អ៊ុយក្រែន-អាមេរិក-អឺរ៉ុប

មហាបេសកម្ម​ការទូត​របស់​បស្ចិមលោក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ុយក្រែន

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ (រូបឆ្វេង) និង​លោក​ប្រមុខ​ការទូតាមេរិក​ឃ៊ែរី
លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ (រូបឆ្វេង) និង​លោក​ប្រមុខ​ការទូតាមេរិក​ឃ៊ែរី REUTERS/Jim Watson/Pool

ក្រុមប្រទេស​លោកខាងលិច​កំពុង​បន្ត​បេសកកម្ម​ការទូត​យ៉ាង​សកម្ម​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ុយក្រែន​ដោយ​សន្តិវិធី។ បន្ទាប់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្កឺឡា ម៊ែរកិល​ក៏​បាន​ទៅ​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា។ លោក​ចន ឃ៊ែរី​បាន​បញ្ជាក់​ថា អាមេរិក​ចង់​បាន​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ុយក្រែន​ដោយ​សន្តិវិធី តែ​បាន​ឆ្លៀត​ព្រមាន​ថា អាមេរិក​ក៏​មិន​អាច​បិទ​ភ្នែក ធ្វើ គ ធ្វើ​ថ្លង់​នូវ​ចំពោះ​វត្តមាន​រថក្រោះ និង​កម្លំាង​រុស្ស៊ី​ក្នុង​ទឹក​ដី​អ៊ុយក្រែន​បាន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ក្នុង​ទីក្រុង​គៀវ។ លោក​ឃ៊ែរី​បាន​ចង្អុល​មុខ​រុស្ស៊ី​ចំៗ​ថា ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​អ៊ុយក្រែន​អូសបន្លាយ​មក​ដល់​សព្វ​ថ្ងៃ។ យោង​តាម​លោក​ឃ៊ែរី រុស្ស៊ី​ត្រូវ​តែ​ធ្វើ​ការ​ជ្រើសរើស និង​ដែល​ជម្រើស​នោះ​មិនមែន​និយាយ​តែ​មាត់​ទេ គឺ​ត្រូវ​អនុវត្តន៍​ជាក់ស្តែង មាន​ន័យ​ថា ទីក្រុង​ម៉ូស្គូ​ត្រូវ​តែ​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​គោរព​កិច្ចព្រមព្រៀង​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា។ ដោយ​និយាយ​មិន​បញ្ឆិតបញ្ឆៀង លោក​ប្រមុខ​ការទូត​អាមេរិក​បាន​បន្ថែម​ថា អាមេរិក​ចង់​បាន​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី តែ​អាមេរិក​ក៏​មិន​អាច​បិទ​ភ្នែក ធ្វើ​មិនដឹង មិនឮ​ចំពោះ​រថក្រោះ​រុស្ស៊ី​ដែល​បាន​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែន ក៏​ដូច​ជា​វត្តមាន​ទាហាន​រុស្ស៊ី​ចូល​ទៅ​អ៊ុយក្រែន​ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​ពួកឧទ្ទាម​ប្រឆំាង​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ឡើយ។

តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​សន្និសីទកាសែត​នោះ លោក​ចន ឃ៊ែរី​មិន​បាន​លើក​យក​ទៅ​និយាយ​ពី​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន ដូច​ដែល​លោក​ប្រធានាធីបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ​បាន​ទាមទារ និង​ដែល​អាមេរិក​បាន​សន្យា​យក​ទៅ​ពិនិត្យ​នា​ពេល​កន្លង​នោះ​ទេ។ លោក​ឃ៊ែរី​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទំាង​អាមេរិក ទំាង​សហភាពអឺរ៉ុប និង​ក៏​ដូច​ជា​រូប​ប្រធានាធិបតី​អ៊ុយក្រែន​ផ្ទាល់ គ្មាន​នរណា​ម្នាក់​ចង់​ប្រឈម​មុខ​ទល់​នឹង​រុស្ស៊ី​ទេ។ តែ​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន គឺ​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី​ដែល​អាច​ទទួល​យក​បាន​ទំាងអស់​គ្នា។ ក្រៅ​ពី​វត្តមាន​របស់​លោក​ប្រមុខ​ការទូត​អាមេរិក ក៏​មាន​វត្តមាន​លោក​ប្រមុខរដ្ឋបារំាង​ហ្រ្វង់ស័រ ហូឡង់ និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា ម៊ែរកិល​ដែរ​ក្នុង​គៅលដៅ​ស្នើ​ឡើង​នូវ​ដំណោះស្រាយ​ថ្មី​សម្រាប់​វិបត្តិ​អ៊ុយក្រែន។ បន្ទាប់​មក ថ្នាក់ដឹកនំា​អឺរ៉ុប​ទំាង​ពីរ​រូប​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។

វត្តមាន​របស់​ប្រមុខដឹកនំា​អឹរ៉ុប​ទំាង​ពីរ​រូប​នៅ​អ៊ុយក្រែន និង​រុស្ស៊ី​ត្រូវ​បាន​លោក​ឃ៊ែរី​យល់​ឃើញ​ថា ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​រួម​កម្លំាង​គ្នា​រវាង​អាមេរិក និង​អឺរ៉ុប​នៅ​ពី​ក្រោយ​អ៊ុយក្រែន​ដើម្បី​ស្នើ​រុស្ស៊ី​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​បិទបញ្ចប់​ជម្លោះ​នៅ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI