បារំាង

លោកហ្រ្វង់ស័រ ហូឡង់៖បារាំង​កំពុង​បន្ត​ទទួលរង​ការ​គំរាមកំហែង​ភេរវនិយម

លោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់ STRINGER / AFP

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធីបតី​ហ្រ្វង់ស័រ ហូឡង់​បាន​ថ្លែង​សារ​ឆ្នាំ​ថ្មី ២០១៦ ទៅ​កាន់​ពលរដ្ឋ​បារាំង​នា​យប់​ថ្ងៃ​ទី៣១ ធ្នូ​វេលា​ម៉ោង ៨យប់​ម៉ោង​ក្នុង​ប្រទេស​បារាំង។ នេះ​ជា​សារ​ឆ្នាំ​ទី៤ របស់​លោក​ហូឡង់​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋបារាំង។ នៅ​ក្នុង​សារ​ដែល​មាន​រយៈពេល​ប្រមាណ ១០នាទី លោក​ហូឡង់​បាន​លើក​ឡើង​ពី​ការ​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​អត់ការងារ​ធ្វើ និង​ការ​គំរាមកំហែង​ភេរវនិយម​ក្នុង​ឆ្នាំ​ថ្មី ២០១៦។

ផ្សាយពាណិជ្ជកម្ម

"ខ្ញុំ​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​លោក អ្នក យើង​នៅ​មិន​បាន​បញ្ចប់​ជាមួយ​ពួក​ភេរវជន​នៅ​ឡើយ​ទេ។ ការ​គំរាមកំហែង​កំពុង​បន្ត​មាន​ជាប់​ជា​ប្រចាំ និង​កំពុង​មាន​កម្រិត​ខ្ពស់​ទៀត​ផង។ ជានិច្ចកាល យើង​តែងតែ​បាន​បង្រ្កាប​អំពើភេរវកម្ម​ទាន់​ពេល។

កាតព្វកិច្ច​របស់​ខ្ញុំ គឺ​ត្រូវ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​លោក អ្នក។ ការពារ​លោក អ្នក គឺ​គេ​ត្រូវ​កំចាត់​ពួក​សភាវៈ​អាក្រក់​ឲ្យ​ដល់​ឫសគល់​របស់​វា​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ ការពារ​លោក អ្នក គឺ​ត្រូវ​ចាត់​វិធានការ​បង្រ្កាប​បណ្តាញ​ភេរវនិយម​នៅ​ទីនេះ​ក្នុង​ទឹកដី​បារាំង។
 
ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋបារាំង​ប្រឈម​មុខ​ដាក់​គ្នា​ឯង និង​សំដៅ​បំបែកបំបាក់​រវាង​ពលរដ្ឋ​បារាំង។ នេះ​ជា​ទង្វើ​ដែល​ក្រុម​ជ្រុលនិយម​ចង់​បាន និង​កំពុង​អនុវត្តន៍។ ខ្ញុំ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត​នូវ​ទង្វើ​វាយប្រហារ​លើ​សាធារណរដ្ឋ​បារាំង​ដែល​មិន​ប្រកាន់​យក​សាសនា​ណា​មួយ​ជា​សាសនា​របស់​រដ្ឋ​ផ្តាច់​មុខ​នោះ​ទេ។
 
ពលរដ្ឋ​បារាំង​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព និង​អនុវត្តន៍​សាសនា​របស់​ខ្លួន។ ទីកន្លែង​សាសនា​មិន​ត្រូវ​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ដូច​ដែល​មាន​នៅ​ក្នុង​សាល​សូត្រធម៌ បន់ស្រន់​របស់​សាសនា​អ៊ីស្លាម​នៅ​កោះ Corse នា​ពេល​ថ្មីៗ​កន្លង​ទៅ​ទេ។
 
កុំ​ថា​ឡើយ​នៅ​ក្នុង​សាល​សូត្រធម៌ បន់ស្រន់​របស់​សាសនា​អ៊ីស្លាម ទោះ​បី​ជា​នៅ​ក្នុង​វិហារ​របស់​សាសនា​ផ្សេង​ទៀត ដូច​យ៉ាង​វិហារ​សាសនា​អ៊ីស្លាម វិហារ​សាសនា​ជ្វីហ្វ ព្រះវិហារ​ព្រះពុទ្ធ​សាសនា ឬ​មួយ​ក៏​វិហារ​សាសនា​កាតូលិក​ក៏​ដោយ ក៏​កាយវិកាយ​របៀប​នេះ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដោយ​ចៀស​មិន​រួច "

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI