សម្តេចប៉ាប​ថា​ហ៊ីរ៉ូស្ហ៊ីម៉ា​ជា​និមិត្តរូប​នៃ​សមត្ថភាព​បំផ្លិចបំផ្លាញ​របស់​មនុស្ស

ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥

នៅ​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ពេល​ដែល​ប្រជាជន​ជន​ជប៉ុន​នាំគ្នា​រំឭកខួប ៧០ឆ្នាំ នៃ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ណាហ្កាសាគី សម្តេច​ប៉ាប​ហ្វ្រង់ស័រ​បាន​ធ្វើការ​កត់សម្គាល់​ថា អ្វី​ដែល​បាន​កើតឡើង​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី កាល​ពី​៧០ឆ្នាំ​មុន គឺ​ជា​និមិត្តរូប​នៃ​អំណាច​ដ៏ខ្លាំងក្លា​របស់​មនុស្ស គឺ​អំណាច​ក្នុងការ​បំផ្លិចបំផ្លាញ។

ផ្សាយពាណិជ្ជកម្ម

 

នៅចំពោះ​ហ្វូងមនុស្ស​ដែល​ប្រមូលផ្តុំគ្នា ក្នុង​បុរីវ៉ាទីកង់ នៅ​រសៀល​ថ្ងៃ​អាទិត្យ សម្តេច​ប៉ាប​​បាន​លើកឡើងថា ការវាយប្រហារ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី កាល​ពីថ្ងៃទី៦ និង​ទី៩ ខែសីហា ឆ្នាំ​១៩៤៥ គឺ​ជា​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​​ព្រឺខ្លាច​ និង​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​វា​ជា​និមិត្តរូប​នៃ​សមត្ថភាព​​នៃ​ការ​បំផ្លិចបំផ្លាញ​របស់​មនុស្ស​ នៅពេល​ដែល​មនុស្ស​យក​ភាព​ជឿនលឿន​នៃ​​វិទ្យាសាស្រ្ត​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ផ្លូវខុស។

គួរបញ្ជាក់ថា នេះ​មិនមែន​ជា​លើកទីមួយទេ ដែល​សម្តេច​ប៉ាប​ធ្វើការ​រិះគន់​​ការ​ប្រើ​ភាព​រីកចម្រើន​នៃ​វិទ្យាសាស្រ្ត​នៅ​ក្នុង​ផ្លូវខុស។ កាល​ពីពេល​ថ្មីៗ​នេះ សម្តេច​ប៉ាប​ហ្វ្រង់ស័រ​ក៏ធ្លាប់​បាន​សរសេររិះគន់​ផងដែរថា មនុស្សជាតិ​កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​​មាន​ភាព​កាន់តែ​ទំនើបឡើង​ពីមួយថ្ងៃ ទៅ​បង្ក​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ​​​ដល់​បរិស្ថាន ហើយ​ថា មនុស្ស​កំពុងតែ​បំផ្លាញ​ខ្លួនឯង នៅ​ពេល​ដែល​មនុស្ស​គិតតែ​ពីប្រយោជន៍​ខ្លួនឯង ហើយ​មិនគិតគូរ​ពី​ការការពារ​ធម្មជាតិ។

នៅថ្ងៃ​អាទិត្យ សម្តេចប៉ាប​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មនុស្សជាតិ​នៅទូទាំង​ពិភពលោក​រួមសំឡេងគ្នា​តែមួយ ដើម្បី​ប្រឆាំង​នឹង​សង្រ្គាម និង​​ការប្រើ​អំពើ​ហិង្សា ដោយ​ងាក​មក​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាមរយៈ​ការជជែក​ចរចា​គ្នា។ “ទីណាក៏ដោយ​ឲ្យ​តែមាន​សង្រ្គាម គឺ​មានតែ​បរាជ័យ។ មាន​មធ្យោបាយតែ​មួយគត់ ដើម្បី​ឈ្នះសង្រ្គាម គឺ​កុំ​ធ្វើ​សង្រ្គាម”។

គួររំឭកឡើងវិញ​ថា គ្រាប់បែក​នុយក្លេអ៊ែរ​២គ្រាប់ ដែល​អាមេរិក​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី កាល​ពី​ខែ​សីហា ឆ្នាំ​១៩៤៥ បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ប្រមាណ​ជា ២សែននាក់ ទាំង​អ្នក​ស្លាប់​ភ្លាមៗ និង​អ្នក​ស្លាប់​ក្រោយៗ​មកទៀត​ដោយ​រង​ធាតុ​វិទ្យុសកម្ម។

បច្ចុប្បន្ន​នេះ ចំនួនក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅទូទាំង​ពិភពលោក​មាន​រហូតដល់​ទៅ​ជាង ១ម៉ឺន៦ពាន់គ្រាប់ ដោយ​មួយគ្រាប់ៗ​មាន​កម្លាំង​ផ្ទុះ​ខ្លាំងជាង​គ្រាប់បែក​ទម្លាក់​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី រហូតដល់​ទៅ​រាប់ពាន់​ដងឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI