Paracétamol ៖ បារាំង​ប្តូរ​ប្រអប់​ថ្នាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ថ្នាំហួ​ស​កំរិត

សូម​ប្រយ័ត្ន “ប្រើ​ថ្នាំ​លើស​កំរិត = គ្រោះ​ថ្នាក់” នេះ​ជា​សារ​ដែលនឹង​​មាន​សរសេរ​ ជា​ពណ៌​ក្រហម នៅ​ប្រអប់​ថ្នាំ​ ប៉ារ៉ាសេតាម៉ុល Paracetamol។ ​ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ និង​មាន​ប្រើប្រាស់​​ ច្រើន​ជាង​គេ សម្រាប់​ព្យាបាល​ជំងឺ​ក្តៅ​ខ្លួន ចុក ចាប់ ប៉ុន្តែថ្នាំ​ប៉ារ៉ាសេតាម៉ុល នេះ​អាច​ផ្តល់​ហានិភ័យ​ខ្ពស់ និងអាច​​ធ្វើ​ឱ្យ​ខូច​ថ្លើម។

ថ្នាំគ្រាប់ផ្សេងៗ (រូបតំណាង)
ថ្នាំគ្រាប់ផ្សេងៗ (រូបតំណាង) រូបថត : RFI
ផ្សាយពាណិជ្ជកម្ម

ថ្នាំ​ជាង​ពីរ​រយ​មុខ ដែលមាន​បន្សំ​សារធាតុ​សកម្ម​ ប៉ារ៉ាសេតាម៉ុល ( Doliprane Dafalgan Efferagan Tilenol …) ផលិត​នៅ​ប្រទេស​បារាំង​ទាំង​អស់ នឹង​ត្រូវ​មាន​សរសេរ​សារ​បញ្ជាក់​អំពី គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​លើស​កំរិត​ ជា​អក្សរ​ក្រហម​ នៅ​លើ​ប្រអប់។ នេះ​ជា​វិធានការ​ថ្មី​របស់​ភ្នាក់ងារ​ឱសថ​បារាំង ដែល​ទុក​ពេល​៩​ខែ​ឱ្យ​​ក្រុមហ៊ុន​ផលិត​ថ្នាំប្តូរ​ប្រអប់​ថ្នាំ។​

កំរិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល

ចំពោះ​ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​សុទ្ធ គេនឹង​ឃើញ​មាន​សារ​ព្រមាន “ប្រើ​លើស​កំរិត = គ្រោះ​ថ្នាក់” និង​សារ “​ប្រើ​ហួស​ដូស អាច​នឹង​ធ្វើ​ឱ្យ​ខូច​ថ្លើម”​ សរសេរ​នៅ​ខាង​មុខ​ប្រអប់ ហើយ​ខាង​ខ្នង​ប្រអប់ ជា​សារ​បញ្ជាក់​អំពី​រយៈ​ពេល​និង​កំរិត​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ពពួក​ថ្នាំ​ត្រជាក់​ផ្សេង​ទៀត ដែល​មាន​លាយ​ជាតិ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​​ លាយ​ជា​មួយ​សារធាតុ​សកម្ម​ផ្សេង​ទៀត នឹង​មាន​សារ​បញ្ជាក់​ថា​ “សូម​កុំ​ប្រើ​លាយ​ជា​មួយ​ថ្នាំ​ផ្សេង​ទៀត​ដែល​មាន​ជាតិប៉ារ៉ាសេតាម៉ុល”។

ហេតុ​អ្វីត្រូវ​ដាក់​សារ​ព្រមាន ? ​ការ​ផ្តល់​សារ​អាសន្ន នៅ​លើ​ប្រអប់​ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ធ្វើ​ឡើង​ក្នុង​កម្មវត្ថុកាត់​បន្ថយ​គ្រោះ​ហានិភ័យ​បង្ក​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ​ហួស​កំរិត និង​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​ថ្លើម។

​ភ្នាក់ងារ​ឱសថ​បារាំង បាន​ថែម​ទាំង​ផ្តល់​អនុសាសន៍ ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​លេប​ថ្នាំ ក្នុង​កំរិត​ទាប​បំផុត និង​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​ និង​ត្រូវ​ផ្ទៀង​ផ្ទាត់​ថា​គ្មាន​លេប​ថ្នាំ​ផ្សេង​ដែល​មាន​ធាតុ​សកម្ម​ប៉ារ៉ាសេតាម៉ុល ក្នុង​ពេល​តែ​មួយ។ ចំពោះ​អ្នក​មាន​មាឌ​តូច ទម្ងន់​ក្រោម​៥០​គីឡូក្រាម មាន​ជំងឺ​ថ្លើម​ជាប់​នឹង​ខ្លួន មាន​ជំងឺ​តំរងនោម​រ៉ាំរ៉ៃ ញៀន​ស្រា ... សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន មុន​នឹង​លេប​ថ្នាំ​​ពពួក​ប៉ារ៉ាសេតាម៉ុល។

​ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​ដែល​មានគុណភាព​ប្រាកដប្រជា និង​​ប្រសិទ្ធភាព​ខ្ពស់ណាស់ ប្រសិន​យើង​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ​ ប៉ុន្តែការ​មិនគោរព​កំរិត​ប្រើ គឺ​ជា​មូលហេតុ​ទី​មួយ នៃ​គ្រោះ​ថ្នាក់ ខូច​ថ្លើម រហូត​ដល់​ត្រូវ​ប្តូរ​បន្សាំ​ថ្លើម​ថ្មី។ ក្នុង​រយៈ​ពេល​តែ​១០​ឆ្នាំ (២០០៦-២០១៧) ការ​លក់​​ថ្នាំ​ប៉ារ៉ាសេតាម៉ុល សុទ្ធ​ឬ​លាយ​ជាមួយ​សារធាតុ​សកម្មភាព​ផ្សេង​ទៀត បាន​កើន​ឡើង​៥៣%​នៅ​ប្រទេស​បារាំង​ ពោល​គឺ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​ការ​កើន​ឡើង​មួយ​គុណ​បី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI