធ ក្នុងទឹកប្រាក់ ជាង១៦ពាន់លានដុល្លារកាណាដា ទៅលើផលិតផលអាមេរិក។

ដូច្នេះ បើគ្មានដំណោះស្រាយ ពីអាមេរិក ប្រទេសផ្សេងៗនឹងនាំគ្នាដាក់វិធានតបវិញរបៀបនេះ។ អញ្ចឹង ​គឺលែងមានហើយការដោះដូរពាណិជ្ជកម្ម ការប្រកួតប្រជែងដោយសេរី គឺមានតែនយោបាយអត្មានិយមរៀង​ៗ​ខ្លួនប៉ុណ្ណោះ។ ទាក់ទិននឹងជំនួបកំពូល នៅថ្ងៃស្អែកនេះ លោកម៉ាក្រុង បាននិយាយថា ពេលនេះ គឺជា​ពេល ដែល​ត្រូវតែនិយាយជាមួយលោកដូណាល់ ត្រាំ ដោយត្រង់ ឲ្យមានប្រយោជន៍ មិនត្រូវនិយាយដោយ​បញ្ឆិតបញ្ឆៀងទេ។ លោកបន្ថែមថា ការនិយាយដោយត្រង់ មិនមែនមានន័យថា យើងយកលោក​ដូណាល់ ត្រាំ ឬសហរដ្ឋមាមេរិកជាសត្រូវទេ។ គ្រប់គ្នានៅតែជាមិត្ត បើជាមិត្ត ត្រូវតែ​អាចនិយាយត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហានឹងគ្នា។

G7 ក្លាយជា G6+1

និយាយគ្នាដោយត្រង់ តែមិនប្រាកដថា ភាគីសហរដ្ឋអាមេរិក អាចទទួលស្តាប់បាននោះទេ។ កន្លងមកយើងសង្កេតឃើញថា លោកដូណាល់ ត្រាំ មិនងាយចុះចាញ់ ឬស្តាប់ការពន្យល់ហេតុផលពីនរណាទាំងអស់។ ជាមួយនឹងបញ្ហាមួយហើយមួយទៀត យើងសង្កេតឃើញថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ កំពុងដើរបែកឆ្ងាយ ខុសគេតែឯងពីប្រទេសមហាអំណាចផ្សេងទៀត។ មិនថាសំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន សំណុំរឿងអាកាសធាតុ ឥឡូវមក​ដល់​សំណុំ​រឿងពាណិជ្ជកម្មអន្តរជាតិនេះទៀត។

ជំនួបកំពូលរបស់ G7 នៅថ្ងៃទី៨មិថុនានេះ អាចនឹងបរាជ័យ។ បរាជ័យដោយសារតែគ្មានសេចក្តីថ្លែងការណ៍រួម ព្រោះថាភាគីអាមេរិក ប្រាកដជាមិនចុះហត្ថលេខានោះទេ។ វានឹងគ្មានសេចក្តីថ្លែងការណ៍រួមទេ ព្រោះថាគោលជំហររបស់អាមេរិក និងប្រទេស៦ផ្សេងទៀត វាខុសគ្នាស្រលះ ខ្លាំងពេក។ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលលោក​ដូណាល់ ត្រាំ មិនចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម នៅក្រោយជំនួបកំពូលធំរបៀប​នេះ។

ជាក់ស្តែង វេទិកាកំពូល G7នេះ កាលពីឆ្នាំទៅនៅអ៊ីតាលី។ អាមេរិក​មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទេ កាលនោះ ដោយមិនពេញចិត្តលើខ្លឹមសារ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវកំដៅផែនដី។ កាលនោះ លោកដូណាល់ ត្រាំ ទើបតែដកខ្លួនចេញឈប់គោរពសន្ធិសញ្ញាក្រុងប៉ារីស ស្តីពីអាកាសធាតុ។ ក្រោយមកទៀត អាមេរិក ក៏ច្រានចោលសេចក្តីការណ៍រួម របស់ អង្គការ OCDE ដែរ។ ហើយចុងក្រោយនេះ គឺកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច ប្រទេស G7 ដែលទើបតែបិទបញ្ចប់ទៅ ក៏អាមេរិក មិនបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែរ។

មានន័យដូចម្តេច? គឺមានន័យថា អាមេរិកមិនត្រូវ ជាមួយគេផ្សេងទៀតទេ។ យ៉ាងណាមិញ​ លោករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង បានលើកឡើងថា វេទិកាកំពូលនេះ លែងជាវេទិកាកំពូល G7 ទៀតហើយ តែជាវេទិកាកំពូល G6 + 1។ បូក1នោះ គឺអាមេរិកនេះឯង ព្រោះអាមេរិក កំពុងតែផ្តាច់ខ្លួន ខុសគេតែម្នាក់ឯង មិនត្រូវជាមួយគេគ្រប់ៗគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ