ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ធ្លាក់យន្តហោះ A៣២០៖អគ្គនាយក Lufthansa និងGermanwings សន្យា​បន្ត​ជំនួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១ មេសា លោក​ការស្ទែន ស្ប៉ូ (Carsten Spohr) អគ្គនាយក​ក្រុមហ៊ុន អាកាសចរណ៍ Lufthansa និង​លោក​តូម៉ា វីនកែលម៉ាន (Thomas Winkelmann) អគ្គនាយក​ក្រុមហ៊ុនអាកាសចរណ៍ Germanwings របស់​អាល្លឺម៉ង់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ធ្លាក់​យន្តហោះ A៣២០ របស់​ក្រុមហ៊ុន Germanwings កាល​ពី​ថ្ងៃទី២៤ មីនា​ក្នុង​ប្រទេស​បារំាង។ គ្រោះថ្នាក់​ធ្លាក់​ដែល​កាលណោះ​បាន​ផ្តាច់​ជីវិត​មនុស្ស​សរុប ១៥០នាក់។ នៅ​ទីកន្លែង​កើត​ហេតុ អគ្គនាយក​ទំាង​ពីរ​រូប​បាន​គោរព​វិញ្ញាណក្ខន្ធ​​ចំពោះ​ជន​រងគ្រោះ ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​បារំាង​ដែល​បាន​បញ្ជូន​កម្លំាង​ជួយសង្រ្គោះ​គ្រប់ផ្នែក និង​ពិសេស គឺ​បាន​សន្យា​បន្ត​ជំនួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ។ តែ​លោក​ការស្ទែន ស្ប៉ូ និង​លោក​តូម៉ា វីនកែលម៉ាន​មិន​បាន​លើក​ពី​ករណី​Piloteអម អង់ដ្រេអា លូប៊ីត (Andreas Lubitz)។

ធ្លាក់យន្តហោះ A៣២០៖អគ្គនាយក Lufthansa និង Germanwings សន្យា​បន្ត​ជំនួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ
ធ្លាក់យន្តហោះ A៣២០៖អគ្គនាយក Lufthansa និង Germanwings សន្យា​បន្ត​ជំនួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ REUTERS/Jean-Paul Pelissier
ផ្សាយពាណិជ្ជកម្ម

មួយ​សប្តាហ៍​គត់​ដែល​យន្តហោះ Airbus A៣២០ មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Germanwings បាន​ធ្លាក់​ក្នុង​ជ្រលង​ភ្នំ​ផ្ទុះ​ឆេះ​ខ្ទេច​គ្មាន​សល់​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារំាង​កាល​ពី​ថ្ងៃទី២៤ មីនា​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ទំាង ១៥០នាក់​គ្មាន​សល់​ម្នាក់។ មួយ​សប្តាហ៍​ក្រោយ​មក​នៅ​ថ្ងៃ​នេះ លោក​ការស្ទែន ស្ប៉ូ (Carsten Spohr) អគ្គនាយក​ក្រុមហ៊ុន អាកាសចរណ៍ Lufthansa និង​លោក​តូម៉ា វីនកែលម៉ាន (Thomas Winkelmann) អគ្គនាយក​ក្រុមហ៊ុនអាកាសចរណ៍ Germanwings របស់​អាល្លឺម៉ង់​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​កាន់​ទីកន្លែង​យន្តហោះ​ធ្លាក់។ នៅ​ទីនោះ អគ្គនាយក​ទំាង​ពីរ​រូប​បាន​យក​កម្រងផ្កា​ទៅ​ដាក់​នៅ​ពី​មុខ​ស្តូប​ថ្ម​តូច​មួយ​ដើម្បី​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​ទំាង ១៥០នាក់។

បន្ទាប់​មក លោក​ការស្ទែន ស្ប៉ូ​ដែល​ឈរ​ក្បែរ​ដោយ​លោក​តូម៉ា វីនកែលម៉ាន ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​បារំាង ពិសេស​កម្លំាងជំនួយ​គ្រប់​ផ្នែក មាន​តំាង​ពី​ប៉ូលិស ទាហាន ក្រុមពន្លត់​អគ្គីភ័យ ក្រុមអ្នសើបអង្កេត និង​ក្រុមគ្រូពេទ្យ​ដែល​បាន​ខ្នះខ្នែង​ធ្វើ​ការ​វិភាគ​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ម្នាក់ៗ​​សម្រាប់​ផ្តល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​គេ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រៀងៗ​​ខ្លួន។ បន្ទាប់​មក​ទៀត និង​អ្វី​ដែល​ថ្នាក់ដឹកនំា​ក្រុមហ៊ុន​អាកាសចរណ៍​ទំាង​នាក់​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ពាក្យ​សន្យា​ផ្តល់​ជំនួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​លោក​ការស្ទែន ស្ប៉ូ​បាន​បញ្ជាក់​ថា នឹង​មាន​ជា​បន្ត​ទៀត​ប្រសិន​បើ​ចំា​បាច់។

គួរ​បញ្ជាក់​ថា កន្លែង​ធ្លាក់​យន្តហោះ​នោះ ជា​តំបន់ព្រៃ​ភ្នំ​ដែល​គ្មាន​ផ្លូវ​បរ​ឡាន​ចូល​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ រដ្ឋអំណាច​បារំាង​បាន​កាប់​ឆ្ការ​ព្រៃ​ដើម្បី​ធ្វើ​ផ្លូវ​ប្រវែង ៤គីឡូម៉ែត្រ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សាច់ញាតិ​របស់​គេ។ ពិត​ណាស់​ថា ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ វត្តមាន និង​កាយវិការ​របស់​ថ្នាក់ដឹកនំា​ក្រុមហ៊ុន​អាកាសចរណ៍​ទំាង​ពីរ​នាក់​នៅ​កន្លែង​គ្រោះថ្នាក់​ពេល​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​មិន​ធ្វើ​ព្រងើយកន្តើយ​របស់​ក្រុមហ៊ុន ពិសេស​ពី​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នោះ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ​ហាក់​ដូច​ជា​ខកចិត្ត​ខ្លំាង​នោះ គឺ​ការ​ដែល​លោក​ការស្ទែន ស្ប៉ូ និង​លោក​តូម៉ា វីនកែលម៉ាន​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​សោះ​ពី​ករណី​ពីឡុតអម ឬ ពីឡុតជំនួយ (copilote) ឈ្មោះ​អង់ដ្រេអា លូប៊ីត (Andreas Lubitz)។ សូម្បី​តែ​មួយ​សំណួរ​របស់​អ្នកកាសែត​ក៏​លោក​ការស្ទែន ស្ប៉ូ និង​លោក​តូម៉ា វីនកែលម៉ាន​មិន​ព្រម​ឆ្លើយ​ដែរ។

តើ​នេះ មក​ពី​មូលហេតុ​អ្វី​ទៅ និង​ថា តើ​ថ្នាក់ដឹកនំា​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់​ទំាង​ពីរ​នាក់​កំពុង​លាក់កំបំាង​រឿង​អ្វី​ខ្លះ​ទាក់ទង​នឹង​រូប​ពីឡុតអម​អង់ដ្រេអា លូប៊ីត (Andreas) នោះ?

គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​យ៉ាង​ណា​ទេ​ចំពោះ​សំណួរ​ខាង​លើ។ អ្វី​ដែល​គេ​ដឹង ប៉ុន្មាន​ថ្ងៃ​ក្រោយ​គ្រោះថ្នាក់ ពោល​បន្ទាប់​ពី​បាន​រក​ឃើញ និង​ធ្វើ​ការ​វិភាគ​លើ​ប្រអប់ខ្មៅ​ទី១ មក គឺ​រូប​ពីឡុតជំនួយ​អង់ដ្រេអា លូប៊ីត (Andreas) នោះ​ឯង​ដែល​បាន​ក្លាយ​ជា​ផ្ទំាងស៊ីប​តែ​មួយ​គត់​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ A៣២០ កាល​ពី​មួយ​សប្តាហ៍​មុន។ ជា​រៀងរាល់​ថ្ងៃ​ពេញ​មួយ​សប្តាហ៍​កន្លង​ទៅ គេ​បាន​ឮ​ព័ត៌មាន​ទាក់ទង​នឹង​រូប​អង់ដ្រេអា លូប៊ីត​គ្មាន​រលួស​ថ្ងៃ​ណា​មួយ​ទេ ហើយ​ជា​ទូទៅ សុទ្ធសឹង​ជា​ព័ត៌មាន​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ខឹងសម្បារ​កាន់​តែ​ខ្លំាង ពោល​នៅ​ពេល​គេ​ដឹង​ថា គឺ​ពីឡុតជំនួយ​ជា​អ្នក​បើក​យន្តហោះ​សំដៅ​បុក​ភ្នំកម្ទេច​ចោល​ដោយ​ចេតនា។

បន្តិច​ម្តងៗ គេ​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​អត្តសញ្ញាណ គោលបំណង និង​រឿង​អតីតកាល​របស់​ពីឡុតជំនួយ​អង់ដ្រេអា លូប៊ីត​ដែល​ក្រុមហ៊ុន Germanwings មិន​គួរ​ណា​ទុក​បណ្តោយ​ឲ្យ​បើក​យន្តហោះ​ដល់​ថ្ងៃ​មាន​គ្រោះថ្នាក់​នោះ​ទេ។ ពី​ដំបូង ព័ត៌មាន​ចេញ​មក​ពី​ប្រភព​ផ្សេងៗ​បាន​និយាយ​ច្រើន​ពី​ជម្ងឺ និង​ពី​ការ​ខូចចិត្ត​កើត​ចេញ​ពី​វិបត្តិ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​របស់​អង់ដ្រេអា លូប៊ីត និង​ដែល​រូប​គេ​បាន​លាក់បំាង​មិន​ប្រាប់ Germanwings ឡើយ។ ចំណែក Germanwings ក៏​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ព័ត៌មាន​ទំាង​អស់​នោះ។ គឺ​ទើប​តែ​នៅ​ថ្ងៃទី៣១ មីនា​ថ្មីៗ​នេះ​ទេ​ដែល Lufthansa ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Germanwings បាន​បញ្ជាក់​ថា រូប​អង់ដ្រេអា លូប៊ីត​ពិត​ជា​បាន​ប្រាប់​ព័ត៌មាន​រឿង​វិបត្តិផ្លូវចិត្ត​របស់​ខ្លួន​ទៅ​ឲ្យ​​សាលាបើកបរ​យន្តហោះ​កាល​ពី​ឆ្នំា ២០០៩ មែន បន្ទាប់​ពី​រូប​គេ​បាន​ផ្អាក​ការ​សិក្សា​មួយ​រយៈ​មក។

នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ Lufthansa បាន​ពន្យល់​បក​ស្រាយ​ថា ខ្លួន​បាន​រក​ឃើញ​ព័ត៌មាន​នេះ​នៅ​ក្នុង​សារអេឡិចត្រូនិច​​របស់​អង់ដ្រេអា លូប៊ីត​ដែល​ផ្ញើ​ទៅ​ឲ្យ​សាលាបើកបរ​យន្តហោះ។ តែ​បញ្ហា​នៅ​ត្រង់​ថា ទីបំផុត រូប​អង់ដ្រេអា លូប៊ីត​នៅ​តែ​ទទួល​បាន​សំបុត្រពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​រូប​គេ​អាច​បើក​យន្តហោះ​បាន​ដដែល។ ព័ត៌មាន​ថ្មី​មួយ​ទៀត​ដែល Lufthansa និង Germanwings នៅ​មិន​ទាន់​បញ្ជាក់​នោះ គឺ​ទាក់ទង​នឹង​រូបភាព​មួយ​ចេញ​ពី​ទូរស័ព្ទដៃ​របស់​អ្នកដំណើរ​ដែល​គេ​រក​ឃើញ​នៅ​កន្លែង​គ្រោះថ្នាក់។ គឺ​ជា​រូបភាព​ដែល​បង្ហាញ​ពី​សម្រែក​ហៅ​ព្រះ​ឲ្យ​ជួយ​របស់​អ្នកដំណើរ​តាម​ភាសា​ខុសៗ​គ្នា​នៅ​ពេល​ដែល​គេ​ដឹង​ខ្លួន​ថា យន្តហោះ​បាន​បន្ទាប​ខ្លួន​ចុះ​ខុស​ពី​ធម្មតា។

ខណៈ​នេះ ការ​ស៊ើបអង្កេត និង​ការ​ស្រាវជ្រាវ​កំពុង​បន្ត​ធ្វើ ពិសេស​ការ​ស្វែង​រក​ប្រអប់ខ្មៅ​ទី២ ទៀត។ តែ​បើ​ផ្អែក​លើ​ភស្តុតាង​ដែល​រក​បាន​កន្លង​មក​នំា​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា ក្រុមហ៊ុន Germanwings ជា​អ្នក​ទទួល​ខុស​ត្រូវ​ទំាង​ស្រុង​ចំពោះ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ និង​អ្នកស្លាប់​ទំាង ១៥០នាក់​​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI