អានតួអត្ថបទ
បារំាង

ប៉ារីស៖នៅ​មាន​បញ្ហា​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោក​ប្រមុខ​ការទូតអាមេរិក​ John Kerry (រូបឆ្វេង) និង​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius
លោក​ប្រមុខ​ការទូតអាមេរិក​ John Kerry (រូបឆ្វេង) និង​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius AFP PHOTO / POOL / REMY DE LA
១៥ នាទី

សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​លោក​ប្រមុខការទូត​បារំាង Laurent Fabius និង​លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Zarif ព្រម​ទំាង​លោក​ប្រមុខ​ការទូត​អាមេរិក John Kerry លើក​យក​ទៅ​ជជែក​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ នៅ​ក្រោយ​ជំនួប​ជាមួយ​លោក Zarif លោក Fabius បាន​ថ្លែង​ថា នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ មុន​នឹង​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ស្មុគស្មាញ។

ផ្សាយពាណិជ្ជកម្ម

បារំាង​បាន​ទទួល​ស្គាល់​ថា មុន​នឹង​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា គេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​ដែល​នៅ​សេសសល់​ជាមុន​សិន។ ទោះ​ជា​យ៉ាង​នេះ​ក្តី បារំាង​បាន​គិត​ថា កិច្ច​សន្ទនា​រវាង​ប្រមុខ​ការទូត​បារំាង និង​ប្រមុខ​ការទូត​អ៊ីរ៉ង់​ពេល​នេះ​បាន​រម្លឹក​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ប៉ារីស​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​មួយ​ដែល​ធានា​ឲ្យ​មាន​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អ៊ីរ៉ង់។ ដោយឡែក និង​ក្រៅ​ពី​មាន​ជំនួប​ជាមួយ​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់ Mohammad Zarif ក៏​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រមុខ​ការទូត​អាមេរិក John Kerry ជិត ១ម៉ោង​ដែរ ហើយ​មុន​នឹង​ជួប​គ្នា​ក្នុង​ទីក្រុង​ប៉ារីស​ពេល​នេះ លោក Kerry និង​លោក Zarif ក៏​បាន​ជួប​គ្នា​រយៈពេល ៦ម៉ោង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

ប្រភព​បស្ចិមលោក​ស្និទ្ធិ​នឹង​រឿង​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឲ្យ​ដឹង​ថា គ្រប់​គ្នា​ចង់​បាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ឲ្យ​បាន​លឿន តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​នៅ​ឡើយ និង​ថា គឺ​ភាគី​អ៊ីរ៉ង់​ទេ​ដែល​នៅ​មិន​ទាន់​ធ្វើ​សម្បទាន​អ្វី​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា។ គួរ​ជម្រាប​ជូន​ថា ទន្ទឹម​នឹង​កិច្ចចរចា​រវាង​ប្រមុខ​ការទូត​បារំាង អ៊ីរ៉ង់ និង​អាមេរិក​ក្នុង​ទីក្រុង​ប៉ារីស ក៏​មាន​កិច្ចចរចា​ស្រប​គ្នា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ដែរ ហើយ​គឺ​នៅ​ថ្ងៃ​អាទិត្យ ទី១៨ ស្អែក​ដែល​កិច្ចចរចា ៥ភាគី បូក១ ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី​ក្នុង​គោលដៅ​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តាច់ព្រាត់​មួយ​ស្តីពី​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ពី​ពេល​នេះ​ដល់​ថ្ងៃទី១ កក្កដា​ខាង​មុខ។

ដោយឡែក រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ក៏​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron លើក​យក​ទៅ​ជជែក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ឱកាស​ទស្សនកិច្ច​របស់​លោក Cameron នៅ​អាមេរិក។ លោក​អូបាម៉ា និង​លោក Cameron បាន​យល់​ឃើញ​ដូច​គ្នា​ថា ក្នុង​កាលៈទេសៈ​នេះ គេ​មិន​គួរ​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ