នុយក្លេអ៊ែរអ៊ីរ៉ង់៖កិច្ចចរចាផ្តាច់ព្រ័តដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយនៅមុនថ្ងៃទី៣១ មីនា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចចរចា ៥ភាគីបូក១ស្តីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងបន្តធ្វើនៅក្នុងទីក្រុងឡូសាន ប្រទេសស្វ៊ីស។ កិច្ចចរចានៅថ្ងៃសៅរ៍ ទី២៨ មីនានេះ គឺជាកិច្ចចរចាផ្តាច់ព្រ័តដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយឲ្យបានមុនថ្ងៃទី៣១ មីនា។ តែអ្វីជាការកត់សម្គាល់នៅពេលនេះ ចំណុចខ្វែងគំនិតគ្នាមានច្រើន និងដែលការមិនចុះសម្រុងគ្នានោះមិនមានត្រឹមតែរវាងអ៊ីរ៉ង់ និង៥ភាគីបូក១ប៉ុណ្ណោះទេ តែក៏មាននៅផ្ទៃក្នុងរបស់បច្ចិមលោកដែរ។ លោកប្រមុខការទូតបារំាង Laurent Fabius ដែលទើបទៅដល់កន្លែងប្រជុំបានជួបសមភាគីអាមេរិក និងអាល្លឺម៉ង់។
លោក Laurent Fabius គឺប្រមុខការទូតបស្ចិមលោកម្នាក់ក្នុងចំណោមប្រមុខការទូតបស្ចិមលោកដទៃទៀតដែលបានទៅដល់ទីកន្លែងចរចាមុនគេនៅថ្ងៃសៅរ៍នេះ ហើយវត្តមានមុនគេរបស់ប្រមុខការទូតបារំាងរូបនោះក៏មិនមែនជារឿងចៃដន្យដែរ។ មិនចៃដន្យព្រោះថា លោក Laurent Fabius ត្រូវការពិនិត្យផ្ទៀងផ្ទាត់លើចំណុចនីមួយៗឲ្យបានច្បាស់លាស់ទាក់ទងនឹងគម្រោងកិច្ចព្រមព្រៀងជាយថាហេតុស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងអនុម័តជាផ្លូវការ។ លោក Laurent Fabius បានជួបពិភាក្សាជាមួយសមភាគីអាមេរិកលោកចន ឃ៊ែរី និងសមភាគីអាល្លឺម៉ង់លោក Frank Walter Steinmeier។
ភាពសកម្មរបស់លោកប្រមុខការទូតបារំាង Laurent Fabius នាកិច្ចប្រជុំផ្តាច់ព្រ័តស្តីពីរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ពេលនេះមកពីលោកមិនចង់ឃើញសេណារីយ៉ូឆ្នំា ២០១៣ កើតមានជាថ្មីម្តងទៀត។ គឺជាសេណារីយ៉ូដែលភាគីអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើអត្ថបទព្រាងចុងក្រោយមួយតែពីរនាក់ និងដែលភាគីបារំាងបានច្រានចោល។ កាលណោះ ទីក្រុងប៉ារីសបានយល់ឃើញថា អត្ថបទព្រាងចុងក្រោយដែលអ៊ីរ៉ង់ និងអាមេរិកបានឯកភាពគ្នានោះហាក់ដូចជាបានធ្វើសម្បានច្រើនជ្រុលឲ្យអ៊ីរ៉ង់។ នេះហើយជាបញ្ហាដែលភាគីបារំាងមិនចង់ឃើញកើតមានជាថ្មីទេ។
អាមេរិក និងបារំាងដែលចង់បានកិច្ចព្រមព្រៀងត្រឹមត្រូវមួយហាក់ដូចជានៅមិនបានឯកភាពគ្នាលើអត្ថន័យ និងខ្លឹមសារដែលត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងត្រឹមត្រូវនោះទេ។ ទីក្រុងវ៉ាស៊ីនតោនចង់បានកិច្ចព្រមព្រៀងមួយមិនតឹងតែងជ្រុល និងចង់ផ្តល់សម្បទានច្រើនឲ្យអ៊ីរ៉ង់។ តែទីក្រុងប៉ារីសបន្តប្រកាន់ជំហរតឹងរ៉ឹង និងម៉ឹងម៉ាត់ទល់នឹងអ៊ីរ៉ង់។ ដូច្នេះឃើញថា ភាពមិនចុះសម្រុងគ្នាបែរជាកំពុងលេចឡើងនៅក្នុងក្រុមអ្នកចរចាបស្ចិមលោកទៅវិញ។ ត្រង់ចំណុចនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អ្នកដែលទាញបានផលចំណេញច្រើនពីការខ្វែងគ្នានៅផ្ទៃក្នុងក្រុមចរចាបស្ចិមលោកពេលនេះ គឺភាគីអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ