អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សម្រាប់​សេដ្ឋកិច្ចរុស្ស៊ី​ កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប្រៀប​បាននឹង​កាំបិត​មុខពីរ

សំឡេង ០៥:៣២
កម្មករ ឈរ​នៅ​កន្លែង បូមប្រេង​នៅ​ប្រទេស​រុស្ស៊ី
កម្មករ ឈរ​នៅ​កន្លែង បូមប្រេង​នៅ​ប្រទេស​រុស្ស៊ី © REUTERS/Sergei Karpukhin
ដោយ៖ កែវ ឆាយា
៣១ នាទី

ក្រោយពី​ដើរ​តួសំខាន់​ជា​គន្លឹះ ក្នុងដំណើរ​ចរចា ទម្រាំចុះ​បានជា​កិច្ចព្រមព្រៀង ស្តីអំពី កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី១០​ថ្ងៃមុន ប្រទេសរុស្ស៊ី សង្ឃឹម​ពង្រឹង ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយ​ក្រុង Teheran ប៉ុន្តែ តាមមតិ ពួកអ្នកវិភាគ សេដ្ឋកិច្ច​រុស្ស៊ី បែរទៅ​ជា អាចធ្លាក់ ក្នុង​ភាពចាញ់ប្រៀប ដោយ​ការវិលត្រឡប់​វិញ​ទៅលើ​ទីផ្សារប្រេងឆៅ​ពិភពលោក នៃ រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដែលជា​គូប្រជែង​នឹងរុស្ស៊ី​​ ខាង​លក់​មាសខ្មៅ​មួយនេះ។ 

ផ្សាយពាណិជ្ជកម្ម

អត្ថបទ​នៃកិច្ច​ព្រមព្រៀងចុះ ថ្ងៃ២១កក្កដា​កន្លងទៅ ក្រោយ​ពី​ការចរចា យ៉ាងតឹងផ្អឹះ អស់២២ខៃ រវាងអ៊ីរ៉ង់ និងក្រុម ៥ប្រទេស+១ គឺ ស.រ.អា. , រុស្ស៊ី , បារាំង , ចិន , អង់គ្លេស និង អាល្លឺម៉ង់ ត្រូវ​ធានា​លក្ខណៈ​ស៊ីវិល​សុទ្ធសាធ នៃកម្មវិធី​នុយក្លេអ៊ែ​ររបស់ក្រុង Teheran ជាថ្នូរ​នឹង ការលុប​ទៅវិញ ទណ្ឌកម្ម​អន្តរជាតិ​ដែល បន្ថប់​ដង្ហើម​សេដ្ឋកិច្ចអ៊ីរ៉ង់។

 
សម្រាប់​ម៉ូស្គូ ជាសម្ព័ន្ធមិត្ត​យូរឆ្នាំមក​ហើយ នៃ​របបគ្រប់គ្រង​នៅអ៊ីរ៉ង់ កិច្ចព្រមព្រៀង​នេះ ក៏ជា មធ្យោបាយ លើកមុខ លើកមាត់រុស្ស៊ី​ឡើងវិញ លើឆាក​អន្តរជាតិ។ ដោយឡែក តួនាទី​គន្លឹះ ដើរ ដោយ​រុស្ស៊ី ទម្រាំចុះ​បាន​ឯកសារ​នោះ ត្រូវបាន​គូស​បញ្ជាក់ ដោយ​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែលបាន​សំដែងអំណរគុណ មកកាន់​សមភាគី​រុស្ស៊ី​របស់ខ្លួន លោក វ៉្លាឌីមៀរ ពូទីន ចំពោះ​ការជួយជ្រោមជ្រែង ក្នុង​បុព្វហេតុនេះ។

“រង្វាន់ធំ​បំផុត ដែល​ក្រុងម៉ូស្គូ​ទទួលបានពី កិច្ចព្រមព្រៀងនេះ គឺ កិត្យានុភាព សម្រាប់ប្រទេស រុស្ស៊ី” - យោបល់នេះ បញ្ចេញដោយ​លោក Serguei Sereguitchev អ្នកឯកទេស​ខាងបញ្ហា មជ្ឈឹមបូព៌ា នៃសាកលវិទ្យាល័យ​រដ្ឋរុស្ស៊ី ផ្នែក​វិទ្យាសាស្ត្រ​មនុស្ស​ជាតិ ក្រុងម៉ូស្គូ។ គាត់ចោទជា សំនួរ តើ​ដោយសារ​នរណា ដែលស.រ.អា. ចេះចុះ​បានជា​កិច្ចព្រមព្រៀង​នេះ? ហើយគាត់ផ្តល់ ជាចម្លើយ​ទាំងអះអាងថា គឺ ដោយសារ​រុស្ស៊ី បើគ្មានរុស្ស៊ី នោះ​មិនអាច​មានការចុះ​សម្រុង គ្នាឡើយ។

ហើយប្រទេសរុស្ស៊ី ដែលសេដ្ឋកិច្ច​ខ្លួន កំពុង​ដើរថយក្រោយ ដោយ​រង​ផល​ប៉ះពាល់យ៉ាងខ្លាំង ក្រោម​ទណ្ឌកម្ម​បស្ចិមលោក បណ្តាលមកពីវិបត្តិ នៅអ៊ុយក្រែន និងមកពី​ការធ្លាក់ចុះ នៃតម្លៃ ប្រេងឆៅ សង្ឃឹម​ថា ចាប់ពីអំណើះ តទៅ ដណ្តើម​យកទីតាំង​នាំមុខគេ ក្នុង​ការប្រកួតប្រជែង ចុះ​កុងត្រា​គ្រាក់ៗ ជាមួយអ៊ីរ៉ង់ ជាពិសេស ក្នុងវិស័យ​ថាមពល និង ដឹកជញ្ជូន។

ប្រាកដណាស់ដែល អ៊ីរ៉ង់ស្ថិត​នៅពីមុខ​តម្រូវការ ត្រូវ​អភិវឌ្ឍ វិស័យ​ណា​ដែលរងគ្រោះ​ខ្លាំងមែន ទែន ដោយមក​ពី​ទណ្ឌកម្ម។ តាមយោបល់​អ្នកវិភាគ​រុស្ស៊ីម្នាក់ទៀត លោក Andrei Baklitski សាធារណរដ្ឋ​អ៊ីស្លាមនេះ ស្រេកឃ្លាន​នឹងឃើញ ក្រុមហ៊ុនបរទេស ដែលត្រៀម​បោះទុនទៅក្នុង សេដ្ឋកិច្ចខ្លួន។ ឧទាហរណ៍ សហគ្រាស​រុស្ស៊ី បែបយ៉ាង ក្រុមហ៊ុន​អយស្ម័យយាន​រដ្ឋរុស្ស៊ី RGD​ឬ ក្រុមហ៊ុន​យក្សខាង​ប្រេងឆៅ Loukoil ឥឡូវ​ត្រៀម​ចូលរួម ក្នុងការប្រជែង ដើម្បី​ដណ្តើម​យក ទីផ្សារអ៊ីរ៉ង់។

តាំងពីខែមេសា ម៉្លេះ អគ្គនាយក ក្រុមហ៊ុន Loukoil លោក Vaguit Alekperov បានប្រកាស​ថា សហគ្រាសគាត់ ត្រៀម​វិលត្រឡប់ ទៅអ៊ីរ៉ង់វិញ ក្រោយ​ពី អន្តរជាតិ​លើក​ទណ្ឌកម្មចេញពី ប្រទេសនេះ។ បច្ចុប្បន្ន សហគ្រាសរុស្ស៊ី ជាច្រើនទៀត​នៃផ្នែកប្រេង​ឆៅ ក៏ត្រៀម​យ៉ាងនេះដែរ។

ខាងថាមពល​នុយក្លេអ៊ែរ ជាទី ដែលរុស្ស៊ី ចេះនិយាយបាន​ត្រូវគ្នាទៅ​ហើយ ជាមួយអ៊ីរ៉ង់ ដើម្បី សង់ ម៉ាស៊ីន​ប្រតិករ នុយក្លេអ៊ែរ ពីរទៀត សម្រាប់​ស្ថានីយ​អគ្គិសនី​បរមាណូ នៅក្រុង Bouchehr ជិត ឆ្នេរឈូងសមុទ្រ Perse វិមាន​ក្រេមឡាំង បានសំដែងនូវ​បំណងចង់ឃើញ សុពលភាពនៃ កិច្ចព្រមព្រៀងចុះ ថ្ងៃ២១កក្កដា នៅក្រុង Vienne រាលដាល​ទៅលើ សហប្រតិបត្តិការ​ខ្នាតធំ តែម្តង រវាងប្រទេស​ទាំងពីរ ខាងប្រើ​ថាមពលនេះ សម្រាប់​គោលដៅ​ស៊ីវិល។

ស្តីអំពី​បញ្ហាអាវុធ ក្រុងម៉ូស្គូ​បានបញ្ជាក់​ទៅហើយ​កាលពីចុងខែ​ឧសភាថា រុស្ស៊ីសុខចិត្តលក់ ទៅឲ្យ​អ៊ីរ៉ង់ នូវប្រព័ន្ធ​កាំជ្រួច​មីស្ស៊ីល ដែល​មានប្រសិទ្ធិភាព ធុន S-300 បាញ់ពីដី ទៅអាកាស សម្រាប់កំទេច​យន្តហោះ ក៏ដូចជា កំទេចកាំជ្រួច មីស្ស៊ីល ប្រព័ន្ធ​នេះ ស្រដៀង​នឹងប្រព័ន្ធ​មីស្ស៊ីល អាមេរិក ធុន Patriot។

គួររំលឹកថា ក្នុងដំណើរប្រព្រឹត្ត​ទៅនៃកិច្ចរចានៅក្រុង Vienne លោក​ប្រមុខការទូតរុស្ស៊ី Serguei Lavrov បានអំពាវនាវ ឲ្យដក​ចេញពី​អ៊ីរ៉ង់ទៅ “ ទៅតាម​លទ្ធភាពដែល​អាចធ្វើ​ទៅ​កើត” បម្រាម ដែលស្ថិតនៅជា ធរមាន៥​ឆ្នាំទៀត ហាម​មិនឲ្យលក់អាវុធ ទៅប្រទេសនេះ ។ តាមលោក​រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី ការលក់អាវុធ​ទៅអ៊ីរ៉ង់ នៅតែអាច​ធ្វើទៅកើត ដរាបណា មាន​ការអនុម័ត ដោយ ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប.។

តាមអ្នកវិភាគរុស្ស៊ី ក្នុងការប្រជែងគ្នា ដណ្តើម​ទីផ្សារ​អ៊ីរ៉ង់ មុនដំបូង គឺ ផ្នែកថាមពល រួច​បន្ទាប់មក គឺ ឧស្សាហកម្ម​យោធា ប្រទេសរុស្ស៊ី មុខជា​មានប្រៀបស្ថិតនៅ ពីមុខគេ ខាងផ្នែកថាមពល ដោយសារ រុស្ស៊ីសម្បូណ៌ បទពិសោធន៍ ក្នុងវិស័យនេះ។

ប៉ុន្តែ ពួកអ្នកឯកទេស​ជាច្រើននាំ​គ្នាព្យាករ​ថា សម្រាប់​ប្រទេសរុស្ស៊ី ការវិលត្រឡប់​វិញ របស់ អ៊ីរ៉ង់​ទៅលើ ទីផ្សារប្រេងឆៅ​ពិភពលោក គឺ​មានន័យថា ជា​ការវិលត្រឡប់​នៃ​គូប្រជែង​មួយទៀត ដែល​នឹង​បង្កឲ្យ តម្លៃ​ប្រេងឆៅនោះ ក្នុងមួយធុងៗ បរិមាណ ជិត ១៥៩លីត្រ ធ្លាក់ ចុះពុំខាន ចាប់ ពីឆ្នាំ២០១៦ទៅ ខណៈដែល កិច្ចព្រមព្រៀងចុះ១០ថ្ងៃ មុននៅក្រុង Vienne អនុម័តដោយ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ,ដោយ សមាជសភា​អាមេរិក , និង​ដោយ​រដ្ឋសភា​រុស្ស៊ី។

ដំណឹងដ៏​អាក្រក់សម្រាប់​រុស្ស៊ី គឺប្រេងឆៅ​ចុះថ្លៃ ជាបណ្តើរៗ ទៅហើយ នៅចំពេល ដែលសេដ្ឋកិច្ច រុស្ស៊ី កំពុង​លង់ខ្លួន ក្នុងដំណើរ​ដើរថយក្រោយ ដែលគេ​សង្កេត​ឃើញ តាំងពី​ដើម​ឆ្នាំនេះ​មក។

ប៉ុន្តែ ពួកអ្នកវិភាគមួយ​ក្រុមផ្សេង ប្រមាណ​ថា សម្រាប់​ពេលយូរអង្វែង​ទៅមុខ ប្រេងឆៅ​នឹងពុំ ចុះ​ថ្លៃទេ ពីព្រោះ​អ៊ីរ៉ង់ ក្នុងឋានៈជាសមាជិក “អង្គការប្រទេស​នាំប្រេង​ចេញ​ទៅក្រៅ” OPEC ក្នុងផល​ប្រយោជន៍ខ្លួន នឹង​ស្វែងរក​រូបមន្តរួម ជាមួយ​ប្រទេស​លក់ប្រេង​ផ្សេងទៀត ដើម្បី កុំ បំពេញ ទីផ្សារប្រេង ឲ្យ​ហូរហៀរ​ជ្រុល លុះទាល់តែ​បង្ក​ឲ្យ​វា​ចុះ​ថ្លៃ ដ្បិត​អ៊ីរ៉ង់​ត្រូវការ​ប្រាក់​ចំណូល ឲ្យបានច្រើន ក្រោយពី​អន្តរជាតិ​លុបទណ្ឌកម្ម​ទល់នឹង​ខ្លួន ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ