ស្វីស

ស្វ៊ីស៖វេទិកា​សេដ្ឋកិច្ចពិភពលោក​ទី៤៦ គ្រប​ដណ្តប់​ដោយ​រឿង​សេដ្ឋកិច្ច ភេរវនិយម និង​អន្តោប្រវេសន៍

ស្វ៊ីស៖វេទិកា​សេដ្ឋកិច្ចពិភពលោក​ទី៤៦ គ្រប​ដណ្តប់​ដោយ​រឿង​សេដ្ឋកិច្ច ភេរវនិយម និង​អន្តោប្រវេសន៍
ស្វ៊ីស៖វេទិកា​សេដ្ឋកិច្ចពិភពលោក​ទី៤៦ គ្រប​ដណ្តប់​ដោយ​រឿង​សេដ្ឋកិច្ច ភេរវនិយម និង​អន្តោប្រវេសន៍ FABRICE COFFRINI / AFP

ចាប់​ពី​ថ្ងៃ​ពុធ ទី២០ ដល់​ថ្ងៃ​សៅរ៍ ទី២៣ មករា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ (World Economic Forum) លើក​ទី​៤៦ បាន​ផ្តើម​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។ កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ប្រធាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំៗ អ្នក​តំណាង​អង្គការ​សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​តំណាង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ ព្រម​ទាំង​អ្នក​សិល្បករ​ជា​ច្រើន​រូប​ដែល​សរុប​មាន​គ្នា​ជាង ២ ៥០០នាក់។ ប្រធាន​បទ​ផ្លូវការ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៦ ឆ្នាំ​នេះ​គឺ « បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤ ដែល​នឹង​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ពិភពលោក »។

ផ្សាយពាណិជ្ជកម្ម

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ភាសា​បារាំង​ហៅ​ថា « Forum Economique Mondial » ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា « World Economic Forum » បាន​ចាប់​កំណើត​ឡើង​ក្នុង​ឆ្នំា ១៩៧១ ហើយ​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន Forum នេះ​ឡើង គឺ​លោក Klaus Schwab សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ តាំង​​ពី​ពេល​នោះ​មក វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​រៀបចំ​កិច្ចប្រជុំ​ជា​រៀងរាល់​ឆ្នំា​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស។

ជាទូទៅ មាន​ប្រធានបទ​ច្រើន និង​ចម្រុះ​ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទៅ​ជជែក។ ក្រៅ​ពី​ប្រធានបទ​ទាក់ទង​នឹង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ពិភពលោក ក៏​មាន​ប្រធានបទ​ទាក់ទង​នឹង​ផ្នែក​ផ្សេងៗ​ទៀត រួម​មាន បញ្ហា​អាកាសធាតុ​ក្នុង​ភពផែនដី ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រីក្រ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លងរាត្បាត បញ្ហា​មនុស្សធម៌ ឬ​មួយ​ក៏​ជម្លោះ​ប្រដាប់អាវុធ។ ជា​រួម វេទិកា​សេដ្ឋកិច្ច​ពិភពលោក​គឺ​ជា​កន្លែង​ដែល​អ្នក​ចូល​រួម​ត្រូវ​លើក​យក​ទៅ​ជជែក​នូវ​បញ្ហា​សំខាន់ៗ និង​បន្ទាន់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ។

ក្រៅ​ពី​ជា​វេទិកា​សាធារណៈ « World Economic Forum » ក៏​ជា​វេទិកា​នៃ​ជំនួបក្រៅ​ផ្លូវការ​ជា​លក្ខណៈ​ពហុភាគី​រវាង​ប្រមុខ​រដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​ដែល​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។ ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ « World Economic Forum » លើក​ទី៤៦ ឆ្នាំ​នេះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ២៥ ០០នាក់​មក​ពី​ជាង ១០០ប្រទេស​ក្នុង​លោក។

សេដ្ឋកិច្ច​ចិន ជា​ក្បាល​ម៉ាស៊ីន​ទាញ​សេដ្ឋកិច្ច​ពិភពលោក

មាន​សំណុំរឿង​សំខាន់ៗ​ចំនួន ៣ ដែល​កំពុង​គ្របដណ្តប់​ខ្លាំង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៦។ ទី១ ស្ថានភាព​សេដ្ឋកិច្ច​បន្ត​ផុយស្រួយ ទី២ កំណើន​ចំនួន​អំពើភេរវកម្ម​បង្ក​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម និង​ទី៣ វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ទ្វីបអឺរ៉ុប និង​នៅ​ដើមបូព៌ា។ និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ផុយស្រួយ​ក្នុង​លោក​ត្រូវ​បាន​គេ​ផ្តោត​សំខាន់​ខ្លាំង​លើ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​របស់​ចិន។ ចិន​ដែល​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៥ ដែល​មាន ៦,៩%។

៦,៩% ជា​កម្រិត​ទាប​ខ្លាំង​ដែល​ចិន​មិន​ធ្លាប់​មាន​ទេ បើ​គិត​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ។ ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ចិន​មិន​ល្អ​ដែល​ជា​កត្តា​ផុយស្រួយ​​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​សព្វថ្ងៃ និង​ទៅ​អនាគត។ ក្រៅ​ពី​នោះ ក្តី​បារម្ភ​ក៏​ទាក់ទង​នឹង​កំណើន​គម្លាត​ខ្លាំង​រវាង​អ្នក​មាន និង​អ្នកក្រ ពោល​វិបត្តិ​សេដ្ឋកិច្ច​សកល​មិន​ត្រឹម​តែ​មិន​បាន​ប៉ះពាល់​ដល់​ក្រុម​អ្នក​មាន​គ្រាក់ៗ​ប៉ុណ្ណោះ​ទេ តែ​រឹត​តែ​ជួយ​ពួក​គេ​ឲ្យ​មាន​ថែម។

សំណុំរឿង​លេចធ្លោ​ទី២ គឺ​កំណើន​ចំនួន​ភេរវកម្ម​បង្ក​ឡើង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម និង​កំណើន​ឥទ្ធិពល​របស់​អង្គការ​ភេរវិនិយម​មួយ​នេះ និង​សំណុំរឿង​ទី៣ គឺ​ទាក់ទង​នឹង​វិបត្តិ​ជនអន្តោប្រវេសន៍​ដែល​អឺរ៉ុប និង​តំបន់​ដើមបូព៌ា​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ គ្រាន់​តែ​មួយ​ឆ្នាំ ២០១៥ មាន​ជនភៀសខ្លួន​ចំនួន ១លាននាក់​បាន​មក​កាន់​ទ្វីប​អឺរ៉ុប និង​អាច​កើន​មាន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ​បន្ទាប់។ កំណើន​ជន​អន្តោប្រវេសន៍​មិន​ត្រឹម​តែ​ជះផល​វិបាក​ដល់​ប្រទេស​ដែល​ទទួល​យក​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌ ពិសេស​ជះ​លើ​ជនអន្តោប្រវេសន៍​ខ្លួន​ឯង។

កន្លង​មក ប្រទេស​អឺរ៉ុប​ពាក់ព័ន្ធ​បាន​ព្យាយាម​ដោះស្រាយ​លំហូរ​ជនអន្តោប្រវេសន៍​ដោយ​ខ្លួន​ឯង​ទៅ​តាម​លទ្ធភាព​ដែល​មាន។ នៅ​ក្នុង​ដំណោះស្រាយ​នោះ មាន​វិធានការ​ខ្លះ​មនុស្សធម៌ និង​វិធានការ​ក្តៅ ដោយ​បណ្តេញ​ចេញ ឬ​បិទព្រំដែន។ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​នេះ មាន​ការ​លើក​ឡើង​ឲ្យ​មាន​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​ពី​សំណាក់​
ស្ថាប័ន​ឯកជន ដោយ​ចាប់​ផ្តើម​ពី​ប្រធាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​គ្រាក់ៗ​នៅ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI