ហូឡង់-អឺរ៉ុប

អឺរ៉ុប​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង Schengen ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង Bernard Cazeneuve
លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង Bernard Cazeneuve EMMANUEL DUNAND / AFP

ថ្ងៃ​អង្គារ ទី២៦ មករា​នេះ​ជា​ថ្ងៃទី២ នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​សមាជិក​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់។ លំហូរ​ជនអន្តោប្រវេសន៍ និង​ទង្វើ​ភេរវនិយម​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រធានបទ​សំខាន់​ពីរ​ដែល​រដ្ឋមន្រ្តី​មហាផ្ទៃ​អឺរ៉ុប​បាន​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។ សូម​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ ប្រទេស​សមាជិក​អឺរ៉ុប​មាន​បំពាក់​ទៅ​ដោយ​កិច្ចព្រមព្រៀង​មួយ​ដែល​ហៅ​ថា កិច្ចព្រមព្រៀង Schengen។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពេល​នេះ គឺ​ការ​រលាយ​កិច្ចព្រមព្រៀង​មួយ​នេះ​ដោយសារ​តែ​វិបត្តិ​ជនអន្តោប្រវេសន៍ និង​ទង្វើ​ភេរវនិយម។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង Schengen ឬ​ហៅ​ថា លំហ Schengen គឺ​ជា​កិច្ចព្រមព្រៀង​មួយ​របស់​អឺរ៉ុប​ដែល​សម្រួល​ចរាចរណ៍​ទំនិញ និង​ការ​ធ្វើដំណើរ​របស់​មនុស្ស​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​នៅ​តាមព្រំដែន​រវាង​ប្រទេស​ហត្ថលេខី​ទាំង ២៦ប្រទេស​អឺរ៉ុប។ ប្រទេស​ហត្ថលេខី​ទាំង ២៦ប្រទេស​អឺរ៉ុប មាន ២២ប្រទេស​ជា​សមាជិក​អឺរ៉ុប និង​ ៤ប្រទេស​ដែល​មិនមែន​ជា​សមាជិក​អឺរ៉ុប គឺ​អ៊ីស្លង់ ន័រវែស ស្វីស និង​ប្រទេស​លិចតិនស្តាញ។ កិច្ចព្រមព្រៀង​ Schengen បាន​ចូល​ជា​ធរមាន​ជា​ផ្លូវការ​កាល​ពី​ឆ្នំា ១៩៩៥ ពោល​ដំណាល​គ្នា​នឹង​ការ​បង្កើត​ប្រាក់​អឺរ៉ូ។

ជា​រួម អ្នកដំណើរ​ណា​ម្នាក់​ដែល​បាន​ទទួល​ទិដ្ឋាការ​ចូល​ក្នុង​ប្រទេស​អឺរ៉ុបណា​មួយ​ក្នុង​លំហរ Schengen អាច​នឹង​ធ្វើ​ដំណើរ​ដោយ​សេរី​​ឆ្លង​ចូល​ក្នុង​ប្រទេស​ស្ថិត​ក្នុង​លំហ Schengen ផ្សេង​ទៀត​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​បន្ថែម។ សម្រាប់​ប្រទេស​ហត្ថលេខី កិច្ចព្រមព្រៀង Schengen គឺ​ជា​ជន្ទល់​ដ៏​រឹងមាំ និង​ជា​មោទនភាព​បំផុត​របស់​អឺរ៉ុប។ កិច្ចព្រមព្រៀង Schengen បាន​និង​កំពុង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​សមាជិក​ទំាង​អស់ ពិសេស​គឺ​ប្រយោជន៍​សេដ្ឋកិច្ច។

តែ​ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​លំហូរ​ជន​អន្តោប្រវេសន៍ និង​ការ​គំរាម​ភេរវនិយម​របស់​អង្គការ​រដ្ឋអ៊ីស្លាម កិច្ចព្រមព្រៀង Schengen បាន​ចោទ​ជា​បញ្ហា និង​បាន​ដាស់​អារម្មណ៍​ឲ្យ​ប្រទេស​ហត្ថលេខី​មួយ​ចំនួន ពិសេស​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ខ្លាំង​ជាង​គេ​ផ្តើម​ពិចារណា និង​ពិនិត្យ​មើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង Schengen។ កន្លង​មក មាន​ប្រទេស​ខ្លះ​បាន​ផ្តើម​រំលោភ​លើ​កិច្ចព្រមព្រៀង Schengen ដោយ​បង្កើត​ឲ្យ​មាន​ឡើង​វិញ នូវ​របង​ត្រួតពិនិត្យ ឬ​ក៏​សង់ជញ្ជាំងនៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន។

វិធានការ​ពិសេស​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានការណ៍​ពិសេស

អ្វី​ដែល​សហភាព​អឺរ៉ុប ពិសេស​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង Schengen កំពុង​ទាមទារ​ចង់​បាន​ពេល​នេះ គឺ​ការ​អនុវត្តន៍​វិធានការ​ពិសេស​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង Schengen ក្នុង​ការ​ប្រឈម​ទប់​នឹង​វិបត្តិ​ពិសេស​មួយ​ដែល​អឺរ៉ុប​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ វិបត្តិពិសេស គឺ​លំហូរ​ជនអន្តោប្រវេសន៍ និង​ការ​គំរាមកំហែង​ភេរវនិយម។ នៅ​ក្នុង​ថ្ងៃទី១ នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អឺរ៉ុប លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង Bernard Cazeneuve បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ពន្លឿន​ការ​អនុវត្តន៍​វិធានការ​ពិសេស​ឲ្យ​បាន​ឆាប់រហ័ស និង​ជា​បន្ទាន់ ប្រសិន​បើ​អឺរ៉ុប​មិន​ចង់​ឃើញ​ការ​រលាយ​កិច្ចព្រមព្រៀង Schengen នៅ​ថ្ងៃ​ខាង​មុខ។

អ្វី​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​ចង់​និយាយ​ពេល​នេះ គឺ​វិធានការ​ពិសេស​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង Schengen។ សូម​ជម្រាប​ជូន​ថា កិច្ចព្រមព្រៀង Schengen បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ហត្ថលេខី​មាន​សិទ្ធិ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​ក្នុង​រយៈពេល ២ខែ​យ៉ាង​​ច្រើន​បំផុត ប្រសិន​បើ​ប្រទេស​នោះ​យល់​ឃើញ​ថា ខ្លួន​កំពុង​ទទួល​រង​ការ​គំរាមកំហែង​សន្តិសុខ។ តែ​អាច​នឹង​បន្ត​បន្ថែម​ចំនួន ៦ខែ ប្រសិន​បើ​ប្រទេស​ដដែល​នោះ​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ ដូច​យ៉ាង​ការ​ប្រកួត​កីឡា​អន្តរជាតិ ឬ​សន្និសីទ​អន្តរជាតិ​ផ្សេងៗ។

ក៏​ប៉ុន្តែ មាត្រា​ទី២៦ នៃ​កិច្ចព្រមព្រៀង Schengen ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ហត្ថលេខី​អាច​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​រយៈពេល​ច្រើន​បំផុត​ដល់​ទៅ ២ឆ្នាំ។ តែ​ដើម្បី​អាច​អនុវត្តន៍​មាត្រា​ទី២៦ នេះ​បាន លុះ​ត្រា​ណា​តែ​មាន​ការ​សម្រេច​ជា​ឯកច្ឆន្ទ​ពី​គណកម្មការ​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប​ក្នុង​សម្លេង​ភាគច្រើន​នៅ​ខែ​កុម្ភៈ​ខាង​មុខ​ជា​មុន​សិន។ គឺ​វិធានការ​ត្រួតពិនិត្យ​តាម​ព្រំដែន​នៅ​ក្នុង​ប្រទេស​ហត្ថលេខី Schengen ជា​លក្ខណៈ​ទូទៅ​នេះ​ហើយ​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​យល់​ឃើញ​ថា ជា​រឿង​ចាំបាច់ និង​បន្ទាន់​សម្រាប់​ប្រឈម​ទប់​នឹង​ទង្វើ​ភេរវនិយម​ដែល​ពួក​ជីហាត​បាន​ប្រើ​លិខិត​ឆ្លងដែន​របស់​ជនភៀសខ្លួន​ឆ្លង​ចូល​បង្ក​ភេរវកម្ម​ក្នុង​ទឹកដី​អឺរ៉ុប។

សម្រាប់​ទាំង​ភាគី​បារាំង ក៏​ដូច​ជា​ប្រទេស​ហត្ថលេខី Schengen មួយ​ចំនួន​ផ្សេង​ទៀត គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ការ​រលាយ​កិច្ចព្រមព្រៀង Schengen ដែល​ជា​តម្លៃ​ដ៏​វិសេសវិសាល​របស់​អឺរ៉ុប​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI