ស្វ៊ីស

ធនាគារ​HSBC​ជាប់​ក្នុង​សំណាញ់​ច្បាប់​ស្វ៊ីស

ធនាគារ​HSBC សាខា​ក្នុង​ប្រទេស​ស្វ៊ីស
ធនាគារ​HSBC សាខា​ក្នុង​ប្រទេស​ស្វ៊ីស REUTERS/Pierre Albouy

ធនាគារ​ស្វ៊ីស​ដែល​ល្បី​ជា​ឋានសួគ៌ ដាក់​លុយ​សម្ងាត់​របស់​ក្រុមអ្នកមាន លែង​បាន​ទទួល​សុខ ដូចមុន​ទៀតហើយ។ បន្ទាប់ពី​ជួប​រឿង​អាស្រូវ​ដោយសារ​ការចុះផ្សាយ​របស់​Swissleak ដែល​បើក​ទម្លាយ​ឲ្យ​ដឹង​ពី​សកម្មភាព​លួចគេចពន្ធ​ជា​លក្ខណៈ​អន្តរជាតិ សាខា​របស់​HSBC នៅ​ប្រទេស​ស្វ៊ីស បាន​ជាប់ខ្លួន​​ម្តងទៀត ក្នុងសំណាញ់​ច្បាប់​ស្វ៊ីស។ កាល​ពី​ថ្ងៃ​ពុធ ទី ១៨ ​កុម្ភៈ រដ្ឋអាជ្ញា​ស្វ៊ីស​បាន​​ប្រកាស​បើក​ការស៊ើបអង្កេត​ឱក្រិដ្ឋកម្ម​មួយ ប្រឆាំង​នឹង​ធនាគារ​មួយនេះ ក្នុង​បទ​លាងលុយ​កខ្វក់។ ឈាង បុប្ផា រាយការណ៍​ព័ត៌មាននេះ។ 

ផ្សាយពាណិជ្ជកម្ម

ក្រសួង​សាធារណៈ​ហ្សឺណែវ ឬ​រដ្ឋអាជ្ញា​ស្វ៊ីស បាន​បញ្ជារ កាលពីថ្ងៃ​ពុធ ឲ្យ​គេ​ចូល​ឆែកឆេរ​ទីស្នាក់ការ​របស់​ធនាគារ​ HSBC សាខា​នៅ​ប្រទេស​ស្វ៊ីស។ ការចុះ​ឆែកឆេរ​នៅ​ក្នុង​ទីស្នាក់ការ​របស់​ HSBC ធ្វើឡើង បន្ទាប់ពី​រដ្ឋអាជ្ញា​បាន​ប្រកាស​បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ធនាគារ ក្នុង​បទ​លាងលុយ ក្នុង​ថ្នាក់​ធ្ងន់ធ្ងរ។

 
កាលពី​ចន្ទ​សប្តាហ៍​មុន កាសែត​បារាំង​Le Monde បាន​ចុះផ្សាយ​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​បាន​ដាក់​លុយ​នៅក្នុង​ធនាគារ​ស៊្វីស HSBC ដើម្បី​លួចបន្លំ គេច មិន​បង់ពន្ធរដ្ឋ។  ធនាគារ​HSBC សាខានៅ​ប្រទេស​ស្វ៊ីស ស្ថិតនៅ​ក្នុង​សំណាញ់​ស៊ើបអង្កេត​របស់​ចៅក្រម​បរទេស ដូចជា បារាំង បែលហ្ស៊ិក ប៉ុន្តែ ធនាគារ​ស្វ៊ីស​នៅតែ​បាន​ទទួល​ការការពារ​ខ្លួន នៅក្នុង​ទឹកដី​របស់ខ្លួន រហូត​ដល់​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ជាលើក​ទីមួយ ធនាគារ​ស្វ៊ីស​ស្ថិត​ក្នុង​សំណាញ់​ច្បាប់​របស់​អាជ្ញាធរ​ស្វ៊ីស។ ចំណាត់ការ​របស់​រដ្ឋអាជ្ញា​ស្វ៊ីស​កំពុង​ធ្វើ​ឲ្យ​ធនាគារ​ស្វ៊ីស​ដែល​ធ្លាប់​តែ​ល្បីឈ្មោះ នោះ​ចុះ​អាប់អោន​មុខមាត់។

នៅ​ក្រោយ​ការចុះ​ឆែកឆេរ​របស់​ប៉ូលិស​យុត្តិធម៌​ស្វ៊ីស ធនាគារ​HSBC សាខា ក្នុង​ប្រទេស​ស្វ៊ីស បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បញ្ជាក់ថា ខ្លួន​បាន​សហការ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ស្វ៊ីស​រហូតមក គឺ​ចាប់តាំង​ពី​មាន​ការលួច​ទិន្នន័យ របស់​ធនាគារ ឆ្នាំ ២០០៨។ កាលពី​សប្តាហ៍មុន បន្ទាប់ពី​បែកលេចធ្លាយ ព័ត៌មាន​Swissleak លោក​ Franco Morra នាយក​ប្រតិបត្តិ​របស់​ធនាគារ​HSBC នៅ​ស្វ៊ីស បាន​សរសេរ​សំបុត្រ​សុំ​ទោស​ជា​សាធារណៈ និង​បាន​អះអាងថា ភ្លាមៗ​ក្រោយ​ការលេចធ្លាយ​ព័ត៌មាន ធនាគារ​បាន​បិទ​គណនី​របស់​អតិថិជន ដែល​មិន​ឆ្លើយតប​នឹង​បទដ្ឋាន​របស់​ធនាគារ។

តាម​ក្រសួង​សាធារណៈស្វ៊ីស ថ្វីត្បិត​តែ​ការស៊ើបអង្កេត​ផ្តោតទៅលើ​ធនាគារ ប៉ុន្តែ វា​ក៏​អាច​ពង្រីក​ទៅ​ចាប់​ក្រសោប​បុគ្គល​ដែល​មាន​ជាប់ពាក់ព័ន្ធ​ផងដែរ។ ជារួម រដ្ឋអាជ្ញា​ស្វ៊ីស​បើក​ការស៊ើបអង្កេត​ប្រឆាំង​ នឹងធនាគារ​ HSBC ស្វ៊ីស និង​បុគ្គល ពី​បទ​លាងលុយ​កខ្វក់។ ប្រសិន​បើ​គេ​រកឃើញ​ភស្តុតាង សម្រាប់​ចោទប្រកាន់ ដាក់បន្ទុក​មែន ធនាគារ​អាច​នឹង​ប្រឈម​នឹង​ការបង់ពិន័យ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ និង​ទោស​ជាប់​ពន្ធនាគារ​ដែល​អាច​មាន​រហូត​ដល់​៥​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI