ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជាង ៣សតវត្សរ៍​ហើយ​ដែល​រុស្ស៊ី​បាន​ចូល​ឆ្នាំថ្មី​តាម​របៀប​អឺរ៉ុប

សំឡេង ០៦:៤៧
រូបភាព​វិមានក្រិមឡាំង​ក្នុង​ប្រទេស​រុស្ស៊ី
រូបភាព​វិមានក្រិមឡាំង​ក្នុង​ប្រទេស​រុស្ស៊ី © Christophe Meneboeuf/Wikipédia

ក្នុង​យប់​ថ្ងៃ​៣១ធ្នូ ឆ្លង​មក​ថ្ងៃ១​មករា ប្រទេស​រុស្ស៊ី បាន​ចូល​ឆ្នាំថ្មី​ជា​លើក ទី ៣១៦ តាម​បែបបទ​អឺរ៉ុប ដោយ​រាប់​ពី​ឆ្នាំ ១៧០០​មក។ ពីព្រោះ​នៅ​រុស្ស៊ី មុន​ឆ្នាំ១៤៩២ ឆ្នាំថ្មី ត្រូវ បាន​រាប់​គឺ​ចាប់​ពី​ខែ​មីនា ហើយ​ក្រោយ​ពី​ឆ្នាំ១៤៩២ ឆ្នាំថ្មី ត្រូវ​បាន​រាប់​ពី​ខែ កញ្ញា។ កំណែទម្រង់ រាប់​ឆ្នាំថ្មី​ពី​ខែ​មករា ត្រូវ​បាន​ធ្វើ ដោយអធិរាជ​នៃ​ចក្រភព​រុស្ស៊ី ព្រះបាទ Pierre Ier Le Grand ដែល បាន​ទៅ​កាន់​អឺរ៉ុបខាងលិច​ជា​លើក​ទី១ ក្នុង​ឆ្នាំ​១៦៩៧-១៦៩៨។ លុះ​ត្រឡប់ មក​ រុស្ស៊ី​វិញ ព្រះអង្គ​ក៏​បាន​អនុវត្ត តាម​អារ្យធម៌​នោះ។ នៅ​រុស្ស៊ី បុណ្យ​ចូល​ឆ្នាំថ្មី ជា​បុណ្យគ្រួសារ​ដ៏​ធំ​បំផុត លុះ​ទាល់​តែ​បច្ចុប្បន្ន ត្រូវ​អាជ្ញាធរ ប្រកាស​ឲ្យ​ឈប់​ធ្វើ​ការ រហូត​ដល់​១០ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់ ទី១០​មករា។

ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់សម្គាល់ ទាំង​នៅ​អឺរ៉ុប​ខាងលិច ទាំង​នៅ​រុស្ស៊ី បុណ្យ​ចូល​ឆ្នាំថ្មី​បានប្រព្រឹត្ត ទៅ មុន​ដំបូង គឺ​តាម​ប្រតិទិន ហៅ​ថា ប្រតិទិន Julien ដាក់​ឲ្យ​ប្រើ​ក្នុង​ឆ្នាំ៤៦ មុន​គ្រិស្តសករាជ ដោយ អធិរាជ​នៃ​ចក្រភព​រ៉ូម៉ាំង ព្រះបាទ Jules Cesar គឺពីរឆ្នាំ មុនព្រះអង្គ ត្រូវ​បាន​ពួក​មន្ត្រី នាំ​គ្នា​ចាក់​សម្លាប់ ក្នុង​ឆ្នាំ ៤៤​មុនគ្រិស្តសករាជ។ លុះ​ក្នុង​ឆ្នាំ ១៥៨២ ជា​ជំនួស​ប្រតិទិន ចាស់​នេះ មាន​ដាក់​ឲ្យប្រើ​គឺ ប្រតិទិន​ថ្មី ហៅ​ថា ប្រតិទិន Gregorien បង្កើត​ឡើង​ដោយ សម្តេច ប៉ាប Gregoire III ដែល​បាន​ធ្វើ​ជា​ប្រមុខ​វិហារ​គ្រិស្តសាសនា​កាតូលិក​ទូទាំងពិភពលោក ពីឆ្នាំ ១៥៧២​ដល់ឆ្នាំ​១៥៨៥។

ប្រតិទិន Julien និង ប្រតិទិន Gregorien ខុស​គ្នា​១៤ថ្ងៃ គឺ​ថា​ថ្ងៃ ១ មករា តាម ប្រតិទិន Gregorien ត្រូវ​នឹង​ថ្ងៃ១៤​មករា តាម ប្រតិទិន Julien។ មក​ពី​មូលហេតុនេះ បាន​ជា​នៅ រុស្ស៊ី រហូត​មក​ទល់​សព្វថ្ងៃ នៅ​តែ​មាន​អ្នកស្រុក​ខ្លះ ធ្វើ​បុណ្យចូល​ឆ្នាំថ្មី ដល់​ទៅ ២ដង គឺ​ក្នុង យប់ ថ្ងៃ៣១ធ្នូ ឆ្លង​ទៅ​ថ្ងៃ​១​មករា រួច​បន្ទាប់​មក គឺ​ក្នុង​យប់​ថ្ងៃ១៣​មករា ឆ្លង​ទៅ​ថ្ងៃ ១៤​មករា ម្តង​ទៀត។ នៅ​រុស្ស៊ី សម័យ​មុនសតវត្សរ៍ ទី១៥ បុណ្យ​ចូល​ឆ្នាំថ្មី មាន​ឈ្មោះ​ថា បុណ្យ ស្វាគមន៍​ថ្ងៃទី១​ឆ្នាំថ្មី ។ ចរិត​ដែល​សម្គាល់ ពិធី​ចូល​ឆ្នាំថ្មី​កាលណោះ គឺ ស្តេច Tsar ដោយ​ដាក់​ព្រះហស្ថលើ គ្រិស្តបដិមា ហៅថា Icone ខិតខំ​ស្តាប់​ពរជ័យ សូត្រ​ដោយ​សម្តេចសង្ឃនៃ​វិហារ​គ្រិស្តសាសនា​អ័រថូដុក្ស ដែល បន្ទាប់​មក​សួរ​ទៅ​ព្រះអង្គ តើ​ទ្រង់​មានសុខភាព​យ៉ាង​ណា​ដែរ រួច​តែង​ឮ ជា​ចម្លើយ​ថា គឺ​ព្រះ​ជា​ម្ចាស់ ដែល​បានប្រទាន សុខភាព​បរិបូណ៌ ដល់​ព្រះករុណាខ្ញុំ។

លុះ​ចាប់​ពី​សតវត្សរ៍​ទី១៨ មក គឺ​ក្នុង​ឆ្នាំ ១៧០០​តែ​ម្តង ស្រប​នឹង​ក្រិត្យ​ចេញដោយ​អធិរាជ Pierre Ier Le Grand ក្នុង​ចក្រភព​រុស្ស៊ី គេ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំថ្មី ដូច​នៅ​តាម​ប្រទេស​ឯ​ទៀត នៃ​ទ្វីប​អឺរ៉ុប គឺ​នៅ​ខែ​មករា ប៉ុន្តែ នៅ​តែ​អនុវត្តប្រតិទិន​ចាស់​ដដែល ប្រតិទិន Julien។ ដោយ ហេតុ​ថា មក​ទល់​ពេល​នោះ រដ្ឋភាគ​ច្រើន​ដាច់​ខាត​នៃ​ទ្វីប​អឺរ៉ុប បាន​ឆ្លង​ទៅ​ប្រើ ប្រតិទិន Gregorien ទៅ​ហើយ បាន​ជា បុណ្យ​ចូល​ឆ្នាំ​នៅ​រុស្ស៊ី ទោះ​បី​ធ្វើ​ក្នុង​ខែ​មករា​ដូច​គ្នា​ក្តី ក៏​ប៉ុន្តែ យឺត​ជាង នៅ​តាម​ប្រទេស​អឺរ៉ុប ដល់​ទៅ​១៤ថ្ងៃ គឺ​ក្នុង​យប់​ថ្ងៃ​១៣ មករា​ឆ្លង​ចូល​ថ្ងៃ១៤​មករា។

ក្រៅ​ពី​ធ្វើ​កំណែទម្រង់​កាលបរិច្ឆេទ​បុណ្យ​ចូល​ឆ្នាំថ្មី អធិរាជ Pierre Ier Le Grand ក៏​បាន​រើ រាជធានី​រុស្ស៊ី ចេញ​ពី​ក្រុង​ម៉ូស្គូ ទៅ​តាំង​នៅ​ក្រុង Saint-Petersbourg ក្នុង​ឆ្នាំ១៧១២។ ក្រោយ​ពី​បដិវត្តន៍​ផ្តួល​របប​រាជានិយម ក្នុង​ឆ្នាំ១៩១៧​មក អំណាច​ថ្មី​នៅ​រុស្ស៊ី គឺ​អំណាច​សូវៀត ក្នុង​ឆ្នាំ​១៩១៨ បាន​ចេញ​ក្រិត្យ​អនុវត្ត​ជា​លើកទី១ របៀប​ចូល​ឆ្នាំ​ថ្មី តាម ប្រតិទិន Gregorien ដូច​នៅ​ទ្វីបអឺរ៉ុប​ជា​ទូទៅ គឺ​ក្នុង​យប់​ថ្ងៃ៣១​ធ្នូ​ឆ្លង​ចូល​ថ្ងៃ​១​មករា។ ប៉ុន្តែ​បុណ្យ​ណូអែល ដែល​ស្ថិត នៅ​ក្រោម​អំណាច គ្រិស្តសាសនា​អ័រថូដុក្ស បន្ត​ប្រព្រឹត្ត​ទៅ រហូតមក​ទល់​សព្វ​ថ្ងៃ តាម​ប្រតទិន Julien ដោយ​យឺត​ជាង ពួក​អ្នក​កាន់​គ្រិស្តសាសនា​កាតូលិក ដល់​ទៅ​១៤ថ្ងៃ គឺ មិនមែន ក្នុង​យប់ ថ្ងៃ​២៤​ធ្នូ​ឆ្លង​ចូល​ថ្ងៃ២៥​ធ្នូ​ទេ តែ​គឺ ក្នុង​យប់​ថ្ងៃ​៦​មករា ឆ្លង​ចូល ៧​មករា។ ហើយ​ក្នុង​ឆ្នាំ ១៩១៨ នោះដែរ អំណាច​សូវៀត បាន​រើ​រដ្ឋធានី​រុស្ស៊ី ចេញ​ពី​ក្រុង Saint-Petersbourg មកតាំង​នៅ ក្រុង​ម៉ូស្គូ​វិញ ពោល​គឺ កន្លង​ផុត​ជាង ២សតវត្សរ៍​មក។

អំណាច​សូវៀត ដោយ​មួរម៉ៅ​នឹង​មជ្ឈដ្ឋាន​សាសនា ក្នុង​ឆ្នាំ១៩២៩ បានប្រកាស​ លុបចោល ជាផ្លូវការ បុណ្យ​ណូអែល​នៅ​រុស្ស៊ី ចំណែក បុណ្យ​ចូល​ឆ្នាំថ្មី ថ្ងៃ​១​មករា ត្រូវ​បាន ប្រកាស​ជា ថ្ងៃ​ធ្វើ​ការ​ធម្មតា លុះ​រហូត​ដល់​ឆ្នាំ ១៩៤៧។ ទើប​ថ្ងៃ​២៣​ធ្នូ​ឆ្នាំ​១៩៤៧ ដែល​រដ្ឋសភា​សហភាព សូវៀត បាន​ចេញ​សេចក្តីសម្រេច ឲ្យ​ប្រជាពលរដ្ឋ​បាន​សម្រាក​នៅ​ថ្ងៃ​១​មករា។ ក្នុង​ប្រទេស​រុស្ស៊ី​សម័យថ្មី ស្រប​នឹង​ច្បាប់​អនុម័ត​ថ្ងៃ​២៥​កញ្ញា​ឆ្នាំ​១៩៩២ ត្រូវ​បាន​ប្រកាស​ជា​ថ្ងៃ ឈប់​ធ្វើការ​ដែរ ក៏​ទាំង​ថ្ងៃទី​២​មករា។ ​ហើយ​ចាប់​ពី​ឆ្នាំ​២០០៥​មក រយៈពេល​ឈប់​ក្នុងឱកាស បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ពន្យារ​ទៅ ពី​ថ្ងៃទី​១​ដល់​ទី៥​មករា ហើយ​ដោយ​បូកនឹង ពេល​បុណ្យ​ណូអែល ថ្ងៃ៦​និង​៧​មករា តាម​គ្រិស្តសាសនា​អ័រថូដុក្ស​ផង ដែល​ជា​សាសនាជាតិ​នៅ​រុស្ស៊ី ថ្ងៃ​ឈប់ ពន្យារ​ទៅ​រហូត​ដល់​១០ថ្ងៃ។

មិនមែន​ចៃដន្យ​ទេ ដែល​សភា​ឌូម៉ា​បាន​អនុម័ត​ច្បាប់​បែប​នេះ ដ្បិត ពួក​អ្នកតំណាងរាស្ត្រ​ទាំង ៤៥០នាក់​នៅ​រុស្ស៊ី ជា​ទម្លាប់​ទៅ​ហើយ គេ​រមែង​ឆ្លៀត​ពេលសម្រាក យ៉ាង​យូរ​នេះ ដែល​សម្រាប់​គេ បាន​ចាប់​ផ្តើម​វិសមកាល​រដូវ​ធ្លាក់​ទឹកកក គឺ​តាំង​ពី​ថ្ងៃ ២៤​ធ្នូ​ម៉្លេះ ហើយ​នឹង​ ចូល​កង​វិញ​លុះ​ថ្ងៃ​១៩​មករា​ឯណោះ ទៅសម្រាក​ជាមួយ​គ្រួសារ​គេ ខ្លះ​នៅ​បរទេស ទៅ​ផង។ ជា​ទម្លាប់​ទៅ​ហើយ កាលណា​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី អង្គការ​សង្គមសាស្ត្រ​នៅ​រុស្ស៊ី តែង​ស្ទង់ មតិ​ប្រជាពលរដ្ឋ តើ​គេ​គ្រោង​ចូល​ឆ្នាំថ្មី​លើក​នេះ នៅ​ទីណា? ចម្លើយ​ដែល​មាន ស​ឲ្យឃើញ​ថា អ្នកស្រុក​ភាគច្រើន​ដាច់ខាត ក្នុង​ចំនួន​ដល់​ទៅ ៧០,៧% ឬ លើស​ពី​ឆ្នាំ​មុន ១១,១% សម្រេច​ថា ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំថ្មី គឺ​នៅ​ផ្ទះ​ខ្លួន​តែ​ម្តង។

ដូច្នេះ មិនមែន​ចៃដន្យ​ទេ ដែល បុណ្យ​ចូល​ឆ្នាំថ្មី មាន​ឈ្មោះ​ថា ជា​បុណ្យ​ក្នុង​គ្រួសារ។ តាំង​ពី​ទ្រនិច​នាឡិកា មិន​ទាន់​ចង្អុល​ម៉ោង ១២​កណ្តាល អធ្រាត្រ​ម៉្លេះ ក្រុម​គ្រួសារ​តែង​ជួបជុំ​គ្នា​នៅ​នឹង​តុ​អាហារ​ចាប់​ផ្តើម​ជូន​ដំណើរ​ឆ្នាំ​ចាស់​ទៅហើយ ដោយ លើក​កែវ បំពេញ​ទៅ​ដោយ​ស្រា​ណា​ក៏​បាន ប៉ុន្តែ ដាច់ខាត​មិនមែន​ស្រា Champagne សោះ​ឡើយ ទាំង​សុំ​ឲ្យ​ឆ្នាំ​ចាស់ នាំ​ទៅ​ជាមួយ​ទៅ គឺរាល់​តែ​អ្វីៗ ដែល​ជា​អកុសល ដែល​ អពមង្គល ហើយ​កាល​ដែល នៅ​សល់ ៥ នាទី ដល់​ម៉ោង​១២យប់ គេ​នាំ​គ្នា​ស្តាប់​តាម​កញ្ចក់ ទូរទស្សន៍ បទអន្តរាគមន៍លោក​ប្រធានាធិបតី​ជូន​ពរ​ប្រជាជន ឲ្យ​បាន​ប្រកប​ដោយ សេចក្តីសុខ និងសុភមង្គល ក្នុងឆ្នាំថ្មី។

ពិត​ជា​នៅ​នាទី កាល​ដែល ជួង​នៃ​នាឡិកា​ប៉ោល វិមាន​ក្រេមឡាំង វាយ​រណ្តំ១២ដង ក្នុង​យប់​ថ្ងៃ​៣១​ធ្នូ ឆ្លង​ចូល ថ្ងៃ​១​មករា ដែល​គេ​នាំ​គ្នា​លើក​កែវ​ស្រា Champagne ទង្គិច​គ្នា ទាំង​ហ៊ោក​ញ្ជ្រៀវ ស្វាគមន៍​ការ​ឈាន​មក​ដល់​នៃ​ ឆ្នាំថ្មី ឆ្នាំ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI