ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Panama Papers៖​ ភូត​នៅ​នឹង​ហោរ ​ចោរ​នៅ​នឹង​ធនាគារ

សំឡេង ០៥:៣៣
ធនាគារដ៏ធំ​របស់​ស្វីស UBS​ ដែល​ជំនាញ​ខាង​ជួយលាក់​លុយ​ និង​​គេចពន្ធ
ធនាគារដ៏ធំ​របស់​ស្វីស UBS​ ដែល​ជំនាញ​ខាង​ជួយលាក់​លុយ​ និង​​គេចពន្ធ Reuters/Arnd Wiegmann

រឿងអាស្រូវ​Panama Papers​ បាន​បង្ហាញ​ឈ្មោះ​មនុស្ស​ជាច្រើន​នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​យក​លុយ​ចំណូល​ដែល​បាន​មក​ពី​ភាព​មិន​ស្មោះត្រង់​រឺ​​ក៏​ដើម្បី​គេច​វេស​ការ​បង់ពន្ធ​យក​ទៅ​លាក់​នៅ​តាម​ក្រុមហ៊ុន​ខ្មោច​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា។រឿងនេះ​កំពុងតែ​ធ្វើ​ឲ្យ​រញ្ជួយ​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​ព្រមទាំង​នយោបាយ​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ​ ដោយសារ​តែ​ម្នាក់ៗ​ថ្លែង​កប់ៗ​មាត់​ថា​សន្យា​ទប់​ស្កាត់​ការ​គេច​ពន្ធ​រដ្ឋ​តែ​ទី​បំផុត​អ្នក​ដែល​លួច​បន្លំ​ឃុបឃិត​ក្នុង​សកម្មភាព​ខុសច្បាប់​ទាំងនេះ​គឺ​ភាគ​ច្រើន​គ្មាន​នរណា​ក្រៅ​ពី​ធនាគា​ធំៗ​នៅ​ប្រទេស​អឺរ៉ុប​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ប៉ាណាម៉ា ​ឈ្មោះ Mossack Fonseca ​គឺ​ជា​ការិយាល័យ​ច្បាប់ ​ដែល​ទទួល​ចុះបញ្ជី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា ​ដើម្បី​រកស៊ី​នៅ​ប៉ាណាម៉ា។ បញ្ហា​ត្រង់​ថា​ក្រុមហ៊ុន​ដែល​ទៅ​ចុះ​បញ្ជីរ​នៅ​ការិយាល័យ​ច្បាប់​នេះ ​គឺ​ភាគច្រើន​សុទ្ធ​ជា​ក្រុមហ៊ុន​ខ្មោច ​ដែល​មាន​តែឈ្មោះ​ និង​សាច់​ប្រាក់​តែ​ប៉ុណ្ណោះ។ ការ​ធ្វើ​បែប​នេះ​ អាច​មាន​ហេតុផល​ច្រើន​របស់​មនុស្ស​ដែល​ទៅ​រក​សេវា​នេះ ​ដូច​ជា​ដើម្បី​គេចវេស​ពី​ការ​បង់ពន្ធ​ទៅ​ជូន​រដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន​ រឺក៏​ដើម្បី​បិទបាំង​ប្រភព​មិន​ស្មោះត្រង់​នៃ​ចំណូល​របស់​ខ្លួន ​ តួយ៉ាង​ចំណូល​ដែល​បាន​មក​ពី​ការ​ជួញដូរ​គ្រឿង​ញៀន ​អំពើ​ពុករលួយ ​រឺ​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងៗ ​ជាដើម។

 
ធនាគារ​ភាគច្រើន ​ជា​អ្នក​រៀបចំ​ឲ្យ​បើក​ក្រុមហ៊ុន​ខ្មោច៖

ផ្លាកសញ្ញាក្រុមហ៊ុន  Mossack Fonseca ក្នុងក្រុង​ Panama City
ផ្លាកសញ្ញាក្រុមហ៊ុន Mossack Fonseca ក្នុងក្រុង​ Panama City Reuters/Carlos Jasso

ចាប់តាំង​ពី​ក្រុមហ៊ុន ​Mossack Fonseca ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៧ ​ការិយាល័យ​ច្បាប់​នេះ ​ បាន​បង្កើត​ក្រុមហ៊ុន​ខ្មោច​បាន​ចំនួន​២១៤ ៤៨៨ ​ក្រុមហ៊ុន ​ហើយ​ក្នុង​ចំណោម​នោះ ​មាន​ ១៥ ៥៧៩ ​ក្រុមហ៊ុន​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្កើត​ ដោយ​ធនាគារ​ជា​ច្រើន ​ទៅតាម​សំណើរ​របស់​ភ្ញៀវ ​ដែលជា​អ្នក​មាន​ធំៗ​ ដែល​មាន​ប្រាក់​ច្រើន​ត្រូវការ​យក​ទៅ​លាក់ ​រឺ​យក​ទៅ​លាង។ ក្រុមហ៊ុន​ខ្មោច​បញ្ជា​ឲ្យ​បង្កើត​ដោយ​ធនាគារ​ទាំង​នេះ ​ ភាគច្រើន​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ឆ្នាំ​២០០០​ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​ព័ត៌មាន​អន្តរជាតិ​ ICIJ ​មាន​ក្រុមហ៊ុន​ខ្មោច​យ៉ាង​ហោច​ណាស់ ​២០០០​ ដែល​កំពុងតែ​នៅ​មាន​ជីវិត​នៅ​ឡើយ។

៣៦៥​ធនាគារ​ជាប់​ក្នុង​រឿង​អាស្រូវ៖
យោងតាម​ឯកសារ​ដែល​ទើបតែ​បែក​ធ្លាយ ​មាន​សរុប​ទាំង​អស់ ​ធនាគារ​ចំនួន​៣៦៥ ​ធនាគារ ​នៅ​ទូទាំង​ពិភពលោក ​ដែល​បាន​ទៅ​រក​សេវា​បង្កើត​ក្រុមហ៊ុន​ខ្មោច​ ជាមួយ​នឹង​ក្រុមហ៊ុន ​Mossack Fonseca ​របស់​ប៉ាណាម៉ា។ ក្នុង​ចំណោម​ធនាគារ​ទាំង​អស់​នោះ ​មាន​ធនាគារ​អឺរ៉ុប​ជាច្រើន ​ហើយ​សុទ្ធ​តែ​ជា​ធនាគារ​ធំ​គ្រាក់ៗ​ ជាង​គេ​លើ​ពិភព​លោក​តែ​ម្តង។ តួយ៉ាង ​ធនាគារ​ HSBC​ ​របស់​អង់គ្លេស ​ធនាគារ​ស្វីស ​UBC​ និង​ ធនាគារ ​Crédit Suisse ​ធនាគារ​អាល្លឺម៉ង់ ​Deutsch Bank ​ធនាគារ​ស្កង់ឌីណាវ ​Norda​ និង​ធនាគារ​បារាំង​ Société Générale ​ជាដើម។ នៅ​មាន​ធនាគារ​តូច​តែ​ខ្លឹមៗ ​ដ៏ទៃ​ទៀត ​នៅ​ស្វីស​ នៅ​លុចហ្សំបួរ ​និង​នៅ​ម៉ូណាកូ ​ក៏​ជា​ធនាគារ​ឃុបឃិត ​ដែល​បំរើ​សេវា​ បង្វិល​លាក់​លុយ​ខុស​ច្បាប់ ​លុយ​គេចពន្ធ​រាប់រយ​ពាន់​លាន​ដុល្លារ​ផងដែរ។

ឯណាទៅ​ការ​ប្តេជ្ញាចិត្ត ​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​២០ ​ដែល​បាន​ធានាថា​នឹង​ប្រឹងប្រែង​បំបែក​បណ្តាញ​លាក់លុយ ​និង​មូលធន ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ ​ក្រោយ​ពេល​ដែល​ពិភពលោក ​បាន​ស្គាល់​នូវ​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​ធ្ងរ​នោះ?

ថ្វីបើ​មា​នរឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​ ក៏​បន្តែ​គេ​នៅ​តែ​ឃើញ​វិស័យ​ធនាគារ​នៅ​តែ​បន្តធ្វើ​សកម្មភាព​មិន​សូវ​ស្អាតស្អំ ​បែបនេះ​ដដែល ​ហាក់​ដូច​ជា​គ្មាន​ញញើត​នឹង​ច្បាប់​សោះ។ ប្រជាជន​ដែល​ធ្លាប់​តែ​រិះគន់ ​បាន​ឃើញ​នៅ​នឹង​ភ្នែក​កាន់តែ​ច្បាស់ ​ពី​ភាព​អសកម្ម​របស់​រដ្ឋ។ រដ្ឋ​បណ្តោយ​ឲ្យ​ពួក​ធនាគារ ​ធ្វើ​សកម្មភាព​ទុច្ចរិត​ ដោយ​ស្របច្បាប់​ ខណៈ​ដែល​រដ្ឋ​ចំណាយ​ថវិការដ្ឋ​រាប់​ពាន់​លាន ​ដើម្បី​ស្រោចស្រង់​ធនាគារ​មួយ​ចំនួន​ មិន​ឲ្យ​ក្ស័យ​ធន ​កាល​ពី​ឆ្នាំ​២០០៨។ លុយ​រដ្ឋ​ទាំង​នោះ ​គឺ​ជា​លុយ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ​ដែល​ប្រឹងប្រែ​ធ្វើការ​បង់ពន្ធ​ជូន​រដ្ឋ។

ផ្ទុយ​ទៅ​វិញ​ធនាគារ​ធំៗ​ បាន​រក​ស៊ី​ឃុបឃិត ​ជួយ​រៀបចំ​ធ្វើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្មុគស្មាញ ​និង​បញ្ជាឲ្យ​ក្រុមហ៊ុន​ប៉ាណាម៉ា ​បង្កើត​ក្រុមហ៊ុន​ខ្មោច ​ឲ្យ​ភ្ញៀវ​របស់​ខ្លួន​ ដែល​ភាគ​ច្រើន​មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​ប្រាក់​ចំណូល​ដ៏​សន្ធឹកសន្ធាប់​នោះ​ទេ។
 

ប្រជាជនអ៊ីស្លង់ ធ្វើបាតុកម្ម​ទម្លាក់​​នាយករដ្ឋមន្ត្រី​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ Panama Papers
ប្រជាជនអ៊ីស្លង់ ធ្វើបាតុកម្ម​ទម្លាក់​​នាយករដ្ឋមន្ត្រី​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ Panama Papers Reuters

គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ៖
វិធីសាស្ត្រ​មួយ ​ដើម្បី​បំរើ​សេវាកម្ម​ផ្លូវ​ងងឹត​ជូនភ្ញៀវ ​ធនាគារ​ទាំង​នេះ ​ត្រូវ​រំពៃ​រក​ប្រទេស​ណា ​ដែល​គ្មាន​ការ​រិតត្បិត​វិស័យ​ហិរញ្ញវត្ថុ​ល្អិតល្អន់ ​ហើយ​គ្មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ត្រួត​ពិនិត្យ​ពី​ភាព​ស្អាតស្អំ ​តម្លាភាព​នៃ​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង។ ក្នុង​ករណី​ប្រទេស​មួយ​ធ្វើ​កំណែ​ទម្រង់​ ធនាគារ​ទាំងនោះ​វិច​បង្វិច​ទៅ​រក​ប្រទេស​មួយ​ទៀត​ ដើម្បី​បន្ត​សកម្មភាព​លេង​បិទ​ពួននេះ ​ជាមួយ​ប្រទេស​ផ្សេង​ដែល​មាន​អំណោយ​ផល​ល្អ​ជាង​នេះ។

ជាក់ស្តែង ​កាល​ពី​រវាង​ឆ្នាំ​២០០០​ គេ​ពេញនិយម​ណាស់ ​យក​លុយ​ទៅ​កប់​នៅ​ តាម​ក្រុមហ៊ុន​ខ្មោច ​រឺ​ធនាគារ​នៅ​តាម​ប្រទេស ​រឺ​ដែនដី​កូនកោះ​ផ្សេងៗ ​ក្នុង​មហា​សមុទ្រ។ ឧទាហរណ៍ ​ប្រជុំ​កោះ ​Seychelles ​ រឺកោះ​Tortila​ ជាដើម។ តែ​ក្រោយ​មក​ ​គេបាន​រត់​ទៅ​ពួន​ នៅ​តាម​ប្រទេស​មួយ​ចំនួន​វិញ ​ដូចជា ​ប្រទេស​ប៉ាណាម៉ា​ កោះ​ហុងកុង ​និង​ក្រុង​ឌូបៃ។

ដើម្បី​ចំណេញ​ ហ៊ាន​ក្បត់​សីលធម៌​វិជ្ជាជីវៈ៖
ដើម្បី​ប្រាក់​ចំណូល ​ធនាគារ​មិន​ខ្លាច​នឹង​រំលង​ច្បាប់ ​រំលង​ក្របខណ្ឌ​សីលធម៌​ទេ។ ជាមួយ​នឹង​សកម្មភាព​ទាំងអស់​នេះ ​ធនាគារ​អស់​ទាំង​នោះ ​ព្យាយាម​ប្រកែក ​មិន​ទទួល​ខុសត្រូវ​ពី​តួនាទី​ខ្លួន​ ​ដែល​បាន​ឃុបឃិត ​ក្នុង​បណ្តាញ​គេច​ពន្ធរដ្ឋ​ រឺ​បណ្តាញ​លាង​លុយ​ក្រខ្វក់​ទេ។ ធនាគារ​ស្វីស ​UBS​ ធ្លាប់​ត្រូវ​សហរដ្ឋ​អាមេរិក​ពិន័យ្យ​ឲ្យ​សងប្រាក់​៧៨០​លាន​ដុល្លារ ​ពី​បទ​ជួយ​ជនជាតិ​អាមេរិក​ឲ្យ​គេច​ពន្ធរដ្ឋ។ ថ្នាក់​ដឹកនាំ​ម្នាក់ ​របស់​ធនាគារ​នេះ ​ដែល​ដឹង​ពី​សកម្មភាព​ទុច្ចរិត​នេះ ​បាន​ទាំង​ព្រមាន​ប្តឹង​ទៅ​អាជ្ញាធរ​ទៀត​ផង ​ក្រោយ​ពី​ធនាគារ​នេះ ​បាន​ព្យាយាម​បំផ្លាញ​ឯកសារ ​និង​ភស្តុតាង​នានា ​នៅ​ចុង​ឆ្នាំ​២០១០។

សន្យា​ខ្យល់៖
យើង​សង្ឃឹម​ថា ​រឿង​អាស្រូវ​Panama Papers​ដែល​ផ្ទុះឡើង​នា​ពេល​នេះ ​អាច​នឹង​ធ្វើឲ្យ​អាជ្ញាធរ​តាម​ប្រទេស​នៅ​អឺរ៉ុប​ និង​ជា​ពិសេស​ស្ថាប័ន​កំពូល​របស់​សហភាព​អឺរ៉ុប​ បាន​ភ្លឺ​ភ្នែក ​ នឹង​ចាត់​វិធានការ​ឲ្យមាន​ប្រសិទ្ធិភាព។ ច្បាប់​ហិរញ្ញវត្ថុ​ជាច្រើន ​ត្រូវ​បាន​អនុម័ត ​តែ​ប្រសិទ្ធិភាព ​និង​ភាព​ខ្វះចន្លោះ​នៅ​តែ​មាន។

សហភាព​អឺរ៉ុប ​បាន​សន្យាថា​ នៅថ្ងៃ​ទី​១៤​មេសា​ខាងមុខ​នេះ ​និង​ធ្វើ​កំណែទំរង់​ច្បាប់​គណនី​ជាថ្មី ​ ដើម្បី​តំរូវ​ឲ្យ​ក្រុមហ៊ុន​ពហុជាតិ​ធំៗ ​ដែល​មាន​សាខា​គ្រប់​ប្រទេស ​ត្រូវ​លាត​ត្រដាង​តម្លាភាព ​នៃ​សកម្មភាព​សេដ្ឋកិច្ច ​ចំណូល​ចំណាយ​គ្រប់​ខ្ទង់​ នៅ​តាម​ប្រទេស​នីមួយៗ​ ចៀង​វាង​ការ​បង្វិល​ប្រាក់​ចំណូល​ទៅ​ដាក់​ក្នុង​ប្រទេស​មួយ ​ដើម្បី​គេច​ពន្ធ​ពី​ប្រទេស​មួយ​ទៀត។ ហើយ​គម្រោង​មួយ​ទៀត ​គឺ​សហភាព​អឺរ៉ុប​ អាច​នឹង​បង្កើត​ជា​បញ្ជីរ​ខ្មៅ​មួយ​ រាយនាម​ប្រទេស​និង​ក្រុមហ៊ុន​ដែល​រកស៊ី​គេច​ពន្ធ ​និង​លាក់​លុយ ​នៅ​បរទេស។

ដោយឡែក ​ដើម​ឆ្នាំ​២០១៦​នេះ​ លោក​ទេសាភិបាល​ថ្មី ​នៃ​ធនាគារជាតិ​បារាំង ​ដែល​ទើប​តែ​ចូល​កាន់​មុខ​តំណែង ​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​សង្រ្គាម ​ដើម្បី​លប់​បំបាត់​ការ​គេច​ពន្ធរដ្ឋ ​ការលាង​លុយ​ក្រខ្វក់​នៅ​តាម​ក្រុមហ៊ុន​ខ្មោច ​ព្រោះលុយ​មិន​ស្អាតស្អំ​ទាំង​នោះ ​អាច​ត្រូវ​គេ​បង្វិល​យក​ទិញ​អាវុធ​ឲ្យ​ពួក​ភេវកម្ម ​ក៏​អាច​ថា​បាន។ សង្ឃឹម​ថា ​ទាំង​អស់​នេះ ​ នឹង​មិន​មែន​ជា​សន្យា​ខ្យល់​ទៅ​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI