អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរុស្ស៊ី​ ក្រោយ​ពី​បាត់​មេខ្លួន​ម្នាក់ទៅ បក្ស​ប្រឆាំង​ធ្លាក់ក្នុង ភាពអកម្ម​នយោបាយ

សំឡេង ០៥:៣១
មេប្រឆាំង​ដ៏​ល្បី​ឈ្មោះ​នៅ រុស្ស៊ី​ត្រូវ​បាន​ឃាតករ​លួច​បាញ់​សម្លាប់ ក្បែរ​វិមាន​ក្រេមឡាំង
មេប្រឆាំង​ដ៏​ល្បី​ឈ្មោះ​នៅ រុស្ស៊ី​ត្រូវ​បាន​ឃាតករ​លួច​បាញ់​សម្លាប់ ក្បែរ​វិមាន​ក្រេមឡាំង (©Reuters)
ដោយ៖ កែវ ឆាយា

ភាពអកម្មនេះ លេចធ្លោក្នុងសប្តាហ៍​នេះ ដោយ​ការចោទ​ប្រកាន់​ពី​ខាង​អាជ្ញាធរ ថា ក្រោយ​ពី​រូបលោក បូរិស ញ៉េមសូវ ស្លាប់​ដោយ​ដៃ​ឃាតករមក មេប្រឆាំង ឯទៀត បែរ​ទៅ​ជា បង្ក​ឡើង​ក្នុង​ប្រទេស ជា “បរិយាកាស ងំ ដោយ​ក្តី​សំអប់”។ មិនតែ​ប៉ុណ្ណោះ ក្នុងជួរ​បក្សប្រឆាំង មាន​ការបែកបាក់​គ្នា រហូតដល់​ខ្លះ ដក​ខ្លួន​ទៅ​រស់នៅ ប្រទេសក្រៅ។ រីឯ ការស្ទង់មតិ បង្ហាញ​ឲ្យ ឃើញ​ថា ពួកគេ​មិនសូវ​មាន​អ្នកស្រុក​គាំទ្រ​ទេ បើប្រៀប​ទៅ​នឹង​ប្រជាប្រិយភាព កាន់តែខ្ពស់ ឡើងៗ របស់ លោក​ប្រធានាធិបតី​ពូទីន ជាពិសេស ដោយសារ​កត្តា​គ្រីមេ ក្នុង​១ឆ្នាំ​កន្លងទៅ។ 

ផ្សាយពាណិជ្ជកម្ម

តើ​ពួក​មេប្រឆាំង​ដែល​នៅ​បន្ត​កេរ្ត៍​ពី​យុទ្ធមិត្ត​ខ្លួន លោក បូរិស ញ៉េមសូវ ជា​នរណា ?

បុគ្គល៣រូប ល្បី​ជាងគេ៖​ទី១- ឈ្មោះ Mikhail Kassyanov អាយុ ៥៧ឆ្នាំ បច្ចុប្បន្ន​ជា​សហប្រធាន ដូច​លោក ញ៉េមសូវ អញ្ចឹង នៃ សម្ព័ន្ធ” គណបក្ស​សាធារណដ្ឋ​រុស្ស៊ី-គណបក្ស​សេរីភាព​ប្រជាជន “ ហៅកាត់ថា RPR-PARNAS និងជា​សហប្រធាន នៃ“ គណបក្ស​សេរីភាព​ប្រជាជន ដើម្បី​ប្រទេស​រុស្ស៊ី គ្មាន អំពើហិង្សា​ស្រេចតែ​ចិត្ត និង​គ្មាន​អំពើ​ពុករលួយ”។ គាត់​ធ្លាប់​ធ្វើជា នាយករដ្ឋមន្ត្រី​រុស្ស៊ី ពីឆ្នាំ ២០០០ ដល់២០០៤ ជំនាន់​អាណត្តិ​ទី១ របស់​ប្រធានាធិបតី​ពូទីន។ ក្រោយ​ពី​បាត់​តំណែង​នេះ គាត់​ក្លាយ​ជា​អ្នកទិតៀន នយោបាយ អតីត​ចៅហ្វាយ​គាត់ ដោយ​ឥត​ថ្នមមាត់ឡើយ។ គួរ និយាយថា ក្នុងទសវត្សរ៍ ទី​៩០ ប្រធានាធិបតី​ទី១ នៃ​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី គឺលោក Yeltsin បាន ហៅលោក Kassyanov ថា​ជា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ដ៏ឆ្នើម​បំផុត ក្នុងប្រវត្តិ​រុស្ស៊ី គិតតាំង​ពី ជំនាន់ស្តេច Tsar មក ដោយគាត់​ពូកែ​ចរចា ជាមួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI។

ទី២- ឈ្មោះ Alexei Navalny អាយុ ៣៨ឆ្នាំ ល្បីជា អ្នកបង្ហោះ​អត្ថបទ​តាមបណ្តាញ​សង្គម កកូរ កកាយ​ទ្រព្យសម្បត្តិ ពួកមន្ត្រី​ថ្នាក់លើៗ របស់​លោកពូទីន ដោយ​បរិហារ​អំពើពុករលួយ របស់ ពួកគេ។ ពិតជា​រូបគាត់ ដែល​ហ៊ាន​ហៅ គណបក្ស​កាន់អំណាច​នៅរុស្ស៊ី ថាជា គណបក្ស​ពួកចោរ និងពួកឆបោក។ គណបក្ស​កាន់​អំណាច​នៅ​រុស្ស៊ី មាន​ឈ្មោះ​ថា “ប្រទេស​រុស្ស៊ី​រួមធ្លុង​មួយ” ដែល​មាន​អាសនៈ ដល់ទៅ២៣៨ ឬ លើស​ពី​ពាក់កណ្តាល នៃ​អាសនៈ សរុប​ចំនួន ៤៥០ ក្នុងសភាឌូម៉ា ។ រូបគាត់ តែងត្រូវ ស្ថាប័នស៊ើបអង្កេត រួម​ជាមួយ មហាអយ្យកា  ចងក្រង​ជា​សំណុំរឿង តាម​បទ​កេងប្រវ័ញ្ច និង លួចកឹប​យក​លុយរដ្ឋ និង លុយ ក្រុមហ៊ុន​ឯកជន លុះទាល់តែ ត្រូវបាន​តុលាការ កាត់ទោស ឲ្យ ជាប់ពន្ធនាគារ ប៉ុន្តែ​ដោយ​ព្យួរទោស។ ឥឡូវ​គាត់​ស្ថិត​ក្នុង របប​ឃុំឃាំង នៅក្នុង​លំនៅ។  

ទី៣-ឈ្មោះ Garry Kasparov អាយុ ៥១ឆ្នាំ ជាអតីត​អ្នកជើងឯក​ពិភពលោក​ខាង​ល្បែងអុក ធ្លាប់ ទាំងលេង​អុក​ជាមួយ កុំព្យូទ័រ បញ្ចូល​ទៅ​ដោយ​កម្មវិធី​ល្បែងអុក យ៉ាងពិបាក សម្រាប់ឲ្យ គាត់ ប្រកួត តទល់។ កាលណោះ ការប្រកួត​បាន​ចប់ទៅ ដោយ​ចាវគ្នា។ ក្នុង​ឆ្នាំ២០០៨ គាត់បាន​ក្លាយ ជាស្ថាបនិក​ម្នាក់​នៃ ចលនា​ប្រជាធិបតេយ្យ ”សាមគ្គីភាព” ប៉ុន្តែ ៥ឆ្នាំក្រោយ​មក គាត់បាន​ដកខ្លួន ចេញពី​អង្គការ​ដឹកនាំ​មួយ​របស់​ចលនានេះ។ បន្ទាប់មក គាត់ត្រូវ​បាន​ជ្រើសតាំង ទៅក្នុង​”ក្រុមប្រឹក្សា​សម្របសម្រួល​នៃ​បក្ស​ប្រឆាំង​ទូទាំង ប្រទេស​រុស្ស៊ី”។ នៅខែ​មិថុនា ឆ្នាំ២០១៣ គាត់បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ប៉ុន្តែ​នៅ បន្តតស៊ូ​ទល់​នឹង​របបពូទីន លើ​ឆាក​អន្តរជាតិ។ តាំងពី ខែកុម្ភៈឆ្នាំ២០១៤មក គាតរស់នៅ​ក្នុងប្រទេស Croatie ដោយកាន់ passeport ជាពលរដ្ឋ​ប្រទេស​នេះ។ គាត់​ដឹកនាំ ក្រុមប្រឹក្សា​អន្តរជាតិ​នៃ “មូលនិធិ​ការពារ​សិទ្ធិមនុស្ស” ដែលមាន ទីស្នាក់ការ នៅក្រុង​ញូវយ៉ក។ ថ្លែង​ក្នុង​គណៈកម្មាធិការ​មួយនៃ រដ្ឋសភា​អាមេរិក ក្រោយពី​លោក ញ៉េមសូវ  ត្រូវបាន​គេបាញ់​សម្លាប់ នៅជិត​វិមាន​ក្រេមឡាំង តែម្តង គាត់​ចាត់ទុក​អំណាច​ពូទីន ថា ជា​គ្រោះថ្នាក់​ដល់​ពិភពលោក ហើយ នឹងនាំ​ប្រទេស​រុស្ស៊ី ទៅកាន់​ភាពវិនាសអន្តរាយ។

ពិតជា​មេ​ប្រឆាំង​ទាំង​៣នាក់នេះ ដោយរួម​ជាមួយ​លោក ញ៉េមសូវ បាននាំមុខ​រលក បាតុកម្ម​ប្រឆាំង​យ៉ាង​គគ្រឹក​គគ្រេង​ទល់នឹង​របបលោក ពូទីន ក្នុងឆ្នាំ២០១១ និង២០១២។ ហើយ ក្បួនយាត្រា​យ៉ាង​ខ្លាំងក្លា​បែបនេះ បាន​ប្រព្រឹត្ត​ទៅ​ជាលើក​ចុងក្រោយ កាលពីថ្ងៃទី១មិនា គឺ២ថ្ងៃ ក្រោយ​ពី​លោក​ញ៉េមសូវ ត្រូវគេ​លួចបាញ់​សម្លាប់។

“ការយល់​ឃើញ​របស់​បក្ស​ប្រឆាំង​បស្ចិមលោក​និយម ដែលថា ឃាតកម្មនេះ អាចពន្យុះ បណ្តាជន​រុស្ស៊ី ឲ្យ​បះបោរ​ទល់នឹង បរិយាកាស ងំ​ដោយ​ក្តីសំអប់ ក្រោម​របប​ពូទីន គឺ​គ្រាន់តែ ជា​ការនឹក​ស្រម័យ​ដ៏​ស្រទន់​ប៉ុណ្ណោះ “មតិនេះ​សំដែង​ដោយ លោក Clifford Gaddy អ្នកវិភាគ នៃ វិទ្យាស្ថាន​អាមេរិកាំង Brooking និង ជា​អ្នកនិពន្ធ​សៀវភៅ ស្តី​អំពី​ប្រធានាធិបតី​រុស្ស៊ី។

ក្នុងសប្តាហ៍នេះ កាត់ពី​លើ​វិថីនានា នៅសង្កាត់​កណ្តាល​ក្រុង​ម៉ូស្គូ ស្រាប់តែ មាន​ចង​សន្ធឹង ទៅដោយ​បដា សរសេរ​ជា​ពាក្យស្លោក​ថា “លត់ដំ​បរិយាកាស​សំអប់ នៅ​រុស្ស៊ី”។ ពាក្យស្លោក នេះ រំលេច​ឲ្យ​ឃើញពី ខ្លឹមសារ​នៃ​បទអន្តរាគមន៍ មេប្រឆាំងឈ្មោះ Kassyanov ដែលថ្លែង​ក្នុង សភា​អឺរ៉ុប ថា៖ យើង ជា​អ្នកប្រជាធិបតេយ្យ នៅ​រុស្ស៊ី គាំទ្រ ដល់​ទណ្ឌកម្ម ដែល​បស្ចិមលោក ដាក់ ទល់នឹង​របប​ពូទីន។ ចំណែក​មេប្រឆាំង​ឈ្មោះ Navalny ក្នុង​បទសម្ភាសន៍ ទៅ​កាសែត​អង់គ្លេស The Financial Times៖ បើ​បស្ចិមលោក បង្កើត​បញ្ជីខ្មៅ ទល់​នឹង​ពួកមន្ត្រី នៅរុស្ស៊ី នោះ ពួក យើង​ដែល​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី​ផ្ទាល់ ប្តេជ្ញា ទូង​និង ព្រនង់តែ​ម្តង ទៅ​លើ​របប​ពូទីន។ រីឯ មេ ប្រឆាំង ឈ្មោះ Kasparov ក្នុងសម្ភាសន៍​ទៅ​កាសែត​អេស្ប៉ាញ El Mundo ៖ ត្រូវការ​ឲ្យមាន កតិកាសញ្ញា​បស្ចិមលោក ដែលធានា​ថា ទណ្ឌកម្ម​ទល់​នឹង​របប​ពូទីន គឺ​គ្មាន​ទីអវសាន​ឡើយ។

ទោះយ៉ាងណា​ក្តី ក៏​ពួក​ប្រឆាំង​នោះ មាន​ប្រជាប្រិយភាព ទាបណាស់ នៅរុស្ស៊ី មិនលើស​ពី ៥% ឡើយ បើប្រៀប​ទៅ​នឹង​ទ្រនិច​លេខ​លោក​ពូទីន ដែល​វាត់​ដល់​ជាង៨០%​ជានិច្ច ក្នុង១ឆ្នាំ ចុង ក្រោយ ដោយសារ គាត់​ហ៊ាន​កាត់ទឹកដី​គ្រីមេ ចេញពី​អ៊ុយក្រែន ហើយ​ភ្ជាប់វា មកនឹង​រុស្ស៊ីវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ