ផ្នត់គំនិតអ្នកស្រុករុស្ស៊ី វិវឌ្ឍល្អ ចំពោះកងទ័ពខ្លួន ក្នុងផ្ទៃនៃ ភាពតានតឹងជាមួយ បស្ចិមលោក
ចុះផ្សាយនៅថ្ងៃ៖
គឺមួយថ្ងៃក្រោយពីក្រសួងការពារជាតិអាមេរិក បានប្រកាសអំពីយុទ្ធសាស្ត្រយោធា នៃសន្តិសុខជាតិអាមេរិកាំង ដែលចាត់ទុករុស្ស៊ី ជា”រដ្ឋសើរើនិយម” បំពានច្បាប់អន្តរជាតិ មិនគោរពអធិបតេយ្យរដ្ឋអ៊ុយក្រែន ហើយពាំនាំជា អសន្តិសុខដល់ប្រទេសជិតខាង លុះ ទាល់តែតម្រូវឲ្យស.រ.អា. ត្រៀមប្រឈមនឹងរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយក្រុងម៉ូស្គូ ថ្ងៃទី២កក្កដា បាន ចេញលទ្ធផល នៃការស្ទង់មតិប្រជាពលរដ្ឋរុស្ស៊ី ដែលយល់ថា អាមេរិកជា គ្រោះថ្នាក់ដល់រុស្ស៊ី ចំណែកបស្ចិមលោក បានតាក់តែងទៅហើយជា សេណារីយ៉ូ នៃសង្គ្រាមទល់នឹងរុស្ស៊ី។
ស្របនឹងលទ្ធផលនៃការស្ទង់មតិ ធ្វើដោយអង្គការសង្គមសាស្ត្ររុស្ស៊ី Levada-Center ប្រជាពលរដ្ឋរុស្ស៊ី ដល់ទៅជាង ៨០% ប្រកាន់ឥរិយាបថអវិជ្ជមាន ចំពោះសហរដ្ឋអាមេរិក ដូច្នេះ បើគិតក្នុងមួយឆ្នាំកន្លងទៅ តាំងពី រុស្ស៊ី និង អាមេរិក ប្រឈមមុខដាក់គ្នា ដោយមកពីវិបត្តិនៅ អ៊ុយក្រែន តួលេខអវិជ្ជមាននេះ បានកើនឡើងទ្វេដង ឯណោះ។
ពិតជាយោងលើលទ្ធផលនៃការស្ទង់មតិនេះ ដែល កាសែតអាមេរិកាំង The Washington Times សង្កេតឃើញថា ទឹកចិត្តប្រឆាំងនៅរុស្ស៊ី ទល់នឹងស.រ.អា. មិនដែលមានកម្រិតខ្ពស់យ៉ាងនេះ ឡើយ តាំងពីសហភាពសូវៀត រលំរលាយទៅក្នុង ឆ្នាំ១៩៩១។ ម៉្លោះហើយបានជា ប្រជាជនរុស្ស៊ី យល់ដឹងក្នុងចិត្តពីសារសំខាន់នៃការពឹងផ្អែក លើកងទ័ព ក្នុងលក្ខណៈកាលដែលទំនាក់ទំនង អន្តរជាតិ ចេះតែតានតឹងឡើង។
តាមមតិ កាសែតអាមេរិកាំង ទំនោរប្រឆាំងអាមេរិក បានចាប់ពន្លក គឺតាំងពី ចុងឆ្នាំ២០១១ម៉្លេះ ពេលដែលលោកប្រធានាធិបតី រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានចោទស.រ.អា.ជាសាធារណៈតែម្តង ថា ជាប្រទេស ស្ថិតនៅពីក្រោយ រលកតវ៉ាយ៉ាងខ្លាំងក្លា ក្នុងក្រុងម៉ូស្គូ គឺតវ៉ាទល់នឹង លទ្ធផលនៃ ការបោះឆ្នោតសភាឌូម៉ា ថ្ងៃទី៤ធ្នូឆ្នាំ២០១១ ដែលពួកបាតុករ នាំគ្នាចាត់ទុកថា ក្លែងបន្លំទេតើ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា នៅស.រ.អា .ទឹកចិត្តប្រឆាំងទល់នឹងរុស្ស៊ី ក៏មានកម្រិតខ្ពស់ដែរ។ ស្របនឹង លទ្ធផលនៃការស្ទាបស្ទង់ធ្វើដោយអង្គការសង្គមសាស្ត្រអាមេរិក Gallup មាន បណ្តាជន អាមេរិកដល់ទៅ ៧០% ដែលប្រកាន់ឥរិយាបថអវិជ្ជមាន ចំពោះប្រទេសរុស្ស៊ី។
ទាក់ទងនឹងហានិភ័យផ្ទុះឡើងជា សង្គ្រាមក្តៅមែនពិត បើអង្គការសង្គមសាស្ត្ររុស្ស៊ី Levada-Center ចុះផ្សាយថា ពីក្នុងចំណោមពលរដ្ឋរុស្ស៊ី ៣នាក់ មានម្នាក់ទៅហើយ ដែលយល់ថា អាមេរិកត្រៀមវាយលុក ចូលប្រទេសរុស្ស៊ី នោះកាសែតបស្ចិមលោក ឈ្មោះ State ដែល ចេញផ្សាយ នៅអឺរ៉ុបផង នៅអាមេរិកផង ថែមទាំងកត់សម្គាល់ថា សូម្បី នៅសហរដ្ឋអាមេរិក ក៏គេប្រមាណ ថា សង្គ្រាមបែបនេះ អាចកើតមានមែន ហើយគេថែមទាំងមិនបដិសេធឡើយ ថា វាអាចជ្រុល ដល់ សង្គ្រាមបរមាណូ ទៅផង។
ជាសក្ខីកម្ម គឺឯកសារចេញផ្សាយ ដោយ” សន្និសីទសមាគមកងទ័ពស.រ.អា.” កាលពីខែតុលា ឆ្នាំ២០១៤ ដែលបានលើកយកទៅពិនិត្យល សេណារីយ៉ូ ខ្លះនៃសង្គ្រាម ជាមួយរុស្ស៊ី ព្រមទាំងជាមួយ ចិន និង អ៊ីរ៉ង់។
ចំណែកប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញអ៊ិនធ័រណែត ឈ្មោះ Vox បង្ហើបឲ្យដឹងថា អាចក្លាយជា កន្លែងដែលផ្ទុះឆេះ ជាសង្គ្រាមនេះ គឺទឹកដីអេស្តូនី។ ដោយហេតុថា ប្រទេសនេះ ជាសមាជិក បក្សសម្ព័ន្ធអូតង់ ក្នុងករណីមានអំពើឈ្លានពានពី ខាងរុស្ស៊ី នោះ អេស្តូនី នឹងត្រូវការពារដោយ ប្រទេស ឯទៀត ជាសមាជិកអូតង់ដែរ។ សង្គ្រាមលោកលើកទី៣ ពិតជា មិនអាចចៀសផុត ពី ការប្រើអាវុធបរមាណូ។ ក្នុងករណីនេះ មធ្យោបាយឃោសនាមហាជនអាមេរិកាំង ព្យាករ ថា ព្រឹត្តិការណ៍ អាចវិវឌ្ឍទៅ តាម សេណារីយ៉ូ ៤ ដូចតទៅ ៖
ទី១ - ដោយខ្លាចធ្លាក់ខ្លួនដូចគ្នា ក្នុងវិនាសកម្ម វិបត្តិនឹងរៀបរយ ដោយសន្តិវិធី។
ទី២- សង្គ្រាម ដែលផ្តាច់ជីវិតមនុស្សអស់រាប់លាននាក់ នឹងចប់ទៅ ដោយជ័យជំនះ ស.រ.អា.។
ទី៣- សង្គ្រាមដែលបណ្តាលឲ្យមានមនុស្សស្លាប់អស់ជាច្រើនលាននាក់ នឹងចប់ទៅ ដោយ ជ័យជំនះ រុស្ស៊ី ដែលនឹងតាំងឧត្តមភាព លើទ្វីបអឺរ៉ុបទាំងមូល។
ទី៤-ក្រោយពីម្ខាងៗ ស្លាប់ទៅទាំងលានៗនាក សង្គ្រាមនឹងចប់ទៅដោយឯងៗ ហើយអ្វីដែល នៅ សល់ពីសង្គ្រាមនោះ គឺ ពិភពលោក ធ្លាក់ក្នុងវិនាសកម្ម មើលលែងស្គាល់។
ដោយយល់ដឹងអំពី ផលវិបាកជាយថាហេតុនេះ ក្នុងសង្គមរុស្ស៊ី ដែលក្រោយពីប្រកាន់ ឥរិយាបថអវិជ្ជមាន អស់យូរឆ្នាំមក ចំពោះកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ស្រាប់តែកើត មានឡើងជារបត់ជាក់ស្តែង គឺគេនាំគ្នាគាំទ្រកងទ័ព ហើយចំនួនអ្នកដែលចង់ចូលបម្រើ កងទ័ព ឡើង ដល់កម្រិតខ្ពស់មិនធ្លាប់មាន។ តាមកាសែតដ៏ធំនៃក្រុងម៉ូស្គូឈ្មោះ Vedomosti លេខថ្ងៃទី ២កក្កដាចុះផ្សាយ យោងទៅលើ លទ្ធផលនៃការស្ទង់មតិ ធ្វើដោយអង្គការសង្គមសាស្ត្ររុស្ស៊ី ឈ្មោះ “សាធារណៈមតិ” ៖ ប្រជាពលរដ្ឋរុស្ស៊ីដល់ទៅ ៨៦% ជឿជាក់ថា ក្នុងករណី មានសង្គ្រាម ផ្ទុះឡើង កងទ័ពប្រទេស ពិតជាអាចការពារសុវត្ថិភាពរបស់គេ។ ជាការប្រៀបធៀប តួលេខ បែបនេះ បាន មានកម្រិតទាបបំផុត គឺក្នុងឆ្នាំ២០០៣ ដែលត្រឹមតែ ៣៨%ប៉ុណ្ណោះ។ ពេលមាន សង្គ្រាម ឆាបឆេះនៅហ្ស័កហ្ស៊ី ក្នុងឆ្នាំ២០០៨ ជំនឿរបស់បណ្តាជនរុស្ស៊ីលើកងទ័ពខ្លួន បាន ឡើងដល់ ៧៤%ទៅហើយ។
លទ្ធផលនៃការស្ទង់មតិនោះ ក៏បង្ហាញឲ្យឃើញថា បើក្នុងឆ្នាំ២០០៤ មានអ្នកស្រុករុស្ស៊ី ដល់ទៅ ៧៧% មិនចង់ឃើញសាច់ញាតិគេ ចូលបម្រើក្នុងកងទ័ពឡើយ នោះចាប់ពី ឆ្នាំ២០១០មក ផ្នត់គំនិតគេ ចំពោះកងទ័ព បានវិវឌ្ឍល្អឡើង ដោយនៅដើមឡើយ មាន៣៦% ប្រាថ្នាឃើញ បងប្អូនគេ ធ្វើការបរិច្ចាគកិច្ចយោធា ក្នុងកងទ័ព ហើយក្នុងឆ្នាំ២០១២ តួលេខនេះ ឡើងដល់ ៥២%។ បន្ទាប់ពីបស្ចិមលោក ក្នុងឆ្នាំ២០១៤ ចាប់ផ្តើមប្រកាន់ឥរិយាបថ អមិត្តត្រង់ៗ ចំពោះ ប្រទេសរុស្ស៊ី ដោយមកពីស្ថានការណ៍ នៅអ៊ុយក្រែន ស្របនឹងការស្ទង់មតិក្នុង ខែមិថុនា ឆ្នាំ ២០១៥នេះ មានអ្នកស្រុករុស្ស៊ី ដល់ទៅ៥៩% ឯណោះ ដែលចង់ឲ្យសាច់ញាតិគេ ចូលបម្រើ ក្នុងកងទ័ព។
ជាបញ្ចប់ គួរនិយាយថា ក្នុងឆ្នាំ១៩៩២ ក្រោយពីសហភាពសូវៀតរលំទៅ ប្រទេសរុស្សី បានមានកងទ័ពចំនួន២លាន៩សែននាក់ ហើយក្នុងឆ្នាំ២០០៨ ជាលទ្ធផលនៃកំណែទម្រង់ គឺចុះមកនៅ ២លាននាក់ រួចចាប់ពីឆ្នាំ២០១៣មក ក្រោយពីបន្ថយបរិមាណយកគុណភាព គឺសម្រាំងនៅសល់ត្រឹម៧សែន៧ម៉ឺននាក់ បូកទាំងបុគ្គលិកបម្រើការផង គឺមានចំនួន ១លាន ២សែន៥ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ