រុស្ស៊ី

ក្នុង​សារ​អបអរ​ឆ្នាំថ្មី លោកពូទីន​បាន​ផ្តោត​ជា​បឋម​លើ​តួនាទី​ពួក​យោធា​រុស្ស៊ី

លោក​ប្រធានាធិបតី​រុស្ស៊ីពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ីពូទីន ALEXEY DRUZHININ / SPUTNIK / AFP

ថ្លែង​សារ​ជូនពរ​យប់​មិញ​​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ​កាល​ដែល​នៅ សល់​៥នាទី​ដល់​កណ្តាល​អធ្រាត្រ ឆ្លង ចូលឆ្នាំថ្មី-ឆ្នាំ២០១៦​នេះ លោក​ប្រធានាធិបតី​ពូទីន បាន លើកឡើង​ជា​ពិសេស ពី​តួនាទីរបស់​ពួក​យោធា​រុស្ស៊ី ដែល​កំពុង​បំពេញ​បេសកកម្ម​ខ្លួន នៅ​ឆ្ងាយ ពី​ស្រុកកំណើត ដើម្បី​ការពារ​ផលប្រយោជន៍ជាតិ។

ផ្សាយពាណិជ្ជកម្ម

ជា​ប្រពៃណី​ទៅ​ហើយ ដែល​រៀង​រាល់​ឆ្នាំ ប្រមុខរដ្ឋ​រុស្ស៊ី តែង​ថ្លែង​សារ​ជូនពរ ទៅ​កាន់ ប្រជាពលរដ្ឋ ក្នុង​ឱកាស​ដែល​ឆ្នាំ​ថ្មី​ឈាន​ជិត​មក​ដល់។ លើក​នេះ គាត់​បាន​ចាប់​ផ្តើម គឺ ដោយ លើក​ឡើង ពីគុណូបការៈពួក​យោធា​រុស្ស៊ី ដែល​កំពុង​បំពេញ​ភារកិច្ច​ខាង​ប្រយុទ្ធ ទល់​នឹង ពួក​ភេរវជន។

លោក​ពូទីន​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ចង់​ជូនពរ​ជា​ពិសេស ដល់​ពួក​ទាហាន និង​នាយ​ទាហាន​រុស្ស៊ី​ដែល កំពុងប្រយុទ្ធ ទល់​នឹង​ភេរវនិយម​អន្តរជាតិ នៅ​ឆ្ងាយ​ពី​ស្រុក​ទេស ដើម្បី​ការពារ​ប្រយោជន៍ ប្រទេសជាតិ ដោយ​ព្រម​ជាមួយ​នេះ តែង​សំដែង​ឲ្យ​ឃើញ​នូវ ឆន្ទៈប្តូរ​ប្តេជ្ញ ចរិតលក្ខណៈ​រឹងប៉ឹង។ គួរ​និយាយ​ថា លក្ខណៈ​សម្បត្តិ​បែប​នេះ តែង​ប្រទេស​ជាតិ​ត្រូវ​ការ នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង។ ជោគជ័យ​ប្រទេសជាតិ​ទាំង​មូល អាស្រ័យ​នឹង​ប្រសិទ្ធិភាព​ការងារ និង​សមិទ្ធិផល ពលរដ្ឋ​ម្នាក់ៗ។

ជា​ការ​កត់សម្គាល់ ទោះបី​មេដឹកនាំ​រុស្ស៊ី មិន​បញ្ចេញ​ឈ្មោះ​ប្រទេស ដែល​ពួកយោធា​រុស្ស៊ី កំពុង​ប្រយុទ្ធទល់​នឹង​ភេរវនិយម​ក្តី ក៏​គេ​ដឹង​ជាទូទៅ​ថា ប្រទេស​នោះ​គឺ​ស៊ីរី ជាទី​ដែល​អស់​៣ខែ​ជាប់ មក​ហើយ កងអាកាស​រុស្ស៊ី បន្ត​ធ្វើ​ប្រតិបត្តិការ​វាយកំទេច ទីតាំង​របស់​ពួក​ភេរវជន នៃ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​លើ​ដែនដីស៊ីរី។

លោក​ពូទីន រំលឹក​ថា តាម​ប្រពែណី​ដែល​មាន​ជាប់​ជា​ហូរហែ​មក អ្នកស្រុក​រុស្ស៊ី តែង​ប្រារព្ធ បុណ្យចូលឆ្នាំថ្មី គឺ​ក្នុង​រង្វង់​គ្រួសារ​ដោយ​ជួបជុំ​ជាមួយ​សាច់ញាតិ​ខ្លួន និង​ជាមួយ​មិត្តភ័ក្ត្រ ដ៏ ជំនិតៗ បំផុត។ ព្រមជាមួយ​នេះ គាត់​ក៏​សង្កេតឃើញ​ថា មិនមែន​គ្រប់​តែ​ពលរដ្ឋ​ទេ ដែល​អាច​ធ្វើ បុណ្យ ចូលឆ្នាំថ្មី នៅ​ក្នុង​រង្វង់គ្រួសារ​បាន​ដូច​ចិត្ត។ ​មូលហេតុ មក​ពី ក្នុង​យប់​ឆ្លង​ចូល​ឆ្នាំថ្មី អ្នកខ្លះ ត្រូវ បង្ខំចិត្ត យាម​នៅ​មន្ទីរពេទ្យ ឬ ផលិត​ទំនិញ​ណា​ដែល​មិន​អាច​អាក់​ខាន​បាន បំពេញ កាតព្វកិច្ច​យោធា ធានា​សន្តិសុខ ទាំង​លើ​ដីគោក ទាំង​នៅ​សមុទ្រ ទាំង​ក្នុង​អាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI