លោកពូទីន៖ មិនមែនប្រធានាធិបតីអាមេរិក ឬបារាំង ដែលសម្រេចជោគវាសនាប្រធានាធិបតីប្រទេសដទៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទ ទី ២៨ កញ្ញា នៅក្នុងជំនួបកំពូលទ្វេភាគី រុស្ស៊ី អាមេរិក លោកប្រធានាធិបតីអូបាម៉ា និងលោកប្រធានាធិបតីពូទីនបានព្រមព្រៀងគ្នា ជាលើកទី ១ ពីប្រតិបត្តិការយោធារបស់ប្រទេសទាំង២ នៅក្នុងទឹកដីស៊ីរី។ ប៉ុន្តែ មេដឹកនាំរបស់មហាអំណាចទាំងពីរ រុស្ស៊ី និងអាមេរិក នៅតែនិយាយមិនត្រូវគ្នា ពីរឿងលោកបាស្ហា អាល់អាសាដ ប្រធានាធិបតីស៊ីរី។
ជំនួបកំពូលដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ត្រូវបើកធ្វើនៅថ្ងៃអង្គារទី ២៩កញ្ញា នៅទីក្រុងញូវយ៉ក។ គឺជាជំនួបកំពូល ដាច់ដោយឡែកពីមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលមានថ្នាក់ដឹកនាំរបស់ប្រទេសជាង ១០០ចូលរួម។ ប្រធានាធិបតី អាមេរិក លោកបារ៉ាក់អូបាម៉ា ទំនងខំប្រឹងប្រមែប្រមូលប្រទេសដទៃ ឲ្យចូលរួមគាំទ្រ ប្រតិបត្តិការរបស់សម្ព័ន្ធអន្តរជាតិ ដែលអាមេរិក បង្កើត ដឹកនាំកាលពីខែកញ្ញា ឆ្នាំ ២០១៤។ កាលពីថ្ងៃចន្ទ លោកអូបាម៉ាបាននិយាយថា អាមេរិកត្រៀមសហការ ជាមួយប្រទេសដទៃទៀត រួមទាំង រុស្ស៊ី និងអ៊ីរ៉ង់ ផង ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី ដើម្បីបិទបញ្ចប់ជម្លោះសង្រ្គាមស៊ីវិលស៊ីរី។
នៅល្ងាចថ្ងៃចន្ទ នៅក្រៅក្របខ័ណ្ឌមហាសន្និបាត អង្គការសហប្រជាជាតិ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិកបានជួបនិយាយគ្នា ជាលើកទី ១ នៅក្នុងជំនួបកំពូលទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរ បានបែរខ្នងដាក់គ្នា ជាង២ឆ្នាំ ដោយសារវិបត្តិអ៊ុយក្រែន។
ជំនួបកំពូលអាមេរិក រុស្ស៊ី រយៈពេលមួយម៉ោង កន្លះ ផ្តោតសំខាន់ទៅលើវិបត្តិស៊ីរី និងវិបត្តិអ៊ុយក្រែន។ នៅក្រោយជំនួបកំពូល មេដឹកនាំទាំងពីរ មិនបានធ្វើសន្និសីទកាសែតរួមគ្នាទេ។ នៅក្រោយជំនួបកំពូល លោកអូបាម៉ាមិនបានថ្លែងអ្វីទេ គឺទុកឲ្យមន្រ្តីរដ្ឋាភិបាលជាអ្នកនិយាយប្រាប់អ្នកកាសែតពីខ្លឹមសារដែលមេដឹកនាំទាំងពីរបានលើកទៅជជែកគ្នា។
តាមអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិក លោកអូបាម៉ា និងលោកពូទីន បានយល់ស្របគ្នា លើគោលការណ៍ យុទ្ធសាស្រ្តយោធារបស់ប្រទេសទាំងពីរនៅក្នុងទឹកដីស៊ីរី។ ពោលគឺ អាមេរិក និងរុស្ស៊ី យល់ស្របថា នឹងទាក់ទងគ្នា ដើម្បីជៀសវាងកុំឲ្យមានការប៉ះទង្គិចគ្នារវាងយោធារបស់ប្រទេសទាំងពីរ នៅក្នុងសមរភូមិ ប្រឆាំងនឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីស៊ីរី។ តាមមន្រ្តីអាមេរិកខាងលើ លោកអូបាម៉ា និងលោកពូទីនបានយល់ស្របនឹងគ្នា ដែរថា គឺមានតែដំណោះស្រាយនយោបាយដែលអាចជួយស្រោចស្រង់ស៊ីរីចេញពីវិបត្តិ សង្រ្គាមបង្ហូរឈាម សព្វថ្ងៃនេះ។
នៅខាងរុស្ស៊ីវិញ គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីនផ្ទាល់ ដែលបានអះអាងប្រាប់ទៅអ្នកកាសែតថា ជំនួបរបស់លោកជាមួយលោកអូបាម៉ា បានទទួលជោគជ័យច្រើន ហើយថា ទាំងលោកនិងលោកអូបាម៉ា គឺបាននិយាយគ្នា ត្រង់ទៅ ត្រង់មក ជាពិសេស ពីការចូលរួមរបស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមនៅក្នុងទឹកដីស៊ីរី។
នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី ត្រៀមខ្លួនចូលរួមជាមួយកងកម្លាំងប្រទេសលោកខាងលិចដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម ប៉ុន្តែ កងកម្លាំងនោះត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។
រុស្ស៊ី ដែលមានជនជាតិរបស់ខ្លួន ជាច្រើនរយនាក់ ចូលទៅប្រយុទ្ធក្នុងក្រុមជីហាត នៅស៊ីរី បានប្រកាសធ្វើសង្រ្គាមប្រឆាំងនឹងក្រុមជីហាត និងបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខប្រកាសបង្កើតសម្ព័ន្ធអន្តរជាតិ មួយ ដែលសំខាន់ ដូចកាលពេលគេធ្វើសង្រ្គាមប្រឆាំងនឹងក្រុមណាហ្ស៊ីរបស់ហ៊ីត្លែរ ដើម្បីបំផ្លាញក្រុមជីហាត នៅស៊ីរី។
លោកហ្រ្វង់ស័រ ហូឡង់៖ លោកអាសាដមិនមែនជាដំណោះស្រាយ ប៉ុន្តែ ជាមេបង្កបញ្ហាបង្កើតឲ្យមានក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម
លោកប្រធានាធិបតីអាមេរិក អូបាម៉ា និងលោកពូទីន ប្រធានាធិបតីរុស៊្សី និយាយត្រូវរ៉ូវគ្នាច្រើនពីរឿងចង់រួមគ្នា វាយប្រយុទ្ធប្រឆាំងក្រុមជីហាតនៅស៊ីរី។ ប៉ុន្តែ មេដឹកនាំរបស់ប្រទេសមហាអំណាចទាំងពីរនៅតែនិយាយមិនត្រូវគ្នា ពីជោគវាសនារបស់លោកប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដ។ អាមេរិក និងប្រទេសលោកខាងលិច ចង់ឲ្យលោកអាសាដ ចុះចេញពីតំណែង ប៉ុន្តែ រុស្ស៊ី របស់លោកពូទីនវិញ ថា គេត្រូវតែគាំទ្រ លោកអាសាដ បើសិនគេចង់យកឈ្នះ ក្រុមជីហាត។
តាំងពីមុនបើកជំនួបទ្វេភាគីជាមួយគ្នាម្ល៉េះ លោកប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី បានបង្ហាញឲ្យឃើញពីជំហរខ្វែងគ្នា នៅក្នុងពេលថ្លែង ទៅកាន់អង្គមហាសន្និបាត ស្តីពីវិបត្តិស៊ីរី។ លោកអូបាម៉ា មិនបាននិយាយ ដោយចំហរ ទាមទារឲ្យលោកប្រធានាធិបតីស៊ីរីចុះចេញពីតំណែងទេ ប៉ុន្តែ លោកថា ដំណោះស្រាយនយោបាយសម្រាប់វិបត្តិស៊ីរី អាចធ្វើទៅបាន បើសិនគ្មានលោកបាស្ហា អាល់អាសាដ ជាមេដឹកនាំរដ្ឋាភិបាលស៊ីរី ដែលលោកអូបាម៉ា ផ្ទាល់ចាត់ទុកជាមេឃាតករ។
តាមសេតវិមាន នៅក្នុងជំនួបជាមួយលោកពូទីន លោកអូបាម៉ា នៅបញ្ជាក់ជំហរដដែល ដែលថា ស៊ីរី នឹងគ្មានស្ថិរភាពនយោបាយទេ ដរាបណា លោកបាស្ហា អាល់អាសាដ នៅជាប្រធានាធិបតីស៊ីរីនោះ។
ជំហររបស់ប្រធានាធិបតីអាមេរិកបានទទួលការគាំទ្របន្ថែមពីប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់។ នៅពេលឡើងថ្លែងទៅកាន់អង្គមហាសន្និបាត លោកប្រធានាធិបតីបារាំងបាននិយាយសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយវិបត្តិស៊ីរី គេមិនអាចធ្វើការជាមួយប្រធានាធិបតីស៊ីរី ដែលតាមជាមេភ្លើង ប្រភពធ្វើឲ្យកកើតចេញជាក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមនោះទេ។ តាមលោកហ្វ្រង់ស័រ ហូឡង់ គឺការបង្រ្កាបដ៏បង្ហូរឈាម របស់រដ្ឋាភិបាលអាសាដ ទៅលើក្រុមអ្នកប្រឆាំង ដែលញ៉ាំងឲ្យមានក្រុមសកម្មប្រយុទ្ធ ហើយដែលក្រោយមក ក៏កើតចេញមានក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី ដែលគ្រោះថ្នាក់មិនត្រឹមសម្រាប់តំបន់ដើមបូព៌ា ប៉ុន្តែ កំពុងគំរាមកំហែងដល់សន្តិសុខពិភពលោកទាំងមូល។
នៅក្រោយជំនួបជាមួយលោកអូបាម៉ា លោកប្រធានាធិបតីរុស្ស៊ីបានឆ្លើយទៅវិញ របៀបបែបចំអកថា លោកមានការគោរពដល់លោកប្រធានាធិបតីបារាំង និងរុស្ស៊ី ប៉ុន្តែ មិនមែន ប្រធានាធិបតីបារាំង ឬអាមេរិកទេ ដែលជាអ្នកសម្រេចជោគវាសនារបស់ប្រធានាធិបតីរបស់ប្រទេសដទៃនោះ។ តាមលោកពូទីន គឺជនជាតិស៊ីរី ដែលជាអ្នកសម្រេច ថាអ្នកណាជាអ្នកដឹកនាំរដ្ឋាភិបាលស៊ីរី។
សម្រាប់ប្រធានាធិបតីរុស្ស៊ី វាជាកំហុស ឬការគិតខុស ដ៏ធ្ងន់ធ្ងរ ដែលគេមិនចាត់ទុកលោកបាស្ហា អាល់អាសាដថា ជាភាគីមួយដែរ នៅក្នុងសម្ព័ន្ធប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម។ តាមលោកពូទីន គឺមានតែកងទ័ពរបស់លោកអាសាដ ទេ ដែលអាចប្រយុទ្ធយកឈ្នះលើក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។
នៅក្រោយជំនួបកំពូលជាមួយលោកអូបាម៉ា លោកប្រធានាធិបតីរុស្ស៊ី អះអាងថា រុស្ស៊ីបានពិចារណាពីមធ្យោបាយដើម្បីគាំទ្រ រដ្ឋាភិបាលស៊ីរី ហើយនិងកម្លាំងទាហានគួដ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត។ លោកប្រធានាធិបតីរុស្ស៊ី អាចនិយាយត្រូវម្យ៉ាងដែលថា គឺប្រជាជនស៊ីរី ដែលជាអ្នកសម្រេចជោគវាសនារបស់អនាគតស៊ីរី។ ប៉ុន្តែ គេមិនត្រូវភ្លេចទេ ប្រជាជនស៊ីរីដែលអាចសម្រេចជោគវាសនាមិនមែនមានតែរដ្ឋាភិបាលរបស់ប្រធានាធិបតីបាស្ហា អាល់អាសាដនោះទេ គឺមានផងដែរ ក្រុមប្រឆាំងស៊ីរីសេរី ដែលពេលកំពុងប្រយុទ្ធប្រឆាំងនឹងទាហានរដ្ឋាភិបាលផង និងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមផង។ ដូចប្រធានាធិបតីបារាំង និយាយអ៊ីចឹង គេមិនអាចដាក់ជនរងគ្រោះ (ក្រុមប្រឆាំង) និងមេពេជ្ឈឃាត (លោកអាសាដ) ឲ្យធ្វើការជាមួយគ្នា ដើម្បីរកដំណោះស្រាយឲ្យវិបត្តិស៊ីរីទេ។ ផ្លូវមានតែមួយ គឺរដ្ឋាភិបាលអន្តរកាល ដែលគ្មានដឹកនាំដោយលោកបាស្ហា អាល់អាសាដ។ លោកអាល់អាសាដមិនមែនជាដំណោះស្រាយ ដូចលោកពូទីន ប៉ុន្តែ ជាឆ្អឹងទទឹងក ទៅវិញ។ នេះបើតាមលោកប្រធានាធិបតីបារាំង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ