អានតួអត្ថបទ
អូទ្រីស

ជំនួបកំពូល​បាល់កង់ ដើម្បី​រកច្រកចេញ​ឲ្យវិបត្តិ​ជនអន្តោប្រវេសន៍ នៅ​អឺរ៉ុប

ជនអន្តោប្រវេសន៍លួច​​ឆ្លង​កាត់​លួសបន្លា​ដែល​រដ្ឋាភិបាល​ហុងគ្រី រាយតាម​ព្រំដែន​ជាមួយ​ប្រទេស​ស៊ែប៊ី
ជនអន្តោប្រវេសន៍លួច​​ឆ្លង​កាត់​លួសបន្លា​ដែល​រដ្ឋាភិបាល​ហុងគ្រី រាយតាម​ព្រំដែន​ជាមួយ​ប្រទេស​ស៊ែប៊ី
ដោយ៖ ឈាង បុប្ផា
1 នាទី

កិច្ចប្រជុំ​កំពូល​ប្រទេស​បាល់កង់ បើក​ធ្វើ នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស នឹង​ផ្តោតសំខាន់​ទៅ​លើ​វិបត្តិ​ជនអន្តោប្រវេសន៍។ នាយក​រដ្ឋមន្រ្តី អាល្លឺម៉ង់ លោកស្រី អង់គែឡា​ ម៉ែរហ្គែល និង​ប្រមុខការបរទេស​អឺរ៉ុប នឹង​ចូលរួម​ក្នុង​ជំនួបប្រជុំ​ជាមួយ ថ្នាក់ដឹកនាំ​របស់​ប្រទេស​បាល់កង់ ដែល​កំពុង​ក្លាយ​ជា​ផ្លូវឆ្លងកាត់​របស់​ជនអន្តោប្រវេសន៍ ឬ​ជនភៀសខ្លួន។ គោលដៅ គឺស្វែងរក​ដំណោះស្រាយ ​ជួយ​ប្រទេស​បាល់កង់ ដែល​កំពុង​ ប្រឈម​នឹង​ការហូរ​ចូល ជន អន្តោប្រវេសន៍ ដែល​មាន​ប្រទេស​អឺរ៉ុប​ខាងលិច​ជា​គោលដៅ​ចុងក្រោយ។ 

ផ្សាយពាណិជ្ជកម្ម

ជនអន្តោប្រវេសន៍ ជាង​៣ពាន់ នាក់ នៅ​បន្តធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស ស៊ែប៊ី ចូល​ក្នុង​ទឹកដី​ហុងគ្រី នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ដែល​ជំនួប​កំពូល​បាល់កង់ បើក​រៀបចំ​ក្នុង​ប្រទេស​អូទ្រីស។ ជំនួប​កំពូល ដែល​ត្រូវ​បាន​ប្រកាស​រៀបចំ តាំង​ពី​ឆ្នាំមុន មាន គោលដៅ​និយាយ​ពី​ការសហការ​ក្នុង​តំបន់ និង​គម្រោង​ពង្រីក​វិសាលភាព សហភាព​អឺរ៉ុប ទៅ​លើ​បណ្តា​ប្រទេស​បាល់កង់ ដែល​មួយចំនួន​នៅ​មិនទាន់​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

 
ក្នុង​រយៈពេល​តែ​៦​ខែ​ដើម​ឆ្នាំ​នេះ ជនអន្តោប្រវេសន៍​ជាង ១សែននាក់ បាន​ប្រើ​ផ្លូវ គោក ដែល​គេ​ហៅថា ផ្លូវ​បាល់កង់ ដើម្បី​ធ្វើ​ដំណើរ​សំដៅ អឺរ៉ុប​ខាងលិច និង​អឺរ៉ុប​ខាងជើង ដែល​មាន​ដូចជា​អាល្លឺម៉ង់ អង់គ្លេស ឬ​ស៊ុយអ៊ែត។ ផ្លូវបាល់កង់ ចាប់ផ្តើម​ពេញ​និយម នៅ​មួយរយៈ​ចុងក្រោយនេះ ព្រោះ​វា​មិនសូវ​គ្រោះថ្នាក់​ខ្លាំង ដល់​ជីវិត ដូចការធ្វើដំណើតាមទូក ក្នុង​សមុទ្រ​មេឌីរ៉ាណេ។

ជនអន្តោប្រវេសន៍​ដែល​ភាគច្រើន​ជា​ជនភៀសខ្លួន​ពី​សង្រ្គាម ក្នុង​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន បាន​ប្រើប្រាស់​ទឹកដី​តួកគី ដើម្បី ឆ្លង​ចូល​ទៅ​ប្រទេស​ក្រិក។ ពួកគេ​ចាកចេញ​ពីក្រិក ចូល​ទៅ ​ប្រទេស​ម៉ាសេដ្វាន រួច មក គឺ ធ្វើដំណើរ​តាម​ឡាន និង​រថភ្លើង​ដើម្បី​ឆ្លងកាត់​ស៊ែប៊ី​ចូល​បន្ត​ទៅ​ក្នុង​ទឹកដី​ហុងគ្រី និង​អូទ្រីស។

អូទ្រីសប្រទេស​ម្ចាស់ផ្ទះ ជំនួប​កំពូល​បាន​ប្រកាស​ត្រៀម​ប្រើ​ទាហាន​៥០០​នាក់​ដើម្បី​ដោះស្រាយ​លំហូរ​ចូល​ជនអន្តោប្រវេសន៍។ ចំណែក ហុងគ្រី វិញ គឺ​ធ្វើខ្លាំង​តែ​ម្តង ដោយ​បាន​សាងសង់​របង​លួស បន្លា​ដែក នៅ​តាម​ព្រំដែន​ភាគខាងត្បូង ជាង ១៧៥​គីឡូម៉ែត្រ ជាប់​ជាមួយ​ប្រទេស​ស៊ែប៊ី។

ជនអន្តោប្រវេសន៍​ធ្វើដំណើរ​ដោយ​សេរី នៅ​ម៉ាសេដ្វាន ស៊ែប៊ី
ស៊ែប៊ី ម៉ាសេដ្វាន ស្ថិតនៅក្នុង​ប្រទេស​បាល់កង់​មែន ប៉ុន្តែ មិនមែន​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទេ។ ជនអន្តោប្រវេសន៍​ទាំងនោះ គ្មាន​ចង់​រស់នៅ តាំងទី ក្នុង​ស៊ែប៊ី ឬ​ម៉ាសេដ្វាន ដូច្នេះ អាជ្ញាធរ​របស់​ប្រទេស​នេះ គ្មាន​អ្វី​ដែល​ត្រូវ​ឈឺក្បាល ទប់ស្កាត់​កុំ​ឲ្យ​ជនអន្តោប្រវេសន៍ ឆ្លងកាត់​ទឹកដី​របស់ខ្លួនដែរ។ គេ​ដឹងថា គោលដៅ​របស់​ជន​អន្តោប្រវេសន៍ គឺ​ទឹកដី​អឺរ៉ុប ដែល​ចាប់ផ្តើម​តាំង​ពី​ប្រទេស​ហុងគ្រី ដែល​ជា​ប្រទេស ព្រំដែន​របស់​អឺរ៉ុប​ និង​ជា​ច្រកចូល​ថ្មី តាម​ផ្លូវគោក របស់​ជនអន្តោប្រវេសន៍ ទៅ​ក្នុង​សហភាព​អឺរ៉ុប។

ហុងគ្រី ​សាងសង់​ជញ្ជាំង ដែក នៅ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ែប៊ី ក៏​ព្រោះ​តែ​ប្រទេស​នេះ លែង​ចង់​ទទួល​ជនភៀសខ្លួន ដែល​បាន​ហូរ​ចូល​មក​ក្នុង​ទឹកដី​របស់ខ្លួន​យ៉ាង​គំហុក។ ត្រូវ​ដឹងថា ទោះបី​ជា​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន​ពី​សង្រ្គាម នៅ​ស៊ីរី អ៊ីរ៉ាក់ មាន គោលដៅ ចង់​ទៅ​ប្រទេស​អឺរ៉ុបខាងជើង​ក្តី ប៉ុន្តែ ហុងគ្រី​ផ្ទាល់ បាន​ទទួល​ពាក្យ​សុំ​ជ្រកកោណ ដល់​ទៅ១សែន​នាក់ គិត​ចាប់តាំង​ពី​ខែ​មករា​កន្លង។ ចំនួន​នេះ វា​ច្រើន​ណាស់ ហើយ​ហុងគ្រី ដែល​មាន​សេដ្ឋកិច្ច​មិន​សូវ​រឹងមាំ​ផងនោះ គឺ​មិន​អាច​ទ្រាំទ្រ ទទួល​ជួយ​ជនភៀសខ្លួន​ទាំង​នោះ​ទេ។

ដើម្បី​ជួយ​ដល់​ប្រទេស​បាល់កង់ ឲ្យ​អាច​ប្រឈម​នឹង​វិបត្តិ​លំហូរជនអន្តោប្រវេសន៍ អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្តល់​ជំនួយ ២លាន៥​សែន​អឺរ៉ូ។ ប៉ុន្តែ ទឹកប្រាក់​ដ៏ស្តួចស្តើងនេះ ទំនង​មិនអាច​ដោះស្រាយ​អ្វីបានទេ ព្រោះ ថា ជា​រៀងរាល់​ថ្ងៃ មាន​ជនអន្តោប្រវេសន៍ ពី​៣ ទៅ ៤​ពាន់​នាក់​ទៅហើយ ដែល​ឆ្លងចូល​ ទៅក្នុង​ប្រទេស​បាល់កង់។

អាល្លឺម៉ង់​ជា​ប្រទេស​អឺរ៉ុប​ដែល​មាន​សមានចិត្ត ច្រើន​ជាងគេ ក្នុង​រឿង​ទទួល​ជនភៀសខ្លួន​ស៊ីរី។ ប៉ុន្តែ អាល្លឺម៉ង់ ដែល​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុង​រឿង​ជនអន្តោប្រវេសន៍ ប្រើទឹកដី​បាល់កង់ ឆ្លងចូល​អឺរ៉ុប ក៏​ព្រោះតែ អាល្លឺម៉ង់ ខ្លាច ក្រែង​មាន​​ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច​មក​ពី​ប្រទេស​កបាល់កង់​ ក្រីក្រ ចូល​ទៅ​បន្លំ​ខ្លួន ក្នុង​ចំណោម​ជនភៀសខ្លួន ដើម្បី ទៅ​រស់នៅ ធ្វើការ​ក្នុង​ប្រទេស​អាល្លឺម៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ