អានតួអត្ថបទ
រុស្ស៊ី-អាមេរិក-អ៊ុយក្រែន

រុស្ស៊ី​ខឹងច្រឡោត​រឿង​អាមេរិក​បញ្ជូន​ទាហាន​ទៅ​ជួយហ្វឹកហ្វឺន​កងទ័ព​អ៊ុយក្រែន

យន្តហោះ​ដឹកជញ្ជូន​ទ័ព​របស់​អាមេរិក នៅ​ឯ​ព្រលានយន្តហោះ​អ៊ុយក្រែន
យន្តហោះ​ដឹកជញ្ជូន​ទ័ព​របស់​អាមេរិក នៅ​ឯ​ព្រលានយន្តហោះ​អ៊ុយក្រែន REUTERS/Roman Baluk
ដោយ៖ កែវ ឆាយា
3 នាទី

ទ័ពឆ័ត្រយោងអាមេរិកាំង ចំនួន៣០០នាក់ ទើប​នឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​បោះទីតាំង​ឈរជើង នៅឯ វាលវង់​ល្បងពិសោធន៍ លើដែនដី​ខេត្ត Kvov ប៉ែកខាងលិច​ប្រទេសអ៊ុយក្រែន ដែនដី​ល្បីខាង ជាតិនិយម នៅជិតព្រំដែន​ប៉ូឡូញ ដើម្បី​បង្វឹកបង្ហាត់​ពួកទាហាន​នៃ​កងឆ្មាំជាតិ​អ៊ុយក្រែន សម្រាប់​រយៈពេល​៦ខែ។ សកម្មភាព​នេះ​បានញ៉ាំងឲ្យ​មានប្រតិកម្ម​យ៉ាងក្តៅក្រហាយ​ពីសំណាក់​ថ្នាក់ដឹកនាំ​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសរុស្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍ ចេញល្ងាច​ថ្ងៃ១៧មេសា បាន​សំដែង នូវ “ក្តីកង្វល់​រស់រវើក” ចំពោះ​វត្តមាន​យោធា​អាមេរិកាំង នៅក្នុង​ទឹកដី​អតីត​សាធារណរដ្ឋ​សូវៀត នេះ ដែល​កំពុង​ផុងខ្លួន ក្នុងជម្លោះ​ប្រដាប់អាវុធ ទល់នឹង​ពួកផ្តាច់ទឹកដី​រុស្ស៊ីនិយម នៅ តំបន់​ខាងកើត​អ៊ុយក្រែន។ ក្នុងជម្លោះនេះ តាមតួលេខ​ចុងក្រោយ​របស់អ.ស.ប. នា រយៈពេល១ឆ្នាំ​កន្លងទៅ មានមនុស្ស​ធ្លាក់ខ្លួន​ស្លាប់អស់ ៦.២០០នាក់ទៅហើយ។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​លើកឡើង​ថា អាកប្បកិរិយា​របស់​ក្រុងវ៉ាស៊ីនតោន ដែល​លើកទឹកចិត្ត​ផែនការ​ពួកសងសឹកនិយម​នៅ​ក្រុងគៀវ មុខជានឹងបង្ក ឲ្យ​កើតមាន​ឡើង​ជា “ថ្លុកឈាម​ថ្មី​ពុំខាន” នៅតំបន់​ខាងកើត​អ៊ុយក្រែន។ តើពួក​ទាហាន​អាមេរិក ដែលខំ​យាត្រា មកពីនាយ​មហាសមុទ្រ​នៅឯ​ចំហៀង​ម្ខាងទៀត នៃ​ផែនដីសោះ គេនឹង​បង្រៀនអ្វី ដល់​ពួកយោធា​អ៊ុយក្រែន? បង្រៀនឲ្យ​សម្លាប់​តទៅទៀត​រាល់​នរណា​ដែល​និយាយ​ភាសា​រុស្ស៊ី ឬ​ក៏​យ៉ាងណា? នេះ​គឺ​ជា​ការ​ចោទសួរ​ដោយ​ក្តៅក្រហាយ របស់​ក្រសួង​ការបរទេសរុស្ស៊ី ដោយ​​ចោទ​អាមេរិក​ថា​ បាន​បើក​កម្មវិធី​ហ្វឹកហ្វឺន​នេះ គឺ​ដើម្បី​បង្រៀន​ឲ្យ​ទាហាន​អ៊ុយក្រែន​ចេះ​ប្រើអាវុធ​ទំនើបៗ​របស់​អាមេរិក ដែល​ជា​ “ការបង្កលក្ខណៈ​ជំហានទី១​ឆ្ពោះទៅ​បញ្ជូន​អាវុធទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន”។

ទាហាន​ទ័ពឆ័ត្រយោង​អាមេរិកនឹង​ចាប់ផ្តើម​បើក​ការ​ហ្វឹកហ្វឺន​ ពួក​ទាហាន ៩០០នាក់ នៃ​កងឆ្មាំជាតិ​អ៊ុយក្រែន ដែលស្ថិតនៅ​ក្រោម​បង្គាប់​ក្រសួងមហាផ្ទៃ ហើយ​ដែលផ្សំឡើង​ជាពិសេស គឺពី​ពួក​យុទ្ធជន​ស្ម័គ្រចិត្ត ដែលជា​ចំណែកមួយ នៃ​នគរបាល​ស្វ័យការពារ​ទីលាន Maidan ទីលានឯករាជ្យ​ជា​បេះដូង​ក្រុងគៀវ ប្រែទៅជា​ឈ្មោះ ចលនាតវ៉ាប្រឆាំង ពោរពេញ​ទៅដោយ​អំពើហិង្សា​បង្ហូរឈាម អស់ជាង៣ខែ​រហូត​ឈាន​ទៅ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​យ៉ានូកូវិច កាល​ពីថ្ងៃទី២២កុម្ភៈ​ឆ្នាំ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ