ពីព័រណ៍យន្តហោះនៅប៉ារីសផ្តោតលើបញ្ហាបរិស្ថាន
ចុះផ្សាយនៅថ្ងៃ៖
ពិព័រណ៍យន្តហោះអន្តរជាតិនៅក្រុងប៉ារីស ដែលគេតែងតែរៀបចំធ្វើរៀងរាល់ពីរឆ្នាំម្តង បានចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលមួយសប្តាហ៍។ ពិព័រណ៍ដែលគេចង់ផ្តោតទៅលើបញ្ហាបរិស្ថាន ក៏ប៉ុន្តែ គ្រប់ដណ្តប់ទៅដោយការប្រកួតប្រជែងគ្នា រវាងក្រុមហ៊ុនផលិតយន្តហោះគ្រាក់ៗទាំងពីរ គឺ Boeing និង Airbus។
ពិព័រណ៍យន្តហោះអន្តរជាតិក្រុងប៉ារីសតែងតែត្រូវបានគេរៀបចំធ្វើនៅរៀងរាល់ពីរឆ្នាំម្តង ដោយឆ្លាស់គ្នាជាមួយនឹងពិព័រណ៍យន្តហោះនៅអង់គ្លេស។ សម្រាប់ឆ្នាំនេះ ដែលបារាំងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអ.ស.បស្តីពីអាកាសធាតុ ពិព័រណ៍យន្តហោះក្រុងប៉ារីសត្រូវបានគេផ្តោតជាពិសេសទៅលើបញ្ហាបរិស្ថាន ពីព្រោះថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស គឺជាដើមហេតុដ៏ចម្បងមួយ នៃការបញ្ចេញឧស្ម័នដែលនាំឲ្យឡើងកម្តៅផែនដី។
នៅពេញក្នុងអំឡុងពិព័រយន្តហោះមួយសប្តាហ៍នេះ ការតាំងពិព័រណ៍មួយក្រោមប្រធានបទ “ជើងមេឃថ្មីៗ” នឹងត្រូវគេរៀបចំធ្វើឡើង ហើយនៅថ្ងៃព្រហស្បតិ៍ តួអង្គសំខាន់ៗក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ស៊ីវិលនឹងជួបប្រជុំគ្នា ដើម្បីជជែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមវិភាគទានក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទាក់ទងនឹងបញ្ហាបរិស្ថាននេះ ប្រធានបទដែលកំពុងតែពេញនិយមជាងគេ គឺការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផលិតយន្តហោះដែលស៊ីប្រេងតិច ឬបច្ចេកវិទ្យាផលិតយន្តហោះដើរដោយថាមពលអគ្គិសនី។
ក្រៅពីបញ្ហាបរិស្ថាន ពិព័រណ៍យន្តហោះនៅឆ្នាំនេះក៏ចៀសមិនផុតដែរ ពីរឿងប្រកួតប្រជែងគ្នា រវាងក្រុមហ៊ុនផលិតយន្តហោះធំៗទាំងពីរ គឺក្រុមហ៊ុន Boeing របស់អាមេរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប ដែលតែងតែកើតមានឡើងគ្មានខាន នៅរៀងរាល់ពេលមានពិព័រណ៍យន្តហោះម្តងៗ។
ជានិមិត្តរូបនៃការប្រជែងគ្នានេះ លោកហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង បានទៅបើកពិព័រណ៍ ដោយធ្វើដំណើរតាមយន្តហោះថ្មីស្រឡាងបំផុតមួយរបស់ក្រុមហ៊ុន Airbus គឺ យន្តហោះធុន A350 ហើយភ្លាមៗក្រោយពីពិព័រណ៍បានបើកទ្វារជាផ្លូវការ ក្រុមហ៊ុន Airbus បានប្រកាសឲ្យដឹងថា គ្រាន់តែនៅថ្ងៃចន្ទនេះ ដែលជាថ្ងៃទីមួយ ខ្លួនបានចុះកិច្ចសន្យាលក់យន្តហោះជាច្រើនគ្រឿង ដែលមានតម្លៃរហូតដល់ទៅជាង ១៤ពាន់លានដុល្លារ។ ចំណែកឯក្រុមហ៊ុន Boeing វិញ ក៏បានប្រកាសថាបានចុះកិច្ចសន្យាលក់យន្តហោះក្នុងទឹកប្រាក់ជិត ៥ពាន់លានដុល្លារផងដែរ។
គិតមកទល់នឹងពេលនេះ អតិថិជនធំៗ គឺក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា កាតារ និងអារ៉ាប៊ីសាអ៊ូឌីត ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ