អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី-អាមេរិក

រុស្ស៊ី និង​អាមេរិក​ត្រូវ​​ក្រើន​រំលឹក​​កុំ​ឲ្យ​ប្រែក្លាយ​សង្រ្គាម​ស៊ីរី ទៅ​ជា​សង្រ្គាម​រុស្ស៊ី-អាមេរិក

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ាកាលនៅ​ប្រទេសម៉ិចស៊ិក ឆ្នាំ ២០១២
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ាកាលនៅ​ប្រទេសម៉ិចស៊ិក ឆ្នាំ ២០១២ AFP PHOTO/Jewel Samad
ដោយ៖ ឈាង បុប្ផា
១៩ នាទី

មាន​គោលដៅ​ដូចគ្នា គឺ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម មហាអំណាច​យោធា អាមេរិក និង​រុស្ស៊ី​បាន​បើកប្រតិបត្តិការ​ទ័ព​អាកាស​ក្នុង​ទឹកដី​ស៊ីរី។ បញ្ហា​នៅ​ត្រង់ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ទីក្រុង​ម៉ូស្គូ​បាន​ទម្លាក់​គ្រាប់ ទៅលើ​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ប៉ុន្តែ មិនមែន​ទៅលើ​ក្រុមភេរវជន​នោះទេ។ ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ពុធ​បាន​ធ្វើបញ្ជី​ក្រុមភេរវជន ដែល​រុស្ស៊ី ត្រូវវាយប្រហារ។ តាម​ក្រសួងការពារ​ជាតិ​រុស្ស៊ី ក្រៅតែ​ពី​ក្រុមកងទ័ព​ស៊ីរី​សេរី ក្រុមប្រដាប់​អាវុធ​ផ្សេងទៀត ដែល​អាមេរិក​ចាត់ទុក​ជា​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី សុទ្ធ​តែ​ជា​ក្រុមភេរវជន ដែល​ជា​មុខសញ្ញា​ត្រូវ​ទម្លាក់គ្រាប់​របស់​យន្តហោះ​រុស្ស៊ី។ 

ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកជំនាញ​យោធា អាមេរិក និង​រុស្ស៊ី ត្រូវ​ប្រជុំ​គ្នា ជា​លើក​ទី ៣ ដើម្បី និយាយ​គ្នា​ពី​ជម្លោះ​នៅ​ស៊ីរី ពោល គឺ​ដោះដូរ​ព័ត៌មាន​គ្នា ដើម្បី​ជៀសវាង​ការប៉ះទង្គិច រវាង​យន្តហោះ​របស់​ភាគី​ទាំងពីរ​ដែល​បាន​កំពុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ក្នុង​ប្រទេស​ស៊ីរី។ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា យន្តហោះ​របស់​ក្រុមសម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​ហោះ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍។

 
តាម​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ដែល​បាន​និយាយ​ប្រាប់​សមាជិក​សភា​រុស្ស៊ី កាលពីថ្ងៃ​ពុធ ម៉ូស្គូ​ស្វាគម​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​បច្ចេកទេស​យោធា ជាមួយ​អាមេរិក។ កិច្ចព្រមព្រៀង​នោះ​នឹង​ត្រូវ​ដាក់​អនុវត្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី បញ្ចៀស ការប៉ះទង្គិច​គ្នា​រវាង​យន្តហោះ​រុស្ស៊ី និង​យន្តហោះ​អាមេរិក។

តាំង​ពី​ថ្ងៃ​ទី ៣០​កញ្ញា រុស្ស៊ី បាន​សម្រេច​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ រុស្ស៊ី​បាន​បញ្ចេញ​របាយការណ៍​ជារៀងរាល់​ថ្ងៃ ដែល​នៅក្នុង​នោះ រុស្ស៊ី​បាន​អះអាងថា ខ្លួន​បាន​វាយប្រហារ ទៅលើ​ទីតាំង របស់​ក្រុមភេរវនិយម និង​បាន​សម្លាប់​ក្រុមនេះ បាន​ជាច្រើន​នាក់​នៅ​ស៊ីរី។ ទីក្រុង​វ៉ាស៊ីនតោន​វិញ ដែល​បាន​ដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅស៊ីរី និង​អ៊ីរ៉ាក់ បាន​រិះគន់ និង​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​ដើរ​ផ្លូវខុស ដោយ​បាន​ទម្លាក់​គ្រាប់​ទៅលើ​ក្រុមប្រឆាំង ស៊ីរី ដើម្បី ការពារ​អំណាច​របស់​ប្រធានាធិបតី​ស៊ីរី ប៉ុន្តែ មិនមែន​ទៅលើ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។

ទីក្រុង​ប៉េកាំង​វិញ ដែល​ធ្លាប់​តែ​ឈរ​នៅ​ខាង រុស្ស៊ី រហូត​មក នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ហាក់​ដក​ឃ្លា មិន​សូវ​នៅជិត បន្ទាប់ពី​រុស្ស៊ី បាន​សម្រេច​លូកដៃ​ចូល​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី។ ចិន ដែល​មិន​សូវ​និយាយ​ស្តីច្រើន ពី​ជម្លោះ នៅ​ដើមបូព៌ា បានប្រឆាំង​ម្តងហើយ ម្តងទៀត នឹងការប្រើ​កម្លាំង​យោធា ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី។

នៅក្នុង​កាសែត​ប្រជាជន​ប្រចាំ​ថ្ងៃ (ឧបករណ៍​ឃោសនា​របស់​បក្ស​កុម្មុយនិស្ត​ចិន) អ្នកសរសេរ​វិចារណកថា បាន​ចោទប្រកាន់​រុស្ស៊ី និង​អាមេរិក ថា​កំពុង​ឈ្លោះ​គ្នា​នៅ​ក្នុង​ទឹកដី​ស៊ីរី។ អាមេរិក និង​សហភាព​សូវៀត​មាន​ទម្លាប់​ប្រើ​ទាំង​នយោបាយ​ការទូត សេដ្ឋកិច្ច និង​យោធា នៅក្នុង​ប្រទេស​ផ្សេង ដើម្បី​សំញែង បង្កើន​ឥទ្ធិពល​រៀងៗ​ខ្លួន។ “យុទ្ធសាស្រ្ត​សង្រ្គាម​ត្រជាក់ នឹង​គ្មាន​ប្រយោជន៍​ទៀតទេ ដើម្បី​ដោះស្រាយ ជម្លោះ​ស៊ីរី។” នេះ​ជា​ចំណងជើង របស់​កាសែត​ផ្លូវរដ្ឋ​ចិន។ រដ្ឋមន្រ្តីការបរទេស​អាល្លឺម៉ង់​វិញ នៅ​ថ្ងៃ​ពុធ ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មហាអំណាច​ទាំងពីរ រុស្ស៊ី និង​អាមេរិក ជៀសវាង ឲ្យ​បាន​ច្រើនបំផុត កុំ​ឲ្យ​មាន​ការប៉ះទង្គិចគ្នា នៅ​ស៊ីរី ពោល​គឺ​កុំ​យក​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី ទៅ​ប្រែក្លាយ​ជា​ជម្លោះ យោធា រវាង​អាមេរិក និង​រុស្ស៊ី ឲ្យ​សោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ