រុស្ស៊ី

ជុំវិញសោកនាដកម្មនៅរុស្ស៊ី​ បណ្តាលមកពីនាវានេសាទដ៏ធំ លិចទៅបាត់

កប៉ាល់​នេសាទ​រុស្ស៊ីកាលនៅ​មិនទាន់​លិច
កប៉ាល់​នេសាទ​រុស្ស៊ីកាលនៅ​មិនទាន់​លិច ©REUTERS/FleetMon.com

ពីក្នុង​ចំណោម​មនុស្ស ១៣២​នាក់ ដែល​បាន​ធ្វើការ​ក្នុង​នាវា​លិច​ទៅ​បាត់ ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ក្នុង​លំហសមុទ្រ Okhotsk ឯ​ចុងបូព៌ា​ប្រទេសរុស្ស៊ី លិច​នៅ​ចម្ងាយ ៣០០គ.ម.ពីឆ្នេរ មាន​សង្គ្រោះ​ជីវិត​បាន ៦៣នាក់ ប៉ុន្តែ ស្លាប់តាម​តួលេខចុង​ក្រោយ គឺដល់​៥៦នាក់ ចំណែក ១៣នាក់​ទៀត គឺបាត់ខ្លួន។ ពិតជា​ដើម្បី​ស្វែងរក អ្នកបាត់​ខ្លួនទាំង​នេះ ដែល​ថ្ងៃនេះ តាំងពី​ព្រឹក មក ប្រតិបត្តិការ​ស្វែងរក ក្នុង​ទំហំ​ធំធេង បាន​ចាប់ផ្តើម​ឡើងវិញ ក្រោយ​ពី​ផ្អាក​អស់​ប៉ុន្មាន​ម៉ោង យប់មិញ។

ផ្សាយពាណិជ្ជកម្ម

 

ដាក់​ឲ្យ​សកម្ម​ក្នុង​ប្រតិបត្តការ​ស្វែងរក​ពួក​អ្នកនេសាទ​បាត់​ខ្លួន​នោះ គឺ​មនុស្ស ១.៣០០នាក់ , កប៉ាល់ធំ​តូច ២៦​គ្រឿង ព្រម​ទាំង​ឧទ្ធម្ភាគចក្រ។ ប្រតិបត្តិការ​នេះ វាត​លើ​ផ្ទៃទឹក​ប្រមាណ ៨.៥០០គ.ម.។ រីឯ នាវា​នេសាទ​ដែល​លិច​នោះ មាន​ឈ្មោះថា Dalny Vostok ប្រែ​មក​ថា “ចុងបូព៌ា“។ វា​មាន​ប្រវែង ១០៤ម៉ែត្រ  ទទឹង ១៦​ម៉ែត្រ ចំណុះ​បាន ៥.៧០០តោន ហើយលិច ទៅ​នោះ គឺ​យ៉ាងលឿន មិន​ដល់​ទាំង​កន្លះ​ម៉ោង​ផង។

ពួក​អ្នកស៊ើប​អង្កេត រុញច្រាន​ចេញមក គឺ​មូលហេតុ ចំនួន​ដល់​ទៅជាង ១០ឯណោះ នៃការ លិច​នោះ។ ប៉ុន្តែ គេលើក​យកមក បកស្រាយ​ញឹកញយជាង គឺ មូលហេតុពីរ ៖
- ឬមួយ នាវា​នេសាទនោះ បាន​បើក​ទៅ​បុកចំ​ផ្ទាំង​ទឹកកក​អណ្តែត ដូចកប៉ាល់ Titanic បានបុក ផ្ទាំង​ទឹកកក អណ្ដែត កាល​ពី​ឆ្នាំ១៩១២ បណ្តាល​ឲ្យ​ស្លាប់អស់ អ្នកដំណើរ​ជាង ១.៥០០នាក់។ ឬ មួយ ពេលដែល ពួក​អ្នកនេសាទ​ស្រង់ចេញ​ពី​ទឹក នូវ​សំណាញ់​យក្ស ដែល​ពេញណែន​ក្តន់ ទៅ ដោយ​ត្រី​ទម្ងន់ពី ៨០ ទៅ១០០តោន នាវានេសាទ​នោះ ស្រាប់តែ ផ្អៀង​ទៅ​ខាងម្ខាង ទាល់​តែ វាបាត់​លំនឹង ហើយ​គែមម្ខាង​នោះ​របស់​វា ក៏ត្រូវ​ទឹកហូរ​ចូល​យ៉ាងគំហុក រហូត​ដល់​ក្រឡាប់ តែម្តង ម៉្លោះ​ហើយ​បាន​ជា ក្រុម​អ្នកបើកបរ​នាវា គ្មាន​លទ្ធភាព​បញ្ជូន សញ្ញា SOS សុំ​ឲ្យ​នាវា ឯទៀត យាត្រា​ទៅជួយ​ខ្លួន។

មិនមែន​ចៃដន្យទេ ដែល​សមត្ថកិច្ច​រុស្ស៊ី​កសាង​ឡើង ជា​សំណុំរឿង ព្រហ្មទណ្ឌ​តាមបទ “រំលោភ លើ​ច្បាប់​នាវាចរណ៍ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ធ្លាក់ខ្លួន ស្លាប់អស់ ពី ២នាក់​ឡើងទៅ”។

គួរ​និយាយ​ថា បាន​ធ្វើការ​ក្នុង​នាវា​អភ័ព្វ​នោះ គឺ​ ជាតិ​រុស្ស៊ី ៧៨នាក់ បរទេស ៥៤នាក់ ពី​ក្នុង​នោះ ជាតិ​ភូមា ៤២នាក់, ជាតិ​អ៊ុយក្រែន ៤នាក់, ជាតិ​ឡេតូនី ៣នាក់ និង ជាតិ Vanuatu ​ ៥នាក់។

នាវា​ឈ្មោះ “ ចុងបូព៌ា “ ដែលលិច​ទៅនោះ ជា​នាវា រោងចក្រ​តែម្តង សម្រាប់​កែឆ្នៃ ត្រីស្រស់ ដែល​ទើប​នេសាទ​បាន ទៅជា​ត្រីកំប៉ុង ត្រី​បង្កក​ទុក ជាកញ្ចប់ៗ ជា​ប្រអប់ៗ ជា​ឡាំងៗតែម្តង។
ដោយ​ហេតុ​ថា វាមាន​ឯកទេស​កម្ម​ខាង​នេសាទត្រីម៉ូរុយ ( morue )  បានជា​គេហៅ វាថា នាវា​នេសាទ​ត្រីម៉ូរុយ។ ត្រី​នេះពេញនិយម នៅ​ប្រទេសចិន ដែល​កាត់ថ្លៃ​វា ក្នុង​១តោនៗ ដល់​១.៧០០ដុល្លារ។ នៅរុស្ស៊ី មួយ​តោនៗ ថ្លៃ​៧០០ដុល្លារ។ សមុទ្រ Okhotsk ដែល សម្បូរ​ដោយ​ត្រី​ប្រភេទ​នេះ ត្រូវ​គេ​ដាក់​ឈ្មោះ​ថា ជា “កញ្ចែ្រងត្រី​ពិភពលោក”។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI