បាតុកម្មប្រឆាំងការដំឡើងថ្លៃអគ្គិសនី ក្នុងរដ្ឋធានីអាមេនី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៩
តាំងពីថ្ងៃ ១៧មិថុនាមក ក្រោយពីឮដំណឹងស្តីអំពីការដំឡើងថ្លៃភ្លើងអគ្គិសនី អ្នកស្រុកនាំគ្នា ធ្វើបាតុកម្មទាមទារពីអាជ្ញាធរអាមេនី ឲ្យលុបទៅវិញទៅ ការសម្រេចចិត្តនេះ។ ទូរទស្សន៍រុស្ស៊ី យោងទៅលើការព្រមានរបស់ស្ថានទូតអាមេរិក នៅក្រុង យេរេវ៉ាន់ ផ្សាយថា មិទ្ទិញតវ៉ានេះ ហាក់បី ធុំក្លិន “បដិវត្តន៍មានពណ៌” ដែលធ្លាប់កើតមានទៅហើយ នៅតាមអតីត សាធារណរដ្ឋសូវៀតខ្លះ។ វិមានក្រេមឡាំង ដែលតាមដានឥតព្រិចភ្នែកឡើយ អំពី ដំណើរ វិវឌ្ឍន៍ទៅនៃព្រឹត្តិការណ៍នេះ សង្ឃឹមថា ស្ថានការណ៍ ក្នុងក្រុង យេរេវ៉ាន់ រដ្ឋធានីអាមេនី ប្រទេសដែលមានមូលដ្ឋានយោធារុស្ស៊ី ស្ថិតនៅ គង់នឹងមានប្រក្រតីភាព ស្រួលបួលវិញ ពុំខាន។
ជាបឋម អំពីមូលហេតុនៃបាតុកម្ម ៖ ក្រុមហ៊ុនអគ្គិសនីរដ្ឋ ដែលមុនដំបូង គ្រោង ដំឡើងថ្លៃភ្លើងនេះ ដល់ទៅ៤០% សម្រេចសម្រួចទៅ សុខចិត្តដំឡើងតែ ១៧% គិតជា ថ្លៃ ជាក់ស្តែង គឺដំឡើងតែ ០,០១៥ដុល្លារ រហូតដល់ ០,១០ដុល្លារ ក្នុង១គីឡូវ៉ាត់។ ទោះយ៉ាង នេះក្តី ក៏បាតុករខ្លះ បានត្អូញ នៅពីមុខពួកអ្នកកាសែតថា ការដំឡើងថ្លៃភ្លើង មុខជានឹង ញ៉ាំងឲ្យ រាល់សេវា រាល់ផលិតកម្ម ដែលប្រើភ្លើងអគ្គិសនី ឡើងថ្លៃ ទៅដែរ ដូច្នេះ វាមុខជា អូសទាញ កម្រិតជីវភាពអ្នកស្រុក ដែល ភាគច្រើនរស់នៅ មិនធូរ ចាយឯណា រឹតតែ យ៉ាប់ ទៅទៀត។ តាមសម្តី បាតុករម្នាក់ នៅអាមេនី ប្រាក់ខែមិនជាខ្ពស់ទេ ដ្បិត បើបាន៥០០ដុល្លារ ក្នុង១ខែ គឺ ចាត់ទុកថា ច្រើនមែនទែន រីឯជាទូទៅ ប្រាក់ខែគឺ ក្នុងចន្លោះពី១០០ ទៅ២០០ ដុល្លារក្នុង១ខែ។
មិទ្ទិញតវ៉ា បានចាប់ផ្តើម គឺនៅថ្ងៃ១៩ មិថុនា ដោយមានអ្នកស្រុកចូលរួម ៣ពាន់នាក់។ លុះកន្លង ផុត៤ថ្ងៃ ទើបប៉ូលិសបានវាតប្រតិបត្តិការបោសសំអាត ដោយក្នុងការប៉ះទង្គិចគ្នានោះ ខាងប៉ូលិស ធ្លាក់ខ្លួនរបួស ១១នាក់ ខាងបាតុកររបួស១៤នាក់ ប៉ុន្តែ ប៉ូលិសបានចាប់ខ្លួន ពួកយុវជនដៃដល់ ដល់ទៅ២៣៧នាក់។ ល្ងាចថ្ងៃ២៣ មិថុនានោះ ពួកគេទាំង ២៣៧នាក់ ត្រូវបានអាជ្ញាធរ ដោះលែង ទៅវិញ។ ដោយចងកំហឹងគុំគួន ពួកបាតុករក៏បានកេណ្ឌគ្នីគ្នាខ្លួន ធ្វើមិទ្ទិញតវ៉ាជាថ្មី លើកនេះ កើនចំនួនដល់ ៦ពាន់នាក់ទៅហើយ។ ដើម្បីការពារខ្លួន ទល់នឹងការបង្ក្រាបជាថ្មី ពីខាងប៉ូលិស គេបានសង់ជាគ្រឿងទស់ទ័ព ផ្សំឡើងពីធុងសម្រាម រាប់សឹបធុង កម្រាស់២ជាន់ ឯណោះ។
ពាក្យស្លោកដែលគេជ្រោងលើកឡើង គឺ “មិនត្រូវមានការលួចប្លន់អ្នកស្រុកទេ” គេថា ការតវ៉ា របស់គេ មានលក្ខណៈសន្តិភាពសុទ្ធសាធ ហើយគ្មានលក្ខណៈនយោបាយ សោះឡើយ។ អ្វី ដែលគេចង់បាន គឺឲ្យលោកប្រធានាធិបតី ប្រកាស ជាសាធារណៈ តាមទូរទស្សន៍ ចាត់ទុកជា មោឃៈ ទៅ សេចក្តីសម្រេចដំឡើងថ្លៃភ្លើងអគ្គិសនី។
ជាការកត់សម្គាល់ បន្ទាប់ពីមានការបង្ក្រាប ដោយប៉ូលិស ស្ថានទូតស.រ.អា. នៅក្រុង យេរេវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ទិតៀនអំពើហិង្សានោះ ហើយទូន្មានអាជ្ញាធរអាមេនី ឲ្យគោរព ការសំដែងដោយសេរី នូវឆន្ទៈប្រជាពលរដ្ឋខ្លួន។ ត្រង់ចំណុចនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នឹក ចងចាំ អំពីការលូកដៃជ្រៀតជ្រែកពីខាងក្រុងវ៉ាស៊ីនតោន ចូលកិច្ចផ្ទៃក្នុងអ៊ុយក្រែន ដោយរំលឹក ថា ពេលដែលពួកជាតិនិយមជ្រុល ធ្វើបាតុកម្ម អុកឡុក អស់រាប់ខែ នៅកណ្តាលក្រុងគៀរ លោក អនុប្រធានាធិបតីអាមេរិក Joe Biden បានទូរស័ព្ទទៅប្រធានាធិតីអ៊ុយក្រែន ពេលនោះ គឺលោក យ៉ានូកូវិច ព្រមានគាត់កុំឲ្យប្រើកម្លាំងអី ទល់នឹងពួកបាតុករ ដែលថា ”ស្លូតបូត”។ ប៉ុន្តែ ពេលដែល ពួកបាតុករអ៊ុយក្រែននោះ បានវាយប្រហារស្រេចតែចិត្ត ទៅលើបូលិស ក្រុងវ៉ាស៊ីតោន បែរទៅជា ធ្វើថ្លង់ធ្វើខ្វាក់ ទៅវិញ។
មធ្យោបាយឃោសនាមហាជនរុស្ស៊ី មើលឃើញ នៅនឹងមិទ្ទិញតវ៉ា ដ៏រ៉ាំរ៉ៃ ក្នុងក្រុង យេរេវ៉ាន់ ថា ធុំក្លិន “បដិវត្តន៍មានពណ៌” ដែលធ្លាប់បានកក្រើកទៅហើយ ក្នុងលំហអតីតសហភាពសូវៀត ហើយ លើកនេះ រំកិលដល់ អាមេនី ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ពីព្រោះ នៅអាមេនី មានអង្គការ ក្រៅរដ្ឋាភិបាល NGO ចំនួនរាប់រយ ឧបត្ថម្ភ ដោយលុយអាមេរិកផ្ទាល់ កំពុងដំណើរការ ជា “រនុកក្នុ” របស់បស្ចិមលោក ប្រចាំនៅអាមេនី។ ពួកសកម្មជននៃអង្គមិទ្ទិញផ្ទាល់ ថែមទាំងហៅ ការតវ៉ារបស់គេនោះថា ជា “បដិវត្តន៍ខ្សែភ្លើង”។
អាមេនី ជាប្រទេសតែមួយគត់ នៅ តំបន់នាយភ្នំកូកាស ដែលរុស្ស៊ី មានមូលដ្ឋានយោធា ប្រចាំការ តាំងពីឆ្នាំ ១៩៩៥មក។ ឈរជើង នៅទីនោះ គឺយោធារុស្ស៊ី ប្រមាណ ៥.០០០នាក់។ រុស្ស៊ី ដាក់ឲ្យស្ថិត ក្នុងភាពត្រៀមប្រយុទ្ធនៅទីនោះ គឺប្រព័ន្ធមីស៊ីល ការពារដែនអាកាស ធុន S-300 ប្រកបដោយ ប្រសិទ្ធិភាពកម្រិតខ្ពស់។ សន្ធិសញ្ញាស្តីអំពីការពន្យារ វត្តមានមូលដ្ឋាននេះ នៅអាមេនី រហូត ដល់ឆ្នាំ២០៤៤ ចែងថា “ ក្នុងករណីមានគ្រោះថ្នាក់ណា ក៏ដោយពីក្រៅ លើប្រទេសអាមេនី នោះ រុស្ស៊ីចាត់ទុកគ្រោះថ្នាក់នេះ គឺ មកលើខ្លួនដែរ”។
មិនតែប៉ុណ្ណោះ ខាងសេដ្ឋកិច្ចវិញ ទោះបី ត្រូវសហភាពអឺរ៉ុប ខំអន្ទង ឲ្យចូល ទៅក្នុង “លំហ សេដ្ឋកិច្ចអឺរ៉ុប” តាមរយៈ កម្មវិធី នៃ៦ប្រទេសជាដៃគូ របស់សហភាពនេះនៅអឺរ៉ុបខាងកើត ក្តី គឺ បេឡារុស អាមេនី ម៉ុលដាវី អ៊ុយក្រែន អាស៊ែរបែហ្សន់ ហ្ស័កហ្ស៊ី ក៏តាំងពីថ្ងៃទី ២មករាឆ្នាំ ២០១៥នេះមក អាមេនី បានក្លាយទៅហើយ ជាសមាជិក នៃ “ សហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី “ រួមជាមួយ ប្រទេសរុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន រួច ចាប់ពីខែកក្កដាខាងមុខទៅ បូកទាំង ជាមួយ ប្រទេស កៀហ្ស៊ីស៊ីស្ថាន ផង។
ជាការកត់សម្គាល់ ក្រៅពីចំណងយោធា និងសេដ្ឋកិច្ច អាមេនី និងរុស្ស៊ី ក៏ កាន់សាសនាដូចគ្នា គឺ គ្រិស្តសាសនា អ័រថូដុក្ស។
គិតមកទល់ ល្ងាចថ្ងៃ២៥មិថុនា ម្សិលមិញ ពេលដែលពីក្នុងចំណោម បាតុករ៦ពាន់នាក់ នៅសល់ តែប៉ុន្មាន រយនាក់ប៉ុណ្ណោះ ដែលនៅ ក្រាញតវ៉ា លើទីលាន កណ្តាលក្រុង យេរេវ៉ាន់ រដ្ឋាភិបាល អាមេនី បានផ្តល់ជាចម្លើយជាក់លាក់ តបនឹងការទាមទាររបស់ពួកគេ។ គឺថា រដ្ឋាភិបាល គ្មានបំណង ពិនិត្យសើរើឡើងវិញឡើយ សេចក្តីសម្រេចរបស់ខ្លួន ប៉ុន្តែ រដ្ឋាភិបាលនឹងរំលែក ប្រាក់ប៉ះប៉ូវ ដល់បណ្តាជនណាដែលយ៉ាប់យ៉ឺនមែនទែន។ សេចក្តីនេះ ប្រកាសដោយលោក នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ គាត់ថ្លែងថា តាមការបូកគុណឃើញរបស់សមត្ថកិច្ច ដោយមកពីការដំឡើងថ្លៃភ្លើង គ្រួសារនីមួយៗ នឹងចំណាយបន្ថែម គឺ ម្តុំ៣ដុល្លារ ក្នុង១ខែ ពីព្រោះ គ្រួសារនីមួយៗ ប្រើជាមធ្យម ក្នុង១ខែៗ គឺភ្លើងបរិមាណ ២០០គីឡូវ៉ាត់។ ក្រោយពីសម្រប យោបល់ ជាមួយលោកប្រធានាធិបតី មានការសម្រេចចិត្តថា ទំហំប្រាក់វិភាគជាជំនួយ នឹង ទទួលបាន ដោយគ្រួសារចំនួន ១០៥.០០០គ្រួសារ ឬ ពលរដ្ឋប្រមាណ ៤០០.០០០នាក់។ សម្រាប់គ្រួសារនីមួយៗ ប្រាក់ជំនួយបែបនេះ គឺ ៥០ដុល្លារ ក្នុង១ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ